រដូវរង់ចាំ សប្ដាហ៍ទី៤ ថ្ងៃអាទិត្យ (ល្ងាចទី២)
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១០,១-៥.៧
ព្រះមេស្ស៊ីជាព្រះមហាក្សត្រ និងជាបូជាចារ្យ
ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។
បន្ទរទី១ ៖ មើលហ្ន៎! តើព្រះអង្គមានសិរីរុងរឿងយ៉ាងណា ដែលយាងមកជាព្រះសង្រ្គោះនៃមនុស្សគ្រប់ជាតិសាសន៍។
| ១ | ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជាជាអម្ចាស់របស់ខ្ញុំថា ៖ “សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!” ។ |
| ២ | សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
| ៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើម នៅពេលព្រឹកព្រលឹម។ |
| ៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖ “ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក” ។ |
| ៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
| ៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ មើលហ្ន៎! តើព្រះអង្គមានសិរីរុងរឿងយ៉ាងណា ដែលយាងមកជាព្រះសង្រ្គោះនៃមនុស្សគ្រប់ជាតិសាសន៍។
ទំនុកតម្កើងលេខ ១១២
សុភមង្គលរបស់មនុស្សសុចរិត
ចូររស់នៅឱ្យសមជាមនុស្សដែលមានពន្លឺក្នុងខ្លួនទៅ។ ផលនៃពន្លឺនោះ គឺសេចក្តីសប្បុរស សេចក្តីសុចរិត និងសេចក្តីពិតគ្រប់បែបយ៉ាង (អភ ៥,៨-៩)។
បន្ទរទី២ ៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថាៈ ត្រូវតម្រង់ផ្លូវកោងឱ្យត្រង់ ព្រមទាំងលុបផ្លូវរដិបរដុបឱ្យរាបស្មើដែរ»។ ឱព្រះអម្ចាស់អើយ! សូមយាងមក កុំបង្អង់ឡើយ អាលេលូយ៉ា!
(បទពាក្យ ៧)
| ១- | អ្នកអោនកោតខ្លាចព្រះអម្ចាស់ | ប្រតិបត្តិច្បាស់តាមព្រះទ័យ | |
| ស្មោះស្ម័គ្រគោរពតាមវិន័យ | បានសុខពេកក្រៃមានមង្គល | ។ | |
| ២- | ពូជរបស់គេមានអំណាច | ចិត្តក្លាអង់អាចគ្មានកង្វល់ | |
| ដ្បិតព្រះជាម្ចាស់ប្រទានផល | ព្រះពរពិតដល់អ្នកសុចរិត | ។ | |
| ៣- | ក្នុងផ្ទះមនុស្សដែលចិត្តធម៌ | មានទ្រព្យបវរល្អប្រណីត | |
| សេចក្តីសុចរិតនៅស្ថេរស្ថិត | ព្រះអង្គអាណិតឱ្យពរជាប់ | ។ | |
| ៤- | ក្នុងទីងងឹតមានពន្លឺ | លេចឡើងបំភ្លឺមិនស្រអាប់ | |
| ចិត្តគាត់ប្រណីល្អគួរគាប់ | សន្តោសលើសព្វជនប្រុសស្រី | ។ | |
| ៥- | មនុស្សដែលមានចិត្តទូលាយ | យកអ្វីទៅឱ្យអ្នកផងខ្ចី | |
| ព្រមទាំងរកស៊ីមិនកេងគៃ | អ្នកនោះប្រពៃល្អបំផុត | ។ | |
| ៦- | កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ | ទីជិតទីឆ្ងាយមិនរលត់ | |
| មនុស្សគ្រប់សម័យតែងចាំស្ទាត់ | នឹកទៅដល់គាត់ជាប់ជានិច្ច | ។ | |
| ៧- | អ្នកនោះមិនស្លុតមិនព្រឺខ្លាច | មានចិត្តអង់អាចមិនមានល្បិច | |
| មិនខ្លាចគេដៀលត្មះពន្លិច | ហើយផ្ញើជីវិតលើព្រះម្ចាស់ | ។ | |
| ៨- | គាត់មានចិត្តនឹងហើយអង់អាច | មិនចេះភ័យខ្លាចអ្វីទាំងអស់ | |
| ទាល់តែគាត់ឃើញខ្មាំងទាំងនោះ | បាក់ទ័ពប្រាសអស់ទើបស្កប់ចិត្ត | ។ | |
| ៩- | គាត់តែងចែកទានដល់អ្នកក្រ | ដោយចិត្តស្មោះសរស្ម័គ្រពិតៗ | |
| ចិត្តគាត់ទូលាយត្រង់សុចរិត | កម្លាំងគាត់ស្ថិតមិនបាត់បង់ | ។ | |
| ១០- | ពេលជនអាក្រក់ឃើញដូច្នោះ | ចិត្តគេទោមនស្សខាំធ្មេញផង | |
| បាក់ធ្លាក់ទឹកចិត្តខូចបំណង | ពុំសម្រេចម្តងណាសោះឡើយ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថាៈ ត្រូវតម្រង់ផ្លូវកោងឱ្យត្រង់ ព្រមទាំងលុបផ្លូវរដិបរដុបឱ្យរាបស្មើដែរ»។ ឱព្រះអម្ចាស់អើយ! សូមយាងមក កុំបង្អង់ឡើយ អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)
វិវាហមង្គលការកូនចៀម
បន្ទរទី៣ ៖ ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាច ហើយធ្វើឱ្យមានសេចក្តីសុខសាន្តរហូតតទៅ អាលេលូយ៉ា!
| ១ | អាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព |
| ២ | ដ្បិតទ្រង់វិនិច្ឆ័យយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌ អាលេលូយ៉ា! |
| ៥ | អាលេលូយ៉ា! អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!។ អាលេលូយ៉ា! |
| ៦ | អាលេលូយ៉ា! ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ |
| ៧ | យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ អាលេលូយ៉ា! អាលេលូយ៉ា! ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ” ។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាច ហើយធ្វើឱ្យមានសេចក្តីសុខសាន្តរហូតតទៅ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៤,៥)
ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន គឺព្រះអង្គនឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយព្រះអង្គនឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្តមនុស្ស។ នៅពេលនោះ ព្រះជាម្ចាស់នឹងសរសើរមនុស្សម្នាក់ៗ ទៅតាមការដែលខ្លួនបានប្រព្រឹត្ត។
បន្ទរ៖ ឱព្រះជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា ! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
-សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ឱព្រឹកព្រលឹមដ៏ភ្លឺស្វាង! ឱពន្លឺរស្មីដ៏រុងរឿងអស់កល្បជានិច្ច! ឱព្រះអាទិត្យនៃយុត្តិធម៌អើយ! សូមព្រះអង្គយាងមករះបំភ្លឺដល់អស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់។
ពាក្យអង្វរសកល
យើងខ្ញុំសូមលំទោនកាយទូលអង្វរព្រះយេស៊ូគ្រីស្ត ដែលបានរំដោះយើងខ្ញុំចេញពីភាពងងឹតនៃអំពើបាប។ ដោយសារជំនឿ យើងខ្ញុំហ៊ានទូលថា ៖
បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ ! សូមយាងមក !
បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គប្រមែប្រមូលមនុស្សទាំងអស់នៅលើផែនដី
—ហើយចងសម្ពន្ធមេត្រីនឹងពួកគេអស់កល្បជានិច្ចផង។ (បន្ទរ)
ឱកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបនៃពិភពលោក
—សូមលុបលាងកំហុសយើងខ្ញុំឱ្យបានស្អាតទាំងស្រុង។ (បន្ទរ)
ព្រះអង្គបានយាងមកធ្វើឱ្យអ្វីៗដែលបាត់បង់ ត្រឡប់មកវិញ
—ពេលព្រះអង្គយាងមកម្តងទៀត សូមឱ្យធម៌មេត្តាករុណារបស់ព្រះអង្គ ឃាត់ព្រះអង្គមិនឱ្យដាក់ទោសលើអ្វីៗដែលព្រះអង្គបានលោះនោះផង។ (បន្ទរ)
ដោយសារជំនឿ យើងខ្ញុំស្វែងរកព្រះភក្រ្តព្រះអង្គ
—ចូរយើងស្វែងរកអំណរសប្បាយអស់កល្បជានិច្ច រួមជាមួយព្រះអង្គ នៅពេលព្រះអង្គយាងមក។ (បន្ទរ)
ព្រះអង្គនឹងយាងមកវិនិច្ឆ័យមនុស្សទាំងរស់ ទាំងស្លាប់
—សូមព្រះអង្គប្រោសប្រណីដល់មរណបុគ្គល ឱ្យបានចូលទៅក្នុងចំណោមនៃអ្នកមានសុភមង្គលផង។ (បន្ទរ)
ពាក្យអធិដ្ឋាន
ឱព្រះជាអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាអើយ ! ព្រះអង្គសណ្តាប់ពាក្យទូលអង្វររបស់យើងខ្ញុំ ដោយចាត់ព្រះបុត្រាឱ្យយាងមករួមរស់ជាមួយមនុស្សលោក ទាំងប្រទានកិត្តិយសដ៏ថ្លៃថ្លាឱ្យយើងខ្ញុំ។ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំទទួលសិរីរុងរឿងរបស់ព្រះអង្គ នៅថៃ្ងព្រះគ្រីស្តយាងមក។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!