២៣ មីនា ២០២៧

Written on 15/01/2026
Mary Siya Khim

ថ្ងៃអង្គារពិសិដ្ឋ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ៤៩

កុំទុកចិត្តលើទ្រព្យសម្បត្តិ!

“អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខណាស់” (មថ ១៩,២៣)។

បន្ទរទី១ ៖ ការប្រមាថ និងភាពភ័យខ្លាច ជាជោគវាសនារបស់ទូលបង្គំ ប៉ុន្តែ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ទូលបង្គំ ព្រះអង្គ​ចាំ​ជួយ​ទូល‌បង្គំ ដូច​វីរ‌បុរស​ដ៏​អង់‌អាច។

(ក)

២
ប្រជាជនទាំងឡាយអើយ! ចូរនាំគ្នាត្រងត្រាប់ស្តាប់!
មនុស្សម្នាដែលរស់នៅលើផែនដីទាំងមូលអើយ!
ចូរនាំគ្នាយកចិត្តទុកដាក់ស្តាប់!
៣
គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ!
៤

ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត
ខ្ញុំនឹងសម្តែងចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។
៥

ខ្ញុំនឹងផ្ចង់ចិត្តស្តាប់ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញ
ខ្ញុំនឹងដោះស្រាយប្រស្នាទាំងលេងពិណកំដរផង។
៦

នៅគ្រាមានអាសន្ន ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ
ខ្ញុំមិនភ័យខ្លាចអ្វីឡើយ។
៧

មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន
គេអួតអាងព្រោះមានទ្រព្យសម្បត្តិស្តុកស្តម្ភ។
៨

ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ
ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់ ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ
៩

តម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់
ទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ ក៏មិនគ្រប់ដែរ។
១០
តើមនុស្សអាចរស់រហូត គេចផុតពីរណ្តៅនៃមច្ចុរាជបានឬ?។
១១

យើងឃើញច្បាស់ថា អ្នកប្រាជ្ញក៏ដូចជាមនុស្សឆោតល្ងង់ អាប់ឥតប្រាជ្ញាដែរ
គេត្រូវតែស្លាប់ទាំងអស់គ្នា ហើយទុកទ្រព្យសម្បត្តិខ្លួនឱ្យអ្នកដទៃ។
១២

ខ្ញុំនឹកក្នុងចិត្តថា គេហដ្ឋានរបស់គេនឹងស្ថិតស្ថេររហូតតទៅ
លំនៅដ្ឋានរបស់គេនៅគង់វង្សពីជំនាន់មួយទៅជំនាន់មួយ
ហើយដាក់ឈ្មោះដីធ្លីរបស់គេ តាមឈ្មោះរបស់ខ្លួនថែមទៀត។
១៣

មនុស្សដែលមានកិត្តិយសរុងរឿង ពុំអាចគេចផុតពីស្លាប់បានទេ
គេនឹងត្រូវបាត់បង់ជីវិត ដូចសត្វតិរច្ឆាន។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ការប្រមាថ និងភាពភ័យខ្លាច ជាជោគវាសនារបស់ទូលបង្គំ ប៉ុន្តែ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ទូលបង្គំ ព្រះអង្គ​ចាំ​ជួយ​ទូល‌បង្គំ ដូច​វីរ‌បុរស​ដ៏​អង់‌អាច។

បន្ទរទី២ ៖ ឱព្រះអម្ចាស់អើយ សូមយាងមកជិតទូលបង្គំ ហើយលោះជីវិតទូលបង្គំ។ សូមរំដោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវផង!

(ខ)

(បទកាកគតិ)

១៤- អ្នកដែលទុកចិត្ត លើខ្លួនឯងពិត នោះគ្មានមារយាទ
  ពេញចិត្តពាក្យខ្លួន ជាមនុស្សមានស្នៀត អនាគតទៀត
    យ៉ាប់យ៉ឺនពេកក្រៃ ។
១៥- អ្នកនោះប្រៀបបាន ចៀមសត្វតិរច្ឆាន ដែលគេប្រល័យ
  មច្ចុរាជឃុំគ្រង វាយឥតសំចៃ ឃ្វាលរាល់យប់ថ្ងៃ
    មិនឱ្យឃ្លាតឆ្ងាយ ។
  រីមនុស្សសុចរិត នឹងជាន់ឈ្លីពិត លើរូបរាងកាយ
  របស់ពួកគេ រលាយអន្តរាយ ទៅដល់ទីឆ្ងាយ
    ក្នុងស្ថានមនុស្សស្លាប់ ។
១៦- ប៉ុន្តែព្រះម្ចាស់ មានឫទ្ធិខ្លាំងណាស់ រំដោះខ្ញុំឆាប់
  ផុតពីអំណាច នៃសេចក្តីស្លាប់ ព្រះអង្គប្រញាប់
    មកយកខ្ញុំទៅ ។
១៧- ពេលអ្នកឃើញគេ សម្បត្តិឡើងទ្វេ កុំបីហ្មងសៅ
  ឃើញទ្រព្យគេច្រើន ចម្រើនតទៅ សំងំពួននៅ
    កុំភ័យខ្លាចអី ។
១៨- នៅពេលគេស្លាប់ គេពុំអាចចាប់ យករបស់អ្វី
  អស់ទាំងសម្បត្តិ ទ្រព្យធនផ្សេងក្តី ចូលទៅក្នុងដី
    អ្នកក្ស័យបានឡើយ ។
១៩- ពេលមានជីវិត គេតែងនឹកគិត ថាសុខឥតស្បើយ
  ថាខ្លួនគេនឹង មិនខ្វល់អ្វីឡើយ អ្នកផងកោតហើយ
    ដែលគេមានបាន ។
២០- គេគង់នឹងត្រូវ ធ្លាក់ខ្លួនចុះទៅ ជួបនឹងសន្តាន
  ជីតាជីដូន មានទាំងប៉ុន្មាន ទៅក្នុងទីស្ថាន
    ដែលគ្មានពន្លឺ ។
២១- អ្នកមានកិត្តិយស រុងរឿងខ្ពង់ខ្ពស់ ល្បីល្បាញរន្ទឺ
  មិនយល់អ្វីសោះ មិនភ័យព្រួយព្រឺ អ្នកនោះហើយគឺ
    ដូចសត្វដែលស្លាប់ ។
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច ។

បន្ទរ ៖ ឱព្រះអម្ចាស់អើយ សូមយាងមកជិតទូលបង្គំ ហើយលោះជីវិតទូលបង្គំ។ សូមរំដោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវផង!

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១. ៥,៩-១០.១២)

ទំនុកតម្កើងសម្រាប់ការប្រោសលោះ

បន្ទរទី៣ ៖ ព្រះអង្គ​ត្រូវ​គេ​សម្លាប់​ធ្វើយញ្ញបូជា ហើយព្រះអង្គ​បាន​លោះ​យើងខ្ញុំ យក​មក​ថ្វាយ​ព្រះជាម្ចាស់ ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ។

១១ “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ
ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព
ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន
ហើយនៅស្ថិតស្ថេរដោយសារព្រះហឫទ័យរបស់ព្រះអង្គ” ។
៩
គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា
គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់
ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០
ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ
បម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះ នឹងគ្រងរាជ្យលើផែនដី” ។
១២
នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា ៖
«កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ
ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គ​ត្រូវ​គេ​សម្លាប់​ធ្វើយញ្ញបូជា ហើយព្រះអង្គ​បាន​លោះ​យើងខ្ញុំ យក​មក​ថ្វាយ​ព្រះជាម្ចាស់ ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១,២៧ខ-៣០)

ព្រះអង្គ​បាន​ជ្រើសរើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទន់​ខ្សោយ មក​ផ្ចាញ់​ពួក​អ្នក​ខ្លាំង​ពូកែ។ ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​អ្វីៗ ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទាប​ថោក គួរ​ឲ្យ​មាក់‌ងាយ ហើយ​គ្មាន​តម្លៃ​មក​ផ្ចាញ់​អ្វីៗ​ដែល​មនុស្ស​លោកចាត់​ទុក​ថា​ថ្លៃ‌ថ្នូរ​វិញ។ ដូច្នេះ គ្មាន​មនុស្ស​ណា​អាច​អួត‌អាង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌ជាម្ចាស់​បាន​ឡើយ គឺព្រះ‌អង្គ​ហើយ ដែល​បាន​ប្រោស​ឲ្យ​បង‌ប្អូន​មាន​តម្លៃ ដោយ​ចូល​រួម​ជា​មួយ​ព្រះ‌គ្រីស្ត‌យេស៊ូ ដែល​បាន​ទៅ​ជា​ប្រាជ្ញា​មក​ពី​ព្រះ‌ជាម្ចាស់សម្រាប់​យើង។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​យើង​សុចរិត វិសុទ្ធ និង​លោះ​យើង​ឲ្យ​មាន​សេរី‌ភាព។

បន្ទរ ៖ យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះគ្រីស្ត *យើងខ្ញុំសូមកោតសរសើរព្រះអង្គ។ បន្ទរឡើងវិញ៖…
-ដ្បិតព្រះអង្គបានសង្រ្គោះពិភពលោក ដោយសារឈើឆ្កាងរបស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ខ្ញុំ​មាន​អំណាច​នឹង​ស៊ូប្ដូរ​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​អំណាច​នឹង​យក​ជីវិត​នោះ​មក​វិញ។

ពាក្យអង្វរសកល

ព្រះសង្រ្គោះនៃមនុស្សលោកបានសោយទិវង្គត ដើម្បីបំផ្លាញសេចក្តីស្លាប់ ហើយដោយព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានស្តារជីវិតឡើងវិញ។ ចូរយើងទូលសូមព្រះអង្គដោយចិត្តរាបសារថា ៖

បន្ទរ ៖ សូមប្រោសឱ្យប្រជារាស្រ្តដែលព្រះអង្គបានលោះ ដោយព្រះលោហិតរបស់ព្រះអង្គបានវិសុទ្ធផង !

ឱព្រះសង្រ្គោះនៃពិភពលោក ! សូមប្រោសឱ្យយើងខ្ញុំអាចចែករំលែកនូវទុក្ខលំបាករបស់ព្រះអង្គ តាមរយៈការប្រែចិត្តគំនិតនៅទីជម្រៅខាងវិញ្ញាណ
—ដើម្បីឱ្យយើងខ្ញុំអាចទទួលសិរីរុងរឿងនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ (បន្ទរ)

សូមព្រះមាតាលួងលោមអ្នកដែលរងទុក្ខ និងការពារយើងខ្ញុំ
—សូមឱ្យយើងខ្ញុំចេះលួងលោមអ្នកដទៃ ដូចព្រះអង្គបានលួងលោមយើងខ្ញុំដែរ។ (បន្ទរ)

នៅក្នុងទុក្ខលំបាករបស់ពួកគេ សូមព្រះអង្គធ្វើឱ្យគ្រីស្តបរិស័ទអាចចែករំលែកនូវទុក្ខលំបាករបស់ព្រះអង្គ
—ហើយសូមព្រះអង្គសម្តែងឫទ្ធានុភាពក្នុងជីវិតរស់នៅរបស់ពួកគេផង។ (បន្ទរ)

ព្រះអង្គបានបន្ទាបខ្លួនដោយការស្តាប់បង្គាប់ រហូតដល់សោយទិវង្គតនៅលើឈើឆ្កាងថែមទៀតផង
—សូមព្រះអង្គប្រទានព្រះអំណោយទាននៃការស្តាប់បង្គាប់ និងចិត្តស៊ូទ្រាំ ឱ្យអ្នកបម្រើព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គបំផ្លាស់បំប្រែរូបកាយរបស់មនុស្សស្លាប់ ឱ្យទៅជារូបកាយដែលប្រកបដោយសិរីរុងរឿងដូចព្រះអង្គ
—ហើយសូមព្រះអង្គនាំយើងខ្ញុំឱ្យចូលរួមជាមួយពួកគេនៅថ្ងៃចុងក្រោយផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឲ្យយល់អត្ថន័យដ៏ជ្រៅបំផុតនៃទុក្ខលំបាករបស់ព្រះយេស៊ូ។ សូមប្រោសឲ្យយើងខ្ញុំសុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះគ្រីស្តជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។