១ កក្កដា ២០២៦

Written on 26/02/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី១៣ ថ្ងៃពុធ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ដែល​បាន​បង្កើត​យើង​មក។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៣៦

អំពើទុច្ចរិតរបស់មនុស្សបាប និងសេចក្ដីសុចរិតរបស់ព្រះអម្ចាស់

អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងសេចក្តីងងឹត​ឡើយ
គឺគេមានពន្លឺនាំគេទៅកាន់ជីវិត (យហ ៨,១២)។

បន្ទរទី១ ៖ បពិត្រព្រះជាម្ចាស់ ! យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។

ខ្ញុំនឹកឃើញពាក្យរបស់ជនពាល ដែលនិយាយក្នុងពេលបះបោរថា
“មិនបាច់គោរពកោតខ្លាចព្រះអម្ចាស់ទេ”។

គេបញ្ចើចបញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេក
រហូតមិនអាចទទួលស្គាល់ថា
ខ្លួនមានកំហុសគួរឱ្យស្អប់នោះឡើយ។

គេពោលសុទ្ធតែពាក្យកុហកបោកប្រាស
គេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។

សូម្បីតែនៅពេលដេក
ក៏គេគិតតែពីគម្រោងការនៃការធ្វើអំពើអាក្រក់ដែរ
គេមានចិត្តមានៈ ដើរក្នុងផ្លូវមិនល្អ
គេមិនព្រមបោះបង់អំពើអាក្រក់ឡើយ។

បពិត្រព្រះអម្ចាស់!
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។

ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ មានកម្ពស់ដូចភ្នំដ៏ខ្ពស់បំផុត
ព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។
បពិត្រព្រះអម្ចាស់!
ព្រះអង្គសង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។

បពិត្រព្រះជាម្ចាស់!
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គមានតម្លៃដ៏លើសលប់បំផុត!
មនុស្សលោកមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ

ព្រះអង្គប្រទានអាហារយ៉ាងបរិបូណ៌ឱ្យមនុស្សលោក
ពីព្រះដំណាក់របស់ព្រះអង្គ
ព្រះអង្គប្រទានឱ្យគេមានអំណរសប្បាយដ៏ហូរហៀរដូចទឹកទន្លេ។
១០
ដ្បិតព្រះអង្គជាប្រភពនៃជីវិត
យើងខ្ញុំមើលឃើញពន្លឺដោយសារពន្លឺរបស់ព្រះអង្គ។
១១
សូមសម្តែងព្រះហឫទ័យមេត្តាករុណា
ចំពោះអស់អ្នកដែលស្គាល់ព្រះអង្គតទៅទៀត
សូមសម្តែងព្រះហឫទ័យសុចរិត
ចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។
១២
សូមកុំឱ្យមនុស្សព្រហើនកោងកាច
មកវាយប្រហារទូលបង្គំបានឡើយ
កុំឱ្យមនុស្សពាលមកបណ្តេញទូលបង្គំបានដែរ!
១៣
មនុស្សប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវបរាជ័យនៅទីនេះ
ពួកគេត្រូវដួល ងើបឡើងវិញពុំរួចឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ បពិត្រព្រះជាម្ចាស់ ! យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។

បទលើកតម្កើងតាមនាងយូឌីត (យឌ ១៦,១.១៣-១៥)

ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក ព្រះអង្គការពារប្រជាជនរបស់ព្រះអង្គ

គេនាំគ្នាច្រៀងបទចម្រៀងថ្មី (វវ ៥,៩)។

បន្ទរទី២ ៖ បពិត្រព្រះ‌អម្ចាស់ ! ព្រះ‌អង្គពិតជាប្រសើរឧត្ដុង្គ‌ឧត្ដម ប្រកបដោយសិរី‌រុងរឿងមែន ! ព្រះ‌អង្គមានឫទ្ធិ‌បារមីខ្លាំងអស្ចារ្យលើសអ្វីៗទាំងអស់។

(បទកាកគតិ)

១- ចូរអ្នករាល់គ្នា បង្គំវន្ទា ច្រៀងរាំទូលថ្វាយ
  ព្រះជាអម្ចាស់ ប្រគុំភ្លេងខ្លុយ ឈឹងស្គរអោនកាយ
    សរសើរតម្កើង
១៣- ខ្ញុំនឹងច្រៀងបទ ថ្មីហើយវិសុទ្ធ ថ្វាយព្រះថ្កើងថ្កាន
  ព្រះអង្គពិតជា ប្រសើរហួសស្មាន បារមីចំណាន
    ខ្លាំងក្លាអស្ចារ្យ
១៤- សូមឱ្យសត្វលោក ក្នុងទឹកលើគោក កុំនៅសោកា
  សុខចិត្តបម្រើ ព្រះមានចេស្តា ឥតមាននរណា
    ជំទាស់បានឡើយ
១៥- ពេលទ្រង់យាងមក ភ្នំក៏កក្រើក រង្គើអស់ហើយ
  ធ្លាក់ក្នុងសមុទ្រ នៅមិនបានឡើយ ទោះថ្មក៏ដោយ
    ក៏ត្រូវអន្តរាយ
  ប៉ុន្តែព្រះម្ចាស់ តែងតែសន្តោស អាណិតពេកក្រៃ
  អាសូរដល់រាស្ត្រ អ្នកទាបក្រក្រី គោរពរាល់ថ្ងៃ
    កោតខ្លាចព្រះអង្គ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ៖ បពិត្រព្រះ‌អម្ចាស់ ! ព្រះ‌អង្គពិតជាប្រសើរឧត្ដុង្គ‌ឧត្ដម ប្រកបដោយសិរី‌រុងរឿងមែន ! ព្រះ‌អង្គមានឫទ្ធិ‌បារមីខ្លាំងអស្ចារ្យលើសអ្វីៗទាំងអស់។

ទំនុកតម្កើងលេខ ៤៧

ព្រះអម្ចាស់ជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់បំផុត

ព្រះអង្គគង់នៅខាងស្តាំព្រះបិតា ហើយគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បន្ទរទី៣ ៖ ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !

ប្រជាជនទាំងឡាយអើយ ! ចូរទះដៃអបអរសាទរ !
ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !

ដ្បិតព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គជាទីកោតស្ញប់ស្ញែងក្រៃលែង
ព្រះអង្គជាព្រះមហាក្សត្រដ៏ឧត្តម
ដែលគ្រងរាជ្យលើផែនដីទាំងមូល។

ព្រះអង្គបង្ក្រាបជាតិសាសន៍នានា ឱ្យមកជាចំណុះរបស់យើង
ព្រះអង្គដាក់ប្រជាជាតិនានា ឱ្យស្ថិតនៅក្រោមអំណាចរបស់យើងដែរ។

ព្រះអង្គជ្រើសរើសទឹកដីឱ្យយើងទុកជាមត៌ក ធ្វើឱ្យយើងខ្ពស់មុខក្រៃលែង
គឺយើងជាពូជពង្សលោកយ៉ាកុបដែលព្រះអង្គស្រឡាញ់។

ព្រះជាម្ចាស់យាងឡើងក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ
ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។

ចូរនាំគ្នាស្មូតទំនុកតម្កើងថ្វាយព្រះជាម្ចាស់ !
ចូរនាំគ្នាស្មូតទំនុកតម្កើងថ្វាយព្រះមហាក្សត្រនៃយើង !

ដ្បិតព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃផែនដីទាំងមូល
ចូរនាំគ្នាស្មូតកំណាព្យថ្វាយព្រះអង្គ!។

ព្រះជាម្ចាស់គ្រងរាជ្យលើប្រជាជាតិនានា
ព្រះអង្គគង់នៅលើបល្ល័ង្កដ៏វិសុទ្ធ។
១០
អ្នកដឹកនាំរបស់ប្រជាជាតិនានា
មកជួបជុំគ្នាជាមួយប្រជាជននៃព្រះរបស់លោកអប្រាហាំ
ដ្បិតព្រះមហាក្សត្រនៃផែនដីទាំងមូល
ស្ថិតនៅក្រោមអំណាចរបស់ព្រះជាម្ចាស់
ព្រះអង្គយាងឡើងលើសអ្វីៗទាំងអស់!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរច្រៀងតម្កើងព្រះជាម្ចាស់ដោយសប្បាយរីករាយ !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (តប ៤,១៥ក.១៦ក.១៨ក.១៩ក)

អ្វីៗដែលកូនមិនចូលចិត្ត ចូរកូនកុំធ្វើការនោះលើអ្នកដទៃឱ្យសោះ! ចូរចែកអាហារ​របស់កូនដល់អ្នកដែលឃ្លាន និងចែកសំលៀកបំពាក់ដល់អ្នកដែលគ្មានផង។ ចូរ​សួរយោបល់ពីអ្នកប្រាជ្ញ។ ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នកគ្រប់កាលៈទេសៈ​ ចូរទូលអង្វរព្រះអង្គឱ្យតម្រង់ផ្លូវកូន និង​ប្រោស​ឱ្យ​កូន​បាន​សម្រេច​គ្រប់​កិច្ច‌ការ គ្រប់​គម្រោង‌ការ​របស់​កូន។

បន្ទរ៖ សូម​ទាក់‌ទាញ​ចិត្ត​ទូល‌បង្គំ *ឱ្យធ្វើ​តាម​ដំបូន្មាន​របស់​ព្រះ‌អង្គ។ បន្ទរឡើងវិញ៖…
-ហើយ​ឱ្យ​ទូល‌បង្គំមាន​ជីវិត​រស់​នៅតាម​មាគ៌ា​របស់​ព្រះ‌អង្គ!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ ព្រះអង្គ​សម្ដែង​ព្រះហឫទ័យមេត្តាករុណា​ដល់​បុព្វបុរសរបស់​យើង ហើយ​គោរព​តាម​សម្ពន្ធ‌មេត្រីដ៏‌វិសុទ្ធ​យ៉ាង​ស្មោះ‌ស្ម័គ្រ។

ពាក្យអង្វរសកល

យើងខ្ញុំសូមអរព្រះគុណព្រះគ្រីស្ត និងសូមលើកតម្កើងព្រះអង្គ។ ដ្បិតព្រះអង្គបានប្រោសយើងឱ្យបានវិសុទ្ធ និងហៅយើងថាជាបងប្អូនរបស់ព្រះអង្គ។

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គជួយបងប្អូនយើងខ្ញុំ ឱ្យបានរីកចម្រើនឡើងក្នុងភាពដ៏វិសុទ្ធផង។

ដោយរួមចិត្តគំនិតគ្នាតែមួយ យើងខ្ញុំសូមឧទ្ទិសដល់ថ្ងៃចាប់ផ្តើមថ្មីនេះ ដើម្បីលើកតម្កើងព្រះកិត្តិនាមព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង
—សូមឱ្យកិច្ចការដែលយើងខ្ញុំប្រព្រឹត្តពេញមួយថ្ងៃនេះ បានគាប់ព្រះហឫទ័យព្រះអង្គផង។ (បន្ទរ)

ថ្ងៃនីមួយៗសម្តែងនូវសេចក្តីស្រឡាញ់របស់ព្រះអង្គ ដើម្បីជាប្រយោជន៍ដល់សុភមង្គល និងសុខមាលភាពរបស់យើងខ្ញុំ
—សូមឱ្យយើងខ្ញុំបន្តលើកតម្កើងសិរីរុងរឿងព្រះអង្គជារៀងរាល់ថ្ងៃផង។ (បន្ទរ)

នៅថ្ងៃនេះ សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះទទួលស្គាល់វត្តមានរបស់​ព្រះអង្គ​នៅក្នុងមនុស្សទាំងអស់
—ជាពិសេសអ្នកក្រីក្រ និងអស់អ្នកដែលរងទុក្ខលំបាក​ផង។ (បន្ទរ)

នៅថ្ងៃនេះ សូមព្រះអង្គប្រោសប្រទាន​ឱ្យយើងខ្ញុំរស់នៅក្នុងសេចក្តីសុខសាន្តជាមួយមនុស្សទាំងអស់
—ដោយមិនប្រព្រឹត្តអំពើអាក្រក់តបនឹងសេចក្តីអាក្រក់ឡើយ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ ជាព្រះសង្រ្គោះ ! សូមព្រះអង្គ​សណ្តាប់ពាក្យអង្វររបស់យើងខ្ញុំនៅព្រឹកនេះ។ សូមព្រះអង្គជួយយើងខ្ញុំឱ្យរស់នៅក្នុងពន្លឺ និងសេចក្តីពិតនៅក្នុងព្រះអង្គ។ យើងខ្ញុំបានកើតម្តងទៀត ជាបុត្រធីតានៃពន្លឺ សូមឱ្យយើងខ្ញុំធ្វើជាសាក្សីរបស់ព្រះអង្គនៅចំពោះមុខមនុស្សទាំងអស់ផង។ ព្រះអង្គដែលគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។