បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ (ល្ងាចទី២)
(បុណ្យឱឡារិក)
(ពេលល្ងាចទី២)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
បទចម្រៀងចូល
ទំនុកតម្កើងលេខ ១១០,១-៥.៧
បន្ទរទី១៖ ព្រះមហាក្សត្រដែលជាសេចក្តីសុខសាន្តនៃយើងខ្ញុំ ព្រះអង្គយាងមកយ៉ាងរុងរឿង។ ព្រះអង្គជាព្រះមហាក្សត្រ ធំលើសមហាក្សត្រនានានៅលើផែនដី។
| ១ | ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖ «សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!»។ |
| ២ | សូមព្រះជាអម្ចាស់ប្រោសប្រទានឲ្យរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
| ៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ដ្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលមកគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
| ៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា: «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក»។ |
| ៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
| ៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះមហាក្សត្រដែលជាសេចក្តីសុខសាន្តនៃយើងខ្ញុំ ព្រះអង្គយាងមកយ៉ាងរុងរឿង។ ព្រះអង្គជាព្រះមហាក្សត្រ ធំលើសមហាក្សត្រនានានៅលើផែនដី។
ទំនុកតម្កើងលេខ ១១២
បន្ទរទី២៖ ក្នុងទីងងឹត មានពន្លឺលេចឡើងបំភ្លឺមនុស្សទៀងត្រង់។ ព្រះអម្ចាស់មានព្រះហឫទ័យប្រណីសន្ដោស អាណិតមេត្តា និងសុចរិត។
(បទពាក្យ ៧)
| ១- | អ្នកឱនកោតខ្លាចព្រះអម្ចាស់ | ប្រតិបត្តិច្បាស់តាមព្រះទ័យ | |
| ស្មោះស្ម័គ្រគោរពតាមវិន័យ | បានសុខពេកក្រៃមានមង្គល | ។ | |
| ២- | ពូជរបស់គេមានអំណាច | ចិត្តក្លាអង់អាចគ្មានកង្វល់ | |
| ដ្បិតព្រះជាម្ចាស់ប្រទានផល | ព្រះពរពិតដល់អ្នកសុចរិត | ។ | |
| ៣- | ក្នុងផ្ទះជនដែលមានចិត្តធម៌ | មានទ្រព្យបវរល្អប្រណីត | |
| សេចក្តីសុចរិតនៅស្ថេរស្ថិត | ព្រះអង្គអាណិតឲ្យពរជាប់ | ។ | |
| ៤- | ក្នុងទីងងឹតមានពន្លឺ | លេចឡើងបំភ្លឺមិនស្រអាប់ | |
| ចិត្តគាត់ប្រណីល្អគួរគាប់ | សន្តោសលើសព្វជនប្រុសស្រី | ។ | |
| ៥- | ជនណាដែលមានចិត្តទូលាយ | យកអ្វីទៅឲ្យអ្នកផងខ្ចី | |
| ព្រមទាំងរកស៊ីមិនកេងគៃ | អ្នកនោះប្រពៃល្អបំផុត | ។ | |
| ៦- | កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ | ទីជិតទីឆ្ងាយមិនរលត់ | |
| ជនគ្រប់សម័យតែងចាំស្ទាត់ | នឹកទៅដល់គាត់ជាប់ជានិច្ច | ។ | |
| ៧- | អ្នកនោះមិនស្លុតមិនព្រឺខ្លាច | មានចិត្តអង់អាចមិនខ្លាចល្បិច | |
| មិនខ្លាចគេដៀលត្មះពន្លិច | ហើយផ្ញើជីវិតលើព្រះម្ចាស់ | ។ | |
| ៨- | គាត់មានចិត្តនឹងហើយអង់អាច | មិនចេះភ័យខ្លាចអ្វីទាំងអស់ | |
| ទាល់តែគាត់ឃើញខ្មាំងទាំងនោះ | បាក់ទ័ពរត់អស់ទើបស្កប់ចិត្ត | ។ | |
| ៩- | គាត់តែងចែកទានដល់អ្នកក្រ | ដោយចិត្តស្មោះសរស្ម័គ្រពិតៗ | |
| ចិត្តគាត់ទូលាយត្រង់សុចរិត | កម្លាំងគាត់ស្ថិតមិនបាត់បង់ | ។ | |
| ១០- | ពេលជនអាក្រក់ឃើញដូច្នោះ | ចិត្តគេទោមនស្សខាំធ្មេញផង | |
| បាក់ធ្លាក់ទឹកចិត្តខូចបំណង | ពុំសម្រេចម្តងណាសោះឡើយ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ក្នុងទីងងឹត មានពន្លឺលេចឡើងបំភ្លឺមនុស្សទៀងត្រង់។ ព្រះអម្ចាស់មានព្រះហឫទ័យប្រណីសន្ដោស អាណិតមេត្តា និងសុចរិត។
បទលើកតម្កើងតាមគម្ពីរវិវរណៈ ១៥,៣-៤
បន្ទរទី៣៖ បពិត្រព្រះអម្ចាស់ ! មនុស្សទាំងអស់ដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំនៅចំពោះព្រះភក្រ្តព្រះអង្គ។
| ៣ | «ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដម គួរឲ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់! |
| ៤ | បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ! ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌»។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! មនុស្សទាំងអស់ដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាមកក្រាបថ្វាយបង្គំនៅចំពោះព្រះភក្រ្តព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទត ៣,៤-៧)
ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃយើងសម្ដែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្រឡាញ់ចំពោះមនុស្សលោក ព្រះអង្គ ក៏បានសង្គ្រោះយើង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្តអំពើសុចរិតនោះទេ។ ព្រះអង្គសង្គ្រោះយើង ដោយលាងជម្រះយើងឲ្យបានកើតជាថ្មី និងប្រទានឲ្យយើងមានជីវិតថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងយ៉ាងបរិបូណ៌ តាមរយៈព្រះយេស៊ូគ្រីស្ត ជាព្រះសង្គ្រោះរបស់យើង ដើម្បីឲ្យយើងបានសុចរិត ដោយសារព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ និងឲ្យយើងបានទទួលជីវិតអស់កល្បជានិច្ចជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង។
បន្ទរ៖ ប្រជាជនទាំងឡាយ ទាំងបុរស ទាំងស្រ្តី និងគ្រប់សញ្ជាតិ *នឹងបានទទួលពរដោយសារព្រះអង្គ។ បន្ទរឡើងវិញ៖…
-ប្រជាជាតិនានា នឹងនាំគ្នាថ្លែងពីសិរីរុងរឿងរបស់ព្រះអម្ចាស់។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ អាថ៌កំបាំងទាំងបីដែលបញ្ជាក់អំពីថ្ងៃដ៏វិសុទ្ធនេះគឺ ៖ នៅថ្ងៃនេះ ផ្កាយបាននាំផ្លូវពួកហោរាចារ្យទៅដល់ព្រះគ្រីស្តកុមារ។ នៅថ្ងៃនេះ ទឹកបានក្លាយទៅជាស្រាសម្រាប់ពិធីមង្គលការ។ នៅថ្ងៃនេះ ព្រះគ្រីស្តសព្វព្រះហឫទ័យទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន នៅក្នុងទន្លេយ័រដាន់ ដើម្បីសង្រ្គោះយើងខ្ញុំ។
ពាក្យអង្វរសកល
នៅថ្ងៃនេះ ពួកហោរាចារ្យបានមកថ្វាយបង្គំព្រះសង្រ្គោះរបស់យើង។ ចូរយើងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គយ៉ាងសប្បាយរីករាយ ដោយទូលថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមសង្រ្គោះជនក្រីក្រកំសត់ទុគ៌តផង !
ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! ព្រះអង្គបានត្រាស់ហៅពួកហោរាចារ្យឱ្យមកក្រាបថ្វាយបង្គំព្រះអង្គ ប្រៀបដូចជាតំណាងរបស់ប្រជាជាតិនានាមុនគេបង្អស់
—សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំមានវិញ្ញាណនៃការគោរពប្រណិប័តន៍ និងបម្រើព្រះអង្គផង។ (បន្ទរ)
ឱព្រះមហាក្សត្រនៃសិរីរុងរឿងអើយ! ព្រះអង្គវិនិច្ឆ័យទោសប្រជារាស្រ្ត របស់ព្រះអង្គ ដោយយុត្តិធម៌
—សូមព្រះអង្គប្រទានឱ្យមនុស្សលោកមានសេចក្តីសុខសាន្តយ៉ាងបរិបូណ៍ផង។ (បន្ទរ)
ឱព្រះមហាក្សត្រនៃយុគសម័យ! ព្រះអង្គបានអត់ធ្មត់ពីជំនាន់មួយទៅជំនាន់មួយ
—សូមផ្ញើព្រះបន្ទូលព្រះអង្គមកក្នុងដួងចិត្តរបស់យើងខ្ញុំ ប្រៀបដូចជាភ្លៀងធ្លាក់នៅនិទាឃរដូវផង។ (បន្ទរ)
ឱព្រះមហាក្សត្រនៃយុត្តិធម៌ ! ព្រះអង្គសព្វព្រះហឫទ័យដោះលែងជនក្រខ្សត់ដែលគ្មានមេធាវីការពារ ឱ្យមានសេរីភាព
—សូមព្រះអង្គអាណិតអាសូរដល់អ្នកដែលមានទុក្ខព្រួយ និងសោកសៅផង។ (បន្ទរ)
បពិត្រព្រះអម្ចាស់! មនុស្សគ្រប់ជំនាន់កោតសរសើរព្រះនាមព្រះអង្គ
—សូមសម្តែងឫទ្ធិចេស្តាដ៏អស្ចារ្យរបស់ព្រះអង្គ ឱ្យបងប្អូនយើងខ្ញុំដែលបានទទួលមរណភាពទៅហើយផង។ (បន្ទរ)
ធម៌ "ឱព្រះបិតា"
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គចាត់ព្រះបុត្រាឲ្យយាងមកបំភ្លឺមនុស្សគ្រប់ជាតិគ្រប់សាសន៍ ដើម្បីស្គាល់ព្រះអង្គ និងឲ្យស្គាល់ពីតម្លៃដ៏ខ្ពង់ខ្ពស់នៃជីវិតរបស់ខ្លួន។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ឲ្យខិតខំស្វែងរកសេចក្តីពិត និងពង្រឹងជំនឿរបស់យើងខ្ញុំជានិច្ច។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!