០២ ធ្នូ ២០២៥

Written on 26/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី១ ថ្ងៃអង្គារ

 (ពេលល្ងាច)

ថ្ងៃអង្គារ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ៥។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ២០

ពាក្យ​ទូល‌អង្វរ​សុំ​ជ័យ‌ជម្នះរបស់ព្រះរាជា

ពេលនោះ អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការ​សង្រ្គោះ (កក ២,២១)។

បន្ទរទី១ ៖ ព្រះអម្ចាស់នឹងសង្គ្រោះព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក។

សូមព្រះអម្ចាស់ឆ្លើយតបនឹងព្រះករុណានៅថ្ងៃមានអាសន្ន
សូមព្រះនាមព្រះរបស់លោកយ៉ាកុបការពារព្រះករុណា

សូមព្រះអង្គជួយព្រះរាជាពីព្រះវិហាររបស់ព្រះអង្គ
សូមព្រះអង្គគាំទ្រព្រះករុណាពីភ្នំស៊ីយ៉ូនមក! ។

សូមឱ្យព្រះអង្គនឹកឃើញតង្វាយទាំងប៉ុន្មានរបស់ព្រះរាជា
សូមឱ្យព្រះអង្គគាប់ព្រះហឫទ័យនឹងយញ្ញបូជា ដែលព្រះករុណាយកមកថ្វាយ។

សូមព្រះអង្គប្រទាននូវអ្វីៗមកព្រះរាជាតាមប្រាថ្នា
និងធ្វើឱ្យគម្រោងការរបស់ព្រះករុណាបានសម្រេចទាំងអស់។

យើងនឹងអបអរសាទរជ័យជម្នះរបស់ព្រះរាជា
យើងនឹងលើកទង់ជ័យឡើងក្នុងព្រះនាមព្រះជាម្ចាស់របស់យើង។
សូមព្រះអម្ចាស់សម្រេចតាមសេចក្តីទាំងប៉ុន្មានដែលព្រះរាជាទូលសុំ។

ឥឡូវនេះ ខ្ញុំដឹងច្បាស់ថា
ព្រះអម្ចាស់សង្គ្រោះព្រះរាជាដែលព្រះអង្គបានចាក់ប្រេងអភិសេក
ព្រះអង្គឆ្លើយតបនឹងព្រះរាជាពីទីសក្ការៈរបស់ព្រះអង្គនៅស្ថានបរមសុខមក
គឺព្រះអង្គប្រទានឱ្យស្តេចមានជ័យជម្នះ ដោយសារឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ។

អ្នកខ្លះពឹងផ្អែកលើរទេះចំបាំង អ្នកខ្លះពឹងផ្អែកលើទ័ពសេះ
រីឯយើងវិញ យើងទុកចិត្តលើព្រះនាមព្រះអម្ចាស់ជាព្រះរបស់យើង។

អ្នកទាំងនោះនឹងត្រូវបាក់ទ័ពបរាជ័យ
រីឯយើងវិញ យើងនៅមានជំហរយ៉ាងរឹងប៉ឹងមាំមួន។
១០
ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះព្រះរាជាឱ្យមានជ័យជម្នះ!
ពេលយើងខ្ញុំអង្វររកព្រះអង្គ សូមឆ្លើយតបមកយើងខ្ញុំវិញផង!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់នឹងសង្គ្រោះព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក។

ទំនុកតម្កើងលេខ ២១,២-៨.១៤

ពាក្យ​អរ​ព្រះ‌គុណ​ចំពោះ​ជ័យ‌ជម្នះរបស់ព្រះរាជា

ព្រះអង្គបានទទួលជីវិត ហេតុដូច្នេះ ព្រះអង្គអាចក្រោកឡើងពីសេចក្តីស្លាប់ ហើយមានព្រះជន្មគង់នៅអស់កល្បជានិច្ច (សន្តហ៊ីលឡារី)។

បន្ទរទី២ ៖ យើងខ្ញុំនឹងច្រៀង ហើយស្មូត្រលើកតម្កើងឫទ្ធានុភាពរបស់ព្រះអង្គ។

(បទកាកគតិ)

២- បពិត្រព្រះម្ចាស់ រាជាអរណាស់ ព្រោះតែឫទ្ធា
  នុភាពព្រះអង្គ ដែលជួយការពារ ឱ្យព្រះករុណា
    មានជោគមានជ័យ
៣- ព្រះអង្គប្រទាន ឱ្យរាជាបាន ទទួលអ្វីៗ
  ទ្រង់មិនបដិសេធ ពាក្យអង្វរស្តី ទៅតាមព្រះទ័យ
    របស់រាជា
៤- ព្រះអង្គប្រទាន ពរជ័យឱ្យមាន ដល់ស្តេចគ្រប់គ្រា
  ទ្រង់ពាក់មកុដមាស ពីលើសិរសា នៃព្រះករុណា
    រុងរឿងប្រណីត
៥- រាជាទូលសូម ព្រះអង្គក៏ព្រម ប្រទានជីវិត
  ឱ្យព្រះករុណា ព្រះជន្មវែងពិត ដោយគ្មានកម្រិត
    អង្វែងឥតស្រាន្ត
៦- ដោយព្រះអម្ចាស់ មានជ័យជម្នះ រាជាក៏បាន
  ទទួលសិរី រុងរឿងថ្កើងថ្កាន អម្ចាស់ប្រទាន
    ថ្លៃថ្លាឧត្តម
៧- ព្រះអង្គតែងតាំង រាជាឱ្យនាំ ព្រះពរសក្តិសម
  ទ្រង់គង់ជាមួយ រាជារឹងមាំ ហើយមានទាំងព្រម
    អំណរបរិបូណ៌
៨- រាជាផ្អែកពឹង បង្អែកពំនឹង គ្មានចិត្តផ្លាស់ប្តូរ
  ហឫទ័យស្មោះត្រង់ បរិសុទ្ធហែហូរ ព្រះរាជ្យយឺនយូរ
    ឥតមានរង្គោះ
១៤- ឱព្រះអម្ចាស់ សូមមេត្តាប្រោស កុំផ្ទំទៀតអី
  មេត្តាតើនឡើង សម្តែងបារមី ខ្ញុំច្រៀងបទថ្វាយ
    តម្កើងព្រះអង្គ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ យើងខ្ញុំនឹងច្រៀង ហើយស្មូត្រលើកតម្កើងឫទ្ធានុភាពរបស់ព្រះអង្គ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩-១០.១២)

ទំនុកតម្កើងនៃអ្នកទទួលការសង្រ្គោះ

បន្ទរទី៣ ៖ ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង។

១១ “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង
ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ
ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។

គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន
និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់
ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០
ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ
បម្រើព្រះជាម្ចាស់របស់យើង ហើយយើងនឹងគ្រងរាជ្យលើផែនដី”។
១២ “កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជ្យសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ​
ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង”។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១,៧-៩)

ហេតុ​នេះ នៅ​ពេល​ដែល​បង‌ប្អូន​កំពុង​រង់‌ចាំ​ព្រះ‌យេស៊ូ‌គ្រីស្ដ ជា​ព្រះ‌អម្ចាស់​របស់​យើង​យាង​មក​យ៉ាង​រុងរឿង​នោះ បង‌ប្អូន​មិន​ខ្វះ​ព្រះ‌អំណោយ ទានអ្វី​ឡើយ។
ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​បង‌ប្អូន​បាន​ខ្ជាប់‌ខ្ជួន​រហូត​ដល់​ទី​បំផុត ឥត​មាន​ទោស‌ពៃរ៍​អ្វី នៅ​ថ្ងៃ​ដែល​ព្រះ‌យេស៊ូ‌គ្រីស្ដ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក​ដល់។
ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឲ្យ​រួម​រស់​ជា​មួយ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ គឺ​ព្រះ‌យេស៊ូ‌គ្រីស្ដ​ជា​ព្រះ‌អម្ចាស់នៃ​យើង។

បន្ទរ៖ ឱព្រះ‌ជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា ! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
—សូម​ទត​មក​យើង​ខ្ញុំ​ដោយព្រះ‌ហឫទ័យ​សប្បុរស​ផង នោះ​យើង​ខ្ញុំ នឹង​បាន​រួច​ជីវិត!។ បន្ទរ៖*…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

អាទិត្យទី១៖ ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់ ក្នុង​ពេល​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យឲ្យ​អ្នក​រាល់​គ្នា​រក​ព្រះ‌អង្គ​ឃើញ ចូរ​អង្វរ​រក​ព្រះ‌អង្គ ក្នុង​ពេល​ដែល​ព្រះ‌អង្គ​គង់​នៅ​ជិត​អ្នក​រាល់​គ្នា។

ពាក្យអង្វរសកល ៖ អាទិត្យទី១&៣

ព្រះបន្ទូលដែលគង់នៅអស់កល្បជានិច្ច បានប្រសូតជាមនុស្ស ដើម្បីបង្ហាញឱ្យយើងខ្ញុំស្គាល់ផ្លូវទៅកាន់ជីវិតថ្មី។
ចូរយើងទូលអង្វរព្រះអង្គ ដោយចិត្តរាបសាថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ សូមយាងមកសង្រ្គោះយើងខ្ញុំផង!

ដោយសារព្រះជាម្ចាស់ យើងខ្ញុំមានជីវិត មានចលនា និងមានភាពជារបស់ខ្លួន
—សូមព្រះអង្គយាងមកប្រៀនប្រដៅដល់យើងខ្ញុំ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គបានបង្កើតមក ទុកជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ។ (បន្ទរ)

ព្រះអង្គមិនគង់នៅឆ្ងាយពីយើងទេ
—សូមបង្ហាញព្រះអង្គឱ្យអស់អ្នកដែលស្វែងរកទ្រង់បានស្គាល់ផង។ (បន្ទរ)

ព្រះអង្គជាបិតានៃអ្នកក្រខ្សត់ និងជាបិតាលួងលោមអស់អ្នកដែលកើតទុក្ខព្រួយ
—សូមព្រះអង្គយាងមកដោះលែងជនជាប់ជាឈ្លើយ ឱ្យមានសេរីភាព និងប្រទានអំណរសប្បាយដល់អ្នកដែលយំសោកផង។ (បន្ទរ)

ព្រះអង្គសព្វព្រះហឫទ័យប្រទានជីវិតឱ្យមនុស្សលោក ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យមនុស្សបាត់បង់ជីវិតទេ
—សូមព្រះអង្គមេត្តាដោះលែងមនុស្សជាតិឱ្យរួចផុតពីសេចក្តីស្លាប់អស់កល្បជានិច្ច។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា !
ព្រះអង្គជាទីពឹង និងជាខែលការពារយើងខ្ញុំជានិច្ច។
សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ
ដែលកំពុងជួបប្រទះទុក្ខលំបាកគ្រប់យ៉ាងក្នុងលោកនេះ។
សូមព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គគង់នៅជាមួយយើងខ្ញុំ
ហើយប្រទានពរឲ្យយើងខ្ញុំមានចិត្តក្លាហាន និងជៀសផុតពីអំពើបាបនានា។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។