រដូវធម្មតា សប្ដាហ៍ទី៥ ថ្ងៃអាទិត្យ
ថ្ងៃសៅរ៍ (ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៤១,១-៩
ពាក្យអធិដ្ឋានក្នុងគ្រាមានអាសន្ន
“ផ្សែងគ្រឿងក្រអូបនោះក៏ហុយចេញពីដៃទេវទូតឡើងទៅលើ ជាមួយពាក្យអធិដ្ឋានរបស់ប្រជាជនដ៏វិសុទ្ធ នៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់” (វវ ៨,៤)។
បន្ទរទី១ ៖ សូមឱ្យពាក្យអធិដ្ឋានរបស់ទូលបង្គំ ឡើងទៅដល់ព្រះអង្គ ដូចផ្សែងគឿងក្រអូប។
១ ឱព្រះអម្ចាស់អើយ! ទូលបង្គំសូមអង្វរព្រះអង្គ សូមមេត្តាយាងមកជួយទូលបង្គំជាប្រញាប់!
ពេលទូលបង្គំអង្វរព្រះអង្គ សូមផ្ទៀងព្រះការណ៍ស្តាប់ទូលបង្គំផង!
២ សូមឱ្យពាក្យអធិដ្ឋានរបស់ទូលបង្គំឡើងទៅដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូប
សូមទទួលពាក្យសរសើរតម្កើងរបស់ទូលបង្គំ ដូចតង្វាយនៅពេលល្ងាច!
៣ ឱព្រះអម្ចាស់អើយ! សូមរក្សាមាត់ទូលបង្គំ
សូមកុំឱ្យទូលបង្គំពោលពាក្យអាក្រក់ឡើយ។
៤ សូមកុំបណ្តោយឱ្យចិត្តទូលបង្គំ លំអៀងទៅរកអំពើអាក្រក់
ហើយប្រព្រឹត្តអំពើទុច្ចរិតរួមជាមួយមនុស្សទុច្ចរិត
សូមកុំឱ្យទូលបង្គំចូលរួមជប់លៀងជាមួយពួកគេឡើយ។
៥ បើមនុស្សសុចរិតវាយប្រដៅ និងស្តីបន្ទោសទូលបង្គំ ដោយចិត្តស្មោះត្រង់
ទូលបង្គំមិនប្រកែកទេ ព្រោះជាការល្អចំពោះទូលបង្គំ ប្រៀបដូចជាទឹកអប់ហូរលើក្បាលទូលបង្គំ។
ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិដ្ឋាន តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។
៦ សូមឱ្យចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទម្លាក់ទៅក្នុងក្រហែងថ្ម
ហើយសូមឱ្យបច្ចាមិត្តស្ដាប់សេចក្ដី ដែលទូលបង្គំនិយាយដោយសុទ្ធចិត្ត។
៧ “ដីប្រេះចេញពីគ្នាយ៉ាងណា សូមឱ្យស្ថានមនុស្សស្លាប់បើកចំហ
លេបឆ្អឹងរបស់គេដែលនៅរាយប៉ាយ គ្រប់ទីកន្លែងយ៉ាងនោះដែរ”។
៨ បពិត្រព្រះជាអម្ចាស់! ទូលបង្គំសម្លឹងទៅរកព្រះអង្គជានិច្ច
ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ សូមកុំបណ្តោយឱ្យទូលបង្គំបាត់បង់ជីវិត។
៩ សូមការពារទូលបង្គំឱ្យរួចផុតពីអន្ទាក់ ដែលគេដាក់ចាំចាប់ទូលបង្គំ
សូមកុំឱ្យទូលបង្គំធ្លាក់ទៅក្នុងរណ្តៅរបស់មនុស្សទុច្ចរិតឡើយ។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ សូមឱ្យពាក្យអធិដ្ឋានរបស់ទូលបង្គំ ឡើងទៅដល់ព្រះអង្គ ដូចផ្សែងគឿងក្រអូប។
ទំនុកតម្កើងលេខ ១៤២
ព្រះអង្គជាជម្រករបស់ទូលបង្គំ
អ្វីដែលបានសរសេរនៅក្នុងទំនុកតម្កើងនេះ ត្រូវបានបំពេញនៅក្នុងទុក្ខលំបាករបស់ព្រះអម្ចាស់យើង (សន្តហ៊ីលឡារី)។
បន្ទរទី២ ៖ ព្រះអង្គជាជម្រករបស់ទូលបង្គំ នៅក្នុងពិភពលោកនេះ ទូលបង្គំគ្មានអ្វីផ្សេងទៀតក្រៅពីព្រះអង្គឡើយ។
(បទកាកគតិ)
| ២- | ខ្ញុំខំបន្លឺ | សម្លេងរន្ទឺ | អង្វរព្រះម្ចាស់ |
| ស្រែកដោយទទូច | ឱ្យទ្រង់ឮច្បាស់ | ព្រោះរូបខ្ញុំនេះ | |
| វេទនាពេកក្រៃ | ។ | ||
| ៣- | ខ្ញុំទូលព្រះអង្គ | ឱ្យបានជ្រាបផង | នូវអស់អត្ថន័យ |
| ពីពាក្យត្អូញត្អែរ | ទុក្ខសោករីងរៃ | វេទនារាល់ថ្ងៃ | |
| ស្ទើរក្ស័យជីវិត | ។ | ||
| ៤- | ពេលទូលបង្គំ | មានទុក្ខក្រៀមក្រំ | បាក់ធ្លាក់ទឹកចិត្ត |
| ព្រះអង្គជ្រាបច្បាស់ | ពីដំណើរពិត | ពួកគេជុំជិត | |
| ដាក់អន្ទាក់ខ្ញុំ | ។ | ||
| ៥- | សូមទ្រង់ទតចុះ | គ្មាននរណាសោះ | អើពើទូលបង្គំ |
| គ្មានទីជ្រកកោន | ឱ្យបានសមរម្យ | នរណាក៏ពុំ | |
| រវល់ឡើយណា | ។ | ||
| ៦- | បពិត្រព្រះម្ចាស់ | ខ្ញុំស្រែកពោលនេះ | អង្វរទ្រង់ថា |
| ទ្រង់ជាជម្រក | នៅក្នុងលោកា | គ្មានអ្វីអស្ចារ្យ | |
| ជាងព្រះអង្គឡើយ | ។ | ||
| ៧- | សូមទ្រង់ប្រណី | សម្តែងហឫទ័យ | កុំបីកន្តើយ |
| ដ្បិតទូលបង្គំ | ទាល់ច្រកអស់ហើយ | រំដោះឱ្យស្បើយ | |
| ពីជនអប្រីយ៍ | ។ | ||
| ៨- | សូមដោះលែងខ្ញុំ | ផុតពីទុក្ខធំ | មានសិទ្ធិសេរី |
| ដើម្បីខ្ញុំអាច | ថ្កើងព្រះនាមល្បី | ចំណោមប្រុសស្រី | |
| នៃជនសុចរិត | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ៖ ព្រះអង្គជាជម្រករបស់ទូលបង្គំ នៅក្នុងពិភពលោកនេះ ទូលបង្គំគ្មានអ្វីផ្សេងទៀតក្រៅពីព្រះអង្គឡើយ។
បទលើកតម្កើងតាមលិខិតទៅភីលីព (ភីល ២,៦-១១)
ព្រះគ្រីស្ដជាអ្នកបម្រើរបស់ព្រះជាម្ចាស់
បន្ទរទី៣ ៖ ពេលនោះ ព្រះអម្ចាស់នឹងសម្ដែងសិរីរុងរឿងឱ្យមនុស្សលោកឃើញ ក្នុងពេលជាមួយគ្នា។
៦ ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ
ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈ ដែលស្មើនឹងព្រះជាម្ចាស់នេះ
ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។
៧ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ
ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ
ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។
៨ ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត
គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។
៩ ហេតុនេះហើយ បានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត
ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គ មានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
១០ ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី
នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ
១១ និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់
ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះអង្គបានដាក់ខ្លួនរហូតដល់សោយទិវង្គត ប៉ុន្តែ ព្រះជាម្ចាស់បានលើកព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១១,៣៣-៣៦)
ព្រះហឫទ័យទូលាយរបស់ព្រះជាម្ចាស់ជ្រៅពន់ពេកណាស់ ហើយព្រះប្រាជ្ញាញាណ និងព្រះតម្រិះរបស់ព្រះអង្គក៏ខ្ពង់ខ្ពស់ដែរ ! គ្មាននរណាអាចយល់ការសម្រេចរបស់ព្រះអង្គបានឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់ព្រះអង្គបានដែរ ! តើនរណាស្គាល់គំនិតរបស់ព្រះជាម្ចាស់? តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ? តើនរណាបានថ្វាយអ្វីមួយទៅព្រះអង្គ ដើម្បីឱ្យព្រះអង្គតបស្នងសងគុណវិញ? អ្វីៗទាំងអស់សុទ្ធតែមកពីព្រះអង្គ ដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ!។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!។
បន្ទរ៖ ទូលបង្គំសញ្ជឹងគិតអំពីកិច្ចការទាំងប៉ុន្មាន *ដែលព្រះអង្គបានធ្វើ។ បន្ទរឡើងវិញ៖…
-ព្រះអង្គធ្វើការទាំងអស់នោះ ប្រកបដោយព្រះប្រាជ្ញាញាណ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ចូរឱ្យពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ។
ពាក្យអង្វរសកល
សូមលើកតម្កើងសិរីរុងរឿងចំពោះព្រះជាម្ចាស់តែមួយ ជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ យើងខ្ញុំទាំងអស់គ្នាសូមទូលអង្វរដោយចិត្តសុភាពរាបសាថា៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមគង់នៅជាមួយប្រជារាស្ត្ររបស់ព្រះអង្គផង !
ឱព្រះបិតាដ៏វិសុទ្ធ និងមានតេជានុភាពសព្វប្រការអើយ ! សូមទ្រង់ប្រោសប្រទាននូវយុត្តិធម៌ដល់ពិភពលោកទាំងមូល
—ដើម្បីឱ្យប្រជារាស្ត្ររបស់ព្រះអង្គបានរស់នៅក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គផង។ (បន្ទរ)
សូមព្រះអង្គប្រោសប្រទានឱ្យមនុស្សគ្រប់ជាតិសាសន៍បានចូលទៅក្នុងព្រះរាជ្យរបស់ព្រះអង្គ
—ដើម្បីឱ្យពួកគេបានទទួលនូវការសង្គ្រោះពីព្រះអង្គផង។ (បន្ទរ)
សូមព្រះអង្គប្រោសប្រទានឱ្យគូស្វាមីភរិយា បានរស់នៅក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គ
—ហើយសូមឱ្យពួកគេរឹតតែស្រឡាញ់គ្នាទៅវិញទៅមកផង។ (បន្ទរ)
ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គប្រទានពរដល់អស់អ្នកដែលបានប្រព្រឹត្តអំពើល្អចំពោះយើងខ្ញុំ
—សូមប្រទានឱ្យពួកគាត់បានទទួលនូវជីវិតអស់កល្បជានិច្ចផង។ (បន្ទរ)
សូមទ្រង់ព្រះមេត្តាអាណិតអាសូរដល់អស់អ្នក ដែលរងទុក្ខលំបាកវេទនាដោយការស្អប់ខ្ពើម និងភ្លើងសង្គ្រាម
—សូមព្រះអង្គប្រោសប្រទានឱ្យអ្នកទាំងនោះ បានទទួលសេចក្តីសុខសាន្តនៅស្ថានបរមសុខផង។ (បន្ទរ)
ធម៌ "ឱព្រះបិតា"
ពាក្យអធិដ្ឋាន
ឱព្រះជាអម្ចាស់អើយ! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងខ្ញុំ ឱ្យរួមរស់ក្នុងព្រះសហគមន៍របស់ព្រះអង្គ។ សូមព្រះអង្គមេត្តាថែរក្សាការពារមហាគ្រួសាររបស់ព្រះអង្គ តាមសេចក្តីសង្ឃឹមរបស់យើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។