រដូវរង់ចាំ សប្ដាហ៍ទី២ ថ្ងៃសុក្រ
(ពេលល្ងាច)
ថ្ងៃសុក្រ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៦,១-៩
ពាក្យអរព្រះគុណ
“យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឱ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់” (កក ១៤,២២ខ)។
បន្ទរទី១ ៖ ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។
| ១ | ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេងខ្ញុំដែលទទូចអង្វរ |
| ២ | ព្រះអង្គផ្ទៀងព្រះការណ៌ស្តាប់ខ្ញុំ ខ្ញុំនឹងអង្វរព្រះអង្គអស់មួយជីវិត។ |
| ៣ | មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឱ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់ ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។ |
| ៤ | ពេលនោះ ខ្ញុំអង្វររកព្រះនាមព្រះអម្ចាស់ថា ៖ “ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំផង!” |
| ៥ | ព្រះអម្ចាស់តែងតែប្រណីសន្តោស ព្រះអង្គសុចរិត ព្រះរបស់យើងប្រកបដោយព្រះហឫទ័យមេត្តាករុណា។ |
| ៦ | ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។ |
| ៧ | ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ ដ្បិតព្រះអម្ចាស់ប្រោសប្រទានឱ្យខ្ញុំបានសុខសាន្ត។ |
| ៨ | ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ព្រះអង្គជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។ |
| ៩ | ខ្ញុំនឹងដើរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ក្នុងពិភពមនុស្សលោកនេះ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។
ទំនុកតម្កើងលេខ ១២១
ព្រះជាម្ចាស់ថែរក្សាការពារប្រជារាស្ត្រព្រះអង្គ
ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកម្តៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ (វវ ៧,១៦)។
បន្ទរទី២ ៖ មានតែព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ដែលនឹងយាងមកជួយខ្ញុំ។
(បទពាក្យ ៧)
| ១- | ខ្ញុំងើបមុខឡើងភ្នែកសម្លឹង | ឯនាយល្វើយល្វឹងទៅដល់ភ្នំ | |
| ថាតើនរណានឹងជួយខ្ញុំ | ឱ្យផុតទុក្ខធំគ្រប់ៗគ្រា | ។ | |
| ២- | គឺមានតែអង្គព្រះអម្ចាស់ | ដែលប្រណីប្រោសរាល់វេលា | |
| ទ្រង់បង្កើតដីផ្ទៃមេឃា | ព្រះអង្គគឺជាព្រះសង្គ្រោះ | ។ | |
| ៣- | សូមទ្រង់មេត្តាកុំបណ្តោយ | ឱ្យជើងអ្នកធ្លោយរងរបួស | |
| ករុណាអាសូរជួយសង្គ្រោះ | កុំឱ្យមានគ្រោះឬត្រូវដួល | ។ | |
| ៤- | ព្រះអង្គដែលថែទាំការពារ | អ៊ីស្រាអែលគ្រប់គ្នាបានសុខស្រួល | |
| ព្រះអង្គមិនងុយងោកប្រែប្រួល | ទ្រង់ក៏មិនដែលផ្ទំលក់ឡើយ | ។ | |
| ៥- | ព្រះអម្ចាស់តែងរក្សាថែ | ការពារឥតល្ហែមិនកន្តើយ | |
| ទ្រង់គង់នៅខាងស្តាំអ្នកហើយ | កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់ | ។ | |
| ៦- | ក្នុងពេលថ្ងៃមានព្រះអាទិត្យ | នឹងមិនរោមរិតធ្វើទោសទុក្ខ | |
| ឯព្រះចន្ទចរនៅពេលយប់ | ក៏មិនមានទុក្ខដល់អ្នកដែរ | ។ | |
| ៧- | ព្រះអម្ចាស់នឹងថែរក្សា | រារាំងបាំងការពារថ្នមថែ | |
| ហេតុការណ៍អាក្រក់ទ្រង់បង្វែរ | មិនឱ្យកើតក្បែររូបអ្នកឡើយ | ។ | |
| ៨- | ព្រះអម្ចាស់ថែទាំអ្នកគ្រប់ | អ្វីៗទាំងសព្វមិនកន្តើយ | |
| កិច្ចការអ្នកធ្វើនឹងធូរស្បើយ | ពីពេលនេះហើយតរៀងទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ មានតែព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ដែលនឹងយាងមកជួយខ្ញុំ។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)
ទំនុកនៃការគោរពប្រណិប័តន៍
បន្ទរទី៣ ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់។
| ៣ | “ឱព្រះជាម្ចាស់ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់! |
| ៤ | បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ! ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌”។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២សល ៣,៨-១០)
បងប្អូនជាទីស្រឡាញ់អើយ សូមបងប្អូនកុំភ្លេចចំណុចមួយនេះថា នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ មួយថ្ងៃប្រៀបបាននឹងមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ប្រៀបបាននឹងមួយថ្ងៃដូច្នោះដែរ។ ព្រះអម្ចាស់នឹងយាងមក តាមព្រះបន្ទូលសន្យារបស់ព្រះអង្គឥតបង្អែបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ ព្រះអង្គសម្ដែងព្រះហឫទ័យអត់ធ្មត់ចំពោះបងប្អូន ព្រោះព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ត្រូវវិនាសទេ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យមនុស្សលោកគ្រប់ៗរូបកែប្រែចិត្តគំនិតវិញ។ ថ្ងៃដែលព្រះអម្ចាស់យាងមកប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដីដែរ។
បន្ទរ៖ ឱព្រះជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
—សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ឱសន្តីលូស៊ី ជាកូនក្រមុំព្រះគ្រីស្តអើយ! ដោយសារទុក្ខលំបាករបស់នាង នាងបានទទួលភាពជាម្ចាស់នៃព្រលឹងរបស់ខ្លួន។ នាងបានមើលងាយតម្លៃលោកីយ៍ ហើយនៅពេលនេះ នាងមានសិរីរុងរឿងនៅក្នុងចំណោមពពួកទេវទូត។ នាងបានយកឈ្នះលើខ្មាំងសត្រូវ ដោយសារឈាមរបស់នាងផ្ទាល់។
ពាក្យអង្វរសកល ៖ អាទិត្យទី២
ព្រះសង្រ្គោះរបស់យើងបានយាងមក នាំដំណឹងល្អមកកាន់ជនក្រីក្រ។ យើងខ្ញុំសូមទូលថា ៖
បន្ទរ៖ ចូរឱ្យមនុស្សទាំងអស់បានឃើញសិរីរុងរឿងរបស់ព្រះអង្គ !
សូមបង្ហាញព្រះអង្គឱ្យអស់អ្នកដែលមិនទាន់ស្គាល់
—បានឃើញអំពីកិច្ចសង្រ្គោះរបស់ព្រះអង្គផង។ (បន្ទរ)
សូមឱ្យព្រះនាមព្រះអង្គប្រកាសដល់ទីដាច់ស្រយាលនៃផែនដី
—ដើម្បីឱ្យមនុស្សទាំងអស់ស្វែងរកផ្លូវទៅកាន់ព្រះអង្គផង។ (បន្ទរ)
លើកទីមួយ ព្រះអង្គបានយាងមកសង្រ្គោះពិភពលោក
—ឥឡូវនេះ សូមព្រះអង្គយាងមកវិញ ដើម្បីសង្រ្គោះអស់អ្នកដែលជឿលើព្រះនាមព្រះអង្គផង។ (បន្ទរ)
ព្រះអង្គបាននាំសេរីភាពមកឱ្យយើងខ្ញុំ ដោយការសង្រ្គោះយើងខ្ញុំ
—សូមព្រះអង្គបន្តសង្រ្គោះ និងរំដោះយើងខ្ញុំឱ្យមានសេរីភាព។ (បន្ទរ)
ព្រះអង្គបានយាងមកក្នុងឋានៈជាមនុស្ស ព្រះអង្គក៏នឹងបង្វែរការវិនិច្ឆ័យទោសដែរ
—សូមព្រះអង្គប្រទានរង្វាន់អស់កល្បជានិច្ច ដល់អ្នកដែលបានទទួលមរណភាពទៅហើយនោះផង។ (បន្ទរ)
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់អើយ ! សូមឲ្យពាក្យទូលអង្វររបស់សន្តីលូស៊ីជាព្រហ្មចារិនី និងជាមរណសាក្សី នាំឲ្យយើងខ្ញុំមានចិត្តគំនិតថ្មី។ សូមប្រោសឲ្យយើងខ្ញុំអាចប្រារព្ធបុណ្យកំណើតរបស់សន្តីលូស៊ីនៅស្ថានបរមសុខ នាពេលឥឡូវនេះ និងឲ្យយើងខ្ញុំសម្លឹងឆ្ពោះទៅកាន់អ្វីៗដែលអស់កល្បជានិច្ច។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!