រដូវសែសិបថ្ងៃ សប្តាហ៍ទី២ ថ្ងៃព្រហស្បតិ៍
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ៧២
រាជ្យអំណាចរបស់ព្រះមេស្ស៊ី
គេក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ រួចបើកហិបយកទ្រព្យរបស់ខ្លួន
គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេស មកថ្វាយព្រះអង្គ (មថ ២,១១)។
បន្ទរទី១ ៖ យើងតែងតាំងអ្នកឱ្យធ្វើជាពន្លឺសម្រាប់បំភ្លឺប្រជាជាតិទាំងឡាយ ហើយនាំការសង្គ្រោះរបស់យើង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
(ក)
| ១ | ឱព្រះជាម្ចាស់អើយ! សូមប្រទានឱ្យព្រះរាជាចេះវិនិច្ឆ័យដូចព្រះអង្គ សូមឱ្យព្រះរាជបុត្រនេះ បានប្រកបដោយសេចក្តីសុចរិតរបស់ព្រះអង្គដែរ!។ |
| ២ | សូមឱ្យព្រះរាជាគ្រប់គ្រងប្រជារាស្ត្ររបស់ព្រះអង្គ ដោយយុត្តិធម៌ ហើយគ្រប់គ្រងជនក្រីក្រត្រឹមត្រូវតាមច្បាប់។ |
| ៣ | សូមឱ្យភ្នំធំភ្នំតូចទាំងឡាយ ផ្តល់នូវភោគផលដ៏សម្បូណ៌សប្បាយដល់ប្រជារាស្ត្រ ព្រមទាំងនាំសេចក្តីសុចរិតរបស់គេផង។ |
| ៤ | សូមព្រះរាជារកយុត្តិធម៌ឱ្យជនក្រីក្រក្នុងចំណោមប្រជារាស្ត្រ សូមទ្រង់ប្រោសមនុស្សកំសត់ទុគ៌ត ហើយកម្ទេចអស់អ្នកដែលជិះជាន់សង្កត់សង្កិនគេ។ |
| ៥ | ដរាបណាព្រះអាទិត្យនៅតែរះ ហើយព្រះចន្ទនៅតែបញ្ចេញរស្មី សូមឱ្យព្រះរាជាមានព្រះជន្មាយុយឺនយូរអស់កល្បជាអង្វែងតរៀងទៅ។ |
| ៦ | សូមទ្រង់ផ្តល់ព្រះពរដល់ប្រជារាស្ត្រ ដូចទឹកភ្លៀងធ្លាក់មកលើស្រែចម្ការ ដូចភ្លៀងបង្អុរចុះមកស្រោចស្រពផែនដី។ |
| ៧ | សូមឱ្យសេចក្តីសុចរិតរីកចម្រើនឡើង ក្នុងរជ្ជកាលរបស់ព្រះករុណា ដរាបណានៅមានព្រះចន្ទ សូមឱ្យមានសេចក្តីសុខសាន្តយ៉ាងបរិបូណ៌។ |
| ៨ | សូមឱ្យព្រះរាជាគ្រប់គ្រងពីសមុទ្រមួយ ទៅសមុទ្រមួយ ពីទន្លេអឺប្រាតនេះ រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។ |
| ៩ | ប្រជាជនដែលរស់នៅតាមវាលរហោស្ថាន នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះករុណា ខ្មាំងសត្រូវរបស់ព្រះអង្គត្រូវបរាជ័យងើបមុខមិនរួច។ |
| ១០ | ស្តេចទាំងឡាយនៅស្រុកតារស៊ីស និងនៅកោះនានា នឹងយកតង្វាយមកថ្វាយព្រះករុណា ស្តេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបា ក៏យកសួយសារអាករមកថ្វាយព្រះអង្គដែរ។ |
| ១១ | ស្តេចទាំងឡាយនឹងនាំគ្នាក្រាបថ្វាយបង្គំព្រះរាជា ប្រជាជាតិទាំងអស់នឹងបម្រើព្រះករុណា។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ យើងតែងតាំងអ្នកឱ្យធ្វើជាពន្លឺសម្រាប់បំភ្លឺប្រជាជាតិទាំងឡាយ ហើយនាំការសង្គ្រោះរបស់យើង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
បន្ទរទី២ ៖ ព្រះករុណាសង្គ្រោះជីវិតមនុស្សក្រីក្រ។ ព្រះករុណារំដោះពួកគេឱ្យរួចផុតពីការសង្កត់សង្កិនរបស់មនុស្សឃោរឃៅ។
(ខ)
(បទកាកគតិ)
| ១២- | ទ្រង់នឹងរំដោះ | អ្នកក្រទាំងអស់ | ដោយធម៌មេត្តា |
| អ្នកទុគ៌តស្រែក | សុំក្តីករុណា | ព្រះអង្គរក្សា | |
| អ្នកគ្មានទីពឹង | ។ | ||
| ១៣- | ទ្រង់សែនអាណិត | អាសូរពេកពិត | អ្នកអត់លំនឹង |
| នឹងមនុស្សកំសត់ | គ្មានអ្វីរំពឹង | ព្រះអម្ចាស់នឹង | |
| សង្គ្រោះជីវិត | ។ | ||
| ១៤- | ទ្រង់នឹងរំដោះ | ពួកគេទាំងរស់ | ពីពួកឧក្រិដ្ឋ |
| ជនកាចសាហាវ | ពាលាទុច្ចរិត | ព្រោះតែជីវិត | |
| ថ្លៃថ្លាក្រៃលែង | ។ | ||
| ១៥- | សូមឱ្យរាជា | មានព្រះជន្មា | យឺនយូរអង្វែង |
| គេនឹងយកមាស | មកថ្វាយទ្រង់ផង | អង្វរព្រះអង្គ | |
| ឥតមានឈប់ឈរ | ។ | ||
| ១៦- | សូមឱ្យក្នុងស្រុក | ស្រូវពេញជង្រុក | ផ្តល់ភោគផលល្អ |
| តាមកំពូលភ្នំ | ក៏ឱ្យសំបូរ | ប្រជាកុះករ | |
| កើនឡើងដូចស្មៅ | ។ | ||
| ១៧- | សូមឱ្យរាជា | មានព្រះនាមា | ល្បីល្បាញតទៅ |
| នាមព្រះករុណា | ស្ថិតស្ថេរគង់នៅ | ដរាបរៀងទៅ | |
| លើដីក្រោមមេឃ | ។ | ||
| ១៨- | សូមលើកតម្កើង | ព្រះអង្គខ្ពស់ឡើង | ឥតមានអល់អែក |
| ព្រះអ៊ីស្រាអែល | ល្អល្អះអនេក | ការអស្ចារ្យពេក | |
| ដែលទ្រង់សម្តែង | ។ | ||
| ១៩- | សូមលើកតម្កើង | ព្រះនាមថ្កុំថ្កើង | ព្រះអង្គគួរស្ញែង |
| សូមឱ្យផែនដី | ទាំងមូលកោតក្រែង | សិរីរុងរឿង | |
| របស់ព្រះអង្គ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ព្រះករុណាសង្គ្រោះជីវិតមនុស្សក្រីក្រ។ ព្រះករុណារំដោះពួកគេឱ្យរួចផុតពីការសង្កត់សង្កិនរបស់មនុស្សឃោរឃៅ។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨.១២,១០ខ-១២ក)
ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់
បន្ទរទី៣ ៖ ឥឡូវនេះ ជ័យជម្នះ និងរាជាណាចក្ររបស់ព្រះជាម្ចាស់នៃយើងបានមកដល់ហើយ !
| ១៧ | “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។ |
| ១៨ | ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។ |
| ១០ | ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំង នៅលើមេឃថា ៖ “ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯង ដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។ |
| ១១ | បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។ |
| ១២ | ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ! ចូរមានអំណរសប្បាយឡើង! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឥឡូវនេះ ជ័យជម្នះ និងរាជាណាចក្ររបស់ព្រះជាម្ចាស់នៃយើងបានមកដល់ហើយ !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ៤,៧-៨.១០)
ដូច្នេះ សូមបងប្អូនគោរពចុះចូលព្រះជាម្ចាស់ ហើយប្រឆាំងនឹងមារនោះវាមុខជារត់ចេញឆ្ងាយពីបងប្អូនមិនខាន។ សូមចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងយាងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឱ្យបានបរិសុទ្ធទៅ! មនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តគំនិតឱ្យបានស្អាតឡើង!។ ចូរបន្ទាបខ្លួននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ នោះព្រះអង្គនឹងលើកតម្កើងអ្នករាល់គ្នាជាមិនខាន។
បន្ទរ៖ ខ្ញុំទូលព្រះអម្ចាស់ថា *ព្រះអង្គអើយសូមប្រណីមេត្តាទូលបង្គំ។ បន្ទរឡើងវិញ៖…
-សូមប្រោសទូលបង្គំឱ្យជាឡើងវិញផង ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហប្ញទ័យរបស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ មានបុរសម្នាក់ជាអ្នកមាន បានបដិសេធឡាសារ មិនឱ្យសូម្បីតែនំប៉័ងមួយបន្ទះទៅគាត់។ ប៉ុន្តែ ក្រោយពេលគាត់ស្លាប់ គាត់បានសូមឡាសារឱ្យបន្តក់ទឹកលើអណ្តាតគាត់។
ពាក្យអង្វរសកល
នៅក្នុងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ព្រះអង្គបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យមកបំភ្លឺយើងខ្ញុំ ដើម្បីឱ្យការរស់នៅរបស់យើងខ្ញុំអាចបញ្ចេញភាពដ៏វិសុទ្ធ និងជំនឿ។ ចូរយើងបន្លឺសម្លេងឡើងទូលព្រះអង្គថា ៖
បន្ទរ ៖ ឱព្រះជាអម្ចាស់អើយ ! សូមប្រទានជីវិតដល់ប្រជារាស្រ្តរបស់ព្រះអង្គ ដែលព្រះគ្រីស្តបានលោះនោះផង !
បពិត្រព្រះអម្ចាស់! ព្រះអង្គជាប្រភពនៃភាពដ៏វិសុទ្ធគ្រប់យ៉ាង សូមព្រះអង្គនាំលោកអភិបាល លោកបូជាចារ្យ និងលោកឧបដ្ឋាកទាំងអស់ឱ្យទៅជិតព្រះគ្រីស្ត តាមរយៈការអាថ៌កំបាំងនៃអគ្គសញ្ញាអរព្រះគុណ
—សូមឱ្យអស់លោកលូតលាស់ជាប្រចាំ ក្នុងព្រះអំណោយទាននៃអគ្គសញ្ញាតែងតាំងរបស់អស់លោកផង។ (បន្ទរ)
សូមព្រះអង្គប្រៀនប្រដៅប្រជាជនរបស់ព្រះគ្រីស្ត ឱ្យចេះស្រឡាញ់ និងចូលរួមក្នុងតុព្រះបន្ទូល និងរូបកាយរបស់ព្រះអង្គ
—ដើម្បីពួកគេអាចនាំមកនូវព្រះហឫទ័យប្រណីសន្តោសមកក្នុងជីវិតប្រចាំថ្ងៃ ដែលគេបានទទួលដោយសារជំនឿ និងតាមរយៈអគ្គសញ្ញានានា។ (បន្ទរ)
បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រោសឱ្យយើងខ្ញុំអាចមើលឃើញតម្លៃថ្លៃថ្នូររបស់មនុស្សម្នាក់ៗ ដែលព្រះអង្គបានលោះដោយព្រះលោហិតរបស់ព្រះបុត្រា
—ដើម្បីឱ្យយើងខ្ញុំគោរពសេរីភាព និងមនសិការរបស់មនុស្សទាំងអស់។ (បន្ទរ)
សូមបង្រៀនយើងខ្ញុំឱ្យចេះទប់ចិត្តលោភលន់របស់យើងខ្ញុំ ពីសម្បត្តិលោកីយ៍
—ហើយឱ្យយើងខ្ញុំចេះខ្វល់ខ្វាយពីសេចក្តីត្រូវការរបស់អ្នកដទៃផង។ (បន្ទរ)
សូមព្រះអង្គអាណិតអាសូរដល់ប្រជារាស្រ្តព្រះអង្គ ដែលព្រះអង្គបានត្រាស់ហៅពួកគេនៅថ្ងៃនេះ
—សូមប្រោសប្រទានឱ្យពួកគេនូវរង្វាន់នៃសុភមង្គលអស់កល្បជានិច្ច។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គស្រឡាញ់មនុស្សដែលមានចិត្តបរិសុទ្ធ ហើយក៏ប្រោសអ្នកបាបឱ្យមានចិត្តបរិសុទ្ធដែរ។ សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យមានជំនឿមាំមួន ដើម្បីបំពេញការងាររបស់ខ្លួន ក្រោមការណែនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។