រដូវធម្មតា សប្ដាហ៍ទី២ ថ្ងៃពុធ
សន្តីអាញេស ជាព្រហ្មចារិនី និងជាមរណសាក្សី
(បុណ្យរំឭកចាំបាច់)
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៦,១-៩
បន្ទរទី១ ៖ នាងព្រហ្មចារិនីរបស់ព្រះគ្រីស្ត មិនអាចត្រូវបំបាក់ដោយការភ័យខ្លាច ឬក៏យកឈ្នះ ដោយការបោកបញ្ឆោតបានឡើយ។
| ១ | ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេងខ្ញុំដែលទទូចអង្វរ |
| ២ | ព្រះអង្គផ្ទៀងព្រះការណ៌ស្តាប់ខ្ញុំ ខ្ញុំនឹងអង្វរព្រះអង្គអស់មួយជីវិត។ |
| ៣ | មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឱ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់ ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។ |
| ៤ | ពេលនោះ ខ្ញុំអង្វររកព្រះនាមព្រះអម្ចាស់ថា ៖ “ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំផង!” |
| ៥ | ព្រះអម្ចាស់តែងតែប្រណីសន្តោស ព្រះអង្គសុចរិត ព្រះរបស់យើងប្រកបដោយព្រះហឫទ័យមេត្តាករុណា។ |
| ៦ | ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។ |
| ៧ | ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ ដ្បិតព្រះអម្ចាស់ប្រោសប្រទានឱ្យខ្ញុំបានសុខសាន្ត។ |
| ៨ | ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ព្រះអង្គជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។ |
| ៩ | ខ្ញុំនឹងដើរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ក្នុងពិភពមនុស្សលោកនេះ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ នាងព្រហ្មចារិនីរបស់ព្រះគ្រីស្ត មិនអាចត្រូវបំបាក់ដោយការភ័យខ្លាច ឬក៏យកឈ្នះ ដោយការបោកបញ្ឆោតបានឡើយ។
ទំនុកតម្កើងលេខ ១១៦,១០-១៩
បន្ទរទី២ ៖ ព្រះអង្គតែមួយគត់ ដែលនាងខ្ញុំផ្ញើជីវិតទាំងស្រុង។ ព្រះអង្គតែមួយគត់ ដែលនាងខ្ញុំឱ្យសេចក្តីស្រឡាញ់មិនអាចកាត់ថ្លៃបាន។
(បទព្រហ្មគីតិ)
| ១០- | ទោះជាខ្ញុំពោលថា | រស់ខ្លោចផ្សាទ្រូងស្ទើរប្រេះ | |
| គង់តែរូបខ្ញុំនេះ | មិនចោលព្រះសង្ឃឹមជាប់ | ។ | |
| ១១- | ពេលខ្ញុំមានកង្វល់ | ចិត្តខ្វាយខ្វល់មិនបានស្ងប់ | |
| ខ្ញុំពោលឡើងគ្រប់សព្វ | ថាខ្ញុំស្អប់ជនគ្រប់ប្រាណ | ។ | |
| ១២- | តើខ្ញុំអាចយកអ្វី | តបព្រះទ័យម្ចាស់ថ្កើងថ្កាន | |
| ដែលព្រះអម្ចាស់បាន | ប្រោសគ្រប់ប្រាណបានសមរម្យ | ។ | |
| ១៣- | គឺខ្ញុំត្រូវលើកពែង | ទាំងថ្លាថ្លែងនាមឧត្តម | |
| ព្រះអង្គរំដោះខ្ញុំ | យើងស្រែកសុំរកព្រះម្ចាស់ | ។ | |
| ១៤- | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយក្រាបសំពះ | |
| លាបំណន់ពីព្រះ | ជាអម្ចាស់មុខប្រជា | ។ | |
| ១៥- | ទ្រង់ព្រួយព្រះទ័យណាស់ | ពេលមានរាស្រ្តស្លាប់វេទនា | |
| ជនវិសុទ្ធគ្រប់គ្នា | ទ្រង់ការពារមិនស្លាប់ឡើយ | ។ | |
| ១៦- | ឱព្រះម្ចាស់ប្រសើរ | ខ្ញុំបម្រើព្រះអង្គហើយ | |
| ព្រះអង្គមិនកន្តើយ | ខ្ញុំបានស្បើយពីមរណា | ។ | |
| ១៧- | ទូលបង្គំសូមថ្វាយ | យញ្ញទាំងឡាយដោយជ្រះថ្លា | |
| អង្វរព្រះបិតា | ព្រះបុត្រាខ្ពស់ពេកពន់ | ។ | |
| ១៨- | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយលាបំណន់ | |
| នៅមុខប្រជាជន | ដែលបានបន់ដល់ព្រះអង្គ | ។ | |
| ១៩- | គឺនៅក្នុងទីធ្លា | ព្រះវិហារស្រស់បំព្រង | |
| ស្ថិតនៅកណ្តាលក្រុង | សូមផ្ចិតផ្ចង់លើកតម្កើង | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ព្រះអង្គតែមួយគត់ ដែលនាងខ្ញុំផ្ញើជីវិតទាំងស្រុង។ ព្រះអង្គតែមួយគត់ ដែលនាងខ្ញុំឱ្យសេចក្តីស្រឡាញ់មិនអាចកាត់ថ្លៃបាន។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (៤,១១.៥,៩-១០.១២)
បន្ទរទី៣ ៖ នាងខ្ញុំសូមអរព្រះគុណព្រះអង្គ ជាព្រះបិតានៃព្រះអម្ចាស់យេស៊ូគ្រីស្តរបស់នាងខ្ញុំ ដ្បិតព្រះអង្គបានធ្វើឱ្យអ្នកបម្រើរបស់ព្រះអង្គមានជ័យជម្នះ ដោយសារទ្រង់។
| ១១ | “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ” ។ |
| ៩ | គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា៖ “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ |
| ១០ | ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី” ។ |
| ១២ | នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ នាងខ្ញុំសូមអរព្រះគុណព្រះអង្គ ជាព្រះបិតានៃព្រះអម្ចាស់យេស៊ូគ្រីស្តរបស់នាងខ្ញុំ ដ្បិតព្រះអង្គបានធ្វើឱ្យអ្នកបម្រើរបស់ព្រះអង្គមានជ័យជម្នះ ដោយសារទ្រង់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៤,១៣-១៤)
ផ្ទុយទៅវិញ ចូរមានចិត្តរីករាយឡើង ព្រោះបងប្អូនរងទុក្ខលំបាកផ្សេងៗរួមជាមួយព្រះគ្រីស្ត។ បងប្អូនមុខជាមានអំណរសប្បាយយ៉ាងខ្លាំង នៅពេលព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ។ ប្រសិនបើមានគេត្មះតិះដៀលបងប្អូន ព្រោះតែព្រះនាមរបស់ព្រះគ្រីស្ត នោះបងប្អូនមានសុភមង្គលហើយ ដ្បិតព្រះវិញ្ញាណប្រកបដោយសិរីរុងរឿង គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅលើបងប្អូន។
បន្ទរ៖ ព្រះអម្ចាស់បានជ្រើសរើសនាងដ៏ជាទីស្រឡាញ់ *តាំងពីមុនដំបូងមកម្ល៉េះ។ បន្ទរឡើងវិញ៖…
-ព្រះអង្គបានយកនាងឱ្យមករស់នៅជាមួយព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ សន្តីអាញេសលើកដៃរបស់នាងឡើង ហើយទូលថា ៖ បពិត្រព្រះបិតាដ៏វិសុទ្ធ! សូមព្រះអង្គមេត្តាសណ្តាប់ពាក្យអង្វររបស់នាងខ្ញុំ នាងខ្ញុំនឹងទៅឯព្រះអង្គ ដែលនាងខ្ញុំបានស្រឡាញ់ និងស្វែងរក ហើយតែងតែប្រាថ្នាចង់បាន។
ពាក្យអង្វរសកល
បងប្អូនជាទីស្រឡាញ់ ! យើងមានអំណរសប្បាយ ដោយបានស្គាល់ព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ។
យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយចិត្តអង់អាចក្លាហានថា ៖
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គប្រោសប្រណី និងប្រទានសេចក្តីសុខសាន្តឱ្យយើងខ្ញុំផង។
ឱព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! សម្រាប់ព្រះអង្គរយៈពេលមួយពាន់ឆ្នាំ ប្រៀបដូចមួយថ្ងៃដែលកន្លងផុតទៅ
—សូមព្រះអង្គជួយយើងខ្ញុំឱ្យនឹកចាំថា ជីវិតប្រៀបបីដូចជាផ្ការីកនៅពេលព្រឹកព្រលឹម ហើយក្រៀមស្វិតស្រពោននៅពេលល្ងាច។ (បន្ទរ)
សូមព្រះអង្គប្រទាននំម៉ាណាដល់ប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឱ្យពួកគេបានឆ្អែតបរិបូណ៍
—សូមព្រះអង្គប្រទានទឹក ដើម្បីឱ្យពួកគេបាត់ស្រេកអស់កល្បជានិច្ចផង។ (បន្ទរ)
សូមព្រះអង្គប្រទានឱ្យអស់អ្នកជឿលើព្រះអង្គ បានស្វែងរកនូវអ្វីៗដែលគាប់ព្រះហឫទ័យព្រះអង្គ
—ហើយសូមឱ្យពួកគេបានឃើញសិរីរុងរឿងរបស់ព្រះអង្គ រាល់ពេលបំពេញការងារផង។ (បន្ទរ)
ឱព្រះអម្ចាស់អើយ សូមព្រះអង្គប្រោសប្រទានអាកាសធាតុល្អដល់យើងខ្ញុំ
—ដើម្បីឱ្យយើងខ្ញុំបានទទួលភោគផលបរិបូណ៍នៅលើផែនដីនេះផង។ (បន្ទរ)
សូមព្រះអង្គប្រទានឱ្យអស់អ្នកជឿដែលបានទទួលមរណភាព បានយល់ព្រះភក្រ្តរបស់ព្រះអង្គ
—សូមព្រះអង្គប្រទានឱ្យពួកគេមានអំណរសប្បាយអស់កល្បជានិច្ចផង។ (បន្ទរ)
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅជានិច្ច ! ព្រះអង្គតែងតែគាំទ្រមនុស្សទន់ខ្សោយឱ្យមានកម្លាំង ហ៊ានប្រឈមមុខនឹងអ្នកមានអំណាច។ នៅថ្ងៃនេះ យើងខ្ញុំប្រារព្ធបុណ្យកំណើតនៅស្ថានបរមសុខរបស់សន្តីអាញេស ដែលបានបូជាជីវិតថ្វាយព្រះអង្គ។ សូមព្រះអង្គពង្រឹងជំនឿរបស់យើងខ្ញុំឱ្យបានដូចសន្តីអាញេស។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។