ថ្ងៃពុធ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
បទចម្រៀងចូល
ទំនុកតម្កើងលេខ ៦២
នៅជិតព្រះអង្គ ខ្ញុំមានសេចក្ដីសុខសាន្ត
សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្តីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ
ឱ្យបានពោរពេញដោយអំណរ និងសេចក្តីសុខសាន្តគ្រប់ប្រការ (រ៉ូម ១៥,១៣)។
បន្ទរទី១ ៖ យើងទន្ទឹងរង់ចាំសុភមង្គល តាមសេចក្ដីសង្ឃឹមរបស់យើង គឺជាថ្ងៃដែលព្រះសង្គ្រោះនៃយើង យាងមកប្រកបដោយសិរីរុងរឿង។
| ២ | ខ្ញុំស្ងប់ចិត្តតែនៅក្បែរព្រះជាម្ចាស់ប៉ុណ្ណោះ ព្រោះព្រះអង្គតែងតែសង្គ្រោះខ្ញុំ |
| ៣ | មានតែព្រះអង្គមួយគត់ដែលជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ ព្រះអង្គជាកំពែងដ៏រឹងមាំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។ |
| ៤ | តើអ្នករាល់គ្នាចោមរោមវាយប្រហារមនុស្សតែម្នាក់ដូច្នេះ ដល់កាលណាទៀត? អ្នករាល់គ្នារកប្រហារជីវិតមនុស្ស ដូចគេចង់រំលំកំពែងដែលទ្រុឌទ្រោម និងផ្តួលរបងដែលជិតរលំឬ? |
| ៥ | ពួកគេចង់ឱ្យតែអ្នកនោះបាត់បង់យសសក្តិ គេចូលចិត្តកុហក មាត់គេឱ្យពរ តែចិត្តគេបែរជាដាក់បណ្តាសារទៅវិញ។ |
| ៦ | ពិតមែនហើយ ខ្ញុំស្ងប់ចិត្តតែនៅក្បែរព្រះជាម្ចាស់ប៉ុណ្ណោះ ដ្បិតព្រះអង្គជាទីសង្ឃឹមតែមួយគត់របស់ខ្ញុំ។ |
| ៧ | ព្រះអង្គតែមួយគត់ជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ ព្រះអង្គជាកំពែងដ៏រឹងមាំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។ |
| ៨ | ការសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើព្រះជាម្ចាស់ទាំងស្រុង ព្រះជាម្ចាស់ជាថ្មដាដ៏រឹងមាំ និងជាទីជម្រករបស់ខ្ញុំ។ |
| ៩ | ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិតលើព្រះអង្គគ្រប់ពេលវេលាទៅ! ចូរទូលពីទុក្ខកង្វល់របស់អ្នករាល់គ្នាថ្វាយព្រះអង្គចុះ ព្រះជាម្ចាស់ជាជម្រករបស់យើងហើយ។ |
| ១០ | មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ មនុស្សឋានៈខ្ពស់គ្មានតម្លៃអ្វីសោះ ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ នោះស្រាលជាងមួយដង្ហើមទៅទៀត។ |
| ១១ | មិនត្រូវទុកចិត្តលើអំពើហិង្សាឡើយ ហើយក៏កុំសង្ឃឹមលើការលួចប្លន់ដែរ។ ប្រសិនបើទ្រព្យសម្បត្តិអ្នករាល់គ្នាកើនចំនួនច្រើនឡើង មិនត្រូវជំពាក់ចិត្តឡើយ។ |
| ១២ | ខ្ញុំឮព្រះជាម្ចាស់មានព្រះបន្ទូលមួយលើកជាពីរលើកថា ឫទ្ធិអំណាចស្ថិតលើព្រះអង្គ |
| ១៣ | ឱព្រះអម្ចាស់អើយ! ព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គនឹងតបស្នងឱ្យមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនគេបានប្រព្រឹត្ត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ យើងទន្ទឹងរង់ចាំសុភមង្គល តាមសេចក្ដីសង្ឃឹមរបស់យើង គឺជាថ្ងៃដែលព្រះសង្គ្រោះនៃយើង យាងមកប្រកបដោយសិរីរុងរឿង។
ទំនុកតម្កើងលេខ ៦៧
សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
ហេតុនេះ សូមបងប្អូនជ្រាបថា ព្រះជាម្ចាស់បានប្រទានព្រះបន្ទូល
ស្ដីអំពីការសង្គ្រោះរបស់ព្រះអង្គឱ្យសាសន៍ដទៃវិញ ព្រោះគេមុខជាស្ដាប់មិនខាន (កក ២៨,២៨)។
បន្ទរទី២ ៖ សូមព្រះជាម្ចាស់ប្រទានពរដល់យើងខ្ញុំ ហើយសូមឱ្យពន្លឺដែលភ្លឺចាំងពីព្រះភក្ត្រព្រះអង្គ យាងមកបំភ្លឺយើង។
(បទពាក្យ ៧)
| ២- | ឱព្រះម្ចាស់អើយសូមមេត្តា | សន្តោសករុណាដល់យើងខ្ញុំ | |
| ប្រទានព្រះពរដ៏ឧត្តម | ទតមើលយើងខ្ញុំដោយសប្បុរស | ។ | |
| ៣- | ដូច្នេះមនុស្សលោកលើផែនដី | ស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់ | |
| ក្នុងចំណោមជនជាតិទាំងអស់ | ស្គាល់ការសង្គ្រោះនៃព្រះអង្គ | ។ | |
| ៤- | បពិត្រព្រះម្ចាស់អើយសូមឱ្យ | ប្រជាទាំងឡាយនាំគ្នាថ្កើង | |
| ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើង | នាមព្រះនៃយើងគ្រប់ៗកាយ | ។ | |
| ៥- | ប្រជាទាំងឡាយនាំគ្នាច្រៀង | បន្លឺសំនៀងដោយសប្បាយ | |
| ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយ | ប្រជាទាំងឡាយមិនឆ្មៃឆ្មើង | ។ | |
| ៦- | បពិត្រព្រះម្ចាស់អើយសូមឱ្យ | ប្រជាទាំងឡាយនាំគ្នាថ្កើង | |
| ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើង | នាមព្រះនៃយើងគ្រប់ៗកាយ | ។ | |
| ៧- | ផែនដីបង្កើតនូវភោគផល | មិនឱ្យយើងខ្វល់ពីអន្តរាយ | |
| ព្រះអង្គជាព្រះយើងទាំងឡាយ | ប្រទានពរឱ្យសុខគ្រប់គ្រា | ។ | |
| ៨- | សូមទ្រង់ប្រទានពរឱ្យយើង | និងមនុស្សទាំងពួងគ្រប់អាត្មា | |
| ទាំងអ្នករស់នៅឆ្ងាយផងណា | មនុស្សលើលោកាខ្លាចព្រះអង្គ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ សូមព្រះជាម្ចាស់ប្រទានពរដល់យើងខ្ញុំ ហើយសូមឱ្យពន្លឺដែលភ្លឺចាំងពីព្រះភក្ត្រព្រះអង្គ យាងមកបំភ្លឺយើង។
បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)
ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
បន្ទរទី៣ ៖ ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។
| ១២ | ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឱ្យបងប្អូនមានសមត្ថភាព អាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។ |
| ១៣ | ព្រះអង្គបានរំដោះយើង ឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
| ១៤ | ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឱ្យរួចពីបាប។ |
| ១៥ | ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក |
| ១៦ | ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។ |
| ១៧ | ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។ |
| ១៨ | ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍ ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ |
| ១៩ | ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យ ឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គស្ថិតនៅក្នុងព្រះគ្រីស្ត។ |
| ២០ | ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី និងនៅស្ថានបរមសុខ ឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ១,១៣-១៥)
ព្រះអង្គបានរំដោះយើងឲ្យរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ដោយយើងរួមក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឲ្យរួចពីបាប។ ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក។
បន្ទរ៖ ប្រជាជនទាំងឡាយ ទាំងបុរស ទាំងស្រ្តី និងគ្រប់សញ្ជាតិ *នឹងបានទទួលពរដោយសារព្រះអង្គ។ បន្ទរឡើងវិញ៖…
-ប្រជាជាតិនានា នឹងនាំគ្នាថ្លែងពីសិរីរុងរឿងរបស់ព្រះអម្ចាស់។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ព្រះបាទហេរ៉ូដសួរទៅកាន់ពួកហោរាចារ្យថា ៖ «តើព្រះមហាក្សត្រ ទើបនឹងប្រសូតរបស់ជនជាតិយូដា ដែលពួកលោកបាននិយាយនោះ គង់នៅឯណា?» យើងខ្ញុំបានឃើញផ្កាយដ៏អស្ចារ្យរបស់ព្រះអង្គ នៅស្ថានបរមសុខ ផ្កាយនោះមានរស្មីរុងរឿងពាសពេញពិភពលោក។
ពាក្យអង្វរសកល
ចូរយើងសរសើរតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដ្បិតព្រះអង្គបានយាងមក ដើម្បីយកបាបរបស់យើងខ្ញុំទម្លាក់ចោលទៅក្នុងសមុទ្រ។ ចូរយើងទូលទៅព្រះអង្គដែលបានពង្រឹងយើង ដោយចំណេះដឹងទាំងនេះថា ៖
បន្ទរ៖ បពិត្រព្រះអម្ចាស់! សូមបង្ហាញក្តីមេត្តារបស់ព្រះអង្គឱ្យយើងខ្ញុំផង !
ព្រះអង្គជាមហាបូជាចារ្យអស់កល្បតរៀងទៅ ព្រះអង្គបានយាងចូលក្នុងពិភពលោក ហើយព្រះអង្គបានបង្កើតការគោរពប្រណិប័តន៍យ៉ាងពេញលេញ
—សូមឱ្យបុរស និងស្រ្តីចូលរួមចំណែកក្នុងពិធីបុណ្យដ៏សក្ការៈនេះ តាមរយៈព្រះសហគមន៍របស់ព្រះអង្គ។ (បន្ទរ)
ព្រះអង្គបានយាងមកសួរសុខទុក្ខអ្នកជំងឺទាំងអស់ ដូចជាគ្រូពេទ្យដែលព្យាបាលខាងរាងកាយ និងវិញ្ញាណ
—សូមព្រះអង្គប្រោសអ្នកជំងឺឱ្យបានជាសះស្បើយគ្រប់ៗគ្នាផង។ (បន្ទរ)
ព្រះអង្គជាប្រភពនៃអំណរសប្បាយសម្រាប់អស់អ្នកដែលទទួលស្គាល់ព្រះអង្គប្រសូតជាមនុស្ស
—សូមព្រះអង្គប្រទានសេចក្តីសង្ឃឹមដល់អស់អ្នកដែលទទួលទារុណកម្ម និងអ្នកដែលគេធ្វើបាប ដើម្បីឱ្យពួកគេអាចមានសេចក្តីអំណរនៅក្នុងព្រះអង្គផង។ (បន្ទរ)
បពិត្រព្រះមហាក្សត្រដ៏មានឫទ្ធិចេស្តា ! ព្រះអង្គបានកាត់ផ្តាច់ចំណងនៃទាសភាព ដែលជាអតីតកាលរបស់យើងខ្ញុំ
—សូមព្រះអង្គដោះលែងអ្នកដែលជាប់ជាឈ្លើយឱ្យគេមានសេរីភាព និងបង្ហាញថា ព្រះអង្គក៏ថែរក្សាអ្នកជាប់ឃុំឃាំងដែរ។ (បន្ទរ)
ព្រះអង្គយាងមកប្រៀបដូចជាទ្វារ ដែលនាំទៅកាន់ស្ថានបរមសុខ
—សូមឱ្យមរណបុគ្គលឆ្លងកាត់តាមទ្វារនេះ ចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខដែរ។ (បន្ទរ)
ធម៌ "ឱព្រះបិតា"
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គជាពន្លឺដែលបំភ្លឺមនុស្សគ្រប់ជាតិគ្រប់សាសន៍ និងមានព្រះហឫទ័យមេត្តាករុណាចំពោះមនុស្សគ្រប់ៗរូប។ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំបានស្គាល់ព្រះអង្គ ហើយសូមឲ្យប្រជាជាតិនានានៅលើផែនដី បានប្រកបដោយសេចក្តីសុខសាន្ត។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!