០៣ ឧសភា ២០២៦

Written on 29/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៥ ថ្ងៃអាទិត្យ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១០,១-៥.៧

ព្រះមេស្ស៊ី គឺជាព្រះមហាក្សត្រ និងជាបូជាចារ្យ

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ​ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំង​ប៉ុន្មាន​ មកដាក់​ក្រោម​ព្រះបាទា​របស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១ ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ហើយគង់នៅខាងស្តាំព្រះជាម្ចាស់ អាលេលូយ៉ា!

ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ! ”។

សូមព្រះជាអម្ចាស់ប្រោសប្រទាន ឱ្យព្រះរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!

នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។

ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។

ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។

នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ
រួចហើយ ព្រះអង្គងើបព្រះភក្រ្តប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ហើយគង់នៅខាងស្តាំព្រះជាម្ចាស់ អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១១៤,១-៨

ប្រជាជនអ៊ីស្រាអែលបានសេរីភាពពីប្រទេសអេស៊ីប

អ្នកដែលបានលះបង់ពិភពលោកនេះ ក៏ត្រូវបានដឹកនាំចេញពីប្រទេសអេស៊ីប​ផង​ដែរ​ (សន្តអូគូស្ទីន)។

បន្ទរទី២៖ ព្រះអង្គបានសង្រ្គោះយើងចេញពីអំណាចនៃសេចក្តីងងឹត និងបានចម្លងយើងចូលទៅក្នុងព្រះរាជ្យនៃព្រះបុត្រាព្រះអង្គ អាលេលូយ៉ា!

(បទពាក្យ ៧)

១- ពេលអ៊ីស្រាអែលបានចាកចេញ ពីអេស៊ីបវិញហើយពេលនោះ  
  ពូជពង្សយ៉ាកុបចេញទាំងអស់ ពីដីបរទេសមិនសល់នៅ
២- ឯប្រជាជនជាតិយូដា បានក្លាយទៅជាឥតហ្មងសៅ  
  ជាប្រជាជាតិមិនអាស្រូវ វិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ
៣- ពេលទឹកសមុទ្រឃើញពួកគេ តក់ស្លុតម៉្លេះទេមិនបង្អង់  
  គេចខ្លួនថយទៅមិនរេរង់ ទាំងយ័រដាន់ផងក៏ថយដែរ
៤- ភ្នំតូចភ្នំធំភ្នំទាំងអស់ នៅមិនស្ងៀមសោះដូចពពែ  
  លោតទៅលោតមកមិនឈប់ទេ ភ្នំតូចលោតដែរដូចកូនចៀម
៥- ឱសមុទ្រអើយម្តេចក៏អ្នក រត់គេចជាជាក់ទៅនៅស្ងៀម  
  អ្នកធ្លាប់រលកលោតរវាម ម្តេចសំងំស្ងៀមធ្មឹងដូច្នេះ
  ឱទឹកទន្លេយ័រដាន់អើយ ពេលនេះម្តេចឡើយរត់លឿនម៉្លេះ  
  ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះ តើរឿងទាំងនេះមកពីអ្វី
៦- ភ្នំអើយម្តេចអ្នកមិនឈប់លោត ផ្លាស់ប្តូររហូតដូចសត្វព្រៃ  
  ភ្នំតូចអើយអ្នកលោតព្រោះអ្វី មិនស្គាល់យប់ថ្ងៃមិនសម្រាក
៧- ឱផែនដីអើយចូររីករាយ អំណរសប្បាយចំពោះភក្រ្ត  
  ព្រះជាអម្ចាស់របស់អ្នក និងចំពោះភក្រ្តព្រះយ៉ាកុប
៨- គឺទ្រង់បានធ្វើឱ្យសិលា ប្រែក្លាយទៅជាបឹងសាយសព្វ  
  ឱ្យថ្មប្រែក្លាយជាប្រភព ទឹកហូរឥតឈប់ឥតស្រាកស្រាន្ត
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ ព្រះអង្គបានសង្រ្គោះយើងចេញពីអំណាចនៃសេចក្តីងងឹត និងបានចម្លងយើងចូលទៅក្នុងព្រះរាជ្យនៃព្រះបុត្រាព្រះអង្គ អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)

វិវាហមង្គលការកូនចៀម

បន្ទរទី៣ ៖ អាលេលូយ៉ា ! យើងខ្ញុំសូមសរសើរតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់នៃយើង ដ្បិតព្រះអង្គជាព្រះមហាក្សត្រ ! អាលេលូយ៉ា !

អាលេលូយ៉ា!
សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង
ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព

ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌
អាលេលូយ៉ា!
អាលេលូយ៉ា!

អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់
អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ!
ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!។
អាលេលូយ៉ា!

អាលេលូយ៉ា!
ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ

យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង
ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ
អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ
ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។
អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អាលេលូយ៉ា ! យើងខ្ញុំសូមសរសើរតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់នៃយើង ដ្បិតព្រះអង្គជាព្រះមហាក្សត្រ ! អាលេលូយ៉ា !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ១០,១២-១៤)

រីឯ​ព្រះ‌គ្រីស្ត​វិញ បន្ទាប់​ពី​ព្រះ‌អង្គ​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​មួយ ដើម្បីរំដោះ​បាប​រួច​ហើយ ព្រះ‌អង្គ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់រហូត​ត​ទៅ។ ឥឡូវ​នេះ ព្រះ‌អង្គ​រង់‌ចាំ​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ឱ្យ​ចុះ​ចូល​ក្រោម​ព្រះ‌បាទា​ព្រះ‌អង្គ។ ដោយ‌សារ​តង្វាយ​តែ​មួយ​គត់ ព្រះ‌គ្រីស្តធ្វើឱ្យ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ឱ្យ​វិសុទ្ធហើយ​នោះ បាន​គ្រប់លក្ខណៈ​រហូត​ត​ទៅ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ វិន័យ​របស់​ខ្ញុំ​មាន​ដូច​តទៅ​នេះ គឺ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ អាលេលូយ៉ា!

ពាក្យអង្វរសកល

ចូរយើងដង្ហោយហៅរកព្រះគ្រីស្តជាអម្ចាស់ ដោយអំណរសប្បាយនៅក្នុងដួងចិត្ត ព្រោះព្រះអង្គបានសោយទិវង្គត និងរស់ឡើងវិញ ហើយមានព្រះជន្មគង់នៅជានិច្ច ដើម្បីទូលអង្វរឱ្យយើងខ្ញុំ ៖

បន្ទរ ៖ ឱព្រះមហាក្សត្រដ៏មានជ័យជម្នះអើយ ! សូមព្រះអង្គសណ្តាប់ពាក្យអង្វរយើងខ្ញុំ !

បពិត្រព្រះសង្រ្គោះ ! ព្រះអង្គជាព្រះពន្លឺបំភ្លឺមនុស្សគ្រប់ជាតិសាសន៍
—សូមព្រះអង្គបញ្ជូនភ្លើងនៃព្រះវិញ្ញាណដ៏វិសុទ្ធមកក្នុងដួងចិត្តយើងខ្ញុំ ដូចយើងខ្ញុំប្រកាសថា ព្រះអង្គមានព្រះជន្មរស់ឡើងវិញមែន។ (បន្ទរ)

បពិត្រព្រះអម្ចាស់យេស៊ូ ! សូមឱ្យជនជាតិអ៊ីស្រាអែលទទួលស្គាល់ព្រះអង្គជាព្រះមេស្ស៊ី
—ហើយសូមឱ្យផែនដីទាំងមូល ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គរក្សាយើងខ្ញុំក្នុងការរួបរួមនៃសន្តបុគ្គលទាំងឡាយ
—ហើយសូមប្រទានឱ្យយើងខ្ញុំបានសម្រាកពីការងារពលកម្មក្នុងក្រុមហ៊ុន។ (បន្ទរ)

ព្រះអង្គមានជ័យជម្នះលើខ្មាំងសត្រូវ ព្រះអង្គបានបំផ្លាញអំណាចនៃសេចក្តីស្លាប់នៅក្នុងយើងខ្ញុំ
—ដើម្បីឱ្យយើងខ្ញុំអាចរស់នៅសម្រាប់ព្រះអង្គតែមួយគត់ ដែលមានជ័យជម្នះ និងជាព្រះអម្ចាស់អស់កល្បជានិច្ច មិនចេះសាបសូន្យឡើយ។ (បន្ទរ)

ឱព្រះគ្រីស្តអើយ ! ព្រះអង្គបានស្តាប់បង្គាប់រហូតដល់សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ទៅគង់ខាងស្តាំព្រះបិតា
—ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមទ្រង់ព្រះមេត្តាទទួលបងប្អូនរបស់ព្រះអង្គ ឱ្យចូលក្នុងព្រះរាជ្យនៃសិរីរុងរឿងនោះផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ! ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះបុត្រាឱ្យយាងមកណែនាំ និងប្រមូលមនុស្សគ្រប់ជាតិសាសន៍ ធ្វើជាមហាគ្រួសារតែមួយ។ សូមព្រះអង្គមេត្តាប្រែចិត្តគំនិតរបស់យើងខ្ញុំឱ្យស្រឡាញ់ព្រះអង្គ និងស្រឡាញ់បងប្អូនយ៉ាងស្មោះតាមគំរូព្រះយេស៊ូ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។