រដូវរង់ចាំ សប្ដាហ៍ទី១ ថ្ងៃសុក្រ
(ពេលល្ងាច)
ថ្ងៃសុក្រ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៤១
ពាក្យអធិដ្ឋានរបស់អ្នកមានជំងឺ
”ក្នុងចំណោមអ្នករាល់គ្នាដែលបរិភោគជាមួយខ្ញុំ មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ” (មក ១៤,១៨)។
បន្ទរទី១ ៖ សូមព្រះអម្ចាស់ប្រោសទូលបង្គំឱ្យជាឡើងវិញ ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។
| ២ | អ្នកដែលយកចិត្តទុកដាក់ នឹងមនុស្សកំសត់ទុគ៌ត មានសុភមង្គលហើយ នៅថ្ងៃមានអាសន្ន ព្រះអម្ចាស់នឹងរំដោះអ្នកនោះជាមិនខាន។ |
| ៣ | ព្រះអម្ចាស់នឹងថែរក្សាអាយុជីវិតរបស់គេ ហើយអ្នកនោះ មានសុភមង្គលនៅលើផែនដី ព្រះអង្គមិនបណ្តោយឱ្យគេធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវឡើយ។ |
| ៤ | ព្រះអម្ចាស់បីបាច់ថែរក្សាគេ នៅពេលគេដេកឈឺចុកចាប់ ទោះបីឈឺយ៉ាងណាក្តី ក៏ព្រះអង្គប្រោសគេឱ្យជាសះស្បើយឡើងវិញ។ |
| ៥ | ខ្ញុំនឹកគិតថា ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាប្រោសទូលបង្គំឱ្យបានជាផង ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។ |
| ៦ | សត្រូវរបស់ទូលបង្គំ នាំគ្នានិយាយអាក្រក់ពីទូលបង្គំ គេបន់ឱ្យតែទូលបង្គំស្លាប់ គេបន់ឱ្យតែឈ្មោះទូលបង្គំសាបសូន្យទៅ។ |
| ៧ | អ្នកដែលមកសួរសុខទុក្ខទូលបង្គំ ក៏មានគំនិតមិនល្អ គេមកប្រមូលដំណឹងអាក្រក់ លុះចេញទៅវិញ គេនិយាយបរិហារពីទូលបង្គំ។ |
| ៨ | អស់អ្នកដែលស្អប់ទូលបង្គំ និយាយខ្សឹបខ្សៀវដាក់គ្នាអំពីទូលបង្គំថា ទូលបង្គំគេចមិនផុតពីស្លាប់។ |
| ៩ | គេពោលថា “ជំងឺគាត់មើលមិនជាទេ! គាត់ពុំអាចក្រោកឡើងវិញបានឡើយ”។ |
| ១០ | សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ទូលបង្គំ គឺអ្នកដែលទូលបង្គំទុកចិត្ត ជាអ្នកដែលបរិភោគអាហាររួមជាមួយទូលបង្គំ ក៏ប្រឆាំងនឹងទូលបង្គំដែរ។ |
| ១១ | ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ សូមប្រោសទូលបង្គំ ឱ្យបានជាឡើងវិញផង នោះទូលបង្គំនឹងតបស្នងទៅខ្មាំងសត្រូវ ឱ្យសមនឹងអំពើរបស់គេ។ |
| ១២ | បើខ្មាំងសត្រូវរបស់ទូលបង្គំ លែងមានជ័យជម្នះលើទូលបង្គំ នោះទូលបង្គំដឹងច្បាស់ថា ព្រះអង្គពិតជាស្រឡាញ់ទូលបង្គំមែន។ |
| ១៣ | ព្រះអង្គបានជួយទូលបង្គំ ហើយប្រោសទូលបង្គំឱ្យជាទាំងស្រុង ព្រះអង្គប្រទានឱ្យទូលបង្គំ នៅជាមួយព្រះអង្គរហូតតរៀងទៅ។ |
| ១៤ | សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល តាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! អាម៉ែន!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ សូមព្រះអម្ចាស់ប្រោសទូលបង្គំឱ្យជាឡើងវិញ ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។
ទំនុកតម្កើងលេខ ៤៦
ព្រះជាម្ចាស់ជាជម្រក និងជាបង្អែកដ៏រឹងមាំរបស់យើង
”នាងនឹងសម្រាលបានបុត្រមួយ ដែលគេនឹងថ្វាយព្រះនាមថា អេម៉ានូអែល” ប្រែថា «ព្រះជាម្ចាស់គង់ជាមួយយើង» (មថ ១,២៣)។
បន្ទរទី២ ៖ ព្រះអម្ចាស់នៃពិភពទាំងឡាយ ទ្រង់គង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុបជាជំរកដ៏រឹងមាំសម្រាប់យើង។
(បទពាក្យ ៧)
| ២- | ព្រះអម្ចាស់ជាទីជម្រក | ឱ្យយើងចូលជ្រករាល់ខែឆ្នាំ | |
| ព្រះអង្គតែងតែប្រុងប្រៀបចាំ | មិនមើលបំណាំពេលអាសន្ន | ។ | |
| ៣- | ទោះបីផែនដីប្រេះរញ្ជួយ | ភ្នំប្រែរលួយដោយទាន់ហន់ | |
| ទោះធ្លាក់សមុទ្រជ្រៅរាប់ពាន់ | ជាច្រើនរយជាន់ខ្ញុំមិនភ័យ | ។ | |
| ៤- | ទោះបីសមុទ្របោកបាចសាច | ជួនជោរជួននាចយ៉ាងណាក្តី | |
| ទោះភ្នំកក្រើកខ្ទ័រផែនដី | ក៏យើងមិនភ័យមិនខ្ចីខ្លាច | ។ | |
| ៥- | មានទន្លេមួយនាំអំណរ | សិរីបវរស្រោចបាចសាច | |
| បុរីព្រះម្ចាស់មានអំណាច | វិសុទ្ធក្រៃពេកព្រះដំណាក់ | ។ | |
| ៦- | ព្រះម្ចាស់គង់ក្នុងបុរីណា | បានក្តីសុខាមិនអន់អាក់ | |
| ព្រោះទ្រង់សង្គ្រោះមិនថ្នាំងថ្នាក់ | តាំងពីថ្ងៃរះព្រឹកព្រលឹម | ។ | |
| ៧- | ជនជាតិនានាតែងគំរាម | នគរកើតសង្គ្រាមភ័យជ្រួលជ្រើម | |
| ព្រះម្ចាស់បន្លឺសូរសៀងឡើង | ផែនដីត្រូវប៉ើងបែកខ្ចាត់ខ្ចាយ | ។ | |
| ៨- | ព្រះជាអម្ចាស់នៃពិភព | ទ្រង់គង់ប្រសព្វមិនឃ្លាតឆ្ងាយ | |
| ព្រះលោកយ៉ាកុបមិនទន់ជ្រាយ | កំពែងមាំក្រៃនៃយើងខ្ញុំ | ។ | |
| ៩- | ចូរនាំគ្នាមើលស្នាព្រះហស្ត | របស់ព្រះម្ចាស់ដ៏ឧត្តម | |
| កិច្ចការអស្ចារ្យទាំងតូចធំ | ដែលទ្រង់ខិតខំលើផែនដី | ។ | |
| ១០- | ទ្រង់បានប្រមូលធ្នូលំពែង | ខែលខ្លីដាវវែងគ្មានសល់អី | |
| រទេះគ្រឿងក្រោះបោះទៅដី | ដុតខ្ទេចគ្មានស្តាយមិនស្រណោះ | ។ | |
| ១១- | ចូរឈប់ច្បាំងទៅត្រូវដឹងថា | គឺយើងនេះណាជាព្រះម្ចាស់ | |
| យើងគ្រប់គ្រងលើជាតិទាំងអស់ | មិនសល់ចន្លោះលើលោកា | ។ | |
| ១២- | ព្រះអម្ចាស់នៃភពផែនដី | ស្ម័គ្រស្មោះមេត្រីគ្រប់ៗគ្នា | |
| គង់នៅជាមួយរាល់វេលា | កំពែងការពារដ៏មាំមួន | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ព្រះអម្ចាស់នៃពិភពទាំងឡាយ ទ្រង់គង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុបជាជំរកដ៏រឹងមាំសម្រាប់យើង។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)
ទំនុកតម្កើងនៃការគោរពប្រណិប័តន៍
បន្ទរទី៣ ៖ មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។
| ៣ | “ឱព្រះជាម្ចាស់ ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់! |
| ៤ | បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ! ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌”។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២សល ៣,៨-១០)
បងប្អូនជាទីស្រឡាញ់អើយ សូមបងប្អូនកុំភ្លេចចំណុចមួយនេះថា នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ មួយថ្ងៃប្រៀបបាននឹងមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ប្រៀបបាននឹងមួយថ្ងៃដូច្នោះដែរ។ ព្រះអម្ចាស់នឹងយាងមក តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ឥតបង្អែបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ ព្រះអង្គសម្ដែងព្រះហឫទ័យអត់ធ្មត់ចំពោះបងប្អូន ព្រោះព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ត្រូវវិនាសទេ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យមនុស្សលោកគ្រប់ៗរូបកែប្រែចិត្តគំនិតវិញ។ ថ្ងៃដែលព្រះអម្ចាស់យាងមកប្រៀបបានទៅនឹងពេលចោរចូលលួចដូច្នោះដែរ។ នៅគ្រានោះ ផ្ទៃមេឃនឹងរលាយសូន្យទៅ ដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងឆេះរលាយសូន្យអស់ទៅ ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស ទាំងផែនដី ទាំងអ្វីៗដែលនៅលើផែនដីដែរ។
បន្ទរ៖ ឱព្រះជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
—សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
អាទិត្យទី១៖ យើងហៅបុត្ររបស់យើងចេញពីស្រុកអេស៊ីប។ ព្រះអង្គនឹងយាងមកសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ។
ពាក្យអង្វរសកល ៖ អាទិត្យទី១&៣
ចូរយើងទូលទៅព្រះគ្រីស្ត ដែលជាគង្វាលថែទាំព្រលឹងវិញ្ញាណរបស់យើង ដោយមានទំនុកចិត្តថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតមេត្តាយើងខ្ញុំផង !
ឱគង្វាលដ៏សប្បុរសអើយ ! ព្រះអង្គឃ្វាលហ្វូងចៀមរបស់ព្រះជាម្ចាស់
—សូមព្រះអង្គប្រមែប្រមូលចៀមទាំងនោះ ឱ្យចូលក្នុងព្រះសហគមន៍របស់ព្រះអង្គផង។ (បន្ទរ)
បពិត្រព្រះអម្ចាស់យេស៊ូ! សូមព្រះអង្គជួយដល់អ្នកគង្វាលដែលមានបន្ទុកដឹកនាំប្រជារាស្រ្តព្រះអង្គ
—សូមឱ្យពួកគាត់មានចិត្តខ្នះខ្នែងមើលថែហ្វូងចៀមរបស់ព្រះអង្គ រហូតដល់ពេលព្រះអង្គយាងមកវិញ។ (បន្ទរ)
ព្រះអង្គជ្រើសរើសអ្នកប្រកាសព្រះបន្ទូលរបស់ព្រះអង្គ ពីក្នុងចំណោម យើងខ្ញុំ
—ដើម្បីឱ្យពួកគាត់ផ្សាយដំណឹងល្អទៅដល់ទីដាច់ស្រយាលនៃផែនដី។ (បន្ទរ)
សូមព្រះអង្គអាណិតអាសូរដល់អស់អ្នកដែលកំពុងតស៊ូក្នុងជីវិត និងអ្នកដួលនៅតាមផ្លូវ
—សូមឱ្យពួកគេរកឃើញមិត្តសម្លាញ់ដែលអាចជួយពួកគេបានផង។ (បន្ទរ)
សូមព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គនៅលើផ្ទៃមេឃ
—ដើម្បីឱ្យអស់អ្នកដែលស្តាប់សម្លេងព្រះអង្គនៅលើផែនដីនេះ បានស្គាល់ផង។ (បន្ទរ)
ធម៌ "ឱព្រះបិតា"
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់ជាព្រះបិតាអើយ !
មានតែព្រះអង្គទេ ដែលសង្រ្គោះមនុស្សលោក ឱ្យរួចផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។
សូមព្រះអង្គមេត្តាសម្តែងឫទ្ធានុភាពដ៏អស្ចារ្យរបស់ព្រះអង្គ មកប្រែចិត្តគំនិតរបស់យើងខ្ញុំ
ឱ្យកាន់កិរិយាមារយាទល្អត្រឹមត្រូវបរិសុទ្ធ និងបានគាប់ព្រះហឫទ័យព្រះអង្គផង។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។