រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃអាទិត្យ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១០,១-៥.៧
ព្រះមេស្ស៊ី ជាព្រះមហាក្សត្រ និងជាបូជាចារ្យ
ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។
បន្ទរទី១៖ ឱព្រះជាអម្ចាស់អើយ សូមរំដោះយើងខ្ញុំដោយយល់ដល់ព្រះនាមព្រះអង្គ។ សូមប្រទានព្រះហឫទ័យប្រណីសន្តោសមកយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំវិលត្រឡប់មករកព្រះអង្គវិញ។
| ១ | ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាអម្ចាស់របស់ខ្ញុំថា ៖ “សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្រ្កាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!”។ |
| ២ | សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
| ៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
| ៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖ “ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។ |
| ៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
| ៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះជាអម្ចាស់អើយ សូមរំដោះយើងខ្ញុំដោយយល់ដល់ព្រះនាមព្រះអង្គ។ សូមប្រទានព្រះហឫទ័យប្រណីសន្តោសមកយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំវិលត្រឡប់មករកព្រះអង្គវិញ។
ទំនុកតម្កើងលេខ ១១១
ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអម្ចាស់
ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់អើយ !
ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យស្ញប់ស្ញែងពន់ពេកណាស់ (វវ ១៥,៣)។
បន្ទរទី២៖ យើងបានទទួលការប្រោសលោះ ដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ត ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។
(បទពាក្យ ៧)
| ១- | ចូរលើកតម្កើងព្រះជាម្ចាស់ | ប្រសើរពេកណាស់លើលោកា | |
| ខ្ញុំថ្កើងព្រះអង្គហួសសិរសា | ក្នុងហ្វូងមនុស្សម្នាដែលទៀងត្រង់ | ។ | |
| ២- | គ្រប់ស្នាព្រះហស្តព្រះអម្ចាស់ | ប្រសើរពេកណាស់ខ្ពស់ឧត្តុង | |
| អ្នកពេញចិត្តស្នាព្រះហស្តទ្រង់ | ស្វះស្វែងយល់ផងកុំរារែក | ។ | |
| ៣- | គ្រប់ស្នាព្រះហស្តបានបញ្ចោញ | រស្មីចិញ្ចែងភ្លឺអនេក | |
| សេចក្តីសុចរិតល្អពន់ពេក | មិនប្រេះបាក់បែកនៅរហូត | ។ | |
| ៤- | ព្រះអង្គទ្រង់សព្វព្រះហឫទ័យ | ឱ្យយើងស្រមៃមិនរលត់ | |
| ដល់ការអស្ចារ្យខ្ពស់បំផុត | ហឫទ័យអាណិតចិត្តអាសូរ | ។ | |
| ៥- | ព្រះអង្គប្រទានទាំងអាហារ | ដល់អ្នកវេទនាស្រែកទ្រហោ | |
| អ្នកដែលកោតខ្លាចទ្រង់អាសូរ | សម្ពន្ធមានយូរធ្លាប់មេត្រី | ។ | |
| ៦- | ព្រះអង្គសម្តែងអានុភាព | ឱ្យរាស្ត្រជ្រួតជ្រាបឥតសង្ស័យ | |
| គឺព្រះអង្គបានឱ្យទឹកដី | ប្រជាដទៃមកពួកគេ | ។ | |
| ៧- | គ្រប់ស្នាព្រះហស្តព្រះអង្គធ្វើ | សុទ្ធតែអំពើល្អឥតរេ | |
| សុចរិតយុត្តិធម៌ឥតប្រួលប្រែ | ដូច្នេះគួរតែជឿទាំងស្រុង | ។ | |
| ៨- | បញ្ហាទាំងនោះឥតចន្លោះ | មិនបាត់មួយសោះស្ថិតគង់វង្ស | |
| សុចរិតល្អល្អះភ្លឺត្រចង់ | ក្តីពិតទៀងត្រង់យ៉ាងប្រពៃ | ។ | |
| ៩- | ព្រះអង្គរំដោះប្រជារាស្ត្រ | ពួកគេទាំងអស់មានសិរី | |
| ទ្រង់បានចងសម្ពន្ធមេត្រី | នឹងរាស្ត្រប្រុសស្រីរហូតទៅ | ។ | |
| ព្រះនាមព្រះអង្គគង់ទីខ្ពស់ | វិសុទ្ធឥតមោះឥតហ្មងសៅ | ||
| បារមីគួរស្ញែងខ្លាចពេកកូវ | រាល់យប់ថ្ងៃត្រូវតែគោរព | ។ | |
| ១០- | អ្នកណាដែលចង់មានប្រាជ្ញា | គួរតែគិតថាមានប្រភព | |
| ប្រាជ្ញានឹងកើតមានសព្វគ្រប់ | បើអ្នកគោរពខ្លាចព្រះម្ចាស់ | ។ | |
| អ្នកដែលធ្វើតាមប្រាជ្ញានេះ | គេអាចត្រិះរិះបានល្អល្អះ | ||
| យើងសូមតម្កើងព្រះអម្ចាស់ | ជាព្រះខ្ពង់ខ្ពស់រហូតទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ យើងបានទទួលការប្រោសលោះ ដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ត ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។
បទលើកតម្កើងតាមលិខិតរបស់លោកសិលា (១សល ២,២១-២៤)
ព្រះគ្រិស្តជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ព្រះអង្គទទួលយកទុក្ខលំបាក ដោយមានសេរីភាព
បន្ទរទី៣ ៖ លោកបានរងទុក្ខវេទនាជំនួសយើង លោកទទួលយកការឈឺចាប់របស់យើងមកដាក់លើខ្លួនលោក។
| ២១ | ព្រះអង្គត្រាស់ហៅបងប្អូនមកឲ្យរងទុក្ខលំបាកយ៉ាងនេះ ព្រោះព្រះគ្រីស្តក៏បានរងទុក្ខលំបាកសម្រាប់បងប្អូន ទុកជាគំរូឲ្យបងប្អូនដើរតាមគន្លងរបស់ព្រះអង្គដែរ។ |
| ២២ | ព្រះអង្គពុំដែលបានប្រព្រឹត្តអំពើបាបសោះ ហើយក៏ពុំដែលមានព្រះបន្ទូលវៀចវេរណា ចេញពីព្រះឱស្ឋរបស់ព្រះអង្គឡើយ។ |
| ២៣ | ទោះបីគេជេរប្រមាថព្រះអង្គ ក៏ព្រះអង្គមិនតបតទៅគេវិញដែរ ព្រះអង្គបានរងទុក្ខលំបាក តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ ព្រះអង្គផ្ញើជីវិតទៅលើព្រះជាម្ចាស់ ដែលព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌។ |
| ២៤ | ព្រះគ្រីស្តបានផ្ទុកបាបរបស់យើងក្នុងព្រះកាយរបស់ព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិននឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិត។ បងប្អូនបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ លោកបានរងទុក្ខវេទនាជំនួសយើង លោកទទួលយកការឈឺចាប់របស់យើងមកដាក់លើខ្លួនលោក។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៩,២៤-២៧)
បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកដែលរត់ប្រណាំងនៅកីឡាដ្ឋាន គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែម្នាក់ប៉ុណ្ណោះ ដែលបានទទួលរង្វាន់។ សូមបងប្អូនរត់តាមរបៀបនោះដែរទៅ ដើម្បីឲ្យបានទទួលរង្វាន់។ អ្នកប្រកួតកីឡាទាំងអស់តែងតែលត់ដំខ្លួន ដោយធ្វើតាមក្បួនតំរាគ្រប់យ៉ាង ដើម្បីឲ្យបានទទួលភួងជ័យ ដែលនឹងរលាយសាបសូន្យទៅ។ រីឯយើងវិញ យើងនឹងទទួលភួងជ័យ ដែលមិនចេះរលាយសាបសូន្យឡើយ។ ហេតុនេះ ចំពោះរូបខ្ញុំ ខ្ញុំមិនរត់ដូចជាមិនស្គាល់ទីដៅនោះទេ ខ្ញុំក៏មិនប្រដាល់ខ្យល់ដែរ។ ផ្ទុយទៅវិញ ខ្ញុំលត់ដំរូបកាយខ្ញុំយ៉ាងតឹងតែង ហើយខ្ញុំធ្វើម្ចាស់លើរូបកាយខ្លួនឯង ក្រែងលោក្រោយពីបានផ្សាយដំណឹងល្អដល់អ្នកឯទៀតៗហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវគេផាត់ចោលទៅវិញ។
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមព្រះសណ្តាប់ និងអាណិតអាសូរយើងខ្ញុំផង! *ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហប្ញទ័យរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
-សូមព្រះគ្រីស្តយេស៊ូសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ រីឯអ្នកដែលពិសាទឹកខ្ញុំឲ្យនោះ នឹងមិនស្រេកទៀតសោះឡើយ។
ពាក្យអង្វរសកល
ចូរលើកតម្កើងព្រះជាម្ចាស់ជាព្រះបិតា ព្រះអង្គបាននាំប្រជាជនដែលព្រះអង្គបានជ្រើសរើសឱ្យកើតជាថ្មី ចេញពីគ្រាប់ពូជដែលមិនចេះរលួយ តាមរយៈព្រះបន្ទូលដែលគង់នៅអស់កល្បជានិច្ច។ ដោយយើងជាបុត្រធីតាព្រះអង្គ យើងទូលសូមព្រះអង្គថា ៖
បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គប្រោសប្រណីប្រជារាស្រ្តព្រះអង្គផង !
បពិត្រព្រះជាម្ចាស់នៃព្រះហឫទ័យមេត្តាករុណា! សូមព្រះអង្គសណ្តាប់ពាក្យអធិដ្ឋានរបស់យើងខ្ញុំដែលថ្វាយទៅព្រះអង្គ សម្រាប់ប្រជាជនទាំងមូល
—សូមឱ្យពួកគេស្រេកឃ្លានព្រះបន្ទូលព្រះអង្គ ខ្លាំងជាងអាហារខាងរូបកាយផង។ (បន្ទរ)
សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានចិត្តស្មោះត្រង់ និងមានសេចក្តីស្រឡាញ់យ៉ាងក្លៀវក្លាចំពោះប្រជាជាតិរបស់យើងខ្ញុំ និងមនុស្សទាំងអស់
—សូមឱ្យយើងខ្ញុំប្រព្រឹត្តកិច្ចការណាដែលជួយកសាងពិភពលោក ក្នុងសេចក្តីសុខសាន្ត និងសេចក្តីសប្បុរស។ (បន្ទរ)
សូមព្រះអង្គទតមកដោយព្រះហឫទ័យស្រឡាញ់ចំពោះអស់អ្នកដែលបានកើតជាថ្មី ក្នុងអគ្គសញ្ញាជ្រមុជទឹក
—ដើម្បីឱ្យពួកគេបានធ្វើជាថ្មគ្រឹះដ៏មានជីវិត ក្នុងព្រះដំណាក់នៃព្រះវិញ្ញាណដ៏វិសុទ្ធ។ (បន្ទរ)
ព្រះអង្គបានធ្វើឱ្យអ្នកក្រុងនីនីវេកែប្រែចិត្តគំនិត ដោយសារសេចក្តីប្រៀនប្រដៅរបស់ព្យាការីយ៉ូណាស
—ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ សូមព្រះអង្គប៉ះពាល់ចិត្តអ្នកបាប ដោយការប្រកាសព្រះបន្ទូលនៃព្រះអង្គផង។ (បន្ទរ)
សូមឱ្យអស់អ្នកដែលបានចែកឋានទៅហើយ មានសង្ឃឹមថានឹងបានជួបជាមួយព្រះគ្រីស្ត ដែលជាចៅក្រមរបស់ពួកគេ
—សូមឱ្យពួកគេមានអំណររីករាយជារៀងរហូត ក្នុងសិរីរុងរឿងរបស់ព្រះអង្គ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គ ឲ្យអស់អ្នកដែលផ្ញើជីវិតទៅលើព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។ សូមព្រះអង្គប្រទានព្រះអំណោយទានដ៏អស្ចារ្យនេះដល់អស់បងប្អូនយើងខ្ញុំ ដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លងខាងមុខ។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។