១៦ ធ្នូ ២០២៥

Written on 12/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី៣ ថ្ងៃអង្គារ

(ពេលល្ងាច)

ថ្ងៃអង្គារ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១២៥

ព្រះអម្ចាស់គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ

សូមព្រះជាម្ចាស់ប្រទានសេចក្តីសុខសាន្ត...ដល់ប្រជារាស្ត្រអ៊ីស្រាអែលរបស់ព្រះអង្គ (កាឡ ៦,១៦)។

បន្ទរទី១ ៖ ព្រះ‌អម្ចាស់​គង់​នៅ​ជុំ‌វិញ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។

១- អ្នកណាផ្ញើជីវិតលើព្រះអម្ចាស់
អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូនដែលស្ថិតស្ថេររហូត ឥតរង្គើឡើយ។
២-
ភ្នំនានានៅព័ទ្ធជុំវិញក្រុងយេរូសាឡឹមយ៉ាងណា
ព្រះអម្ចាស់ក៏គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ
តាំងពីពេលនេះ រហូតដល់អស់កល្បជានិច្ចយ៉ាងនោះដែរ។
៣-
ដ្បិតស្តេចពាលពុំអាចគ្រប់គ្រងលើទឹកដីរបស់មនុស្សសុចរិតបានទេ
ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅប្រព្រឹត្តអំពើទុច្ចរិតឡើយ។
៤-
ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យសប្បុរស
ចំពោះអស់អ្នកដែលមានចិត្តសប្បុរស និងទៀងត្រង់។
៥-
រីឯអស់អ្នកដែលដើរតាមមាគ៌ាដ៏វៀចវេរវិញ
សូមព្រះអម្ចាស់ដេញគេឱ្យទៅជាមួយអស់អ្នក
ដែលប្រព្រឹត្តអំពើទុច្ចរិតចុះ។
សូមឱ្យអ៊ីស្រាអែលបានប្រកបដោយសេចក្តីសុខសាន្ត!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌អម្ចាស់​គង់​នៅ​ជុំ‌វិញ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។

ទំនុកតម្កើងលេខ ១៣១

ដូចកូននៅជាប់ទ្រូងម្តាយ

ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ
អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព (មថ ១១,២៩)។

បន្ទរទី២ ៖ បើ​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិតឱ្យបាន​ដូច​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ឡើយ។

(បទកាកគតិ)

១- បពិត្រព្រះម្ចាស់ ទូលបង្គំជាមនុស្ស ដែលមិនអំនួត
  មិនវាយឫកខ្ពស់ មិនអាងមិនអួត មិនចង់ប្រកួត
    អ្នកតូចអ្នកទាប
  ខ្ញុំមិនលោភលន់ ចង់បានទ្រព្យធន គេជាដរាប
  មិនចង់បានអ្វី ដែលធំហួសមាឌ លើសសមត្ថភាព
    របស់ខ្ញុំឡើយ
២- តែផ្ទុយទៅវិញ ចិត្តខ្ញុំពោរពេញ ស្ងៀមស្ងាត់ព្រងើយ
  ដូចជាកូនក្មេង ជាប់ទ្រូងម្តាយហើយ វាធ្វើកន្តើយ
    នឹងអ្វីទាំងអស់
៣- អ៊ីស្រាអែលអើយ កុំបង្អង់ឡើយ ទុកចិត្តលើព្រះ
  តាំងពីឥឡូវ តទៅឥតខ្ចោះ រហូតដល់អស់
    កប្បកល្បជានិច្ច
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ បើ​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិតឱ្យបាន​ដូច​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ឡើយ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩-១០.១២)

ទំនុកនៃការប្រោះលោះ

បន្ទរទី៣ ៖ បពិត្រព្រះអម្ចាស់! ព្រះ‌អង្គ​បាន​ធ្វើ​ឱ្យគេ​ទៅ​ជា​រាជា‌ណាចក្រ និង​ជា​ក្រុម​បូជា‌ចារ្យ បម្រើ​ព្រះ‌ជាម្ចាស់​របស់​យើង។

១១ “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង
ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។

គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន
និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០
ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ
បម្រើព្រះជាម្ចាស់របស់យើង ហើយយើងនឹងគ្រងរាជ្យលើផែនដី”។
១២
“កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជ្យសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ​
ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ បពិត្រព្រះអម្ចាស់! ព្រះ‌អង្គ​បាន​ធ្វើ​ឱ្យគេ​ទៅ​ជា​រាជា‌ណាចក្រ និង​ជា​ក្រុម​បូជា‌ចារ្យ បម្រើ​ព្រះ‌ជាម្ចាស់​របស់​យើង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ថស ៥,២៣-២៤)

សូម​ព្រះជាម្ចាស់ជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត​ប្រោស​បងប្អូន​ឲ្យ​វិសុទ្ធ​ទាំង​ស្រុង។ សូម​ព្រះ‌អង្គ​ថែ‌រក្សា​ខ្លួន​បង‌ប្អូន​ទាំង​មូល ទាំង​វិញ្ញាណ ទាំង​ព្រលឹង ទាំង​រូប​កាយ​ឲ្យ​បាន​ស្អាត​ឥត​សៅ‌ហ្មង នៅ​ថ្ងៃ​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​អម្ចាស់​នៃ​យើង​យាង​មក។ ព្រះ‌អង្គ​ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន​មក ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ព្រះ‌អង្គ​នឹង​សម្រេច​ការ​នេះ​ជា​ពុំ‌ខាន។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ *សូម​សម្ដែង​ព្រះ‌ហឫទ័យមេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំ!។ បន្ទរឡើងវិញ៖…
—ហើយ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!។ បន្ទរ៖*…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ឱព្រះ‌ប្រាជ្ញា​ញាណ​! ឱព្រះបន្ទូលដ៏វិសុទ្ធរបស់ព្រះជាម្ចាស់អើយ! ព្រះអង្គត្រួត​ត្រា​លើអ្វីៗ​ទាំង​អស់ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស។ សូមយាងមក និងបង្ហាញផ្លូវទៅកាន់ការសង្រ្គោះដល់ប្រជាជនរបស់ព្រះអង្គផង។

ពាក្យអង្វរសកល

ព្រះយេស៊ូគ្រីស្តជាអំណរសប្បាយ និងជាសុភមង្គលរបស់អស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គយាងមកវិញ។ ចូរយើងទូលទៅព្រះអង្គថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមយាងមកកុំបង្អង់ឡើយ !

យើងខ្ញុំរង់ចាំការយាងមករបស់ព្រះសង្រ្គោះ ដោយអំណរសប្បាយ
—ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក។ (បន្ទរ)

ព្រះអង្គមានព្រះជន្មរួមជាមួយព្រះបិតា តាំងពីមុនពេលអ្វីទាំងអស់កើតមានឡើងទៅទៀត
—សូមព្រះអង្គយាងមកសង្រ្គោះយើងខ្ញុំនៅពេលនេះ។ (បន្ទរ)

ព្រះអង្គបានបង្កើតពិភពលោក ហើយអ្វីៗទាំងអស់ដែលមានជីវិតក្នុងលោកនេះ
—សូមព្រះអង្គយាងមកសង្រ្គោះស្នាព្រះហស្តដែលព្រះអង្គបានបង្កើតមក។ (បន្ទរ)

ព្រះអង្គមិនស្ទាក់ស្ទើរក្នុងការចាប់កំណើតជាមនុស្ស រហូតដល់សោយទិវង្គត
—សូមយាងមកប្រោសយើងខ្ញុំ ឱ្យរួចផុតពីអំណាចនៃសេចក្តីស្លាប់។ (បន្ទរ)

ព្រះអង្គបានយាងមកប្រទានជីវិតដ៏ពេញបរិបូណ៍ឱ្យយើងខ្ញុំ
—សូមព្រះអង្គប្រទានជីវិតដែលមិនចេះចប់មកយើងខ្ញុំផង។ (បន្ទរ)

ព្រះអង្គប្រាថ្នាចង់ឱ្យមនុស្សទាំងអស់ រស់នៅប្រកបដោយសេចក្តីស្រឡាញ់ ក្នុងព្រះរាជ្យរបស់ព្រះអង្គ
—សូមព្រះអង្គយាងមកប្រមូលផ្តុំអស់អ្នកដែលទន្ទឹងរង់ចាំ ចង់ឃើញព្រះភក្ត្រព្រះអង្គផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គដែលជាព្រះបង្កើតមេឃ និងដីព្រមទាំងលោះមនុស្សលោកឲ្យរួចពីបាប។ ព្រះអង្គប្រទានព្រះបន្ទូលដែលមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ឲ្យប្រសូតជាមនុស្ស ដោយសារព្រះនាងព្រហ្មចារីម៉ារី។ សូមព្រះអង្គប្រោសយើងខ្ញុំឲ្យរៀបចំខ្លួនទទួលព្រះបុត្រាដែលកំពុងយាងមក។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!