០៤ ធ្នូ ២០២៥

Written on 24/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី១ ថ្ងៃព្រហស្បតិ៍

សន្តយ៉ូហាន នៅដាម៉ាសហ្សែន

(បុណ្យរំឭកដោយសេរី)

(ពេលល្ងាច)

ថ្ងៃព្រហស្បតិ៍ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៣០

ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំឱ្យរួច​ពី​ស្លាប់

ព្រះគ្រីស្តអរព្រះគុណព្រះបិតា ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង (Cassian)។

បន្ទរទី១ ៖ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រែកអង្វរព្រះអង្គ ហើយព្រះអង្គប្រោសទូលបង្គំឱ្យបានជា។ ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។

បពិត្រព្រះអម្ចាស់! ទូលបង្គំសូមលើកតម្កើងព្រះអង្គ
ព្រោះព្រះអង្គបានស្រោចស្រង់ទូលបង្គំ
ព្រះអង្គពុំបានបណ្តោយឱ្យខ្មាំងសត្រូវ លេងសើចនឹងទូលបង្គំឡើយ។

ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ!
ទូលបង្គំស្រែកអង្វរព្រះអង្គ ហើយព្រះអង្គប្រោសទូលបង្គំឱ្យបានជា។

បពិត្រព្រះអម្ចាស់! ព្រះអង្គបានស្រង់ជីវិតទូលបង្គំចេញពីចំណោមមនុស្សស្លាប់
ទូលបង្គំធ្លាក់ទៅក្នុងរណ្តៅមច្ចុរាជ តែព្រះអង្គប្រោសទូលបង្គំឱ្យមានជីវិតឡើងវិញ។

អ្នករាល់គ្នាដែលជាប្រជារាស្ត្ររបស់ព្រះអង្គអើយ!
ចូរច្រៀងបទតម្កើងព្រះអម្ចាស់! ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ!

ព្រះអង្គទ្រង់ព្រះពិរោធតែមួយស្របក់
តែព្រះអង្គប្រណីសន្តោសមនុស្សអស់មួយជីវិត។
ពេលល្ងាច គេបង្ហូរទឹកភ្នែក តែព្រលឹមឡើង គេនឹងអរសប្បាយវិញ។

នៅពេលទូលបង្គំបានសុខសាន្ត ទូលបង្គំពោលថា
“ទូលបង្គំនឹងមិនត្រូវរលំឡើយ!” ។

បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រោសឱ្យទូលបង្គំរឹងប៉ឹងដូចភ្នំ
តែព្រះអង្គបានលាក់ព្រះភក្រ្តពីទូលបង្គំ នោះទូលបង្គំតក់ស្លុតក្រៃលែង។

ឱព្រះអម្ចាស់អើយ! ទូលបង្គំបានស្រែកដង្ហោយអង្វរព្រះអង្គ
ទូលបង្គំទទូចអង្វរព្រះអម្ចាស់ថា ៖
១០
“បើព្រះអង្គទុកឱ្យទូលបង្គំស្លាប់ តើបានប្រយោជន៍អ្វី?
បើព្រះអង្គឱ្យទូលបង្គំធ្លាក់ទៅក្នុងរណ្តៅមច្ចុរាជ្យ តើបានប្រយោជន៍អ្វី?
តើមនុស្សស្លាប់អាចសរសើរព្រះអង្គកើតឬ?
តើគេអាចថ្លែងពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គកើតឬ?
១១
ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាស្តាប់ពាក្យទូលបង្គំ!
ឱព្រះអម្ចាស់អើយ! សូមយាងមកសង្គ្រោះទូលបង្គំផង!” ។
១២
ព្រះអង្គបានធ្វើឱ្យទុក្ខសោករបស់ទូលបង្គំ ប្រែទៅជាអំណរសប្បាយវិញ
ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ
ហើយប្រទានសម្លៀកបំពាក់សម្រាប់ពិធីបុណ្យឱ្យទូលបង្គំវិញ។
១៣
ដូច្នេះ ទូលបង្គំនៅស្ងៀមមិនបានឡើយ ទូលបង្គំស្មូតទំនុកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ!
ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រែកអង្វរព្រះអង្គ ហើយព្រះអង្គប្រោសទូលបង្គំឱ្យបានជា។ ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។

ទំនុកតម្កើងលេខ ៣២

សុភមង្គល​របស់​អ្នក​ដែល​ព្រះ‌អម្ចាស់​អត់‌ទោស​ឱ្យ

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះបាទ​ដាវីឌ ​ថ្លែង​អំពី​សុភមង្គលរបស់​អ្នកដែល​ព្រះជាម្ចាស់​ប្រោស​ឲ្យ​សុចរិត ដោយ​មិន​គិត​ដល់​ផល​បុណ្យ​ (រ៉ូម ៤,៦)។

បន្ទរទី២ ៖ មានសុភមង្គលហើយ អស់អ្នកដែលព្រះអង្គមិនប្រកាន់ទោស !

(បទព្រហ្មគីតិ)

១- អ្នកដែលព្រះជាម្ចាស់ លើកលែងទោសប្រោសប្រណី  
  រួចពីបាបទុក្ខភ័យ មានសិរីសុខមង្គល
២- អស់អ្នកដែលព្រះម្ចាស់ មិនចាប់ទោសផុតអំពល់  
  គ្មានចិត្តវៀចវិលវល់ មានមង្គលសុខឥតល្ហែ
៣- ដរាបណារូបខ្ញុំ នៅមិនព្រមសារភាពទេ  
  នោះខ្ញុំកើតទុក្ខទ្វេ មិនឈប់ទេចុកចាប់ក្រៃ
៤- ដ្បិតព្រះអង្គដាក់ទោស ព្រោះខ្ញុំខុសទាំងយប់ថ្ងៃ  
  ហេវខ្សោះស្ទើរក្សិណក្ស័យ ដូចជាដីហួតទឹកអស់
៥- រូបខ្ញុំបានសារភាព អំពើបាបមុខព្រះម្ចាស់  
  ខ្ញុំមិនលាក់លៀមសោះ នូវកំហុសខ្ញុំនោះឡើយ
  ទូលបង្គំពោលថា ខ្ញុំនេះណាសារភាពហើយ  
  ទោសខ្ញុំធ្ងន់ឥតស្បើយ ទ្រង់លើកឱ្យរួចពីបាប
៦- ហេតុនេះហើយបានជា អ្នករាល់គ្នាប្រណិប័តន៍ក្រាប  
  ព្រះម្ចាស់ជាដរាប ជាប់រៀងរៀបមិនភិតភ័យ
  ទោះជាមានកង្វល់ ជួបព្យុះខ្យល់ទឹកជន់ក្តី  
  ព្រះម្ចាស់តែងប្រណី មិនឱ្យក្ស័យឬលិចលង់
៧- ព្រះអង្គជាជម្រក ឱ្យខ្ញុំជ្រកមិនឱ្យហ្មង  
  ការពាររូបខ្ញុំផង កម្ចាត់បង់អាសន្នភ័យ
៨- យើងនឹងប្រដៅអ្នក ឱ្យស្គាល់ជាក់ផ្លូវប្រពៃ  
  ផ្តល់យោបល់ថ្លាថ្លៃ ថែរាល់ថ្ងៃមិនឱ្យឆ្គង
៩- កុំឆោតល្ងង់ដូចលា ឬសេះជាជំនិះម្តង  
  ដាក់ដែកបង្ខាំងផង រួចមានចងទាំងបង្ហៀរ
១០- មនុស្សពាលត្រូវរងគ្រប់ ទុក្ខទោសសព្វវេទនា  
  ព្រះម្ចាស់តែងមេត្តា ដល់អ្នកណាពឹងព្រះអង្គ
១១- មនុស្សសុចរិតអើយ កុំកន្តើយសប្បាយឡើង  
  អស់អ្នកដែលទៀងត្រង់ ស្រែកហ៊ោរផងដោយអំណរ
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ មានសុភមង្គលហើយ អស់អ្នកដែលព្រះអង្គមិនប្រកាន់ទោស !

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨ ; ១២,១០ខ-១២ក)

ការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់

បន្ទរទី៣ ៖ ព្រះ‌អង្គបានទទួលព្រះ‌កិត្តិនាម សិរី‌រុងរឿង និងព្រះ‌ចេស្ដា ហើយពួកអ្នកបម្រើរបស់ព្រះ‌អង្គ នាំគ្នាគោរពបម្រើព្រះ‌អង្គ។

១៧ “បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ
តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
ព្រោះទ្រង់បានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ
មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។
១៨
ជាតិសាសន៍នានាបាននាំគ្នាខឹង
ហើយពេលដែលព្រះអង្គ សម្តែងព្រះពិរោធក៏មកដល់ដែរ
គឺជាពេលកំណត់ដែលព្រះអង្គ វិនិច្ឆ័យទោសមនុស្សស្លាប់។
នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី
ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ
និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ
ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ
អស់អ្នកដែលបានបំផ្លាញផែនដីដែរ” ។
១០
“ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់ សង្គ្រោះមនុស្សលោកហើយ
ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង
ព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ
ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ
គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់
នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។
១១
បងប្អូនយើងបានឈ្នះវា
ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ
ហើយបងប្អូនទាំងនោះ បានស៊ូប្តូរជីវិតឥតស្តាយសោះឡើយ។
១២
ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ!
ចូរមានអំណរសប្បាយឡើង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌អង្គបានទទួលព្រះ‌កិត្តិនាម សិរី‌រុងរឿង និងព្រះ‌ចេស្ដា ហើយពួកអ្នកបម្រើរបស់ព្រះ‌អង្គ នាំគ្នាគោរពបម្រើព្រះ‌អង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ៥,៧-៩)

ដូច្នេះ បង‌ប្អូន​អើយ ត្រូវ​មាន​ចិត្ត​អត់‌ធ្មត់ រហូត​ដល់​ពេល​ព្រះ‌អម្ចាស់​យាង​មក​យ៉ាង​រុង‌រឿង។ មើល​ចុះ! អ្នក​ភ្ជួរ​រាស់​ទន្ទឹង​រង់‌ចាំ​ភោគ​ផល​ដ៏​ថ្លៃ​វិសេស​ដែល​ដី​ផ្ដល់​ឲ្យ ដោយ​ចិត្ត​អត់‌ធ្មត់ រហូត​ដល់​បាន​ផល​នៅ​ដើម​រដូវ និង​ចុង​រដូវ។ បង‌ប្អូន​ក៏​ដូច្នោះ​ដែរ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ តាំង​ចិត្ត​ឲ្យ​រឹង‌ប៉ឹង ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។ ដ្បិត​ព្រះ‌ជាម្ចាស់​ដែល​ជា​ចៅ‌ក្រម ព្រះ‌អង្គ​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។

បន្ទរ៖ ឱព្រះ‌ជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
—សូមទតមកយើងខ្ញុំដោយព្រះ‌ហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

អាទិត្យទី១៖ ព្រះអង្គបានប្រទានពរដល់នាងលើសស្រ្តីទាំងឡាយ ហើយទ្រង់ក៏ប្រទានពរដល់ព្រះយេស៊ូជាបុត្រនៃនាងដែរ។

ពាក្យអង្វរសកល ៖ អាទិត្យទី១&៣

ព្យាការីបានថ្លែងទុកអំពីព្រះគ្រីស្តថា ជាព្រះពន្លឺដ៏ប្រសើរឧត្តម ដែលរះបំភ្លឺអស់អ្នករស់នៅក្នុងទីងងឹតក្រោមអំណាចនៃសេចក្តីស្លាប់។ ចូរយើងបន្លឺសម្លេងឡើងទូលអង្វរទៅព្រះអង្គថា ៖

បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ ! សូមយាងមក !

កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះ‌បន្ទូល​របស់ព្រះ‌ជាម្ចាស់បានបង្កើតអ្វីៗ​សព្វ​សារពើ ហើយនៅពេលកំណត់មកដល់ ព្រះអង្គបានយកកំណើតជាមនុស្សដូចយើងខ្ញុំ
—សូមព្រះអង្គយាងមក និងដោះលែងយើងខ្ញុំឱ្យរួចផុតពីសេចក្តីស្លាប់។ (បន្ទរ)

ពន្លឺដ៏ពិតប្រាកដបានរះបំភ្លឺលើមនុស្សគ្រប់ជាតិសាសន៍
—សូមព្រះអង្គយាងមកកម្ចាត់ភាពងងឹតចេញពីដួងចិត្តយើងខ្ញុំផង។ (បន្ទរ)

ព្រះបុត្រាដ៏ជាទីស្រឡាញ់តែមួយគត់ ដែលគង់នៅក្នុងព្រះហឫទ័យនៃព្រះបិតា
—សូមព្រះអង្គយាងមក និងប្រាប់ឱ្យយើងខ្ញុំបានស្គាល់ពីព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ផង។ (បន្ទរ)

ព្រះយេស៊ូគ្រីស្តបានយាងមកក្នុងសភាពជាបុត្រមនុស្ស ហើយគង់នៅក្នុងចំណោមយើងខ្ញុំរាល់គ្នា
—សូមព្រះអង្គបំផ្លាស់បំប្រែអស់អ្នកដែលបានទទួលស្គាល់ព្រះអង្គ ឱ្យទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ផង។ (បន្ទរ)

ព្រះអង្គតែងតែព្រះសណ្តាប់សេចក្តីត្រូវការរបស់អស់អ្នកដែលស្រែករកព្រះអង្គ
—សូមព្រះអង្គនាំអស់អ្នកដែលអង្វរករព្រះអង្គនៅមាត់ទ្វារ ឱ្យពួកគេបានចូលទៅក្នុងពិធីមង្គលការនៃកូនចៀមផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ !
យើងខ្ញុំសូមលើកតម្កើងព្រះអង្គ ដែលជាទីពឹងដ៏មាំមួនការពារយើងខ្ញុំជានិច្ច។
សូមព្រះអង្គបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ និងគាំទ្រយើងខ្ញុំ
ហើយសង្គ្រោះយើងខ្ញុំ នៅពេលខាងមុខនេះ
សូមកុំឲ្យអំពើបាបរបស់យើងខ្ញុំរារាំងផ្លូវព្រះអង្គឡើយ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។