រដូវធម្មតា សប្ដាហ៍ទី៤ ថ្ងៃចន្ទ
បុណ្យថ្វាយព្រះឱរសយេស៊ូនៅក្នុងព្រះវិហារ
(បុណ្យគោរព)
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១០,១-៥.៧
បន្ទរទី១ ៖ ព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើគាត់ ហើយសម្ដែងឱ្យគាត់ដឹងថាគាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះគ្រីស្ដ ដែលព្រះអម្ចាស់ចាត់ឱ្យមកទេនោះ។
| ១ | ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជាជាព្រះអម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖ «សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!»។ |
| ២ | សូមព្រះជាអម្ចាស់ប្រោសប្រទានឱ្យរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
| ៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ដ្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលមកគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
| ៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យាដោយឥតប្រែប្រួលថា: «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក»។ |
| ៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
| ៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះរួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើគាត់ ហើយសម្ដែងឱ្យគាត់ដឹងថាគាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះគ្រីស្ដ ដែលព្រះអម្ចាស់ចាត់ឱ្យមកទេនោះ។
ទំនុកតម្កើងលេខ ១៣០
បន្ទរទី២ ៖ អ្នកទាំងពីរថ្វាយយញ្ញបូជា តាមគម្ពីរវិន័យរបស់ព្រះអម្ចាស់ ដែលបានចែងទុកមក “គឺថ្វាយលលកមួយគូ ឬព្រាបស្ទាវពីរ" ។
(បទពាក្យ៧)
| ១- | បពិត្រព្រះជាអម្ចាស់អើយ | ខ្ញុំស្រែកដង្ហើយរកព្រះអង្គ | |
| ពីក្នុងរណ្តៅជ្រៅកន្លង | មេត្តាជួយផងផុតពីស្លាប់ | ។ | |
| ២- | សំឡេងខ្ញុំឮដូចចម្រៀង | សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ | |
| ពាក្យខ្ញុំអង្វរទទូចប្រាប់ | រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស | ។ | |
| ៣- | បពិត្រព្រះម្ចាស់ដ៏ឧត្តម | បើព្រះអង្គចាំពីកំហុស | |
| អំពើបាបកម្មជនស្រីប្រុស | គ្មានម្នាក់ណាសោះរួចខ្លួនឡើយ | ។ | |
| ៤- | ប៉ុន្តែព្រះអង្គតែងអត់ទោស | ប្រណីសន្តោសខ្ញុំធូរស្បើយ | |
| រួចផុតទុក្ខទោសបានល្ហែល្ហើយ | គឺព្រះអង្គហើយខ្ញុំគោរព | ។ | |
| ៥- | ខ្ញុំទុកចិត្តលើព្រះអម្ចាស់ | ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់ | |
| សង្ឃឹមលើព្រះបន្ទូលគាប់ | មិនឈរមិនឈប់ទេព្រះអង្គ | ។ | |
| ៦- | ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ | ជាងអ្នកយាមផ្ទះទៅទៀតផង | |
| ពេលឃើញថ្ងៃរះស្រស់បំព្រង | រួចផុតទុក្ខផងមួយរាត្រី | ។ | |
| ៧- | ឱអ៊ីស្រាអែលសូមទុកចិត្ត | ព្រះល្អវិសុទ្ធដោយព្រះទ័យ | |
| មេត្តាករុណាត្រាប្រណី | ទ្រង់សព្វព្រះទ័យជួយជានិច្ច | ។ | |
| ៨- | ព្រះអង្គរំដោះអ៊ីស្រាអែល | ពីកំហុសដែលមានច្រើនតិច | |
| គេបានប្រព្រឹត្តជាប់ជានិច្ច | ព្រះអង្គសម្រេចបានសុខសាន្ត | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ អ្នកទាំងពីរថ្វាយយញ្ញបូជា តាមគម្ពីរវិន័យរបស់ព្រះអម្ចាស់ ដែលបានចែងទុកមក “គឺថ្វាយលលកមួយគូ ឬព្រាបស្ទាវពីរ" ។
បទលើកតម្កើងតាមលិខិតកូឡូស ១,១២-២០
បន្ទរទី៣ ៖ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់។
| ១២ | ចូរអរព្រះគុណព្រះបិតា ដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឱ្យបងប្អូនមានសមត្ថភាព អាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។ |
| ១៣ | ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
| ១៤ | ដោយយើងរួមក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឱ្យរួចពីបាប។ |
| ១៥ | ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក |
| ១៦ | ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទាំងទេវរាជ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុស័ក្តិសិទ្ធិ និងអំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។ |
| ១៧ | ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។ |
| ១៨ | ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍ ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ |
| ១៩ | ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រីស្ត។ |
| ២០ | ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់ នៅលើផែនដី និងនៅស្ថានបរមសុខ ឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ៤,១៥-១៦)
ដ្បិតយើងមានមហាបូជាចារ្យ ដែលអាចរួមសុខទុក្ខជាមួយយើង ជាមនុស្សទន់ខ្សោយ គឺព្រះអង្គក៏ត្រូវរងការល្បងលគ្រប់ចំពូកដូចយើងដែរ តែព្រះអង្គមិនបានប្រព្រឹត្តអំពើបាបសោះឡើយ ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្ករបស់ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ទាំងទុកចិត្ត ដើម្បីឱ្យព្រះអង្គមេត្តាករុណា និងប្រណីសន្ដោសយើង ព្រមទាំងជួយយើងនៅពេលណាយើងត្រូវការ។
បន្ទរ៖ ព្រះអម្ចាស់បានបង្ហាញ *ការសង្គ្រោះរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
-ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ នៅថ្ងៃនេះ ព្រះនាងព្រហ្មចារិនីម៉ារីបានបង្ហាញព្រះឱរសយេស៊ូក្នុងព្រះវិហារ។ លោកតាស៊ីម៉ូនពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ បានយកព្រះអង្គមកបីត្រកង រួចអរព្រះគុណព្រះជាម្ចាស់។
ពាក្យអង្វរសកល
នៅថ្ងៃនេះ ព្រះសង្រ្គោះរបស់យើងបានបង្ហាញខ្លួនក្នុងព្រះវិហារ។ ចូរយើងនាំគ្នាលើកតម្កើងព្រះអង្គ ដោយទូលថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមឱ្យភ្នែករបស់យើងខ្ញុំមើលឃើញការសង្រ្គោះរបស់ព្រះអង្គ !
បពិត្រព្រះគ្រីស្តយេស៊ូ ! ព្រះអង្គជាពន្លឺដែលបំភ្លឺមនុស្សគ្រប់ជាតិសាសន៍
—សូមព្រះអង្គចាំងពន្លឺលើអស់អ្នកដែលមិនស្គាល់ព្រះអង្គ ដើម្បីឱ្យគេមកជឿលើព្រះអង្គ ជាព្រះជាម្ចាស់ដ៏ពិតប្រាកដតែមួយ។ (បន្ទរ)
ព្រះអង្គជាព្រះប្រោសលោះ និងជាសិរីរុងរឿងរបស់ប្រជាជនអ៊ីស្រាអែល
—សូមឱ្យព្រះសហគមន៍ប្រកាសពីការសង្រ្គោះរបស់ព្រះអង្គ រហូតដល់ចុងបំផុតនៃផែនដី។ (បន្ទរ)
បពិត្រព្រះយេស៊ូ! ព្រះអង្គជាក្តីប្រាថ្នារបស់ប្រជាជាតិទាំងឡាយ។ លោកតាស៊ីម៉ូន ជាមនុស្សសុចរិត មានអំណរសប្បាយយ៉ាងខ្លាំង ដោយបានឃើញព្រះអង្គយាងមក
—សូមព្រះអង្គណែនាំមនុស្សទាំងអស់ឱ្យចេះទទួលស្គាល់ថា ព្រះអង្គនៅតែយាងមករកពួកគេ។ (បន្ទរ)
បពិត្រព្រះអម្ចាស់ ! នៅពេលព្រះអង្គបង្ហាញខ្លួនក្នុងព្រះវិហារ លោកតាស៊ីម៉ូនបានទស្សន៍ទាយថា មានដាវនៃទុក្ខលំបាកមួយនឹងចាក់ទម្លុះដួងចិត្តរបស់មាតាព្រះអង្គ
—សូមព្រះអង្គពង្រឹងយើងខ្ញុំ ឱ្យចេះទទួលយកទុក្ខលំបាក ឱ្យយើងខ្ញុំចេះស៊ូទ្រាំ ដើម្បីជាប្រយោជន៍ដល់ព្រះនាមព្រះអង្គ។ (បន្ទរ)
បពិត្រព្រះគ្រីស្តយេស៊ូ ! ព្រះអង្គជាអំណរសប្បាយនៃសន្តបុគ្គលទាំងឡាយ។ លោកតាស៊ីម៉ូនចង់ឃើញព្រះអង្គមុនពេលគាត់ស្លាប់ ហើយព្រះអង្គបានឆ្លើយតបនឹងពាក្យអធិដ្ឋានរបស់គាត់
—សូមព្រះអង្គសណ្តាប់ពាក្យអង្វរដែលយើងខ្ញុំទូលសម្រាប់មរណបុគ្គលទាំងឡាយ ដែលនៅតែប្រាថ្នាចង់ឃើញព្រះភក្រ្តព្រះអង្គផ្ទាល់នឹងភ្នែកផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅជានិច្ច! ព្រះអង្គស្រឡាញ់មនុស្សលោកខ្លាំងណាស់ រហូតដល់ចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គមកប្រសូត្រជាមនុស្ស។ នៅថ្ងៃនេះ យើងខ្ញុំនាំគ្នានឹករឭកដល់ព្រះបុត្រាដែលនាងម៉ារី និងលោកយ៉ូសែប យកទៅថ្វាយព្រះអម្ចាស់ក្នុងព្រះវិហារក្រុងយេរូសាឡឹម។ ដោយព្រះហឫទ័យប្រណីសន្តោស សូមព្រះអង្គប្រោសយើងខ្ញុំឱ្យថ្វាយខ្លួនទៅព្រះអង្គ ដោយចិត្តបរិសុទ្ធផង។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។