រដូវរង់ចាំ សប្ដាហ៍ទី១ ថ្ងៃអាទិត្យ (ល្ងាចទី១)
ថ្ងៃសៅរ៍ (ពេលល្ងាច)
ចាប់ពីអាទិត្យទី១ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៤១,១-៩
ពាក្យអធិដ្ឋានក្នុងគ្រាមានអាសន្ន
“ផ្សែងគ្រឿងក្រអូបនោះក៏ហុយចេញពីដៃទេវទូតឡើងទៅលើ ជាមួយពាក្យអធិដ្ឋានរបស់ប្រជាជនដ៏វិសុទ្ធ នៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់” (វវ ៨,៤)។
បន្ទរទី១ ៖ ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានា! មើល៍ហ្ន៎! ព្រះអង្គយាងមកសង្គ្រោះអ្នករាល់គ្នាហើយ!
១ ឱព្រះអម្ចាស់អើយ! ទូលបង្គំសូមអង្វរព្រះអង្គ សូមមេត្តាយាងមកជួយទូលបង្គំជាប្រញាប់! ពេលទូលបង្គំអង្វរព្រះអង្គ សូមផ្ទៀងព្រះការណ៍ស្តាប់ទូលបង្គំផង!
២ សូមឱ្យពាក្យអធិដ្ឋានរបស់ទូលបង្គំឡើងទៅដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូប សូមទទួលពាក្យសរសើរតម្កើងរបស់ទូលបង្គំ ដូចតង្វាយនៅពេលល្ងាច!
៣ ឱព្រះអម្ចាស់អើយ! សូមរក្សាមាត់ទូលបង្គំ សូមកុំឱ្យទូលបង្គំពោលពាក្យអាក្រក់ឡើយ។
៤ សូមកុំបណ្តោយឱ្យចិត្តទូលបង្គំ លំអៀងទៅរកអំពើអាក្រក់ ហើយប្រព្រឹត្តអំពើទុច្ចរិតរួមជាមួយមនុស្សទុច្ចរិត សូមកុំឱ្យទូលបង្គំចូលរួមជប់លៀងជាមួយពួកគេឡើយ។
៥ បើមនុស្សសុចរិតវាយប្រដៅ និងស្តីបន្ទោសទូលបង្គំ ដោយចិត្តស្មោះត្រង់ ទូលបង្គំមិនប្រកែកទេ ព្រោះជាការល្អចំពោះទូលបង្គំ ប្រៀបដូចជាទឹកអប់ហូរលើក្បាលទូលបង្គំ។ ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិដ្ឋាន តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។
៦ សូមឱ្យចៅក្រមរបស់ពួកនោះ ត្រូវគេច្រានទម្លាក់ទៅក្នុងក្រហែងថ្ម ហើយសូមឱ្យបច្ចាមិត្តស្ដាប់សេចក្ដី ដែលទូលបង្គំនិយាយដោយសុទ្ធចិត្ត។
៧ “ដីប្រេះចេញពីគ្នាយ៉ាងណា សូមឱ្យស្ថានមនុស្សស្លាប់បើកចំហ លេបឆ្អឹងរបស់គេដែលនៅរាយប៉ាយ គ្រប់ទីកន្លែងយ៉ាងនោះដែរ”។
៨ បពិត្រព្រះជាអម្ចាស់! ទូលបង្គំសម្លឹងទៅរកព្រះអង្គជានិច្ច ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ សូមកុំបណ្តោយឱ្យទូលបង្គំបាត់បង់ជីវិត។
៩ សូមការពារទូលបង្គំឱ្យរួចផុតពីអន្ទាក់ ដែលគេដាក់ចាំចាប់ទូលបង្គំ សូមកុំឱ្យទូលបង្គំធ្លាក់ទៅក្នុងរណ្តៅរបស់មនុស្សទុច្ចរិតឡើយ។
សូមកោតសរសើរ...
បន្ទរ៖ ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានា! មើល៍ហ្ន៎! ព្រះអង្គ យាងមកសង្គ្រោះអ្នករាល់គ្នាហើយ!
ទំនុកតម្កើងលេខ ១៤២
ព្រះអង្គជាជម្រករបស់ទូលបង្គំ
អ្វីដែលបានសរសេរនៅក្នុងទំនុកតម្កើងនេះ ត្រូវបានបំពេញនៅក្នុងទុក្ខលំបាករបស់ព្រះអម្ចាស់យើង (សន្តហ៊ីលឡារី)។
បន្ទរទី២ ៖ ព្រះអម្ចាស់នឹងយាងមក ហើយប្រជាជនដ៏វិសុទ្ធទាំងអស់ របស់ព្រះអង្គក៏មកជាមួយដែរ។ នៅថ្ងៃនោះ នឹងមាន ឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច អាលេលូយ៉ា !
(បទកាកគតិ)
| ២- | ខ្ញុំខំបន្លឺ | សម្លេងរន្ទឺ | អង្វរព្រះម្ចាស់ |
| ស្រែកដោយទទូច | ឱ្យទ្រង់ឮច្បាស់ | ព្រោះរូបខ្ញុំនេះ | |
| វេទនាពេកក្រៃ | ។ | ||
| ៣- | ខ្ញុំទូលព្រះអង្គ | ឱ្យបានជ្រាបផង | នូវអស់អត្ថន័យ |
| ពីពាក្យត្អូញត្អែរ | ទុក្ខសោករីងរៃ | វេទនារាល់ថ្ងៃ | |
| ស្ទើរក្ស័យជីវិត | ។ | ||
| ៤- | ពេលទូលបង្គំ | មានទុក្ខក្រៀមក្រំ | បាក់ធ្លាក់ទឹកចិត្ត |
| ព្រះអង្គជ្រាបច្បាស់ | ពីដំណើរពិត | ពួកគេជុំជិត | |
| ដាក់អន្ទាក់ខ្ញុំ | ។ | ||
| ៥- | សូមទ្រង់ទតចុះ | គ្មាននរណាសោះ | អើពើទូលបង្គំ |
| គ្មានទីជ្រកកោន | ឱ្យបានសមរម្យ | នរណាក៏ពុំ | |
| រវល់ឡើយណា | ។ | ||
| ៦- | បពិត្រព្រះម្ចាស់ | ខ្ញុំស្រែកពោលនេះ | អង្វរទ្រង់ថា |
| ទ្រង់ជាជម្រក | នៅក្នុងលោកា | គ្មានអ្វីអស្ចារ្យ | |
| ជាងព្រះអង្គឡើយ | ។ | ||
| ៧- | សូមទ្រង់ប្រណី | សម្តែងហឫទ័យ | កុំបីកន្តើយ |
| ដ្បិតទូលបង្គំ | ទាល់ច្រកអស់ហើយ | រំដោះឱ្យស្បើយ | |
| ពីជនអប្រីយ៍ | ។ | ||
| ៨- | សូមដោះលែងខ្ញុំ | ផុតពីទុក្ខធំ | មានសិទ្ធិសេរី |
| ដើម្បីខ្ញុំអាច | ថ្កើងព្រះនាមល្បី | ចំណោមប្រុសស្រី | |
| នៃជនសុចរិត | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ៖ ព្រះអម្ចាស់នឹងយាងមក ហើយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ ព្រះអង្គក៏មកជាមួយដែរ។ នៅថ្ងៃនោះ នឹងមានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច អាលេលូយ៉ា !
បទលើកតម្កើងតាមលិខិតទៅភីលីព (ភីល ២,៦-១១)
ព្រះគ្រីស្ដជាអ្នកបម្រើរបស់ព្រះជាម្ចាស់
បន្ទរទី៣ ៖ ពេលនោះ ព្រះអម្ចាស់នឹងសម្ដែងសិរីរុងរឿងឱ្យមនុស្សលោកឃើញ ក្នុងពេលជាមួយគ្នា។
៦ ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈ ដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។
៧ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។
៨ ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។
៩ ហេតុនេះហើយ បានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គ មានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
១០ ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ
១១ និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។
សូមកោតសរសើរ...
បន្ទរ៖ ពេលនោះ ព្រះអម្ចាស់នឹងសម្ដែងសិរីរុងរឿងឱ្យមនុស្សលោក ឃើញក្នុងពេលជាមួយគ្នា។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ថស ៥,២៣-២៤)
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
អាទិត្យទី១៖ មើល ព្រះអម្ចាស់ផ្ទាល់នឹងយាងមកពីចម្ងាយ ផែនដីទាំងមូលពោរពេញទៅដោយសិរីរុងរឿងរបស់ព្រះអង្គ!
ពាក្យអង្វរសកល ៖ អាទិត្យទី១&៣
បន្ទរ៖ ឱព្រះអម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ !
—ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក។ (បន្ទរ)
—សូមព្រះអង្គយាងមកសង្រ្គោះយើងខ្ញុំនៅពេលនេះ។ (បន្ទរ)
—សូមព្រះអង្គយាងមកសង្រ្គោះស្នាព្រះហស្តដែលព្រះអង្គបានបង្កើតមក។ (បន្ទរ)
—សូមយាងមកប្រោសយើងខ្ញុំ ឱ្យរួចផុតពីអំណាចនៃសេចក្តីស្លាប់។ (បន្ទរ)
—សូមប្រទានជីវិតដែលមិនចេះចប់មកយើងខ្ញុំផង។ (បន្ទរ)
—សូមព្រះអង្គយាងមកប្រមូលផ្តុំអស់អ្នកដែលទន្ទឹងរង់ចាំ ចង់ឃើញព្រះភក្ត្រព្រះអង្គផង។ (បន្ទរ)
ធម៌ "ឱព្រះបិតា"
ពាក្យអធិដ្ឋាន
អាទិត្យទី១៖ បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គមានព្រះបន្ទូលសន្យាថានឹងប្រែផៃ្ទមេឃ និងផែនដីឲ្យបានថ្មីល្អឥតខ្ចោះ។
សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំយកចិត្តទុកដាក់នឹងសញ្ញាសម្គាល់ ដែលបង្ហាញពីព្រះបុត្រាព្រះអង្គកំពុងយាងមក។
សូមប្រោសឲ្យយើងខ្ញុំមានសេចក្តីក្លាហាន និងប្រុងស្មារតីជានិច្ច ក្នុងការកសាងពិភពលោកថ្មី ស្របតាមព្រះហឫទ័យព្រះអង្គ។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។