១៤ ធ្នូ ២០២៥

Written on 14/11/2026
Mary Siya Khim

 រដូវរង់ចាំ សប្ដាហ៍ទី៣ ថ្ងៃអាទិត្យ (ល្ងាចទី២)

(ពេលល្ងាច)

ចាប់ពីអាទិត្យទី១ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១០,១-៥.៧

ព្រះមេស្ស៊ី ជាព្រះមហាក្សត្រ និងជាបូជាចារ្យ

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១៖ ព្រះអម្ចាស់នឹងយាងមកប្រកប​ដោយ​សិរី‌រុង​រឿង លោក​នឹង​គង់​នៅ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង ក្នុងអង្គប្រជុំរបស់ព្រះអង្គម្ចាស់។

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្រ្កាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!”។

សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!

នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។

ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។

ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។

នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់នឹងយាងមកប្រកប​ដោយ​សិរី‌រុង​រឿង លោក​នឹង​គង់​នៅ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង ក្នុងអង្គប្រជុំរបស់ព្រះអង្គម្ចាស់។

ទំនុកតម្កើងលេខ ១១១

ស្នា​ព្រះហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អម្ចាស់

ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់អើយ ! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យស្ញប់ស្ញែងពន់ពេកណាស់ (វវ ១៥,៣)។

បន្ទរទី២៖ ភ្នំ​តូច​ធំ​នឹង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ហើយ​រុក្ខ‌ជាតិ​នៅ​តាម​វាលក៏​នាំ​គ្នា​អបអរ‌សាទរ​ដែរ។ ដ្បិតពន្លឺដ៏ពិតប្រាកដរបស់ពិភពលោក គឺព្រះអម្ចាស់ដែលយាងមកប្រកបដោយអំណាច និងឫទ្ធានុភាព។

(បទពាក្យ ៧)

១- ចូរលើកតម្កើងព្រះជាម្ចាស់ ប្រសើរពេកណាស់លើលោកា  
  ខ្ញុំថ្កើងព្រះអង្គហួសសិរសា ក្នុងហ្វូងមនុស្សម្នាដែលទៀងត្រង់
២- គ្រប់ស្នាព្រះហស្តព្រះអម្ចាស់ ប្រសើរពេកណាស់ខ្ពស់ឧត្តុង  
  អ្នកពេញចិត្តស្នាព្រះហស្តទ្រង់ ស្វះស្វែងយល់ផងកុំរារែក
៣- គ្រប់ស្នាព្រះហស្តបានបញ្ចោញ រស្មីចិញ្ចែងភ្លឺអនេក  
  សេចក្តីសុចរិតល្អពន់ពេក មិនប្រេះបាក់បែកនៅរហូត
៤- ព្រះអង្គទ្រង់សព្វព្រះហឫទ័យ ឱ្យយើងស្រមៃមិនរលត់  
  ដល់ការអស្ចារ្យខ្ពស់បំផុត ហឫទ័យអាណិតចិត្តអាសូរ
៥- ព្រះអង្គប្រទានទាំងអាហារ ដល់អ្នកវេទនាស្រែកទ្រហោ  
  អ្នកដែលកោតខ្លាចទ្រង់អាសូរ សម្ពន្ធមានយូរធ្លាប់មេត្រី
៦- ព្រះអង្គសម្តែងអានុភាព ឱ្យរាស្ត្រជ្រួតជ្រាបឥតសង្ស័យ  
  គឺព្រះអង្គបានឱ្យទឹកដី ប្រជាដទៃមកពួកគេ
៧- គ្រប់ស្នាព្រះហស្តព្រះអង្គធ្វើ សុទ្ធតែអំពើល្អឥតរេ  
  សុចរិតយុត្តិធម៌ឥតប្រួលប្រែ ដូច្នេះគួរតែជឿទាំងស្រុង
៨- បញ្ហាទាំងនោះឥតចន្លោះ មិនបាត់មួយសោះស្ថិតគង់វង្ស  
  សុចរិតល្អល្អះភ្លឺត្រចង់ ក្តីពិតទៀងត្រង់យ៉ាងប្រពៃ
៩- ព្រះអង្គរំដោះប្រជារាស្ត្រ ពួកគេទាំងអស់មានសិរី  
  ទ្រង់បានចងសម្ពន្ធមេត្រី នឹងរាស្ត្រប្រុសស្រីរហូតទៅ
  ព្រះនាមព្រះអង្គគង់ទីខ្ពស់ វិសុទ្ធឥតមោះឥតហ្មងសៅ  
  បារមីគួរស្ញែងខ្លាចពេកកូវ រាល់យប់ថ្ងៃត្រូវតែគោរព
១០- អ្នកណាដែលចង់មានប្រាជ្ញា គួរតែគិតថាមានប្រភព  
  ប្រាជ្ញានឹងកើតមានសព្វគ្រប់ បើអ្នកគោរពខ្លាចព្រះម្ចាស់
  អ្នកដែលធ្វើតាមប្រាជ្ញានេះ គេអាចត្រិះរិះបានល្អល្អះ  
  យើងសូមតម្កើងព្រះអម្ចាស់ ជាព្រះខ្ពង់ខ្ពស់រហូតទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ភ្នំ​តូច​ធំ​នឹង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ហើយ​រុក្ខ‌ជាតិ​នៅ​តាម​វាលក៏​នាំ​គ្នា​អបអរ‌សាទរ​ដែរ។ ដ្បិតពន្លឺដ៏ពិតប្រាកដរបស់ពិភពលោក គឺព្រះអម្ចាស់ដែលយាងមកប្រកបដោយអំណាច និងឫទ្ធានុភាព។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៨)

វិវាហមង្គលការកូនចៀម

បន្ទរទី៣ ៖ ចូរយើងរស់នៅក្នុងភាពដ៏វិសុទ្ធ និងសេចក្តីស្រឡាញ់ ទាំងទន្ទឹងរង់ចាំព្រះសង្រ្គោះដែលកំពុងយាងមក ដោយចិត្តសង្ឃឹម និងភាពអត់ធ្មត់។

អាលេលូយ៉ា!
សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង
ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព

ដ្បិតទ្រង់វិនិច្ឆ័យយ៉ាងត្រឹមត្រូវតាមយុត្តិធម៌ អាលេលូយ៉ា!
អាលេលូយ៉ា!

អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់
អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ!
ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង! ។ អាលេលូយ៉ា!
អាលេលូយ៉ា!

ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ

យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង
ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ
ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ” ។
អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរយើងរស់នៅក្នុងភាពដ៏វិសុទ្ធ និងសេចក្តីស្រឡាញ់ ទាំងទន្ទឹងរង់ចាំព្រះសង្រ្គោះដែលកំពុងយាងមក ដោយចិត្តសង្ឃឹម និងភាពអត់ធ្មត់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ៤,៤-៧)

ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយព្រះ‌អម្ចាស់ជា‌និច្ច ខ្ញុំសូមជម្រាបបង‌ប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង! ចូរសម្ដែងឲ្យមនុស្ស‌ម្នាទាំងអស់ស្គាល់សន្ដានចិត្តសប្បុរសរបស់បង‌ប្អូន ព្រះ‌អម្ចាស់ជិតយាងមកដល់ហើយ។ សូមកុំខ្វល់‌ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈ‌ទេសៈទាំងអស់ ត្រូវទូលព្រះ‌ជាម្ចាស់ឱ្យជ្រាបពីសំណូមពររបស់បង‌ប្អូន ដោយអធិស្ឋាន និងទូល‌អង្វរ ទាំងអរព្រះ‌គុណព្រះ‌អង្គផង។ ធ្វើដូច្នេះ សេចក្ដីសុខ‌សាន្តរបស់ព្រះ‌ជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្ស នឹងស្ថិតជាប់ក្នុងចិត្តគំនិតបង‌ប្អូន ដែលរួមក្នុងអង្គព្រះ‌គ្រីស្តយេស៊ូមិនខាន។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ *សូមសម្ដែងព្រះហឫទ័យមេត្តា‌ករុណាចំពោះយើងខ្ញុំ។ បន្ទរឡើងវិញ៖…
-ហើយសូមសង្គ្រោះយើងខ្ញុំផង!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

អាទិត្យទី៣៖ «តើ​លោក​ជា​ព្រះ‌គ្រីស្ដ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?» «ចូរ​អ្នក​ទៅ​ជម្រាប​លោក​យ៉ូហាន​នូវ​ហេតុការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ និង​បាន​ឮ គឺ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​គេ​នាំ​ដំណឹង‌ល្អទៅ​ប្រាប់​ជន​ក្រីក្រ អាលេលូយ៉ា!។

ពាក្យអង្វរសកល ៖ អាទិត្យទី១&៣

បពិត្រព្រះយេស៊ូគ្រីស្តជាព្រះសង្រ្គោះយើងខ្ញុំ ព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ ចូរយើងទូលអង្វរព្រះអង្គដោយចិត្តសុភាពរាបសាថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមយាងមកគង់នៅជាមួយនឹងយើងខ្ញុំ!

បពិត្រព្រះបុត្រាដ៏ខ្ពង់ខ្ពស់បំផុត! ព្រះអង្គបានចាត់ទេវទូតកាព្រីអែលឱ្យមកជូនដំណឹងព្រះនាងព្រហ្មចារិនីម៉ារី
—សូមយាងមកសោយរាជ្យលើប្រជារាស្រ្តរបស់ព្រះអង្គអស់កល្បជានិច្ច។ (បន្ទរ)

បពិត្រព្រះដ៏វិសុទ្ធ! លោកយ៉ូហានបាទីស្តរើបម្រះក្នុងផ្ទៃនាងអេលីសាបិត ព្រោះវត្តមានរបស់ព្រះអង្គ
—សូមព្រះអង្គប្រទានអំណរសប្បាយដល់ពិភពលោក ដោយសារព្រះអង្គសង្រ្គោះគេផង។ (បន្ទរ)

ឱព្រះយេស៊ូជាព្រះសង្គ្រោះ ទេវទូតបានថ្វាយព្រះនាមរបស់ព្រះអង្គទៅលោកយ៉ូសែប ដែលជាមនុស្សសុចរិត
—សូមព្រះអង្គយាងមកសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ ឱ្យរួចពីអំពើបាបរបស់ពួកគេផង។ (បន្ទរ)

ព្រះអង្គជាពន្លឺបំភ្លឺពិភពលោក ដែលលោកតាស៊ីម៉ូន និងមនុស្សសុចរិតជាច្រើនបានទន្ទឹងរង់ចាំ
—សូមយាងមកផ្តល់ភាពកក់ក្តៅឱ្យយើងខ្ញុំ។ (បន្ទរ)

ឱព្រះអាទិត្យដែលរះមិនចេះរលត់! លោកសាការីបានថ្លែងទុកថា ព្រះអង្គនឹងយាងពីស្ថានលើមក ដើម្បីរំដោះយើង
—សូមព្រះអង្គរះបំភ្លឺអស់អ្នកដែលស្ថិតក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះបិតាដ៏សប្បុរសយ៉ាងក្រៃលែងអើយ ! ព្រះអង្គបានចាត់ព្រះគ្រីស្តឱ្យយាងមកផ្តល់សេចក្តីសុខគ្រប់យ៉ាង និងប្រោសមនុស្សលោកឱ្យបានរួចពីបាប។
សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត ដែលកំពុងយាងមករំដោះយើងខ្ញុំ ឱ្យរួចពីសេចក្តីអាក្រក់គ្រប់យ៉ាងមែន។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន