២២ ធ្នូ ២០២៦

Written on 05/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី៤ ថ្ងៃអង្គារ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១៣៧,១-៦

ទន្លេនៃស្រុក​បាប៊ីឡូន
ការជាប់ឃុំឃាំងនៅស្រុកបាប៊ីឡូន គឺជាប្រភេទនៃការជាប់ឃុំឃាំងខាង​វិញ្ញាណរបស់យើង (សន្តហ៊ីលឡារី)។
ថ្ងៃទី១៧-២៣ ខែធ្នូ

បន្ទរទី១ ៖ ព្រះអម្ចាស់នឹងយាងមកពីទីសក្ការដ៏វិសុទ្ធរបស់ព្រះអង្គ ដើម្បីសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ។

១ យើងអង្គុយនៅមាត់ទន្លេស្រុកបាប៊ីឡូន នាំគ្នាយំស្រណោះក្រុងស៊ីយ៉ូន។
២
យើងភ្ជួរពិណរបស់យើងនឹងដើមឈើ នៅជិតមាត់ទន្លេ។
៣
ពេល​នោះ ពួក​អ្នក​ដែល​ចាប់​យើង​មក​ជា​ឈ្លើយសឹក បាន​សុំ​ឲ្យ​យើង​ច្រៀង
ពួក​អ្នក​ធ្វើ​ទោស​យើង បាន​សុំ​ឲ្យ​យើងច្រៀង​បទ​សប្បាយ គេ​ពោល​ថា: 
«ចូរ​នាំ​គ្នា​ច្រៀង​បទ​ខ្លះ​ពី​ក្រុង​ស៊ីយ៉ូនឲ្យ​យើង​ស្ដាប់​ផង!»។
៤
តើឱ្យយើងច្រៀងបទតម្កើងថ្វាយព្រះអម្ចាស់ នៅលើទឹកដីបរទេសដូចម្តេចកើត?
៥
ឱក្រុងយេរូសាឡឹមអើយ! បើខ្ញុំភ្លេចអ្នក សូមឱ្យដៃស្តាំរបស់ខ្ញុំស្ពឹកចុះ!
៦
ប្រសិន​បើ​ខ្ញុំ​មិន​នឹក​ដល់​អ្នក​ទេ ហើយ​ប្រសិន​បើ​ខ្ញុំ​មិន​ចាត់​ទុក​អ្នក​
ជា​អំណរដ៏​ខ្លាំង​ក្លា​បំផុត​របស់​ខ្ញុំ​ទេ​នោះ សូម​ឲ្យ​អណ្ដាត​ខ្ញុំ​រឹង​ទៅ​ចុះ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះអម្ចាស់នឹងយាងមកពីទីសក្ការដ៏វិសុទ្ធរបស់ព្រះអង្គ ដើម្បីសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ។

ទំនុកតម្កើងលេខ ១៣៨

ពាក្យអរព្រះគុណ
ជាតិសាសន៍នានា នឹងដើរក្នុងពន្លឺរបស់ក្រុងនោះ 
ហើយស្តេចនានានឹងនាំរាជទ្រព្យចូលមកក្នុងក្រុងនោះដែរ (វវ ២១,២៤)។
ថ្ងៃទី១៧-២៣ ខែធ្នូ

បន្ទរទី២ ៖ យើងមានក្រុងមួយដ៏រឹង‌មាំ គឺព្រះ‌អម្ចាស់ដែលប្រទានការសង្គ្រោះមកយើង ទុកជាកំពែង និងជញ្ជាំងការ‌ពារយើង។ ចូរបើកទ្វារ ! ដ្បិតព្រះ‌អម្ចាស់ដែលជាថ្ម‌ដា ស្ថិតនៅក្នុងចំណោមយើងរាល់គ្នា អាលេលូយ៉ា !

(បទកាកគតិ)

១- ខ្ញុំសូមតម្កើង ព្រះម្ចាស់ខ្ពស់ឡើង អស់ពីដួងចិត្ត
  នៅមុខទេវតា ទូលបង្គំស្មូតបទ តម្កើងថ្វាយថ្វាត់
    ដល់ព្រះអង្គថ្លៃ ។
២- ខ្ញុំក្រាបបែរមុខ តម្រង់ទៅរក  វិហារប្រពៃ
  ខ្ញុំលើកតម្កើង ព្រះនាមថ្លាថ្លៃ ដោយព្រះហឫទ័យ
    ស្មោះស្ម័គ្រឥតស្បើយ ។
៣- នៅថ្ងៃដែលខ្ញុំ ស្រែកអង្វរសុំ ព្រះអង្គតបឆ្លើយ
  ព្រះអង្គប្រទាន ឥតមានកន្តើយ ឱ្យខ្ញុំបានស្បើយ
    ក្នុងចិត្តក្លាហាន ។
៤- ឱព្រះម្ចាស់អើយ សូមទ្រង់ផ្តល់ឱ្យ ស្តេចទាំងប៉ុន្មាន
  នៅលើផែនដី នាំគ្នាគ្រប់ប្រាណ តម្កើងពេលបាន
    ឮទ្រង់សន្យា ។
៥- សូមឱ្យគេនាំ គ្នីគ្នាច្រៀងរាំ តម្កើងកិច្ចការ
  ថាព្រះអម្ចាស់ រុងរឿងអស្ចារ្យ ឧត្តមថ្លៃថ្លា
    បំផុតគ្មានពីរ ។
៦- ទោះបីព្រះម្ចាស់ ខ្ពង់ខ្ពស់ពេកណាស់ ក៏ទ្រង់សំភី
  គិតមនុស្សលោក គ្រប់វិនាទី មនុស្សកាចយាយី
    ទ្រង់ស្គាល់ពីឆ្ងាយ ។
៧- ពេលទូលបង្គំ ជួបអាសន្នធំ ទ្រង់ឥតជិនណាយ
  ជួយការពារខ្ញុំ វាយខ្មាំងខ្ចាត់ខ្ចាយ សង្គ្រោះខ្ញុំដោយ
    ឫទ្ធីបារមី ។
៨- បពិត្រព្រះម្ចាស់ ការគ្រប់យ៉ាងនេះ ពិតជាប្រពៃ
  ព្រះអង្គប្រកប ដោយព្រះហឫទ័យ ករុណាក្រៃ
    ឥតបីបោះបង់ ។
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ  ថ្កើងថ្កានឥតហ្មង
     ដែលគង់ជានិច្ច ។
 
បន្ទរ៖ យើងមានក្រុងមួយដ៏រឹង‌មាំ គឺព្រះ‌អម្ចាស់ដែលប្រទានការសង្គ្រោះមកយើង ទុកជាកំពែង និងជញ្ជាំងការ‌ពារយើង។ ចូរបើកទ្វារ ! ដ្បិតព្រះ‌អម្ចាស់ដែលជាថ្ម‌ដា ស្ថិតនៅក្នុងចំណោមយើងរាល់គ្នា អាលេលូយ៉ា !

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩-១០.១២)

ទំនុកតម្កើងការប្រោសលោះ
ថ្ងៃទី១៧-២៣ ខែធ្នូ

បន្ទរទី៣ ៖ ឱព្រះជាម្ចាស់អើយ ! សូមឱ្យមនុស្សនៅលើផែនដីស្គាល់ពីព្រះហឫទ័យរបស់ព្រះអង្គ ហើយឱ្យប្រជាជាតិទាំងឡាយស្គាល់ការសង្រ្គោះរបស់ព្រះអង្គ។

១១ “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង 
ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ
ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។
៩
គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន
និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់
ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០
ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ
បម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី”។
១២
នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ
ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱព្រះជាម្ចាស់អើយ ! សូមឱ្យមនុស្សនៅលើផែនដីស្គាល់ពីព្រះហឫទ័យរបស់ព្រះអង្គ ហើយឱ្យប្រជាជាតិទាំងឡាយស្គាល់ការសង្រ្គោះរបស់ព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២សល ៣,៨ខ-១១)

    នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ‌អម្ចាស់ មួយ​ថ្ងៃ​ប្រៀប​បាន​នឹង​មួយ​ពាន់​ឆ្នាំ ហើយ​មួយ​ពាន់​ឆ្នាំក៏​ប្រៀប​បាន​នឹង​មួយ​ថ្ងៃ​ដូច្នោះ​ដែរ។ ព្រះ‌អម្ចាស់​នឹង​យាង​មក តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ឥត​បង្អែ‌បង្អង់ ដូច​អ្នក​ខ្លះ​នឹក​ស្មាន​នោះ​ឡើយ។ ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ចំពោះ​បង‌ប្អូន ព្រោះ​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់​ត្រូវ​វិនាស​ទេ គឺ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​លោក​គ្រប់ៗ​រូប​កែ​ប្រែ​ចិត្ត​គំនិត​វិញ។ ថ្ងៃ​ដែលព្រះ‌អម្ចាស់​យាង​មកប្រៀប​បាន​ទៅ​នឹង​ពេល​ចោរ​ចូល​លួច​ដូច្នោះ​ដែរ។ នៅ​គ្រា​នោះ ផ្ទៃ​មេឃ​នឹង​រលាយ​សូន្យ​ទៅ ដោយ​សន្ធឹក​ខ្ទរ‌ខ្ទារ ធាតុ​នានា​នឹង​ឆេះ​រលាយ​សូន្យ​អស់​ទៅ ហើយ​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស ទាំង​ផែន‌ដី ទាំង​អ្វីៗ​ដែល​នៅ​លើ​ផែន‌ដី​ដែរ។ បើ​អ្វីៗ​ទាំង​នោះ​មុខ​តែ​រលាយ​សូន្យ​យ៉ាង​នេះ​ទៅ​ហើយ បង‌ប្អូន​ត្រូវ​មាន​ចរិយា​ដ៏‌វិសុទ្ធ និង​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ឲ្យ​មែន​ទែន!។
 
បន្ទរ៖ ឱព្រះ‌ជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា ! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖...
-សូមទតមកយើងខ្ញុំដោយព្រះ‌ហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!។ បន្ទរ៖ *...
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖...

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ! ព្រះអង្គតែមួយគត់ ដែលជាអំណរសប្បាយរបស់មនុស្សគ្រប់ៗរូប។ ឱថ្មគ្រឹះដ៏សំខាន់ មានតម្លៃ និងរឹងមាំអើយ! សូមព្រះអង្គយាងមក និងសង្រ្គោះស្នាព្រះហស្តដែលព្រះអង្គបានសូនពីធូលីដីនេះផង។

ពាក្យអង្វរសកល

ព្រះគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំបានបន្ទាបព្រះអង្គ ដើម្បីសង្រ្គោះយើងខ្ញុំ។ យើងខ្ញុំសូមទូលទៅព្រះអង្គ ដោយអំណរសប្បាយថា ៖

បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ ! សូមយាងមក !

បពិត្រព្រះយេស៊ូជាអម្ចាស់! ដោយការយាងមករបស់ព្រះអង្គ ទ្រង់បានរំដោះពិភពលោកឱ្យរួចពីបាប
—សូមព្រះអង្គលាងជម្រះព្រលឹង និងរូបកាយរបស់យើងខ្ញុំឱ្យរួចពីទោសទាំងឡាយផង។ (បន្ទរ)
 
ដោយព្រះបុត្រាបានប្រសូតមកជាមនុស្ស យើងខ្ញុំធ្វើជាបងប្អូនប្រុស ស្រីរបស់ព្រះអង្គ
—សូមព្រះអង្គកុំបណ្តោយឱ្យយើងខ្ញុំឃ្លាតចេញឆ្ងាយពីព្រះអង្គឡើយ។ (បន្ទរ)
 
សូមព្រះអង្គកុំវិនិច្ឆ័យយ៉ាងតឹងរឹង
—ចំពោះអស់អ្នកដែលព្រះអង្គបានលោះ ដោយបង់ថ្លៃយ៉ាងលើសលប់នោះឡើយ។ (បន្ទរ)
 
ឱព្រះគ្រីស្តអើយ ! ព្រះហឫទ័យសប្បុរស និងទ្រព្យសម្បត្តិរបស់ព្រះអង្គនៅស្ថិតស្ថេរគ្មានទីបញ្ចប់ឡើយ
—សូមប្រទានឱ្យយើងខ្ញុំនូវមកុដនៃសិរីរុងរឿងដែលមិនចេះរីងស្ងួតនោះផង។ (បន្ទរ)
 
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គទទួលយកវិញ្ញាណក្ខន្ធនៃអ្នកបម្រើរបស់ព្រះអង្គដែលបានលាចាកពីលោកនេះ
—សូមឱ្យពួកគាត់មានជីវិតរួមជាមួយព្រះអង្គអស់កល្បជានិច្ចផង។ (បន្ទរ)
 

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គមិនបណ្តោយឱ្យមនុស្សលោកវិនាសអន្តរាយឡើយ គឺព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សមានជីវិត ដោយសារព្រះបុត្រាតែមួយរបស់ព្រះអង្គ។ សូមព្រះអង្គមេត្តាប្រោសឱ្យអស់អ្នកដែលជឿសង្ឃឹម និងគោរពថ្វាយបង្គំព្រះបុត្រា បានទទួលការសង្គ្រោះពីព្រះអង្គជានិច្ច។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!