១០ កុម្ភៈ ២០២៧

Written on 26/12/2025
Mary Siya Khim

ថ្ងៃពុធ បុណ្យរោយផេះ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១៣៥

ចូរសរសើរតម្កើងព្រះជាម្ចាស់សម្រាប់ការអស្ចារ្យ ដែលព្រះអង្គបានប្រព្រឹត្តចំពោះយើង

បងប្អូនជាប្រជារាស្ត្រ ដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ
ដើម្បីឱ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ
ដែលបានហៅបងប្អូនឱ្យចេញពីទីងងឹត មកកាន់ពន្លឺរុងរឿងរបស់ព្រះអង្គ (១សល ២,៩)។

បន្ទរទី១ ៖ ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម ព្រះអម្ចាស់របស់យើងប្រសើរលើសព្រះទាំងប៉ុន្មាន។

(ក)

១ អាលេលូយ៉ា!
ចូរសរសើរតម្កើងព្រះអម្ចាស់!
ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់!
អ្នកបម្រើរបស់ព្រះអម្ចាស់អើយ!
ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!
២
អ្នករាល់គ្នាដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណព្រះដំណាក់របស់ព្រះនៃយើងអើយ!
៣
ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់
ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ចូរច្រៀងតម្កើងថ្វាយព្រះនាមព្រះអង្គ
ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។
៤
ព្រះអម្ចាស់បានជ្រើសរើសពូជពង្សលោកយ៉ាកុប
ព្រះអង្គយកជនជាតិអ៊ីស្រាអែលធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ។
៥
ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម
ព្រះអម្ចាស់របស់យើងប្រសើរលើសព្រះដទៃទាំងប៉ុន្មាន។
៦
បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វី
ព្រះអង្គនឹងសម្រេចបានទាំងអស់
ទាំងនៅលើផ្ទៃមេឃ ទាំងនៅលើផែនដី នៅក្នុងសមុទ្រ
និងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។
៧
ព្រះអង្គនាំពពកចេញពីជើងមេឃ
ព្រះអង្គធ្វើឱ្យមានផ្លេកបន្ទោរ ដើម្បីឱ្យភ្លៀងធ្លាក់
ព្រះអង្គក៏បញ្ចោញខ្យល់ឱ្យបក់បោកមកដែរ។
៨
ព្រះអង្គបានប្រហារកូនច្បងទាំងឡាយនៅស្រុកអេស៊ីប
គឺចាប់តាំងពីកូនមនុស្ស រហូតដល់កូនសត្វពាហនៈ។
៩
ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ នៅស្រុកអេស៊ីប
ដើម្បីដាក់ទោសព្រះចៅផារ៉ោន និងមន្ត្រីទាំងប៉ុន្មានរបស់ស្តេច។
១០
ព្រះអង្គបានវាយប្រហារប្រជាជាតិជាច្រើន
ព្រះអង្គបានវាយប្រហារជីវិតស្តេចដ៏ខ្លាំងពូកែ
១១
គឺព្រះបាទស៊ីហុន ជាស្តេចស្រុកអាម៉ូរី
ព្រះបាទអុកជាស្តេចស្រុកបាសាន
និងស្តេចទាំងប៉ុន្មានរបស់ជនជាតិកាណាន។
១២
ព្រះអង្គប្រគល់ទឹកដីរបស់ពួកគេ
ឱ្យអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាមត៌ក។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម ព្រះអម្ចាស់របស់យើងប្រសើរលើសព្រះទាំងប៉ុន្មាន។

បន្ទរទី២ ៖ ជនជាតិអ៊ីស្រាអែលអើយ ចូរសរសើរតម្កើងព្រះអម្ចាស់ ចូរស្មូតទំនុកតម្កើងថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។

(ខ)

(បទកាកគតិ)

១៣- បពិត្រព្រះម្ចាស់ ព្រះនាមរបស់ ព្រះអង្គគង់វង្ស
  ជារៀងរហូត ល្បីល្បាញយូរលង់ ត្រចះត្រចង់
    អស់កល្បឥតរា ។
១៤- ដ្បិតព្រះអង្គរក យុត្តិធម៌នាំមក ឱ្យរាស្ត្រប្រជា
  ព្រះអង្គអាណិត អាសូរគ្រប់គ្រា អស់កូនចៅជា
    អ្នកស្ម័គ្របម្រើ ។
១៥- ព្រះផ្សេងឯទៀត ជាព្រះមិនពិត កើតពីមនុស្សធ្វើ
  ពីមាសពីប្រាក់ ពីស្ពាន់ពីឈើ អ្វីសព្វសារពើ
    ជាព្រះក្លែងក្លាយ ។
១៦- ព្រះនោះមានមាត់ បើកបិទមិនកើត មិនអាចនិយាយ
  មាត់ដែលជាងឆ្លាក់ គេដាក់មកឱ្យ ភ្នែកដែលមានហើយ
    តែបើកមិនរួច ។
១៧- ត្រចៀកក៏មាន តែស្តាប់មិនបាន ដូចត្រចៀកខូច
  ស្រេចតែជាងធ្វើ តាមធំតាមតូច ខ្យល់ចូលមិនរួច
    ដង្ហើមក៏គ្មាន ។
១៨- សូមឱ្យអស់អ្នក ដែលខំសូនឆ្លាក់ ឥតមានស្រាកស្រាន្ត
  ធ្វើព្រះក្លែងក្លាយ ដែលមានប៉ុន្មាន ឱ្យពួកគេបាន
    ដូចព្រះទាំងនោះ ។
១៩- អ៊ីស្រាអែលអើយ កុំនៅកន្តើយ នាំគ្នាទាំងអស់
  ខំលើកតម្កើង ព្រះជាអម្ចាស់ ទាំងពូជរបស់
    លោកអរ៉ុនផង ។
២០- គ្រួសារលេវី ចូរមកមូលមីរ សរសើរផ្គូរផ្គង
  និងអ្នកដែលធ្លាប់ គោរពព្រះអង្គ សរសើរថ្កើងថ្កាន
    ព្រះម្ចាស់នៃយើង ។
២១- ចូរយើងនាំគ្នា មកផ្តុំមូលមីរ សរសើរតម្កើង
  ព្រះជាអម្ចាស់ គង់ភ្នំស៊ីយ៉ូន និងនៅក្នុងក្រុង
    យេរូសាឡឹម ។
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច ។

បន្ទរ ៖ ជនជាតិអ៊ីស្រាអែលអើយ ចូរសរសើរតម្កើងព្រះអម្ចាស់ ចូរស្មូតទំនុកតម្កើងថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)

ទំនុកតម្កើងនៃការគោរពប្រណិប័តន៍

បន្ទរទី៣ ៖ ព្រះអម្ចាស់​អើយ ប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​បង្កើត​មក នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយបង្គំព្រះអង្គ។

៣ “ឱព្រះជាម្ចាស់ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ
ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម
គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់!
ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ
មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!
៤
បពិត្រព្រះអម្ចាស់!
តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ?
តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ?
ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។
មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់​អើយ ប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​បង្កើត​មក នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយបង្គំព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ២,១២ខ-១៥ក)

ហេតុ​នេះ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ដូច​បង‌ប្អូន​ធ្លាប់​តែ​ស្ដាប់​បង្គាប់​ជា​រៀង​ដរាប​មក​ហើយ​នោះ ចូរ​ស្ដាប់​បង្គាប់​ត​ទៅ​មុខ​ទៀត​ទៅ គឺ​មិន​ត្រឹម​តែ​ពេល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ ជា​ពិសេស ពេល​ខ្ញុំ​នៅ​ឆ្ងាយ សូម​បង‌ប្អូន​ខំ​ប្រឹង​ធ្វើ​ការ ទាំង​គោរព​កោត​ខ្លាច និង​ញាប់‌ញ័រ ស្រប​តាម​ការ​សង្គ្រោះ​ដែល​បង‌ប្អូន​បាន​ទទួល​ច ដ្បិត​ព្រះ‌ជាម្ចាស់​ទេ​តើ ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​មាន​ទាំង​បំណង មាន​ទាំង​សមត្ថ‌ភាព​អាច​នឹង​ប្រព្រឹត្ត​តាម​ព្រះ‌បំណង​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ។ ចូរ​ធ្វើកិច្ច‌ការ​ទាំង​អស់ ដោយ​ឥត​រអ៊ូ‌រទាំ ឬ​ជជែក​តវ៉ា​ឡើយ ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់​ដែល​ឥត​មាន​កំហុស។

បន្ទរ៖ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា *ព្រះ‌អង្គ​អើយ សូម​ប្រណី​មេត្តា​ទូល‌បង្គំ។ បន្ទរឡើងវិញ៖…
-សូម​ប្រោស​ទូល‌បង្គំឲ្យ​ជា​ឡើង​វិញ​ផង ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្តអំពើ​បាបទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ហើយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ កាល​ណា​ដៃ​ស្ដាំ​អ្នក​ធ្វើទាន មិន​បាច់​ឲ្យ​ដៃ​ឆ្វេង​ដឹង​ឡើយ។

ពាក្យអង្វរសកល

ព្រះគ្រីស្តសម​នឹង​ទទួលព្រះ‌កិត្តិនាម និងសិរី‌រុង​រឿង ដ្បិតព្រះលោហិតរបស់ព្រះអង្គបានចងសម្ពន្ធមេត្រីថ្មីដ៏នៅអស់កល្បជានិច្ច ជាមួយប្រជារាស្រ្តព្រះអង្គ និងបន្តសម្ពន្ធមេត្រីថ្មីនេះ នៅក្នុងអគ្គសញ្ញានៃតុសក្ការបូជា។ ចូរយើងបន្លឺសម្លេងទូលអង្វរព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមប្រទានពរដល់ប្រជារាស្ត្រព្រះអង្គ។

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គណែនាំចិត្តគំនិតរបស់ប្រជាជន និងអ្នកដែលមានបន្ទុកដឹកនាំ
—សូមឱ្យពួកគេស្វែងរកអ្វីៗដែលជាផលប្រយោជន៍រួម។ (បន្ទរ)

សូមព្រះអង្គបន្តស្មារតីនៃការដឹងគុណ ដល់អស់អ្នកដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីដើរតាមព្រះគ្រីស្ត
—សូមឱ្យពួកគេផ្តល់សក្ខីភាពយ៉ាងច្បាស់លាស់អំពីព្រះសហគមន៍ដ៏វិសុទ្ធផង។ (បន្ទរ)

ព្រះអង្គបានបង្កើតបុរស និងស្ត្រី ជារូបតំណាងព្រះអង្គ
—សូមឱ្យពួកគេលើកតម្កើងសេចក្តីថ្លៃថ្នូរនៃមនុស្សជានិច្ច។ (បន្ទរ)

សូមព្រះអង្គណែនាំអស់អ្នកដែលវង្វេងផ្លូវ ឱ្យវិលមករកសេចក្តីពិត និងធ្វើជាមិត្តសម្លាញ់របស់ព្រះអង្គ
—សូមបង្រៀនយើងខ្ញុំឱ្យចេះជួយយកអាសារពួកគេផង។ (បន្ទរ)

សូមព្រះអង្គប្រោសប្រទានឱ្យអ្នកស្លាប់បានចូលទៅក្នុងសិរីរុងរឿងរបស់ព្រះអង្គ
—ដើម្បីឱ្យពួកគេបានលើកតម្កើងព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់អើយ ! ព្រះអង្គត្រាស់ហៅយើងខ្ញុំជាគ្រីស្តបរិស័ទឲ្យវិលត្រឡប់មករកព្រះអង្គវិញ។ សូមព្រះអង្គប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ យាងមកកែប្រែចិត្តគំនិតយើងខ្ញុំ និងប្រោសឲ្យយើងខ្ញុំមានកម្លាំងអាចរំងាប់កិលេសតណ្ហាគ្រប់បែបយ៉ាង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។