៧ តុលា ២០២៦

Written on 11/03/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី២៧ ថ្ងៃពុធ

ព្រះនាងព្រហ្មចារិនីម៉ារី តាមមាលា

(បុណ្យរំឭកចាំបាច់)

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១២២

បន្ទរទី១៖ ទេវទូតកាព្រីអែលនាំដំណឹងរបស់ព្រះជាម្ចាស់ មកជម្រាបព្រះនាងម៉ារី ហើយព្រះនាងមានគភ៌ ដោយសារឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ។

១ ខ្ញុំមានអំណរខ្លាំងណាស់ នៅពេលគេប្រាប់ខ្ញុំថា ៖
យើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់! ។
២
ឱក្រុងយេរូសាឡឹមអើយ! យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វាររបស់អ្នកហើយ!
៣
យេរូសាឡឹមអើយ! អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំ មានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។
៤
កុលសម្ព័ន្ធនានារបស់ព្រះអម្ចាស់នាំគ្នាឡើងមកទីនេះ
ដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់ តាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។
៥
នៅទីនេះ ក៏មានបល្ល័ង្កនៃព្រះរាជវង្សរបស់ស្តេចដាវីឌ
ដើម្បីគ្រប់គ្រងប្រជារាស្ត្រដោយយុត្តិធម៌ដែរ។
៦
ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡឹម
សូមឱ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ អាចរស់នៅយ៉ាងសុខសាន្ត!
៧
សូមឱ្យអស់អ្នកដែលរស់នៅខាងក្នុងកំពែងក្រុង បានប្រកបដោយសេចក្តីសុខ
សូមឱ្យវិមាននានានៅក្នុងក្រុងបានសុខក្សេមក្សាន្ត។
៨
ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ
ខ្ញុំពោលថា៖ សូមឱ្យក្រុងយេរូសាឡឹមបានប្រកបដោយសេចក្តីសុខសាន្ត!
៩
ដោយយល់ដល់ព្រះដំណាក់របស់ព្រះអម្ចាស់ជាព្រះនៃយើង
ខ្ញុំសូមឱ្យអ្នកបានប្រកបដោយសុភមង្គល!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទេវទូតកាព្រីអែលនាំដំណឹងរបស់ព្រះជាម្ចាស់ មកជម្រាបព្រះនាងម៉ារី ហើយព្រះនាងមានគភ៌ ដោយសារឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ។

ទំនុកតម្កើងលេខ ១២៧

បន្ទរទី២៖ មាតារបស់ព្រះអង្គឈរនៅក្បែរឈើឆ្កាង។

(បទពាក្យ ៧)

១- ប្រសិនបើព្រះជាអម្ចាស់ មិនជួយសង់ផ្ទះនោះទេណា  
  អ្នកសង់ខំប្រឹងឥតបានការ គឺគ្មានវាសនាខ្វះលំនឹង ។
  បើព្រះអម្ចាស់មិនរក្សា ទីក្រុងទេណាឱ្យរឹងប៉ឹង  
  អ្នកយាមទីក្រុងដែលខំប្រឹង យាមរាល់ថ្ងៃហ្នឹងក៏អសារ ។
២- អ្នករាល់គ្នាក្រោកពីព្រលឹម រកស៊ីចិញ្ចឹមជន្មជីវ៉ា  
  ខំទាំងលំបាកគ្រប់អាត្មា តែឥតបានការផលចំណេញ ។
  ព្រះជាអម្ចាស់បានប្រទាន អាហារធនធានច្រើនពាសពេញ  
  ដល់អ្នកដែលព្រះអង្គស្រឡាញ់ ក្នុងពេលយប់យន់គេនិទ្រា ។
៣- ព្រះអម្ចាស់ប្រទានកូនចៅ ស្ថិតស្ថេរគង់នៅចាត់ទុកជា  
  ចំណែកមរតកដ៏មហិមា ជាពរជ័យាពីព្រះអង្គ ។
៤- កូនប្រុសៗដែលកើតចេញមក ពេលដែលឪពុកពេញកម្លាំង  
  ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំង នៃអ្នកចម្បាំងពេលប្រយុទ្ធ ។
៥- អ្នកដែលមានកូនប្រុសយ៉ាងច្រើន នោះនឹងចម្រើនសុខបំផុត  
  ពេលមានបច្ចាមកប្រយុទ្ធ គេមិនតក់ស្លុតមិនអាម៉ាស់ ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

បន្ទរ ៖ មាតារបស់ព្រះអង្គឈរនៅក្បែរឈើឆ្កាង។

បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)

បន្ទរទី៣៖ ឱព្រះមាតាព្រហ្មចារិនីអើយ! ចូរមានអំណរសប្បាយឡើង! ដ្បិតព្រះគ្រីស្តមានព្រះជន្មរស់់ឡើងវិញ ពីចំណោមមនុស្សស្លាប់ហើយ អាលេលូយ៉ា!

៣ សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត
ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង
ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។
៤
ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត
តាំងពីមុនកំណើតពិភពលោកមកម៉្លេះ
ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។
៥
ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ
ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ
៦
ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស
ដែលទ្រង់បានប្រោសប្រទានមកយើង
ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
៧
ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ
ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ
និងលើកលែងទោសឱ្យយើងបានរួចពីបាប
តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។
៨
ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត
គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។
៩
ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ
តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។
១០
ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត
គឺប្រមូលអ្វីៗទាំងអស់ ដែលនៅស្ថានបរមសុខ និងនៅលើផែនដី
ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះមាតាព្រហ្មចារិនីអើយ! ចូរមានអំណរសប្បាយឡើង! ដ្បិតព្រះគ្រីស្តមានព្រះជន្មរស់់ឡើងវិញ ពីចំណោមមនុស្សស្លាប់ហើយ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កាឡ ៤,៤-៥)

លុះ​ដល់​ពេល​កំណត់​ហើយ ព្រះ‌ជាម្ចាស់​ក៏​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ឱ្យ​មក​ប្រសូត​ចេញ​ពី​ស្ត្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​វិន័យ​ផង ដើម្បី​លោះ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​វិន័យ និង​ឱ្យ​យើង​ទទួល​ឋានៈ​ជា​បុត្រ‌ធីតា​របស់​ព្រះ‌អង្គ។

បន្ទរ៖ បពិត្រព្រះនាងម៉ារី ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ *ព្រះអង្គគង់ជាមួយនាង។ បន្ទរឡើងវិញ៖…
-ព្រះអង្គបានប្រទានដល់នាងលើសស្រ្តីទាំងឡាយ ហើយទ្រង់ក៏ប្រទានពរដល់បុត្រព្រះនាងដែរ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ព្រះនាងម៉ារីស្តាប់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរិះគិតនៅក្នុងចិត្ត។

ចូរយើងកោតសរសើរព្រះជាម្ចាស់ជាព្រះបិតា ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សគ្រប់ជំនាន់ប្រារព្ធពិធីបុណ្យព្រះនាងម៉ារី ដែលជាព្រះមាតារបស់ព្រះបុត្រាព្រះអង្គ។ នៅពេលនេះ យើងខ្ញុំសូមទូលព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះនាងម៉ារី ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ! សូមជួយអង្វរព្រះអង្គឱ្យយើងខ្ញុំផង !

ឱព្រះជាម្ចាស់ដែលប្រព្រឹត្តការអស្ចារ្យ ! ព្រះអង្គបានធ្វើឱ្យព្រះនាងព្រហ្មចារិនីមិនជំពាក់បាប ចូលរួមចំណែកទាំងរូបកាយ និងព្រលឹងក្នុងសិរីរុងរឿងរបស់ព្រះបុត្រាព្រះអង្គ នៅស្ថានបរមសុខ —សូមដឹកនាំចិត្តគំនិតបុត្រធីតារបស់ព្រះអង្គ ឱ្យទៅដល់សិរីរុងរឿងដូចគ្នានោះដែរ។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គប្រោសឱ្យព្រះសហគមន៍មានចិត្តគំនិតតែមួយ ចេះរួបរួមគ្នាក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ
—ហើយសូមព្រះអង្គថែរក្សាគ្រីស្តបរិស័ទ ឱ្យចេះរួបរួមគ្នាក្នុងការអធិដ្ឋានជាមួយព្រះនាងម៉ារី ជាព្រះមាតាព្រះអង្គ។ (បន្ទរ)

ព្រះអង្គបានប្រោសឱ្យព្រះនាងម៉ារី ធ្វើជាមាតានៃធម៌មេត្តា
—សូមឱ្យមនុស្សទាំងអស់ដែលប្រឈមនឹងទុក្ខលំបាក ទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ក្នុងភាពជាម្តាយរបស់ព្រះនាង។ (បន្ទរ)

បពិត្រព្រះបិតា ! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះនាងម៉ារីធ្វើជាមាតា ក្នុងក្រុមគ្រួសាររបស់ព្រះយេស៊ូ និងលោកយ៉ូសែប
—សូមឱ្យអ្នកម្តាយទាំងអស់ចិញ្ចឹមសេចក្តីស្រឡាញ់ និងភាពដ៏វិសុទ្ធ តាមរយៈពាក្យអង្វររបស់ព្រះនាង។ (បន្ទរ)

ព្រះអង្គបានបំពាក់មកុដម្ចាស់ក្សត្រីយ៍នៃស្ថានបរមសុខឱ្យព្រះនាងម៉ារី
—សូមឱ្យមរណបុគ្គលទាំងឡាយរីករាយសប្បាយ រួមជាមួយសន្តបុគ្គលទាំងអស់ ក្នុងព្រះរាជ្យរបស់ព្រះអង្គអស់កល្បជានិច្ច។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់យើងខ្ញុំអើយ ! សូមព្រះអង្គប្រទានព្រះអំណោយទានដ៏ថ្លៃថ្លារបស់ព្រះអង្គឱ្យយើងខ្ញុំ ដោយទេវទូតផ្តល់ដំណឹងមកថា ព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ ទ្រង់យាងមកប្រសូតជាមនុស្ស។ តាមរយៈពាក្យទូលអង្វររបស់ព្រះនាងព្រហ្មចារិនីម៉ារី ដោយសារព្រះបុត្រារងទុក្ខលំបាក និងសុគតលើឈើឆ្កាង សូមព្រះអង្គនាំយើងខ្ញុំចូលទៅក្នុងសិរីរុងរឿងរួមជាមួយព្រះគ្រីស្ត ដែលមានព្រះជន្មរស់ឡើងវិញ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។