១៧ កុម្ភៈ ២០២៦

Written on 26/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី៦ ថ្ងៃអង្គារ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ៤៩

កុំទុកចិត្តលើទ្រព្យសម្បត្តិ!

“អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខណាស់” (មថ ១៩,២៣)។

បន្ទរទី១ ៖ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង ហើយគោរពបម្រើទ្រព្យសម្បត្តិទុកជាព្រះផងបានឡើយ។

(ក)

ប្រជាជនទាំងឡាយអើយ ! ចូរនាំគ្នាត្រងត្រាប់ស្តាប់ !
មនុស្សម្នាដែលរស់នៅលើផែនដីទាំងមូលអើយ !
ចូរនាំគ្នាយកចិត្តទុកដាក់ស្តាប់ !

គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ !

ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត
ខ្ញុំនឹងសម្តែងចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។

ខ្ញុំនឹងផ្ចង់ចិត្តស្តាប់ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញ
ខ្ញុំនឹងដោះស្រាយប្រស្នាទាំងលេងពិណកំដរផង។

នៅគ្រាមានអាសន្ន ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ
ខ្ញុំមិនភ័យខ្លាចអ្វីឡើយ។

មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន
គេអួតអាងព្រោះមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ
ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់ ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ

តម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់
ទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ ក៏មិនគ្រប់ដែរ។
១០
តើមនុស្សអាចរស់រហូត គេចផុតពីរណ្តៅនៃមច្ចុរាជបានឬ?
១១
យើងឃើញច្បាស់ថា អ្នកប្រាជ្ញក៏ដូចជាមនុស្សឆោតល្ងង់ អាប់ឥតប្រាជ្ញាដែរ
គេត្រូវតែស្លាប់ទាំងអស់គ្នា ហើយទុកទ្រព្យសម្បត្តិខ្លួនឱ្យអ្នកដទៃ។
១២
ខ្ញុំនឹកក្នុងចិត្តថា គេហដ្ឋានរបស់គេនឹងស្ថិតស្ថេររហូតតទៅ
លំនៅដ្ឋានរបស់គេនៅគង់វង្សពីជំនាន់មួយទៅជំនាន់មួយ
ហើយដាក់ឈ្មោះដីធ្លីរបស់គេ តាមឈ្មោះរបស់ខ្លួនថែមទៀត។
១៣
មនុស្សដែលមានកិត្តិយសរុងរឿង ពុំអាចគេចផុតពីស្លាប់បានទេ
គេនឹងត្រូវបាត់បង់ជីវិត ដូចសត្វតិរច្ឆាន។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង ហើយគោរពបម្រើទ្រព្យសម្បត្តិទុកជាព្រះផងបានឡើយ។

បន្ទរទី២ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា “ចូរប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានបរមសុខ” ។

(ខ)

(បទកាកគតិ)

១៤- អ្នកដែលទុកចិត្ត លើខ្លួនឯងពិត នោះគ្មានមារយាទ
  ពេញចិត្តពាក្យខ្លួន ជាមនុស្សមានស្នៀត អនាគតទៀត
    យ៉ាប់យ៉ឺនពេកក្រៃ
១៥- អ្នកនោះប្រៀបបាន ចៀមសត្វតិរច្ឆាន ដែលគេប្រល័យ
  មច្ចុរាជឃុំគ្រង វាយឥតសំចៃ ឃ្វាលរាល់យប់ថ្ងៃ
    មិនឱ្យឃ្លាតឆ្ងាយ
  រីមនុស្សសុចរិត នឹងជាន់ឈ្លីពិត លើរូបរាងកាយ
  របស់ពួកគេ រលាយអន្តរាយ ទៅដល់ទីឆ្ងាយ
    ក្នុងស្ថានមនុស្សស្លាប់
១៦- ប៉ុន្តែព្រះម្ចាស់ មានឫទ្ធិខ្លាំងណាស់ រំដោះខ្ញុំឆាប់
  ផុតពីអំណាច នៃសេចក្តីស្លាប់ ព្រះអង្គប្រញាប់
    មកយកខ្ញុំទៅ
១៧- ពេលអ្នកឃើញគេ សម្បត្តិឡើងទ្វេ កុំបីហ្មងសៅ
  ឃើញទ្រព្យគេច្រើន ចម្រើនតទៅ សំងំពួននៅ
    កុំភ័យខ្លាចអី
១៨- នៅពេលគេស្លាប់ គេពុំអាចចាប់ យករបស់អ្វី
  អស់ទាំងសម្បត្តិ ទ្រព្យធនផ្សេងក្តី ចូលទៅក្នុងដី
    អ្នកក្ស័យបានឡើយ
១៩- ពេលមានជីវិត គេតែងនឹកគិត ថាសុខឥតស្បើយ
  ថាខ្លួនគេនឹង មិនខ្វល់អ្វីឡើយ អ្នកផងកោតហើយ
    ដែលគេមានបាន
២០- គេគង់នឹងត្រូវ ធ្លាក់ខ្លួនចុះទៅ ជួបនឹងសន្តាន
  ជីតាជីដូន មានទាំងប៉ុន្មាន ទៅក្នុងទីស្ថាន
    ដែលគ្មានពន្លឺ
២១- អ្នកមានកិត្តិយស រុងរឿងខ្ពង់ខ្ពស់ ល្បីល្បាញរន្ទឺ
  មិនយល់អ្វីសោះ មិនភ័យព្រួយព្រឺ អ្នកនោះហើយគឺ
    ដូចសត្វដែលស្លាប់
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា “ចូរប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានបរមសុខ” ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១. ៥,៩-១០.១២)

ទំនុកតម្កើងសម្រាប់ការប្រោសលោះ

បន្ទរទី៣ ៖ «កូន​ចៀម​ដែល​គេ​សម្លាប់​ធ្វើយញ្ញ‌បូជា ព្រះអង្គ​សម​នឹង​ទទួល​ព្រះកិត្តិនាម សិរី‌រុង​រឿង និង​ការ​សរសើរ​តម្កើង» ។

១១ “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ
ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព
ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន
ហើយនៅស្ថិតស្ថេរដោយសារព្រះហឫទ័យរបស់ព្រះអង្គ” ។

គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា
គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់
ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០
ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ
បម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះ នឹងគ្រងរាជ្យលើផែនដី” ។
១២
នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា ៖
«កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ
ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ «កូន​ចៀម​ដែល​គេ​សម្លាប់​ធ្វើយញ្ញ‌បូជា ព្រះអង្គ​សម​នឹង​ទទួល​ព្រះកិត្តិនាម សិរី‌រុង​រឿង និង​ការ​សរសើរ​តម្កើង» ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៣,២៣-២៥)

គ្រប់ៗរូបសុទ្ធតែបានប្រព្រឹត្តអំពើបាបទាំងអស់គ្នា ហើយគ្មានសិរី​រុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ តែព្រះជាម្ចាស់ប្រោសគេឱ្យបានសុចរិត ដោយឥតគិតពីបុណ្យដែលគេសន្សំនោះទេ គឺព្រះអង្គប្រោសគេឱ្យបានសុចរិត តាមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ដោយព្រះយេស៊ូគ្រីស្តលោះគេ។ ព្រះជាម្ចាស់បានតម្រូវឱ្យព្រះយេស៊ូធ្វើជាយញ្ញបូជា សម្រាប់លោះអស់អ្នកដែលមានជំនឿឱ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ។

បន្ទរ ៖ ដោយព្រះ‌អង្គនៅជាមួយ *ទូល‌បង្គំមានអំណរដ៏បរិបូណ៌។ បន្ទរឡើងវិញ៖…
-ហើយនៅខាងស្តាំព្រះ‌អង្គ ទូល‌បង្គំក៏រីក‌រាយអស់កល្ប‌ជានិច្ចដែរ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាន​សម្ដែងការ​ប្រសើរ​អស្ចារ្យ​ចំពោះ​រូប​ខ្ញុំ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន។

ពាក្យអង្វរសកល

ចូរយើងកោតសរសើរព្រះគ្រីស្តដែលជាគង្វាល និងជាអង្គរក្សការពារព្រលឹងរបស់យើង។ ព្រះអង្គស្រឡាញ់ និងការពារប្រជារាស្ត្ររបស់ព្រះអង្គ។
យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយចិត្តជឿសង្ឃឹមថា៖

បន្ទរ ៖ ឱព្រះជាអម្ចាស់អើយ ! សូមព្រះអង្គការពារប្រជារាស្រ្តព្រះអង្គផង។

ព្រះគ្រីស្តជាអ្នកគង្វាលអស់កល្បជានិច្ច សូមព្រះអង្គជួយការពារលោក… ជាអភិបាលព្រះសហគមន៍យើងខ្ញុំ
—និងជួយការពារអ្នកគង្វាលទាំងអស់នៅក្នុងព្រះសហគមន៍របស់ព្រះអង្គផង។ (បន្ទរ)

សូមព្រះអង្គអាណិតអាសូរដល់អស់អ្នកដែលត្រូវគេបៀតបៀន ដោយសារជំនឿរបស់ខ្លួន
—សូមព្រះអង្គប្រញាប់ប្រញាល់រំដោះអ្នកទាំង​នោះ ឱ្យរួចចាកផុតពីគ្រោះកាចទាំងឡាយផង។ (បន្ទរ)

ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គអាណិតអាសូរដល់អស់អ្នកដែលខ្វះខាត
—សូមប្រទានអាហារដល់អ្នកដែលស្រេកឃ្លានផង។ (បន្ទរ)

សូមព្រះអង្គមេត្តាបំភ្លឺដល់អស់អ្នកតាក់តែងច្បាប់ទាំងអស់
—ឱ្យអនុម័តច្បាប់តាមវិញ្ញាណនៃព្រះប្រាជ្ញាញាណ និងយុត្តិធម៌ផង។ (បន្ទរ)

សូមព្រះអង្គទទួលវិញ្ញាណក្ខ័ន្ធរបស់បងប្អូនយើងខ្ញុំ ដែលព្រះអង្គបានលោះដោយព្រះលោហិតរបស់ព្រះអង្គ
—សូមព្រះអង្គទទួលបងប្អូនយើងខ្ញុំក្នុងពិធីមង្គលការកូនចៀមផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា ! ពេលព្រឹក និងពេលល្ងាច គឺជារបស់ព្រះអង្គ។ សូមព្រះយេស៊ូគ្រីស្តដែលជាព្រះអាទិត្យនៃយុត្តិធម៌ បញ្ចេញពន្លឺក្នុងដួងចិត្តយើងខ្ញុំ ហើយនាំយើងខ្ញុំទៅកាន់ពន្លឺរស្មីនៃសិរីរុងរឿងដែលព្រះអង្គគង់នៅនោះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។