រដូវរង់ចាំ សប្ដាហ៍ទី៤ ថ្ងៃចន្ទ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៣៦
ទំនុកតម្កើងនៃបុណ្យចម្លង
យើងកោតសរសើរព្រះជាម្ចាស់ ដោយរំឭកឡើងវិញនូវកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានប្រព្រឹត្ត (Cassiodorus)។
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី១ ៖ ព្រះអម្ចាស់ដែលជាអធិបតីលើស្ដេចទាំងអស់នៅផែនដី នឹងយាងមក! អស់អ្នកណាដែលត្រៀមខ្លួនរួចរាល់ ទៅទទួលស្វាគមន៍ព្រះអង្គ មានសុភមង្គលហើយ !
(ក)
| ១ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ២ | ចូរលើកតម្កើងព្រះដែលខ្ពង់ខ្ពស់លើសព្រះនានា ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៣ | ចូរលើកតម្កើងព្រះអម្ចាស់ ដែលខ្ពង់ខ្ពស់លើសអម្ចាស់នានា ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៤ | មានតែព្រះអង្គទេដែលធ្វើការអស្ចារ្យដ៏ឧត្តុង្គឧត្តមបំផុត ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៥ | ព្រះអង្គបានបង្កើតផ្ទៃមេឃ ដោយព្រះប្រាជ្ញាញាណ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៦ | ព្រះអង្គបានដាក់ផែនដីពីលើផ្ទៃទឹក ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៧ | ព្រះអង្គបានបង្កើតដុំពន្លឺធំៗ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៨ | គឺព្រះអាទិត្យឱ្យគ្រប់គ្រងនៅពេលថ្ងៃ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៩ | ព្រះចន្ទ និងហ្វូងតារា ឱ្យគ្រប់គ្រងនៅពេលយប់ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ១០ | ព្រះអង្គប្រហារជីវិតកូនច្បងរបស់ជនជាតិអេស៊ីប ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ១១ | ព្រះអង្គនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ១២ | ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់ដែលជាអធិបតីលើស្ដេចទាំងអស់នៅផែនដី នឹងយាងមក! អស់អ្នកណាដែលត្រៀមខ្លួនរួចរាល់ ទៅទទួលស្វាគមន៍ព្រះអង្គ មានសុភមង្គលហើយ !
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី២ ៖ អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដី ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់!
(ខ)
(បទកាកគតិ)
| ១២- | ដោយឫទ្ធិបារមី | តេជះខ្លាំងក្រៃ | អានុភាពផង |
| ដ្បិតធម៌មេត្តា | ករុណាកន្លង | នៅជាប់ឥតហ្មង | |
| ស្ថិតស្ថេរពេញទី | ។ | ||
| ១៣- | ទ្រង់ញែកសមុទ្រ | គ្មានព្រឺតក់ស្លុត | ចែកចេញជាពីរ |
| ដោយធម៌មេត្តា | ករុណាសំភី | តាំងជាប់នៅទី | |
| អស់កល្បគ្មានផុត | ។ | ||
| ១៤- | ទ្រង់នាំជនជាតិ | អ៊ីស្រាអែលដើរកាត់ | តាមបាតសមុទ្រ |
| ដោយធម៌មេត្តា | ករុណាបំផុត | នៅមិនរលត់ | |
| អស់កល្បកប្បហោង | ។ | ||
| ១៥- | ព្រះអង្គធ្វើឱ្យ | ស្តេចផារ៉ោនធ្លោយ | ទាំងកងទ័ពផង |
| លង់ក្នុងសមុទ្រ | ស្លាប់គ្រានេះម្តង | ករុណាព្រះអង្គ | |
| ស្ថិតនៅឥតស្រាន្ត | ។ | ||
| ១៦- | ព្រះអង្គណែនាំ | ប្រជាឱ្យទ្រាំ | តាមរហោស្ថាន |
| ដោយធម៌មេត្តា | ករុណាថ្កើងថ្កាន | ស្ថិតគ្មានអវសាន | |
| អស់កល្បមានជោគ | ។ | ||
| ១៧- | ទ្រង់ប្រហារស្តេច | ពេញដោយអំណាច | ច្រើនអង្គដួលស្តូក |
| ដោយធម៌មេត្តា | ករុណាមានមក | ស្ថិតនៅលើលោក | |
| អស់កល្បកន្លង | ។ | ||
| ១៨- | ព្រះអង្គប្រហារ | ស្តេចខ្លាំងមហិមា | ឱ្យក្ស័យគ្រប់អង្គ |
| ដោយធម៌មេត្តា | ករុណាត្រចង់ | ស្ថិតនៅគង់វង្ស | |
| អស់កល្បគ្រប់ទី | ។ | ||
| ១៩- | គឺមានព្រះបាទ | ស៊ីហុនសោយរាជ្យ | លើអាម៉ូរី |
| ដ្បិតទ្រង់មេត្តា | ករុណាប្រណី | សន្តោសពេកក្រៃ | |
| រហូតតទៅ | ។ | ||
| ២០- | និងព្រះបាទអុក | គ្រប់គ្រងលើស្រុក | បាសាននោះនៃ |
| ព្រោះតែព្រះអង្គ | ទ្រង់មានព្រះទ័យ | ស្មោះស្ម័គ្រមេត្រី | |
| អស់កល្បស្ថិតស្ថេរ | ។ | ||
| ២១- | ព្រះអង្គប្រទាន | អ៊ីស្រាអែលបាន | ដីទុកជាកេរ |
| ដ្បិតព្រះហឫទ័យ | ករុណាឥតប្រែ | ព្រះអង្គស្ថិតស្ថេរ | |
| អស់កល្បតទៅ | ។ | ||
| ២២- | ព្រះអង្គប្រទាន | កូនចៅឱ្យមាន | ស្រុករស់និត្យនៅ |
| ដោយធម៌មេត្តា | ករុណាពេកកូវ | ព្រះអង្គស្ថិតនៅ | |
| ជាអចិន្ត្រៃយ៍ | ។ | ||
| ២៣- | ពេលយើងមានទុក្ខ | វេទនាគ្រប់មុខ | ទ្រង់តែងប្រណី |
| ដោយធម៌មេត្តា | ករុណាឥតបី | ប្រសើរពេកក្រៃ | |
| គ្រប់សម័យកាល | ។ | ||
| ២៤- | ព្រះអង្គរំដោះ | យើងផុតពីគ្រោះ | លែងភ័យជ្រួលច្រាល |
| ដោយព្រះហឫទ័យ | ករុណាត្រកាល | ស្ថិតនៅរៀងរាល់ | |
| រហូតឥតឈប់ | ។ | ||
| ២៥- | ព្រះអង្គប្រទាន | អាហារឱ្យបាន | ឆ្អែតឆ្អន់គ្រប់រូប |
| ដោយធម៌មេត្តា | ករុណាលើសលប់ | ស្ថិតនៅតាំងជាប់ | |
| ឥតបីរលត់ | ។ | ||
| ២៦- | ចូរលើកតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | គ្មានទីបំផុត |
| ដោយធម៌មេត្តា | ករុណាវិសុទ្ធ | ស្ថិតមិនរលត់ | |
| អស់កល្បកប្បហោង | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដី ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់!
បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)
ព្រះជាម្ចាស់ជាព្រះសង្រ្គោះយើងខ្ញុំ
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី៣ ៖ «ពេលបុត្រមនុស្សមកដល់ តើលោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?»។
| ៣ | សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ |
| ៤ | ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ |
| ៥ | ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ |
| ៦ | ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
| ៧ | ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។ |
| ៨ | ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ |
| ៩ | ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។ |
| ១០ | ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ «ពេលបុត្រមនុស្សមកដល់ តើលោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?»។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៤,៥)
ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន គឺព្រះអង្គនឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយព្រះអង្គនឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្តមនុស្ស។ នៅពេលនោះ ព្រះជាម្ចាស់នឹងសរសើរមនុស្សម្នាក់ៗ ទៅតាមការដែលខ្លួនបានប្រព្រឹត្ត។
បន្ទរ៖ ឱព្រះជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា ! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
-សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ឱព្រឹកព្រលឹមដ៏ភ្លឺស្វាង! ឱពន្លឺរស្មីដ៏រុងរឿងអស់កល្បជានិច្ច! ឱព្រះអាទិត្យនៃយុត្តិធម៌អើយ! សូមព្រះអង្គយាងមករះបំភ្លឺដល់អស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់។
ពាក្យអង្វរសកល
យើងខ្ញុំសូមលំទោនកាយទូលអង្វរព្រះយេស៊ូគ្រីស្ត ដែលបានរំដោះយើងខ្ញុំចេញពីភាពងងឹតនៃអំពើបាប។ ដោយសារជំនឿ យើងខ្ញុំហ៊ានទូលថា ៖
បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ ! សូមយាងមក !
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គប្រមែប្រមូលមនុស្សទាំងអស់នៅលើផែនដី
—ហើយចងសម្ពន្ធមេត្រីនឹងពួកគេអស់កល្បជានិច្ចផង។ (បន្ទរ)
ឱកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបនៃពិភពលោក
—សូមលុបលាងកំហុសយើងខ្ញុំឱ្យបានស្អាតទាំងស្រុង។ (បន្ទរ)
ព្រះអង្គបានយាងមកធ្វើឱ្យអ្វីៗដែលបាត់បង់ ត្រឡប់មកវិញ
—ពេលព្រះអង្គយាងមកម្តងទៀត សូមឱ្យធម៌មេត្តាករុណារបស់ព្រះអង្គ ឃាត់ព្រះអង្គមិនឱ្យដាក់ទោសលើអ្វីៗដែលព្រះអង្គបានលោះនោះផង។ (បន្ទរ)
ដោយសារជំនឿ យើងខ្ញុំស្វែងរកព្រះភក្រ្តព្រះអង្គ
—ចូរយើងស្វែងរកអំណរសប្បាយអស់កល្បជានិច្ច រួមជាមួយព្រះអង្គ នៅពេលព្រះអង្គយាងមក។ (បន្ទរ)
ព្រះអង្គនឹងយាងមកវិនិច្ឆ័យមនុស្សទាំងរស់ ទាំងស្លាប់
—សូមព្រះអង្គប្រោសប្រណីដល់មរណបុគ្គល ឱ្យបានចូលទៅក្នុងចំណោមនៃអ្នកមានសុភមង្គលផង។ (បន្ទរ)
ពាក្យអធិដ្ឋាន
ឱព្រះជាអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាអើយ ! ព្រះអង្គសណ្តាប់ពាក្យទូលអង្វររបស់យើងខ្ញុំ ដោយចាត់ព្រះបុត្រាឱ្យយាងមករួមរស់ជាមួយមនុស្សលោក ទាំងប្រទានកិត្តិយសដ៏ថ្លៃថ្លាឱ្យយើងខ្ញុំ។ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំទទួលសិរីរុងរឿងរបស់ព្រះអង្គ នៅថៃ្ងព្រះគ្រីស្តយាងមក។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!