១៩ មីនា ២០២៦

Written on 13/01/2026
Mary Siya Khim

សន្តយ៉ូសែប ជាស្វាមីព្រះនាងព្រហ្មចារិនីម៉ារី

(បុណ្យឱឡារិក)

(ពេលល្ងាចទី២)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១៥

បន្ទរទី១៖ មាតាបិតាឃើញព្រះយេស៊ូក្នុងព្រះវិហារ ព្រះអង្គគង់នៅកណ្តាលចំណោមគ្រូអាចារ្យ កំពុងតែស្តាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។

ឱ​ព្រះអម្ចាស់​អើយ តើ​នរណា​អាច​ស្នាក់​នៅ​ក្នុង​ព្រះពន្លារបស់​ព្រះ‌អង្គ​បាន?
តើ​នរណា​អាច​ស្ថិត​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​បាន?

គឺ​មាន​តែ​មនុស្ស​ឥត​សៅ‌ហ្មង ដែល​ប្រព្រឹត្ត​អំពើ​សុចរិត ហើយ​និយាយ​តែ​សេចក្ដីពិត
ដែល​មាន​នៅក្នុង​ដួងចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​អាច​នៅ​បាន។

គេ​មិន​និយាយ​មួល​បង្កាច់ មិន​ធ្វើបាប​អ្នក​ដទៃ
ហើយ​ក៏​មិន​បង្អាប់‌បង្អោន​កិត្តិយសបង‌ប្អូន​រួម​ជាតិ​របស់​ខ្លួន​ដែរ។

គេ​មិន​រាប់​រក​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់មិន​គាប់​ព្រះ‌ហឫទ័យ​នោះ​ឡើយ
តែ​គេ​លើក​កិត្តិយស​អស់​អ្នក​ដែល​គោរពកោត​ខ្លាច​ព្រះ‌អម្ចាស់។
បើ​គេ​សន្យា​អ្វីមួយ ទោះ​បី​ត្រូវ​ខាត​បង់​យ៉ាង​ណា​ក៏​ដោយ
ក៏​គេ​នៅ​តែ​គោរព​តាម​ពាក្យ​សម្ដី​របស់​ខ្លួន​ជា‌និច្ច។

គេ​ឲ្យ​ប្រាក់​អ្នក​ដទៃ​ខ្ចី ដោយ​មិន​យក​ការ
ហើយ​គេ​ក៏​មិន​ព្រម​ទទួល​សំណូក ដើម្បី​ដាក់​ទោស​ជន​ស្លូត​ត្រង់​ដែរ។
អ្នក​ណា​ប្រព្រឹត្ត​ដូច្នេះ អ្នក​នោះ​នឹង​បាន​សុខ​ជានិច្ច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ មាតាបិតាឃើញព្រះយេស៊ូក្នុងព្រះវិហារ ព្រះអង្គគង់នៅកណ្តាលចំណោមគ្រូអាចារ្យ កំពុងតែស្តាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។

ទំនុកតម្កើងលេខ ១១២

បន្ទរទី២៖ មាតាសួរថា៖ "កូនអើយ ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ ? ឪពុកម្តាយព្រួយចិត្តណាស់ ខំដើររកកូន" ។

(បទពាក្យ៧)

១- អ្នកអោនកោតខ្លាចព្រះអម្ចាស់ ប្រតិបត្តិច្បាស់តាមព្រះទ័យ  
  ស្មោះស្ម័គ្រគោរពតាមវិន័យ បានសុខពេកក្រៃមានមង្គល
២- ពូជរបស់គេមានអំណាច ចិត្តក្លាអង់អាចគ្មានកង្វល់  
  ដ្បិតព្រះជាម្ចាស់ប្រទានផល ព្រះពរពិតដល់អ្នកសុចរិត
៣- ក្នុងផ្ទះមនុស្សដែលចិត្តធម៌ មានទ្រព្យបវរល្អប្រណីត  
  សេចក្តីសុចរិតនៅស្ថេរស្ថិត ព្រះអង្គអាណិតឱ្យពរជាប់
៤- ក្នុងទីងងឹតមានពន្លឺ លេចឡើងបំភ្លឺមិនស្រអាប់  
  ចិត្តគាត់ប្រណីល្អគួរគាប់ សន្តោសលើសព្វជនប្រុសស្រី
៥- មនុស្សដែលមានចិត្តទូលាយ យកអ្វីទៅឱ្យអ្នកផងខ្ចី  
  ព្រមទាំងរកស៊ីមិនកេងគៃ អ្នកនោះប្រពៃល្អបំផុត
៦- កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ ទីជិតទីឆ្ងាយមិនរលត់  
  មនុស្សគ្រប់សម័យតែងចាំស្ទាត់ នឹកទៅដល់គាត់ជាប់ជានិច្ច
៧- អ្នកនោះមិនស្លុតមិនព្រឺខ្លាច មានចិត្តអង់អាចមិនមានល្បិច  
  មិនខ្លាចគេដៀលត្មះពន្លិច ហើយផ្ញើជីវិតលើព្រះម្ចាស់
៨- គាត់មានចិត្តនឹងហើយអង់អាច មិនចេះភ័យខ្លាចអ្វីទាំងអស់  
  ទាល់តែគាត់ឃើញខ្មាំងទាំងនោះ បាក់ទ័ពប្រាសអស់ទើបស្កប់ចិត្ត
៩- គាត់តែងចែកទានដល់អ្នកក្រ ដោយចិត្តស្មោះសរស្ម័គ្រពិតៗ  
  ចិត្តគាត់ទូលាយត្រង់សុចរិត កម្លាំងគាត់ស្ថិតមិនបាត់បង់
១០- ពេលជនអាក្រក់ឃើញដូច្នោះ ចិត្តគេទោមនស្សខាំធ្មេញផង  
  បាក់ធ្លាក់ទឹកចិត្តខូចបំណង ពុំសម្រេចម្តងណាសោះឡើយ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ មាតាសួរថា៖ "កូនអើយ ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ ? ឪពុកម្តាយព្រួយចិត្តណាស់ ខំដើររកកូន" ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (១៥,៣ខ-៤)

បន្ទរទី៣៖ ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែត ជាមួយមាតា បិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់ (អាលេលូយ៉ា!)។

«ឱ​ព្រះជាអម្ចាស់​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ
ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ប្រសើរ​ឧត្ដម គួរ​ឲ្យ​កោត​ស្ញប់ស្ញែង​ពន់​ពេក​ណាស់!
ឱ​ព្រះ‌មហា​ក្សត្រ​នៃ​ប្រជាជាតិ​ទាំង‌ឡាយ​អើយ
មាគ៌ា​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត និង​ត្រឹម​ត្រូវ​ទាំង​អស់!

បពិត្រ​ព្រះអម្ចាស់! តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​ព្រះនាម​ព្រះអង្គ!
តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌នាម​ព្រះ‌អង្គ!
ដ្បិត​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ជា​ព្រះ​ដ៏‌វិសុទ្ធ។
មនុស្ស​គ្រប់​ជាតិ​សាសន៍នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយបង្គំព្រះអង្គ
ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ព្រះ‌អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌»។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែត ជាមួយមាតា បិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់ (អាលេលូយ៉ា!)។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ៣,២៣-២៤)

គ្រប់​កិច្ច‌ការ​ដែល​បង‌ប្អូន​ធ្វើ ចូរ​ធ្វើឲ្យ​អស់​ពី​ចិត្ត ដូច​ជា​ធ្វើថ្វាយ​ព្រះ‌អម្ចាស់​ដែរ គឺ​មិន​មែន​ធ្វើ​សម្រាប់​មនុស្ស​លោក​ទេ ដោយ​ដឹង​ថា បង‌ប្អូន​មុខ​ជា​ទទួល​មត៌ក​ពី​ព្រះ‌អម្ចាស់​ទុក​ជា​កម្រៃ​មិន​ខាន។ ម្ចាស់​ដ៏​ពិត​ប្រាកដ គឺ​ព្រះ‌គ្រីស្ត ចូរ​បម្រើ​ព្រះ‌អង្គ​ទៅ។

បន្ទរ៖ មនុស្ស​សុចរិត*នឹង​រីក​ស្គុស‌ស្គាយ​ដូច​ផ្កា​ចន្ធូ។ បន្ទរឡើងវិញ៖…
—ហើយ​លូត​លាស់​នៅ​ក្នុង​ព្រះ‌វិហាររបស់​ព្រះ‌ជាម្ចាស់។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ កាល​ព្រះ‌យេស៊ូចាប់‌ផ្ដើម​ព្រះ‌បរមកិច្ច ព្រះ‌អង្គ​មាន​ព្រះ‌ជន្មាយុ​ប្រមាណ​សាម‌សិប​ព្រះ‌វស្សា។ តាម​គេ​ស្មាន ព្រះ‌អង្គ​ជា​បុត្រ​របស់​លោក​យ៉ូសែប។

ពាក្យអង្វរសកល

បិតុភាពទាំងនៅស្ថានបរមសុខ និងនៅលើផែនដី មានប្រភពចេញមកពីព្រះជាម្ចាស់។ ចូរយើងវិលត្រឡប់ទៅរកព្រះអង្គវិញ ហើយទូលថា ៖

បន្ទរ៖ ឱព្រះបិតាយើងខ្ញុំដែលគង់នៅស្ថានបរមសុខអើយ ! សូមព្រះអង្គសណ្តាប់ពាក្យអធិដ្ឋានរបស់យើងខ្ញុំផង !

បពិត្រព្រះបិតាដ៏វិសុទ្ធគ្រប់យ៉ាង ! ព្រះអង្គបានសម្តែងឱ្យសន្តយ៉ូសែបដឹងពីគម្រោងការនៃការសង្រ្គោះអស់កល្បជានិច្ច ក្នុងអង្គព្រះគ្រីស្ត
—សូមព្រះអង្គប្រោសឱ្យយើងខ្ញុំយល់កាន់តែស៊ីជម្រៅអំពីព្រះបុត្រាព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ និងជាមនុស្សដ៏ពិតប្រាកដ។ (បន្ទរ)

បពិត្រព្រះបិតាដែលគង់នៅស្ថានបរមសុខ ! ព្រះអង្គបានចិញ្ចឹមបក្សាបក្សីនៅលើអាកាស ហើយឱ្យទីវាលបង្កើតភោគផលផ្លែផ្កានៅលើផែនដី
—សូមព្រះអង្គប្រទានអាហារប្រចាំថ្ងៃឱ្យបុត្រធីតាព្រះអង្គ ទាំងខាងព្រលឹង និងរូបកាយ។ (បន្ទរ)

ឱព្រះដែលបង្កើតសកលលោកអើយ ! ព្រះអង្គបានប្រគល់ស្នាព្រះហស្តរបស់ព្រះអង្គឱ្យយើងខ្ញុំមើលថែរក្សា
—សូមឱ្យអស់អ្នកដែលធ្វើការ ទទួលបានរង្វាន់ដែលមកពីកម្លាំងញើសឈាមខ្លួនឯងផង។ (បន្ទរ)

ឱព្រះជាម្ចាស់នៃសេចក្តីសុចរិតគ្រប់យ៉ាង ! ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំទាំងអស់គ្នាធ្វើដូចព្រះអង្គ
—សូមសន្តយ៉ូសែបជួយជំរុញយើងខ្ញុំ ឱ្យដើរតាមមាគ៌ានៃភាពដ៏វិសុទ្ធរបស់ព្រះអង្គជានិច្ច។ (បន្ទរ)

សូមព្រះអង្គទតមើលមកអស់អ្នកដែលជិតផុតដង្ហើម និងមរណបុគ្គលដោយព្រះហឫទ័យសប្បុរស និងប្រទានឱ្យពួកគេនូវធម៌មេត្តាករុណារបស់ព្រះអង្គ
—តាមរយៈពាក្យទូលអង្វររបស់ព្រះយេស៊ូ ព្រះនាងម៉ារី និងសន្តយ៉ូសែបផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គបានប្រោសឲ្យសន្តយ៉ូសែបទទួលបន្ទុកថែទាំព្រះយេស៊ូជាព្រះសង្គ្រោះ។ តាមរយៈពាក្យទូលអង្វររបស់សន្តយ៉ូសែប សូមមេត្តាប្រោសឲ្យព្រះសហគមន៍បានទទួលការសង្រ្គោះពីព្រះអង្គ ហើយបង្ហាញដល់មនុស្សលោកសព្វថ្ងៃនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។