២៣ កក្កដា ២០២៦

Written on 02/03/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី១៦ ថ្ងៃព្រហស្បតិ៍

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ចូរ​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គដោយ​ច្រៀង​យ៉ាង​សប្បាយ! ។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១៤៣,១-១១

ពាក្យអធិដ្ឋាននៅពេលមានទុក្ខព្រួយ

ព្រះ‌ជាម្ចាស់​ពុំ​ប្រោស​មនុស្ស​ឱ្យ​សុចរិត ដោយ​ការ​ប្រព្រឹត្ត​តាម​វិន័យ​ទេ គឺសុចរិត​ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ‌គ្រីស្ត​វិញ (កាឡ ២,១៦)។

បន្ទរទី១ ៖ សូម​សម្ដែង​ឱ្យទូលបង្គំស្គាល់​ព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គតាំង​ពី​ព្រលឹម។

ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យអធិស្ឋាន​របស់​ទូលបង្គំផង
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យទទូច​អង្វរ​របស់​ទូល‌បង្គំ!
សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ ដោយ​ព្រះ‌ហឫទ័យសុចរិត​ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ។

សូម​កុំ​យក​ទូល‌បង្គំដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ទៅ​កាត់​ក្តី​ឡើយ
ដ្បិត​គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​នៅ​ចំពោះព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ទេ។

ខ្មាំង​សត្រូវ​តាម​យាយី​ទូល‌បង្គំ គេ​ជាន់​ឈ្លីជីវិត​ទូល‌បង្គំ
គេ​យក​ទូល‌បង្គំ​ទៅ​ឃុំ​ទុក​ក្នុង​ទី​ងងឹត ដូច​មនុស្ស​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។

ទូល‌បង្គំ​បាក់​ទឹក​ចិត្ត​ជា​ខ្លាំង ទូល‌បង្គំ​ទាល់​គំនិត។

ទូល‌បង្គំ​នឹក​ទៅ​ដល់​ជំនាន់​ដើម
ទូល‌បង្គំ​សញ្ជឹង​គិត​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មានដែល​ព្រះ‌អង្គ​បាន​ធ្វើ
ទូល‌បង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។

ទូល‌បង្គំ​លើក​ដៃ​អង្វរ​ព្រះ‌អង្គ
ទូល‌បង្គំ​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ ប្រៀប​ដូច​ជា​ដី​ហួត‌ហែង។

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឆ្លើយ​តប​មក​ទូល‌បង្គំជា​ប្រញាប់
ដ្បិត​ទូល‌បង្គំពុំអាច​ទ្រាំ​ត​ទៅ​ទៀត​ទេ!
សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូល‌បង្គំឡើយ
ដ្បិត​ទូល‌បង្គំ​ដូច​ជា​មនុស្ស​ធ្លាក់​ក្នុង​រណ្ដៅ។

សូម​សម្ដែង​ឱ្យ​ទូល‌បង្គំ​ស្គាល់​ព្រះ‌ហឫទ័យមេត្តា‌ករុណា​របស់​ព្រះ‌អង្គ​តាំង​ពី​ព្រលឹម
ដ្បិត​ទូល‌បង្គំផ្ញើជីវិត​លើ​ព្រះ‌អង្គ​ហើយ។
សូម​ប្រោស​ប្រទាន​ឱ្យ​ទូល‌បង្គំស្គាល់​ផ្លូវដែល​ទូល‌បង្គំត្រូវ​ដើរ
ដ្បិត​ទូល‌បង្គំផ្ចង់​ចិត្ត​ទៅ​រក​ព្រះ‌អង្គ។

ឱ​ព្រះ‌អម្ចាស់​អើយ សូម​រំដោះ​ទូល‌បង្គំឱ្យ​រួច​ពី​ខ្មាំង​សត្រូវ
ទូល‌បង្គំមក​ជ្រក​កោន​នៅ​ក្បែរ​ព្រះ‌អង្គ។
១០
សូម​បង្រៀន​ទូល‌បង្គំឱ្យ​ធ្វើតាម​ព្រះ‌ហឫទ័យរបស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ
សូម​ព្រះ‌វិញ្ញាណ​ដ៏​សប្បុរស​របស់​ព្រះ‌អង្គដឹក​នាំទូល‌បង្គំ ឱ្យ​ដើរ​ក្នុង​មាគ៌ា​ដែល​គ្មាន​ឧបសគ្គ។
១១
ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រទាន​ឱ្យ​ទូល‌បង្គំ​មាន​ជីវិត​ឡើង​វិញ
ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។
សូម​នាំ​ទូល‌បង្គំ​ចេញ​ពី​ភាព​អាសន្ន ដោយ​ព្រះ‌ហឫទ័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូម​សម្ដែង​ឱ្យទូលបង្គំស្គាល់​ព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គតាំង​ពី​ព្រលឹម។

បទលើកតម្កើងតាមព្យាការីអេសាយ (អស ៦៦,១០-១៤ក)

អំណរសប្បាយនៃស្ថានបរមសុខ

រីឯ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​លើ​វិញ​ គឺ​ស្ត្រីអ្នក​ជា​ដែល​ជា​មាតា​របស់​យើង​ហ្នឹង​ហើយ (កាឡ ៤,២៦)។

បន្ទរទី២ ៖ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ឱ្យសេចក្ដីសុខសាន្តហូរ​មក​ក្រុង​នេះ ដូច​ទឹក​ទន្លេ។

(បទកាកគតិ)

១០- ឱអ្នកទាំងអស់ ដែលស្រឡាញ់ស្មោះ យេរូសាឡឹម
  ចូរអរសប្បាយ ទាំងក្តីសង្ឃឹម គ្រប់គ្នាញញឹម
    កុំបីសៅហ្មង
  អស់អ្នកកាន់ទុក្ខ អាណិតមុខជ្រប់ ដល់ក្រុងនេះផង
  ចូរអរសប្បាយ រីករាយវិញម្តង រួមជាមួយក្រុង
    សាឡឹមនេះដែរ
១១- សូមគ្រប់កាយា ស្កប់ក្នុងចិន្តា បានសុខល្ហើយល្ហែ
  ដូចកូនដែលម្តាយ បីបមថ្នមថែ បំបៅនៅក្បែរ
    គ្មានពេលឃ្លាឃ្លាត
  អ្នករាល់គ្នានឹង បានសុខថ្កុំថ្កើង ឥតបីរវាត
  រុងរឿងសិរី ដោយក្រុងនេះទៀត អស់ទាំងមិត្តញាតិ
    បានសុខគ្រប់គ្រា
១២- ដ្បិតព្រះអម្ចាស់ មានបន្ទូលច្បាស់ ថានឹងបង្ហៀរ
  សេចក្តីសុខសាន្ត លើក្រុងអ្នកជា ដូចទន្លេហៀរ
    ទឹកធ្លាក់មិនដាច់
  យើងនឹងបង្ហូរ ធនធានបរិបូណ៌ មកឯងឥតភ្លេច
  របស់ជនជាតិ ដទៃជាស្រេច ឥតមានកែគេច
    ដូចទឹកលិចច្រាំង
  យើងនឹងថ្នមថ្នាក់ ទៅដល់អស់អ្នក ដូចម្តាយទូទាំង
  បីបមថ្នមកូន បំបៅគ្របបាំង ក្រសោបព្រមទាំង
    លើកដាក់លើភ្លៅ
១៣- ម្តាយតែងថ្នាក់ថ្នម កូនដោយបីបម មិនឱ្យអាស្រូវ
  ដូចយើងថ្នមថ្នាក់ អ្នកឱ្យស្ថិតនៅ ក្នុងក្រុងតទៅ
    លែងមានព្រាត់ប្រាស
១៤- កាលណាឃើញក្រុង យេរូសាឡឹម សុខសាន្តដូច្នេះ
  អ្នករាល់គ្នានឹង សប្បាយពេកណាស់ សាច់ឈាមថ្លាស្រស់
    ដូចស្មៅខៀវខ្ចី
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ឱ្យសេចក្ដីសុខសាន្តហូរ​មក​ក្រុង​នេះ ដូច​ទឹក​ទន្លេ។

ទំនុកតម្កើងលេខ ១៤៧,១-១១

ព្រះហឫទ័យសប្បុរសរបស់ព្រះជាម្ចាស់អាចសម្រេចគ្រប់កិច្ចការទាំងអស់

ព្រះអង្គជាព្រះជាម្ចាស់ យើងខ្ញុំសូមកោតសរសើរព្រះអង្គ!
ព្រះអង្គជាព្រះអម្ចាស់ យើងខ្ញុំសូមអបអរសាទរព្រះអង្គ!

បន្ទរទី៣ ៖ ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ !

អាលេលូយ៉ា! ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ​នៃ​យើង ជា​ការ​ល្អ​ប្រពៃ​ណាស់
សរសើរ​តម្កើង​ព្រះ‌អង្គជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។

ព្រះ‌អម្ចាស់​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ
ព្រះ‌អង្គ​នាំ​ជន​ជាតិ​អ៊ីស្រា‌អែលដែល​ខ្ចាត់‌ខ្ចាយ​ឱ្យ​ត្រឡប់​មក​វិញ។

ព្រះ‌អង្គ​ប្រោស​អ្នក​ដែល​មាន​ចិត្ត​គ្រាំ‌គ្រាឱ្យ​បាន​ធូរ​ស្បើយ ព្រះ‌អង្គ​រុំរបួស​ឱ្យ​គេ។

ព្រះ‌អង្គ​រាប់​ចំនួន​ផ្កាយ​ទាំង​ប៉ុន្មាន ហើយ​ព្រះ‌អង្គ​ដាក់​ឈ្មោះ​ឱ្យ​ផ្កាយ​ទាំង​នោះ។

ព្រះ​របស់​យើង​ធំ​ឧត្តុង្គ‌ឧត្ដម ព្រះ‌អង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​បំផុត
ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ឥត​មាន​ព្រំ‌ដែន​ឡើយ។

ព្រះ‌អម្ចាស់​ជួយ​គាំ‌ទ្រ​ជន​ក្រីក្រ តែ​ព្រះ‌អង្គ​បន្ទាប​មនុស្ស​អាក្រក់​ដល់​ដី។

ចូរ​នាំ​គ្នា​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់
ចូរ​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ​នៃ​យើង ទាំង​ដេញ​ពិណ​កំដរ​ផង!

ព្រះ‌អង្គ​ធ្វើឱ្យ​មាន​ពពក​បាំង​បិទ​ផ្ទៃ​មេឃ
ព្រះ‌អង្គ​រៀប‌ចំ​ឱ្យ​មានភ្លៀង​ធ្លាក់​មក​លើ​ផែន‌ដី
ព្រះ‌អង្គ​ធ្វើឱ្យ​មាន​ស្មៅ​ដុះ​នៅ​តាម​ភ្នំ

ព្រះ‌អង្គ​ប្រទាន​ចំណី​ដល់​សត្វ​ពាហនៈ ហើយ​ពេល​កូន​ក្អែក​យំ
ព្រះ‌អង្គ​ក៏​ប្រទាន​ចំណី​ដល់​វា​ដែរ។
១០
ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កម្លាំង​របស់​សេះ​ទេ
ហើយ​ព្រះ‌អង្គ​ក៏​មិន​រវី‌រវល់​នឹង​កម្លាំង​កាយរបស់​មនុស្ស​ដែរ
១១
តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ
គឺ​អស់​អ្នក​ដែល​ផ្ញើជីវិត​លើ​ព្រះ‌ហឫទ័យមេត្តា‌ករុណា​របស់​ព្រះ‌អង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរ​យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,១៨-២១)

ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នា​បច្ចុប្បន្ន‌កាល ពុំ​អាច​ប្រៀប​ផ្ទឹម​នឹង​សិរី‌រុង​រឿង ដែល​ព្រះ‌ជាម្ចាស់​សម្ដែង​ឱ្យ​យើង​ឃើញ នៅ​អនាគត‌កាល​នោះ​ឡើយ។ អ្វីៗ​សព្វសារពើ​ដែល​ព្រះ‌អង្គ​បង្កើត​មក កំពុង​តែ​អន្ទះ‌អន្ទែង ទន្ទឹង​រង់‌ចាំ​ពេល​ដែល​ព្រះ‌ជាម្ចាស់​នឹង​បង្ហាញ​បុត្រ‌ធីតា​របស់​ព្រះ‌អង្គ ដ្បិត​អ្វីៗ​ទាំង​អស់​នោះ​បែរ​ទៅ​ជា​ឥត​ន័យ តែ​មិន​មែន​ដោយ​ចិត្ត​ឯង​ទេ គឺ​ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ដូច្នេះ។ ពិភពលោក​នៅ​តែ​មាន​សង្ឃឹម​ថា ព្រះ‌អង្គ​នឹង​លោះ​ឱ្យ​រួច​ផុត​ពី​វិនាស​អន្តរាយ ដើម្បី​ឱ្យ​មាន​សេរី‌ភាព និង​សិរី‌រុង​រឿង​នៃ​បុត្រ‌ធីតា​របស់​ព្រះជាម្ចាស់។

បន្ទរ៖ ទូលបង្គំស្រែកអង្វរព្រះ‌អង្គ *តាំងពីមុនថ្ងៃរះទៅទៀត។ បន្ទរឡើងវិញ៖…
-ព្រះអង្គតែងតែសង្រ្គោះទូលបង្គំជានិច្ច។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ សូមព្រះអម្ចាស់ប្រោសឱ្យប្រជារាស្ដ្រ​របស់​ព្រះអង្គដឹង​ថា​ ព្រះ‌អង្គសង្គ្រោះគេ ដោយ​លើក‌លែងទោស​ឱ្យគេ​រួច​ពី​បាប។

ពាក្យអង្វរសកល

ចូរយើងទូលអង្វរព្រះជាម្ចាស់ ដែលប្រទានការសង្រ្គោះមកឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! ព្រះអង្គជាជីវិតរបស់យើងខ្ញុំ។

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់ ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ យើងខ្ញុំត្រឡប់មករស់នៅក្នុងជីវិត ដោយមានសេចក្តីសង្ឃឹមឡើងវិញ
—ដោយសារព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញ។ (បន្ទរ)

ព្រះអង្គបានបង្កើតមនុស្សជារូបតំណាងរបស់ព្រះអង្គ ហើយព្រះអង្គបានបង្កើតគេសាជាថ្មីនៅក្នុងអង្គព្រះគ្រីស្ត
—សូមព្រះអង្គសូនយើងខ្ញុំឱ្យមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គផង។ (បន្ទរ)

សូមព្រះអង្គចាក់បង្ហូរសេចក្តីស្រឡាញ់របស់ព្រះអង្គ តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ
—សូមព្រះអង្គព្យាបាលរបួសដែលមាននៅក្នុងដួងចិត្តយើងខ្ញុំ ដោយសារតែការស្អប់ខ្ពើម និងច្រណែនឈ្នានីសផង។ (បន្ទរ)

នៅថ្ងៃនេះ សូមព្រះអង្គប្រទានឱ្យកម្មករមានការងារធ្វើ ឱ្យអ្នកស្រេកឃ្លានមានអាហារបរិភោគ និងឱ្យអ្នកកើតទុក្ខព្រួយ មានអំណរសប្បាយវិញ
—សូមព្រះអង្គប្រទានព្រះអំណោយទាន និងការប្រោសលោះដល់មនុស្សទាំងឡាយផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមឱ្យការសង្រ្គោះដែលមកពីព្រះអង្គ បំភ្លឺដួងចិត្តយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំរួចផុតពីភាពភ័យខ្លាច និងផុតពីអំណាចរបស់ខ្មាំងសត្រូវយើងខ្ញុំ ហើយឱ្យយើងខ្ញុំអាចគោរពបម្រើព្រះអង្គបានដោយចិត្តស្មោះស្ម័គ្រ រហូតអស់មួយជីវិតផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។