១៨ កុម្ភៈ ២០២៧

Written on 02/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី១ ថ្ងៃព្រហស្បតិ៍

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៣០

ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំឱ្យរួច​ពី​ស្លាប់

ព្រះគ្រីស្តអរព្រះគុណព្រះបិតា ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង (Cassian)។

បន្ទរទី១ ៖ ឱព្រះអម្ចាស់អើយ ! ទូលបង្គំស្រែកអង្វរព្រះអង្គ ហើយព្រះអង្គប្រោសទូលបង្គំឱ្យបានជា។ ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។

២ បពិត្រព្រះអម្ចាស់! ទូលបង្គំសូមលើកតម្កើងព្រះអង្គ
ព្រោះព្រះអង្គបានស្រោចស្រង់ទូលបង្គំ
ព្រះអង្គពុំបានបណ្តោយឱ្យខ្មាំងសត្រូវ លេងសើចនឹងទូលបង្គំឡើយ។
៣
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ!
ទូលបង្គំស្រែកអង្វរព្រះអង្គ ហើយព្រះអង្គប្រោសទូលបង្គំឱ្យបានជា។
៤
បពិត្រព្រះអម្ចាស់! ព្រះអង្គបានស្រង់ជីវិតទូលបង្គំចេញពីចំណោមមនុស្សស្លាប់
ទូលបង្គំធ្លាក់ទៅក្នុងរណ្តៅមច្ចុរាជ តែព្រះអង្គប្រោសទូលបង្គំឱ្យមានជីវិតឡើងវិញ។
៥
អ្នករាល់គ្នាដែលជាប្រជារាស្ត្ររបស់ព្រះអង្គអើយ!
ចូរច្រៀងបទតម្កើងព្រះអម្ចាស់!
ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ!
៦
ព្រះអង្គទ្រង់ព្រះពិរោធតែមួយស្របក់
តែព្រះអង្គប្រណីសន្តោសមនុស្សអស់មួយជីវិត។
ពេលល្ងាច គេបង្ហូរទឹកភ្នែក តែព្រលឹមឡើង គេនឹងអរសប្បាយវិញ។
៧
នៅពេលទូលបង្គំបានសុខសាន្ត ទូលបង្គំពោលថា
“ទូលបង្គំនឹងមិនត្រូវរលំឡើយ!” ។
៨
បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រោសឱ្យទូលបង្គំរឹងប៉ឹងដូចភ្នំ
តែព្រះអង្គបានលាក់ព្រះភក្រ្តពីទូលបង្គំ នោះទូលបង្គំតក់ស្លុតក្រៃលែង។
៩
ឱព្រះអម្ចាស់អើយ! ទូលបង្គំបានស្រែកដង្ហោយអង្វរព្រះអង្គ
ទូលបង្គំទទូចអង្វរព្រះអម្ចាស់ថា ៖
១០
“បើព្រះអង្គទុកឱ្យទូលបង្គំស្លាប់ តើបានប្រយោជន៍អ្វី?
បើព្រះអង្គឱ្យទូលបង្គំធ្លាក់ទៅក្នុងរណ្តៅមច្ចុរាជ្យ តើបានប្រយោជន៍អ្វី?
តើមនុស្សស្លាប់អាចសរសើរព្រះអង្គកើតឬ?
តើគេអាចថ្លែងពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គកើតឬ?
១១
ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាស្តាប់ពាក្យទូលបង្គំ!
ឱព្រះអម្ចាស់អើយ! សូមយាងមកសង្គ្រោះទូលបង្គំផង!” ។
១២
ព្រះអង្គបានធ្វើឱ្យទុក្ខសោករបស់ទូលបង្គំ ប្រែទៅជាអំណរសប្បាយវិញ
ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ
ហើយប្រទានសម្លៀកបំពាក់សម្រាប់ពិធីបុណ្យឱ្យទូលបង្គំវិញ។
១៣
ដូច្នេះ ទូលបង្គំនៅស្ងៀមមិនបានឡើយ ទូលបង្គំស្មូតទំនុកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ!
ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! ទូលបង្គំស្រែកអង្វរព្រះអង្គ ហើយព្រះអង្គប្រោសទូលបង្គំឱ្យបានជា។ ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។

ទំនុកតម្កើងលេខ ៣២

សុភមង្គល​របស់​អ្នក​ដែល​ព្រះ‌អម្ចាស់​អត់‌ទោស​ឱ្យ

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះបាទ​ដាវីឌ ​ថ្លែង​អំពី​សុភមង្គលរបស់​អ្នក
ដែល​ព្រះជាម្ចាស់​ប្រោស​ឲ្យ​សុចរិត ដោយ​មិន​គិត​ដល់​ផល​បុណ្យ​ (រ៉ូម ៤,៦)។

បន្ទរទី២ ៖ មានសុភមង្គលហើយ អស់អ្នកដែលព្រះអម្ចាស់មិនប្រកាន់ទោស ។

(បទព្រហ្មគីតិ)

១- អ្នកដែលព្រះជាម្ចាស់ លើកលែងទោសប្រោសប្រណី  
  រួចពីបាបទុក្ខភ័យ មានសិរីសុខមង្គល ។
២- អស់អ្នកដែលព្រះម្ចាស់ មិនចាប់ទោសផុតអំពល់  
  គ្មានចិត្តវៀចវិលវល់ មានមង្គលសុខឥតល្ហែ ។
៣- ដរាបណារូបខ្ញុំ នៅមិនព្រមសារភាពទេ  
  នោះខ្ញុំកើតទុក្ខទ្វេ មិនឈប់ទេចុកចាប់ក្រៃ ។
៤- ដ្បិតព្រះអង្គដាក់ទោស ព្រោះខ្ញុំខុសទាំងយប់ថ្ងៃ  
  ហេវខ្សោះស្ទើរក្សិណក្ស័យ ដូចជាដីហួតទឹកអស់ ។
៥- រូបខ្ញុំបានសារភាព អំពើបាបមុខព្រះម្ចាស់  
  ខ្ញុំមិនលាក់លៀមសោះ នូវកំហុសខ្ញុំនោះឡើយ ។
  ទូលបង្គំពោលថា ខ្ញុំនេះណាសារភាពហើយ  
  ទោសខ្ញុំធ្ងន់ឥតស្បើយ ទ្រង់លើកឱ្យរួចពីបាប ។
៦- ហេតុនេះហើយបានជា អ្នករាល់គ្នាប្រណិប័តន៍ក្រាប  
  ព្រះម្ចាស់ជាដរាប ជាប់រៀងរៀបមិនភិតភ័យ ។
  ទោះជាមានកង្វល់ ជួបព្យុះខ្យល់ទឹកជន់ក្តី  
  ព្រះម្ចាស់តែងប្រណី មិនឱ្យក្ស័យឬលិចលង់ ។
៧- ព្រះអង្គជាជម្រក ឱ្យខ្ញុំជ្រកមិនឱ្យហ្មង  
  ការពាររូបខ្ញុំផង កម្ចាត់បង់អាសន្នភ័យ ។
៨- យើងនឹងប្រដៅអ្នក ឱ្យស្គាល់ជាក់ផ្លូវប្រពៃ  
  ផ្តល់យោបល់ថ្លាថ្លៃ ថែរាល់ថ្ងៃមិនឱ្យឆ្គង ។
៩- កុំឆោតល្ងង់ដូចលា ឬសេះជាជំនិះម្តង  
  ដាក់ដែកបង្ខាំងផង រួចមានចងទាំងបង្ហៀរ ។
១០- មនុស្សពាលត្រូវរងគ្រប់ ទុក្ខទោសសព្វវេទនា  
  ព្រះម្ចាស់តែងមេត្តា ដល់អ្នកណាពឹងព្រះអង្គ ។
១១- មនុស្សសុចរិតអើយ កុំកន្តើយសប្បាយឡើង  
  អស់អ្នកដែលទៀងត្រង់ ស្រែកហ៊ោរផងដោយអំណរ ។
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច ។

បន្ទរ ៖ មានសុភមង្គលហើយ អស់អ្នកដែលព្រះអម្ចាស់មិនប្រកាន់ទោស ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨ ; ១២,១០ខ-១២ក)

ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ ព្រះបិតាបានប្រគល់អំណាចទាំងអស់ដល់ព្រះគ្រីស្ត ទាំងព្រះកិត្តិនាម និងរាជ្យសម្បត្តិ ហើយប្រជាជនទាំងអស់នឹងនាំគ្នាមកគោរពបម្រើព្រះអង្គ។

១៧ “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ
តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ
មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។
១៨
ជាតិសាសន៍នានាបាននាំគ្នាខឹង
ហើយពេលដែលព្រះអង្គ សម្តែងព្រះពិរោធក៏មកដល់ដែរ
គឺជាពេលកំណត់ដែលព្រះអង្គ វិនិច្ឆ័យទោសមនុស្សស្លាប់។
នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី
ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ
និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ
ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ
អស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។
១០
“ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់ សង្គ្រោះមនុស្សលោកហើយ
ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង
ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ
ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ
គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់
នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។
១១
បងប្អូនយើងបានឈ្នះវា
ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ
ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។
១២
ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ!
ចូរមានអំណរសប្បាយឡើង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះបិតាបានប្រគល់អំណាចទាំងអស់ដល់ព្រះគ្រីស្ត ទាំងព្រះកិត្តិនាម និងរាជ្យសម្បត្តិ ហើយប្រជាជនទាំងអស់នឹងនាំគ្នាមកគោរពបម្រើព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ៤,៧-៨.១០)

ដូច្នេះ សូម​បង‌ប្អូន​គោរព​ចុះ​ចូល​ព្រះ‌ជាម្ចាស់ ហើយ​ប្រឆាំង​នឹង​មារនោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បង‌ប្អូន​មិន​ខាន។ សូម​ចូល​ទៅ​ជិត​ព្រះជាម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​យាង​មក​ជិត​បង‌ប្អូន​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធទៅ! មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​ជម្រះ​ចិត្ត​គំនិត​ឲ្យ​បាន​ស្អាត​ឡើង!។ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ‌ជាម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​លើក​តម្កើង​អ្នក​រាល់​គ្នា​ជា​មិន​ខាន។

បន្ទរ៖ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា *ព្រះ‌អង្គ​អើយសូម​ប្រណី​មេត្តា​ទូល‌បង្គំ។ បន្ទរឡើងវិញ...
-សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្តអំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់ព្រះ‌អង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ «ចូរ​សុំ នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ចូរ​ស្វែង​រក នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ឃើញ ចូរ​គោះ​ទ្វារ នោះ​ព្រះ‌អង្គ​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន» ។

ពាក្យអង្វរសកល

ព្រះគ្រីស្តជាព្រះអម្ចាស់បានប្រទានវិន័យថ្មីឱ្យយើង គឺអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ចូរយើងទូលព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គកសាងប្រជារាស្រ្តរបស់ព្រះអង្គក្នុងសេចក្តីស្រឡាញ់ !

ឱព្រះគ្រូដ៏សប្បុរសអើយ ! សូមបង្រៀនយើងខ្ញុំឱ្យចេះស្រឡាញ់ព្រះអង្គ ដោយស្រឡាញ់អ្នកជិតខាង
—និងបម្រើព្រះអង្គ ដោយបម្រើពួកគេផង។ (បន្ទរ)

នៅលើឈើឆ្កាង ព្រះអង្គបានទូលសូមព្រះបិតាឱ្យលើកលែងទោស អ្នកប្រហារជីវិតព្រះអង្គ
—សូមប្រទានកម្លាំងឱ្យយើងខ្ញុំក្នុងការស្រឡាញ់ខ្មាំងសត្រូវ និងអធិដ្ឋានសម្រាប់អស់អ្នកដែលបៀតបៀនយើងខ្ញុំ។ (បន្ទរ)

ដោយការអាថ៌កំបាំងនៃព្រះកាយ និងព្រះលោហិត ព្រះអង្គធ្វើឱ្យសេចក្តីស្រឡាញ់ ការតស៊ូ និងការជឿជាក់របស់យើងខ្ញុំទៅលើព្រះអង្គ កាន់តែស៊ីជម្រៅ
—សូមព្រះអង្គពង្រឹងអ្នកទន់ខ្សោយ លួងលោមអ្នកកើតទុក្ខ និងផ្តល់សេចក្តីសង្ឃឹមដល់អ្នកដែលហៀបនឹងផុតដង្ហើមផង។ (បន្ទរ)

ឱព្រះពន្លឺនៃពិភពលោក ! ព្រះអង្គបានប្រោសឱ្យបុរសខ្វាក់តាំងពីកំណើតមើលឃើញវិញ នៅពេលគាត់ទៅលុបមុខនៅស្រះស៊ីឡោម
—សូមព្រះអង្គប្រោសបំភ្លឺអ្នកទទួលការអប់រំជំនឿ តាមរយៈអគ្គសញ្ញាជ្រមុជទឹក និងព្រះបន្ទូលដែលផ្តល់ជីវិត។ (បន្ទរ)

សូមព្រះអង្គប្រទានឱ្យមរណបុគ្គលមានអំណរសប្បាយដ៏ពេញលេញ ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គអស់កល្បជានិច្ច
—ហើយសូមព្រះអង្គរាប់បញ្ចូលយើងខ្ញុំទៅក្នុងចំណោមពួកគេផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់អើយ ! ព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំឲ្យស្វែងរកសេចក្តីសុចរិត និងប្រព្រឹត្តអំពើល្អតាមសេចក្តីដែលយើងខ្ញុំប្រាថ្នា។ ប្រសិនបើព្រះអង្គមិនជួយយើងខ្ញុំទេ យើងខ្ញុំក៏រស់នៅមិនបានដែរ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំចេះស្រឡាញ់អ្នកដទៃ និងប្រព្រឹត្តកិច្ចការទាំងអស់ ឲ្យបានគាប់ព្រះហឫទ័យព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។