០៦ ធ្នូ ២០២៥

Written on 22/11/2026
Mary Siya Khim

 រដូវរង់ចាំ សប្ដាហ៍ទី២ ថ្ងៃអាទិត្យ (ល្ងាចទី១)

ថ្ងៃសៅរ៍ (ពេលល្ងាច)

ចាប់ពីអាទិត្យទី១ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ

ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១០៥-១១២

ការស្មឹងស្មាធិ៍លើច្បាប់របស់ព្រះជាម្ចាស់

វិន័យរបស់ខ្ញុំមានដូចតទៅនេះ គឺអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក (យហ ១៥,១២)។

បន្ទរទី១ ៖ ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីក‌រាយដ៏ខ្លាំងឡើង។ មើលហ្ន៎ ព្រះ‌មហាក្សត្ររបស់អ្នកយាងមករកអ្នកហើយ! ព្រះ‌អង្គនាំការសង្គ្រោះមក ព្រះ‌អង្គមានព្រះ‌ហឫទ័យស្លូត‌បូត។

១០៥ ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀង ដែលបំភ្លឺជំហានទូលបង្គំ
និងជាពន្លឺដែលបំភ្លឺផ្លូវរបស់ទូលបង្គំ។
១០៦
ទូលបង្គំសូមសន្យាដោយឥតងាករេថា
ទូលបង្គំនឹងប្រតិបត្តិតាមសេចក្តីសម្រេចដ៏សុចរិតរបស់ព្រះអង្គ។
១០៧
បពិត្រព្រះអម្ចាស់! ទូលបង្គំរងទុក្ខវេទនាខ្លាំងពន់ពេកណាស់
សូមប្រោសប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ
ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
១០៨
ឱព្រះអម្ចាស់អើយ! សូមទទួលពាក្យអង្វររបស់ទូលបង្គំ ទុកជាតង្វាយ
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង!
១០៩
ជីវិតទូលបង្គំប្រឈមមុខទល់នឹងអន្តរាយជានិច្ច
ប៉ុន្តែ ទូលបង្គំមិនភ្លេចធម្មវិន័យរបស់ព្រះអង្គទេ។
១១០
មនុស្សអាក្រក់នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ
តែទូលបង្គំមិនវង្វេងចេញឆ្ងាយពីច្បាប់របស់ព្រះអង្គឡើយ។
១១១
ដំបូន្មានរបស់ព្រះអង្គជាកេរមត៌ករបស់ទូលបង្គំ
ដំបូន្មានទាំងនេះធ្វើឱ្យទូលបង្គំមានអំណរនៅក្នុងចិត្ត។
១១២
ទូលបង្គំប្តេជ្ញាចិត្តធ្វើតាមក្រិត្យវិន័យរបស់ព្រះអង្គ
គឺជារង្វាន់របស់ទូលបង្គំរហូតដល់ទីបំផុត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីក‌រាយដ៏ខ្លាំងឡើង។ មើលហ្ន៎ ព្រះ‌មហាក្សត្ររបស់អ្នកយាងមករកអ្នកហើយ! ព្រះ‌អង្គនាំការសង្គ្រោះមក ព្រះ‌អង្គមានព្រះ‌ហឫទ័យស្លូត‌បូត។

ទំនុកតម្កើងលេខ ១៦

បពិត្រព្រះអម្ចាស់! ព្រះអង្គជាចំណែកមត៌ករបស់ខ្ញុំ

ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ព្រះ‌អង្គ​ដោះ​លែង​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដីស្លាប់ (កក ២,២៤)។

បន្ទរទី២៖ ចូរលើកដៃដែលរួយឡើង ចូរមានកម្លាំង និងចិត្តក្លា‌ហានឡើង! មើល៍‌ហ្ន៎ ព្រះរបស់អ្នករាល់គ្នា! ព្រះ‌អង្គយាងមកសង្គ្រោះអ្នករាល់គ្នាហើយ អាលេលូយ៉ា!

(បទពាក្យ ៧)

១- ឱព្រះជាម្ចាស់ដ៏ឧត្តម សូមការពារខ្ញុំឱ្យសុខសាន្ត  
  ដ្បិតទូលបង្គំសុំផ្ញើប្រាណ ជ្រកក្រោមទីស្ថានម្លប់បារមី
២- ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថា ព្រះអង្គពិតជាអម្ចាស់ថ្លៃ  
  ក្រៅពីព្រះអង្គឥតមានអ្វី ផ្តល់មង្គលជ័យគ្រាអាសន្ន
៣- អារុក្ខអារក្សអ្នកតាព្រៃ ម្ចាស់ទឹកម្ចាស់ដីកាលពីមុន  
  ដែលខ្ញុំពេញចិត្តខ្លាំងពេកពន់ ផ្តល់តែទារុណរាល់វេលា
៤- ទូលបង្គំនឹងមិនចូលរួម មិនទទួលព្រមរួមជាគ្នា  
  គោរពនិងថ្វាយយញ្ញបូជា មិនពោលនាមាព្រះក្លែងក្លាយ
៥- បពិត្រព្រះអម្ចាស់ឧត្តម ព្រះអង្គជាចំណែកស្រស់ស្រាយ  
  មត៌កនៃខ្ញុំឥតក្លែងក្លាយ ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា
៦- ព្រះអង្គប្រទានកេរមត៌ក វិសេសឥតអាក់ដ៏ថ្លៃថ្លា  
  មកទូលបង្គំខ្ញុំនេះណា ជាកេរអស្ចារ្យប្រសើរផុត
៧- ខ្ញុំសូមតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គនេះសែនមោះមុត  
  ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ ទោះយប់ងងឹតក៏តឿនដែរ
៨- ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ ដែលជាទម្លាប់ទ្រង់គង់ក្បែរ  
  ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ ខ្ញុំមិនបែកបែរញាប់ញ័រឡើយ
៩- ហេតុនេះបានជាខ្ញុំរីករាយ ត្រេកអរសប្បាយបានល្ហែល្ហើយ  
  ខ្ញុំបានសម្រាកកាយធូរស្បើយ ដោយសុខសាន្តហើយផុតកង្វល់
១០- ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ ឱ្យរងទុក្ខធំស្លាប់សោតសល់  
  ព្រះអង្គក៏មិនបណ្តោយដល់ សពបម្រើផ្ទាល់ស្អុយរលួយ
១១- ព្រះអង្គបង្ហាញផ្លូវជីវិត ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ  
  ដោយព្រះអង្គនៅគង់ជាមួយ ទូលបង្គំគ្មានព្រួយអរសប្បាយ
  ដោយព្រះអង្គគង់នៅខាងស្តាំ ជាប់ជាប្រចាំមិនជិនណាយ  
  ទូលបង្គំសែនរីករាយសប្បាយ អស់កល្បវែងឆ្ងាយតរៀងទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ ចូរលើកដៃដែលរួយឡើង ចូរមានកម្លាំង និងចិត្តក្លា‌ហានឡើង! មើល៍‌ហ្ន៎ ព្រះរបស់អ្នករាល់គ្នា! ព្រះ‌អង្គយាងមកសង្គ្រោះអ្នករាល់គ្នាហើយ អាលេលូយ៉ា!

បទលើកតម្កើងតាមលិខិតទៅភីលីព (ភីល ២,៦-១១)

ព្រះគ្រីស្តជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ ព្រះ‌ជាម្ចាស់ប្រទានគម្ពីរ‌វិន័យតាម‌រយៈលោកម៉ូសេ ហើយព្រះ‌អង្គបានសម្ដែងព្រះ‌ហឫទ័យប្រណី‌សន្ដោស និងសេចក្ដីពិត តាម‌រយៈព្រះ‌យេស៊ូ‌គ្រីស្ដ។

ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ
ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈ ដែលស្មើនឹងព្រះជាម្ចាស់នេះ
ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។

ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ
ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ
ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។

ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត
គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។

ហេតុនេះហើយ បានជាព្រះជាម្ចាស់
លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត
ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
១០
ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ
១១
និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់
ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌ជាម្ចាស់ប្រទានគម្ពីរ‌វិន័យតាម‌រយៈលោកម៉ូសេ ហើយព្រះ‌អង្គបានសម្ដែងព្រះ‌ហឫទ័យប្រណី‌សន្ដោស និងសេចក្ដីពិត តាម‌រយៈព្រះ‌យេស៊ូ‌គ្រីស្ដ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ថស ៥,២៣-២៤)

សូម​ព្រះជាម្ចាស់ជា​ប្រភព​នៃ​សេចក្ដី​សុខសាន្ត​ប្រោស​បងប្អូន​ឲ្យ​វិសុទ្ធ​ទាំង​ស្រុង។ សូម​ព្រះអង្គ​ថែរក្សា​ខ្លួន​បងប្អូន​ទាំង​មូល ទាំង​វិញ្ញាណ ទាំង​ព្រលឹង ទាំង​រូប​កាយ​ឲ្យ​បាន​ស្អាត​ឥត​សៅហ្មង នៅ​ថ្ងៃ​ព្រះយេស៊ូគ្រីស្ត​ជា​អម្ចាស់​នៃ​យើង​យាង​មក។ ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​បងប្អូន​មក ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ព្រះអង្គ​នឹង​សម្រេច​ការ​នេះ​ជា​ពុំខាន។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ! *សូម​សម្ដែង​ព្រះ‌ហឫទ័យមេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំ។ បន្ទរឡើងវិញ៖…
—ហើយ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

អាទិត្យទី២៖ ឱព្រះអម្ចាស់អើយ សូមយាងមកប្រទានសេចក្តីសុខសាន្តឱ្យយើងខ្ញុំ។ ចូរយើង​នាំ​គ្នា​ត្រេក‌អរ​សប្បាយ​រីករាយ នៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ដោយចិត្តគោរព។

ពាក្យអង្វរសកល ៖ អាទិត្យទី២&៤

ព្រះយេស៊ូជាព្រះអម្ចាស់ ព្រះអង្គប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី។ ចូរយើងទូលអង្វរព្រះអង្គ ដោយចិត្តអំណរសប្បាយថា ៖

បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក !

ព្រះបុត្រារបស់ព្រះជាម្ចាស់នឹងយាងមកម្តងទៀត ដូចជាអ្នកនាំសារដ៏ពិតប្រាកដនៃសម្ពន្ធមេត្រី
—សូមជួយឱ្យពិភពលោកចេះទទួលស្គាល់វត្តមានរបស់ព្រះអង្គផង។ (បន្ទរ)

បពិត្រព្រះយេស៊ូ! ព្រះអង្គបានកើតចេញពីព្រះហឫទ័យនៃព្រះបិតា ហើយមកយកកំណើតជាមនុស្ស នៅក្នុងផ្ទៃព្រះនាងព្រហ្មចារិនីម៉ារី
—សូមរំដោះយើងខ្ញុំឱ្យរួចពីការសង្កត់សង្កិននៃអ្វីៗដែលចេះតែប្រែប្រួល និងនាំឱ្យវិនាសអន្តរាយផង។ (បន្ទរ)

នៅពេលព្រះអង្គមានព្រះជន្មគង់នៅលើផែនដីនេះ ព្រះអង្គទទួល មរណភាពដូចមនុស្សឯទៀតៗ
—សូមសង្រ្គោះយើងខ្ញុំឱ្យរួចពីសេចក្តីស្លាប់អស់កល្បជានិច្ច។ (បន្ទរ)

ពេលព្រះអង្គយាងមកវិនិច្ឆ័យទោសមនុស្សលោក សូមព្រះមេត្តាបង្ហាញនូវធម៌មេត្តាករុណាមកយើងខ្ញុំ
—ហើយសូមលើកលែងទោសយើងខ្ញុំ ដែលមកពីភាពទន់ខ្សោយនោះផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់យេស៊ូ! ដោយព្រះអង្គសោយទិវង្គត ព្រះអង្គបានប្រទានសេចក្តីសង្ឃឹមដល់អស់អ្នកដែលទទួលមរណភាព
—សូមព្រះអង្គមេត្តាសន្តោសដល់អស់អ្នកដែលយើងខ្ញុំទូលអង្វរនៅពេលនេះផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការអើយ !
ព្រះអង្គសព្វព្រះហឫទ័យចាត់ព្យាការីយ៉ូហានបាទីស្ត ឱ្យមករៀបចំផ្លូវថ្វាយព្រះបុត្រាព្រះអង្គ។
សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឲ្យយកចិត្តទុកដាក់ រៀបចំផ្លូវថ្វាយព្រះគ្រីស្តដែលកំពុងយាងមក
និងប្រោសឱ្យយើងខ្ញុំចេះកសាងពិភពលោកប្រកបដោយយុត្តិធម៌។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។