រដូវរង់ចាំ សប្ដាហ៍ទី៣ ថ្ងៃពុធ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១២៦
អំណរសប្បាយក្នុងសេចក្តីសង្ឃឹមលើព្រះជាម្ចាស់
បងប្អូនរងទុក្ខលំបាកជាមួយពួកយើងយ៉ាងណា បងប្អូនក៏នឹងត្រូវធូរស្រាលរួមជាមួយយើងយ៉ាងនោះដែរ (២ករ ១,៧)។
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី១ ៖ ព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ នឹងយាងចេញពីក្រុងស៊ីយ៉ូន ដើម្បីដោះលែងប្រជាជនឱ្យមានសេរីភាព។
| ១ | ពេលព្រះអម្ចាស់នាំអ្នកដែលជាប់ជាឈ្លើយត្រឡប់មកក្រុងស៊ីយ៉ូនវិញ យើងទាំងអស់គ្នាដូចជាយល់សប្តិ។ |
| ២ | យើងសើចសប្បាយឥតឈប់ យើងស្រែកជ័យឃោស ពេលនោះ ក្នុងចំណោមប្រជាជាតិនានា គេពោលថា ៖ “ព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!”។ |
| ៣ | ព្រះអម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យចំពោះយើងមែន ហេតុនេះហើយបានជាយើងមានអំណរសប្បាយ។ |
| ៤ | ឱព្រះអម្ចាស់អើយ! សូមប្រោសប្រទានឱ្យយើងខ្ញុំបានចម្រុងចម្រើនឡើងវិញ ដូចវាលរហោស្ថានដ៏ហួតហែង មានទឹកហូរឡើងវិញយ៉ាងនោះដែរ។ |
| ៥ | អ្នកណាសាបព្រោះទាំងទឹកភ្នែក អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។ |
| ៦ | គេយកគ្រាប់ពូជចេញទៅព្រោះទាំងយំសោក គេនឹងកាន់កណ្តាប់ស្រូវត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ នឹងយាងចេញពីក្រុងស៊ីយ៉ូន ដើម្បីដោះលែងប្រជាជនឱ្យមានសេរីភាព។
ទំនុកតម្កើងលេខ ១២៧
ប្រសិនបើព្រះអម្ចាស់មិនសង់ផ្ទះទេនោះ អស់អ្នកដែលសង់ផ្ទះនឹងខំប្រឹងសង់ ដោយឥតបានផលអ្វីឡើយ!
បងប្អូនជាដំណាក់ដែលព្រះអង្គបានសង់ (១ករ ៣,៩)។
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី២ ៖ ទូលបង្គំនឹងមិនឈប់ទូលអង្វរព្រះជាម្ចាស់សម្រាប់ក្រុងស៊ីយ៉ូនឡើយ ដរាបណាទាល់តែព្រះអង្គចាត់ព្រះដ៏វិសុទ្ធ ចាំងចេញពីក្រុងនេះដូចថ្ងៃរះ។
(បទពាក្យ ៧)
| ១- | ប្រសិនបើព្រះជាអម្ចាស់ | មិនជួយសង់ផ្ទះនោះទេណា | |
| អ្នកសង់ខំប្រឹងឥតបានការ | គឺគ្មានវាសនាខ្វះលំនឹង | ។ | |
| បើព្រះអម្ចាស់មិនរក្សា | ទីក្រុងទេណាឱ្យរឹងប៉ឹង | ||
| អ្នកយាមទីក្រុងដែលខំប្រឹង | យាមរាល់ថ្ងៃហ្នឹងក៏អសារ | ។ | |
| ២- | អ្នករាល់គ្នាក្រោកពីព្រលឹម | រកស៊ីចិញ្ចឹមជន្មជីវ៉ា | |
| ខំទាំងលំបាកគ្រប់អាត្មា | តែឥតបានការផលចំណេញ | ។ | |
| ព្រះជាអម្ចាស់បានប្រទាន | អាហារធនធានច្រើនពាសពេញ | ||
| ដល់អ្នកដែលព្រះអង្គស្រឡាញ់ | ក្នុងពេលយប់យន់គេនិទ្រា | ។ | |
| ៣- | ព្រះអម្ចាស់ប្រទានកូនចៅ | ស្ថិតស្ថេរគង់នៅចាត់ទុកជា | |
| ចំណែកមរតកដ៏មហិមា | ជាពរជ័យាពីព្រះអង្គ | ។ | |
| ៤- | កូនប្រុសៗដែលកើតចេញមក | ពេលដែលឪពុកពេញកម្លាំង | |
| ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំង | នៃអ្នកចម្បាំងពេលប្រយុទ្ធ | ។ | |
| ៥- | អ្នកដែលមានកូនប្រុសយ៉ាងច្រើន | នោះនឹងចម្រើនសុខបំផុត | |
| ពេលមានបច្ចាមកប្រយុទ្ធ | គេមិនតក់ស្លុតមិនអាម៉ាស់ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ទូលបង្គំនឹងមិនឈប់ទូលអង្វរព្រះជាម្ចាស់ សម្រាប់ក្រុងស៊ីយ៉ូនឡើយ ដរាបណាទាល់តែព្រះអង្គចាត់ព្រះដ៏វិសុទ្ធ ចាំងចេញពីក្រុងនេះដូចថ្ងៃរះ។
បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)
ព្រះគ្រីស្ដជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ។
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី៣ ៖ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ធិតលើខ្ញុំ។ ព្រះអង្គចាត់ខ្ញុំឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។
| ១២ | ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឱ្យ បងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។ |
| ១៣ | ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
| ១៤ | ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឱ្យរួចពីបាប។ |
| ១៥ | ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក |
| ១៦ | ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។ |
| ១៧ | ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។ |
| ១៨ | ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍ ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ |
| ១៩ | ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រីស្ត។ |
| ២០ | ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់នៅលើផែនដី និងនៅស្ថានបរមសុខឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ធិតលើខ្ញុំ។ ព្រះអង្គចាត់ខ្ញុំឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ថស ៥,២៣-២៤)
សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្តប្រោសបងប្អូនឲ្យវិសុទ្ធទាំងស្រុង។ សូមព្រះអង្គថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយឲ្យបានស្អាតឥតសៅហ្មង នៅថ្ងៃព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើងយាងមក។ ព្រះអង្គដែលបានត្រាស់ហៅបងប្អូនមក ព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គនឹងសម្រេចការនេះជាពុំខាន។
បន្ទរ៖ ឱព្រះអម្ចាស់អើយ *សូមសម្ដែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ!។ បន្ទរឡើងវិញ៖…
—ហើយសូមសង្គ្រោះយើងខ្ញុំផង!។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ឱព្រះប្រាជ្ញាញាណ! ឱព្រះបន្ទូលដ៏វិសុទ្ធរបស់ព្រះជាម្ចាស់អើយ! ព្រះអង្គត្រួតត្រាលើអ្វីៗទាំងអស់ ដោយព្រះហឫទ័យសប្បុរស។ សូមយាងមក និងបង្ហាញផ្លូវទៅកាន់ការសង្រ្គោះដល់ប្រជាជនរបស់ព្រះអង្គផង។
ពាក្យអង្វរសកល
ព្រះយេស៊ូគ្រីស្តជាអំណរសប្បាយ និងជាសុភមង្គលរបស់អស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គយាងមកវិញ។ ចូរយើងទូលទៅព្រះអង្គថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមយាងមកកុំបង្អង់ឡើយ !
យើងខ្ញុំរង់ចាំការយាងមករបស់ព្រះសង្រ្គោះ ដោយអំណរសប្បាយ
—ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក។ (បន្ទរ)
ព្រះអង្គមានព្រះជន្មរួមជាមួយព្រះបិតា តាំងពីមុនពេលអ្វីទាំងអស់កើតមានឡើងទៅទៀត
—សូមព្រះអង្គយាងមកសង្រ្គោះយើងខ្ញុំនៅពេលនេះ។ (បន្ទរ)
ព្រះអង្គបានបង្កើតពិភពលោក ហើយអ្វីៗទាំងអស់ដែលមានជីវិតក្នុងលោកនេះ
—សូមព្រះអង្គយាងមកសង្រ្គោះស្នាព្រះហស្តដែលព្រះអង្គបានបង្កើតមក។ (បន្ទរ)
ព្រះអង្គមិនស្ទាក់ស្ទើរក្នុងការចាប់កំណើតជាមនុស្ស រហូតដល់សោយទិវង្គត
—សូមយាងមកប្រោសយើងខ្ញុំ ឱ្យរួចផុតពីអំណាចនៃសេចក្តីស្លាប់។ (បន្ទរ)
ព្រះអង្គបានយាងមកប្រទានជីវិតដ៏ពេញបរិបូណ៍ឱ្យយើងខ្ញុំ
—សូមព្រះអង្គប្រទានជីវិតដែលមិនចេះចប់មកយើងខ្ញុំផង។ (បន្ទរ)
ព្រះអង្គប្រាថ្នាចង់ឱ្យមនុស្សទាំងអស់ រស់នៅប្រកបដោយសេចក្តីស្រឡាញ់ ក្នុងព្រះរាជ្យរបស់ព្រះអង្គ
—សូមព្រះអង្គយាងមកប្រមូលផ្តុំអស់អ្នកដែលទន្ទឹងរង់ចាំ ចង់ឃើញព្រះភក្ត្រព្រះអង្គផង។ (បន្ទរ)
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ជាព្រះបិតា ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គដែលជាព្រះបង្កើតមេឃ និងដី ព្រមទាំងលោះមនុស្សលោកឲ្យរួចពីបាប។ ព្រះអង្គប្រទានព្រះបន្ទូលដែលមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ឲ្យប្រសូតជាមនុស្ស ដោយសារព្រះនាងព្រហ្មចារីម៉ារី។ សូមព្រះអង្គប្រោសយើងខ្ញុំឲ្យរៀបចំខ្លួនទទួលព្រះបុត្រាដែលកំពុងយាងមក។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!