០៧ មករា ២០២៧

Written on 20/10/2026
Mary Siya Khim

ថ្ងៃព្រហស្បតិ៍ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បទចម្រៀងចូល

ទំនុកតម្កើងលេខ ៧២

រាជ្យអំណាចរបស់ព្រះមេស្ស៊ី

គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំព្រះ‌អង្គ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន
គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះ‌អង្គ (មថ ២,១១)។

បន្ទរទី១ ៖ យើងតែងតាំងអ្នកឱ្យធ្វើជាពន្លឺសម្រាប់បំភ្លឺប្រជាជាតិទាំងឡាយ ហើយនាំការសង្គ្រោះរបស់យើង រហូតដល់ស្រុកដាច់ស្រយាលនៃផែន‌ដី។

(ក)

១ ឱព្រះជាម្ចាស់អើយ! សូមប្រទានឱ្យព្រះរាជាចេះវិនិច្ឆ័យដូចព្រះអង្គ
សូមឱ្យព្រះរាជបុត្រនេះ បានប្រកបដោយសេចក្តីសុចរិតរបស់ព្រះអង្គដែរ!។
២
សូមឱ្យព្រះរាជាគ្រប់គ្រងប្រជារាស្ត្ររបស់ព្រះអង្គ ដោយយុត្តិធម៌
ហើយគ្រប់គ្រងជនក្រីក្រត្រឹមត្រូវតាមច្បាប់។
៣
សូមឱ្យភ្នំធំភ្នំតូចទាំងឡាយ ផ្តល់នូវភោគផលដ៏សម្បូណ៌សប្បាយដល់ប្រជារាស្ត្រ
ព្រមទាំងនាំសេចក្តីសុចរិតរបស់គេផង។
៤
សូមព្រះរាជារកយុត្តិធម៌ឱ្យជនក្រីក្រក្នុងចំណោមប្រជារាស្ត្រ
សូមទ្រង់ប្រោសមនុស្សកំសត់ទុគ៌ត
ហើយកម្ទេចអស់អ្នកដែលជិះជាន់សង្កត់សង្កិនគេ។
៥
ដរាបណាព្រះអាទិត្យនៅតែរះ ហើយព្រះចន្ទនៅតែបញ្ចោញរស្មី
សូមឱ្យព្រះរាជាមានព្រះជន្មាយុយឺនយូរអស់កល្បជាអង្វែងតរៀងទៅ។
៦
សូមទ្រង់ផ្តល់ព្រះពរដល់ប្រជារាស្ត្រ
ដូចទឹកភ្លៀងធ្លាក់មកលើស្រែចម្ការ
ដូចភ្លៀងបង្អុរចុះមកស្រោចស្រពផែនដី។
៧
សូមឱ្យសេចក្តីសុចរិតរីកចម្រើនឡើង ក្នុងរជ្ជកាលរបស់ព្រះករុណា
ដរាបណានៅមានព្រះចន្ទ សូមឱ្យមានសេចក្តីសុខសាន្តយ៉ាងបរិបូណ៌។
៨
សូមឱ្យព្រះរាជាគ្រប់គ្រងពីសមុទ្រមួយ ទៅសមុទ្រមួយ
ពីទន្លេអឺប្រាតនេះ រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
៩
ប្រជាជនដែលរស់នៅតាមវាលរហោស្ថាន
នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះករុណា
ខ្មាំងសត្រូវរបស់ព្រះអង្គត្រូវបរាជ័យងើបមុខមិនរួច។
១០
ស្តេចទាំងឡាយនៅស្រុកតារស៊ីស និងនៅកោះនានា
នឹងយកតង្វាយមកថ្វាយព្រះករុណា
ស្តេចទាំងឡាយនៅស្រុកសាបា
និងស្រុកសេបា ក៏យកសួយសារអាករមកថ្វាយព្រះអង្គដែរ។
១១
ស្តេចទាំងឡាយនឹងនាំគ្នាក្រាបថ្វាយបង្គំព្រះរាជា
ប្រជាជាតិទាំងអស់នឹងបម្រើព្រះករុណា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ យើងតែងតាំងអ្នកឱ្យធ្វើជាពន្លឺសម្រាប់បំភ្លឺប្រជាជាតិទាំងឡាយ ហើយនាំការសង្គ្រោះរបស់យើង រហូតដល់ស្រុកដាច់ស្រយាលនៃផែន‌ដី។

 

បន្ទរទី២ ៖ ព្រះ‌អម្ចាស់សង្គ្រោះជីវិតមនុស្សក្រីក្រ ព្រះ‌អង្គរំដោះពួកគេឱ្យរួចផុតពីការសង្កត់‌សង្កិនរបស់មនុស្សឃោរ‌ឃៅ។

 

(ខ)

(បទកាកគតិ)

១២- ទ្រង់នឹងរំដោះ អ្នកក្រទាំងអស់ ដោយធម៌មេត្តា
  អ្នកទុគ៌តស្រែក សុំក្តីករុណា ព្រះអង្គរក្សា
    អ្នកគ្មានទីពឹង ។
១៣- ទ្រង់សែនអាណិត អាសូរពេកពិត អ្នកអត់លំនឹង
  នឹងមនុស្សកំសត់ គ្មានអ្វីរំពឹង ព្រះអម្ចាស់នឹង
    សង្គ្រោះជីវិត ។
១៤- ទ្រង់នឹងរំដោះ ពួកគេទាំងរស់ ពីពួកឧក្រិដ្ឋ
  ជនកាចសាហាវ ពាលាទុច្ចរិត ព្រោះតែជីវិត
    ថ្លៃថ្លាក្រៃលែង ។
១៥- សូមឱ្យរាជា មានព្រះជន្មា យឺនយូរអង្វែង
  គេនឹងយកមាស មកថ្វាយទ្រង់ផង អង្វរព្រះអង្គ
    ឥតមានឈប់ឈរ ។
១៦- សូមឱ្យក្នុងស្រុក ស្រូវពេញជង្រុក ផ្តល់ភោគផលល្អ
  តាមកំពូលភ្នំ ក៏ឱ្យសំបូរ ប្រជាកុះករ
    កើនឡើងដូចស្មៅ ។
១៧- សូមឱ្យរាជា មានព្រះនាមា ល្បីល្បាញតទៅ
  នាមព្រះករុណា ស្ថិតស្ថេរគង់នៅ ដរាបរៀងទៅ
    លើដីក្រោមមេឃ ។
១៨- សូមលើកតម្កើង ព្រះអង្គខ្ពស់ឡើង ឥតមានអល់អែក
  ព្រះអ៊ីស្រាអែល ល្អល្អះអនេក ការអស្ចារ្យពេក
    ដែលទ្រង់សម្តែង ។
១៩- សូមលើកតម្កើង ព្រះនាមថ្កុំថ្កើង ព្រះអង្គគួរស្ញែង
  សូមឱ្យផែនដី ទាំងមូលកោតក្រែង សិរីរុងរឿង
    របស់ព្រះអង្គ ។
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច ។

បន្ទរ ៖ ព្រះ‌អម្ចាស់សង្គ្រោះជីវិតមនុស្សក្រីក្រ ព្រះ‌អង្គរំដោះពួកគេឱ្យរួចផុតពីការសង្កត់‌សង្កិនរបស់មនុស្សឃោរ‌ឃៅ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨.១២,១០ខ-១២ក)

ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើងហើយ។

១៧ “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ
តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។
១៨
ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធក៏មកដល់ដែរ
គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។
នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី
ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ
និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ
ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។
១០
ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំង នៅលើមេឃថា ៖
“ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ
ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង
ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ
ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ
គឺអ្នកនោះឯង ដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។
១១
បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ
ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។
១២
ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ!
ចូរមានអំណរសប្បាយឡើង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើងហើយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ១,៥ខ.៧)

ព្រះ‌ជាម្ចាស់​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​ព្រះ‌អង្គ​ទាល់​តែ​សោះ។ ប្រសិន​បើ​យើង​រស់ក្នុង​ពន្លឺ ដូច​ព្រះ‌អង្គ​ផ្ទាល់​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​នឹង​បាន​រួម​រស់​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូ ជា​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ជម្រះ​យើង​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។

បន្ទរ៖ ប្រជាជនទាំងឡាយ ទាំងបុរស និងស្រ្តីគ្រប់សញ្ជាតិ *នឹង​បាន​ទទួលពរ​ដោយសារ​ព្រះអង្គ។ បន្ទរឡើងវិញ៖…
—ប្រជា‌ជាតិនានា នឹងនាំគ្នាថ្លែងពីសិរី‌រុង​រឿងរបស់ព្រះ‌អម្ចាស់។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ អ្នក​ស្រុក​សេបា​ទាំង​អស់​នឹង​នាំ​គ្នា​មក ពួក​គេ​យក​មាស និង​កំញាន​មក​ជា​មួយ​ផង អាលេលូយ៉ា!។

ពាក្យអង្វរសកល

រួមជាមួយពាក្យអធិដ្ឋានរបស់បងប្អូនយើងខ្ញុំទាំងអស់ យើងសូមកោតសរសើរព្រះជាម្ចាស់ ហើយអង្វររកព្រះនាមព្រះអង្គថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមបង្ហាញក្តីមេត្តារបស់ព្រះអង្គឱ្យយើងខ្ញុំផង !

បពិត្រព្រះបិតាដ៏វិសុទ្ធ ! យើងខ្ញុំសូមទូលអង្វរព្រះអង្គសម្រាប់អស់អ្នកដែលមិនគ្រាន់តែស្គាល់ព្រះអង្គ តាមរយៈពន្លឺនៃប្រាជ្ញាធម្មជាតិរបស់ខ្លួនប៉ុណ្ណោះទេ
—តែសូមព្រះអង្គសព្វព្រះហឫទ័យបំភ្លឺចិត្តគំនិតរបស់ពួកគេឱ្យបានស្គាល់ព្រះអង្គ ដោយសារពន្លឺដ៏ភ្លឺស្វាងនៃព្រះបន្ទូលដំណឹងល្អរបស់ព្រះគ្រីស្តយ៉ាងពេញបរិបូណ៍ថែមទៀតផង។ (បន្ទរ)

សូមព្រះអង្គទតមកដោយក្តីមេត្តាចំពោះអ្នកទាំងឡាយណាដែលរស់នៅក្រៅព្រះសហគមន៍ ដូចដែលពួកគេស្វែងរកការរំដោះខ្លួនចេញពីភាពឃោរឃៅដែលបង្ខិតបង្ខំជីវិតមនុស្ស
—សូមឱ្យគេរកឃើញព្រះគ្រីស្ត ដែលជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ (បន្ទរ)

សូមព្រះអង្គជួយដល់អស់អ្នកដែលខំអនុវត្តតាមជំនឿរបស់ពួកគេយ៉ាងស្មោះត្រង់
—សូមឱ្យគេបានទទួលពន្លឺដ៏អស្ចារ្យនៃប្រេងអភិសេករបស់ព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គថែរក្សាអ្នកជឿឱ្យមានចិត្តបរិសុទ្ធ
—សូមឱ្យគេបានឃើញព្រះអង្គកាន់តែច្បាស់ឡើងៗគ្រប់វិនាទីផង។ (បន្ទរ)

សូមឱ្យអស់អ្នកដែលបានលាចាកពីលោកនេះ បានឃើញក្តីមេត្តារបស់ព្រះអង្គ
—សូមបំពាក់ពួកគេនូវសិរីរុងរឿងរបស់ប្រជាជន ដែលព្រះអង្គបានជ្រើសរើស។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ដោយសារព្រះបុត្រាដ៏ជាទីស្រឡាញ់ប្រសូតជាមនុស្ស ពន្លឺដ៏ត្រចះត្រចង់របស់ព្រះអង្គបានបំភ្លឺដល់មនុស្សគ្រប់ជាតិសាសន៍។ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំទទួលសិរីរុងរឿងរបស់ព្រះគ្រីស្ត ដែលជាពន្លឺមិនចេះរលត់។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!