១៤ មិថុនា ២០២៦

Written on 23/02/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី១១ ថ្ងៃអាទិត្យ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ! ចូរ​ស្រែក​ច្រៀង​ដោយ​អំណរថ្វាយ​ព្រះ‌ជាម្ចាស់ ​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង អាលេលូយ៉ា! ។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៩៣

សិរីរុងរឿងរបស់ព្រះជាម្ចាស់

ព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្តាលើអ្វីទាំងអស់ ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ
យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ (វវ ១៩,៦-៧)។

បន្ទរទី១ ៖ នៅ​ស្ថាន​បរម‌សុខ ព្រះអម្ចាស់​គ្រង​រាជ្យ​យ៉ាង​រុងរឿងឧត្តុង្គ‌ឧត្ដម។ អាលេលូយ៉ា!

ព្រះអម្ចាស់ជាព្រះមហាក្សត្រប្រកបដោយភាពថ្កុំថ្កើងរុងរឿង
ព្រះអម្ចាស់ប្រកបទៅដោយព្រះចេស្តា
ដូច្នេះ ផែនដីនៅរឹងមាំឥតរង្គើឡើយ។

បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរយ៉ាងមាំទាំ តាំងពីដើមរៀងមក
ព្រះអង្គមានព្រះជន្មគង់នៅតាំងពីអស់កល្បជានិច្ច។

បពិត្រព្រះអម្ចាស់! មហាសាគរបន្លឺសំឡេងឡើង
មហាសាគរបន្លឺសំឡេងឡើងយ៉ាងគគ្រឹកគគ្រេង។

ប៉ុន្តែ នៅស្ថានបរមសុខ ព្រះអម្ចាស់គ្រងរាជ្យយ៉ាងរុងរឿងឧត្តុង្គឧត្តម
ព្រះអង្គមានមហិទ្ធិឫទ្ធិខ្លាំងជាងសំឡេងមហាសាគរ
ព្រះអង្គមានបារមីខ្លាំងជាងរលកសមុទ្រទៅទៀត។

បពិត្រព្រះអម្ចាស់! ក្រឹត្យវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងស្រុង
ព្រះដំណាក់របស់ព្រះអង្គជាកន្លែងដ៏វិសុទ្ធអស់កល្បតរៀងទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ នៅ​ស្ថាន​បរម‌សុខ ព្រះអម្ចាស់​គ្រង​រាជ្យ​យ៉ាង​រុងរឿងឧត្តុង្គ‌ឧត្ដម។ អាលេលូយ៉ា!

បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,៥៧-៨៨)

ស្នា​ព្រះ‌ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!

«អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់ អ្នក​រាល់​គ្នា​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គទាំង​តូច​ទាំង​ធំ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​យើង!» (វវ ១៩,៥)។

បន្ទរទី២ ៖ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ! សូម​ស្មូត និង​លើក​តម្កើងព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ! ។ អាលេលូយ៉ា!

(បទកាកគតិ)

៥៧- គ្រប់ស្នាព្រះហស្ត ព្រះម្ចាស់ទាំងអស់ នៅមិនរបូត
  ជារៀងដរាប សូមនាំគ្នាស្មូត តម្កើងរហូត
    អស់កល្បអន្លាយ
៥៨- ឱផ្ទៃមេឃអើយ កុំនៅកន្តើយ ហាក់ដូចជិនណាយ
  ស្មូតបទតម្កើង ដោយចិត្តសប្បាយ អស់កល្បអន្លាយ
    តទៅកុំឈប់
៥៩- សូមឱ្យទេវទូត តម្កើងរហូត ទាំងថ្ងៃទាំងយប់
  ព្រះម្ចាស់ថ្កុំថ្កើង អស់កល្បអស់កប្ប តម្កើងកុំឈប់
    តទៅរាល់ថ្ងៃ
៦០- ចូរទឹកទាំងឡាយ អបអរសប្បាយ លើនភាល័យ
  នាំគ្នាសរសើរ តម្កើងម្ចាស់ថ្លៃ កុំបង្អង់អី
    អស់កល្បអង្វែង
៦១- ហ្វូងតារារះ នៃព្រះអម្ចាស់ នាំគ្នាសម្ដែង
  តម្កើងព្រះអង្គ សរសើរស្ញប់ស្ញែង គ្រប់ទីកន្លែង
    តទៅឥតដាច់
៦២- សូមព្រះអាទិត្យ ព្រះចន្ទមានឫទ្ធិ ពន្លឺចិញ្ចាច
  តម្កើងព្រះអង្គ ដោយចិត្តអង់អាច កុំភ័យកុំខ្លាច
    តទៅកុំប្រែ
៦៣- សូមអស់ទាំងផ្កាយ ដែលនៅរាត់រាយ លើមេឃផងដែរ
  សរសើរតម្កើង កុំបីប្រួលប្រែ កុំក្រឡះកែ
    រាល់ថ្ងៃខែឆ្នាំ
៦៤- សូមឱ្យសន្សើម ទឹកភ្លៀងដ៏ឆ្នើម ធ្លាក់ជាប្រចាំ
  ចូរលើកតម្កើង ទាំងថ្វាយបង្គំ ព្រះម្ចាស់ឧត្តម
    ជានិច្ចកុំរា
៦៥- ចូរអស់ទាំងខ្យល់ ធ្លាប់បក់វិលវល់ រាល់ប្រាំងវស្សា
  គ្រប់ទីកន្លែង តម្កើងព្រះជា ម្ចាស់អ្នករាល់គ្នា
    កុំបីឆ្មៃឆ្មើង
៦៦- ចូរឱ្យកម្ដៅ ទាំងក្នុងទាំងក្រៅ ឱ្យមានទាំងភ្លើង
  នាំគ្នាជួយលើក សរសើរតម្កើង ព្រះអង្គខ្ពស់ឡើង
    តទៅឥតអាក់
៦៧- ចូរឱ្យខ្យល់ក្តៅ ពេលនេះតទៅ និងខ្យល់ត្រជាក់
  សរសើរតម្កើង ព្រះជាម្ចាស់អ្នក កុំបីអន់អាក់
    ជានិច្ចតទៅ
៦៨- សន្សើមនិងព្រឹល សូមអ្នកកុំខ្ជិល កុំបង្អង់នៅ
  ស្មូតបទតម្កើង ព្រះម្ចាស់ជាផ្លូវ អង្វែងតទៅ
    អស់កល្បជានិច្ច
៦៩- ចូរថ្ងៃនិងយប់ កោតកុំឈរឈប់ សរសើរកុំភ្លេច
  ស្មូតបទតម្កើង ព្រះម្ចាស់ជានិច្ច កុំបីកែគេច
    អស់កល្បស្ថេរស្ថិត
៧០- ចូរឱ្យពន្លឺ រន្ទាលរន្ទឺ និងភាពងងឹត
  សរសើរតម្កើង អម្ចាស់មានឫទ្ធិ រាល់ថ្ងៃកុំគិត
    ខ្វល់ខ្វាយឡើយណា
៧១- អាកាសត្រជាក់ ខ្យល់រងាធ្លាក់ មកជាធម្មតា
  ចូរលើកតម្កើង ព្រះអម្ចាស់ជា ព្រះអ្នករាល់គ្នា
    កុំបីឃ្លាងឃ្លាត
៧២- សូមឱ្យទឹកកក កុំបីខានខក ទាំងសន្សើមទៀត
  ចូរលើកតម្កើង កុំបីរវាត កុំឱ្យឃ្លាងឃ្លាត
    រហូតតទៅ
៧៣- សូមដុំពពក ផ្លេកបន្ទោរមក កុំបង្អង់នៅ
  តម្កើងព្រះអង្គ កុំបីហ្មងសៅ ស្មូតរហូតទៅ
    អស់កល្បយូរលង់
៧៤- សូមឱ្យផែនដី ទាំងមូលលកលៃ តម្កើងព្រះអង្គ
  សរសើរកុំឈប់ កុំនៅរេរង់ កោតសរសើរទ្រង់
    កុំប្រែសាវា
៧៥- សូមឱ្យភ្នំធំ កុំនៅសំងំ ភ្នំតូចផងណា
  ស្មូតបទតម្កើង ព្រះម្ចាស់រាល់គ្នា ថ្កើងព្រះនាមា
    អស់កល្បជានិច្ច
៧៦- សព្វអស់អ្វីៗ ដែលដុះលើដី កុំបីមានភ្លេច
  ចូរលើកតម្កើង ព្រះម្ចាស់ជានិច្ច កុំបីកែគេច
    អស់កល្បអន្លាយ
៧៧- ចូរសមុទ្រស្ទឹង ទន្លេល្វើយល្វឹង តូចធំទាំងឡាយ
  នាំគ្នាតម្កើង ដោយក្តីរីករាយ សរសើរម្ចាស់ថ្លៃ
    ឱ្យលាន់រងំ
៧៨- ចូរប្រភពទឹក មានច្រើនសន្ធឹក ព្រែកទាំងតូចធំ
  ទឹកហូរពីជ្រោះ ទឹកធ្លាក់ពីភ្នំ កុំនៅសំងំ
    តម្កើងព្រះអង្គ
៧៩- ចូរអស់ទាំងត្រី តូចធំម្តេចក្តី និងសត្វរស់ក្នុង
  ទន្លេសមុទ្រ តាមព្រែកបួរបឹង កុំសំងំឈឹង
    តម្កើងព្រះម្ចាស់
៨០- សូមបក្សីសត្វ ដែលរស់ខ្វែងខ្វាត់ ច្រើនមីរដេរដាស
  ស្មូតបទតម្កើង ព្រះជាអម្ចាស់ កុំបីចន្លោះ
    អស់កល្បយូរលង់
៨១- សូមឱ្យសត្វស្រុក រស់នៅអែអុក ទាំងសត្វព្រៃផង
  នាំគ្នាសរសើរ តម្កើងព្រះអង្គ អស់កល្បយូរលង់
    តទៅអន្លាយ
៨២- ចូរឱ្យមនុស្ស ទាំងស្រីទាំងប្រុស កុំបីឃ្លាតឆ្ងាយ
  សរសើរព្រះអង្គ ជាព្រះម្ចាស់ថ្លៃ រៀងរាល់យប់ថ្ងៃ
    កុំបីអល់អែក
៨៣- ឱអ៊ីស្រាអែល អ្នកជាជាតិដែល វិសុទ្ធពន់ពេក
  ចូរលើកតម្កើង ព្រះខ្ពស់អនេក ហួសទាំងផ្ទៃមេឃ
    កុំសំងំនៅ
៨៤- អស់បូជាចារ្យ ទាំងឡាយនាំគ្នា ឆ្ពោះតម្រង់ទៅ
  តម្កើងព្រះអង្គ ទាំងថ្ងៃយប់ជ្រៅ កុំសំងំនៅ
    សរសើរកុំឈប់
៨៥- ចូរអ្នកទាំងឡាយ ដែលតែងខ្វល់ខ្វាយ បម្រើគោរព
  ស្មូតតម្កើងព្រះ ទាំងថ្ងៃទាំងយប់ កុំឈរកុំឈប់
    នៅស្ងៀមឱ្យសោះ
៨៦- ចូរវិញ្ញាណក្ខ័ន្ធ អ្នកស្លាប់ប៉ុន្មាន កុំបីចន្លោះ
  ព្រលឹងនៃអ្នក សុចរិតទាំងអស់ តម្កើងដោយស្មោះ
    កុំនៅកន្តើយ
៨៧- អស់អ្នកគោរព ប្រណិប័តន៍គ្រប់ ព្រះអម្ចាស់អើយ
  និងអ្នកដាក់ចិត្ត ជាអ្នកខ្សត់ហើយ កុំបង្អង់ឡើយ
    តម្កើងព្រះអង្គ
៨៨- លោកអណានីយ៉ា រួមជាមួយគ្នា អសារីយ៉ាផង
  និងមីកាអែល តម្កើងព្រះអង្គ ស្មូតតម្កើងផង
    តទៅដរាប
  ព្រះអង្គរំដោះ យើងខ្ញុំឱ្យរស់ ផុតពីក្តីស្លាប់
  ហើយទ្រង់សង្គ្រោះ ខ្ញុំជាប្រញាប់ រួចផុតទុក្ខសព្វ
    ទាំងភ្លើងសន្ធៅ

(មិនមានសូត្រ “ ធម៌កោតសរសើរ ” ក្នុងបទលើកតម្កើងនេះទេ)។

បន្ទរ ៖ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ! សូម​ស្មូត និង​លើក​តម្កើងព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ! ។ អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១៤៨

ចូរឱ្យអ្វីៗទាំងអស់សរសើរតម្កើងព្រះនាមព្រះអម្ចាស់

“សូមព្រះអង្គដែលគង់នៅលើបល្ល័ង្ក និងកូនចៀម ទទួលពាក្យសរសើរតម្កើង ព្រះកិត្តិនាម សិរីរុងរឿង
និងព្រះចេស្តាអស់កល្បជាអង្វែងតរៀងទៅ!” (វវ ៥,១៣)។

បន្ទរទី៣ ៖ ចូរសរសើរតម្កើងព្រះអម្ចាស់នៅស្ថានបរមសុខ! អាលេលូយ៉ា! ។

អាលេលូយ៉ា! ចូរសរសើរតម្កើងព្រះអម្ចាស់នៅស្ថានបរមសុខ!
អ្នករាល់គ្នាដែលស្ថិតនៅស្ថានដ៏ខ្ពស់បំផុតអើយ!
ចូរសរសើរតម្កើងព្រះអង្គ!

ទេវទូតទាំងអស់អើយ! ចូរសរសើរតម្កើងព្រះអង្គ!
ពពួកទេវតាទាំងប៉ុន្មានអើយ! ចូរសរសើរតម្កើងព្រះអង្គ!

ព្រះអាទិត្យ និងព្រះចន្ទអើយ! ចូរសរសើរតម្កើងព្រះអង្គ!
ផ្កាយដ៏ភ្លឺទាំងប៉ុន្មានអើយ! ចូរសរសើរតម្កើងព្រះអង្គ!

ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ! ចូរសរសើរតម្កើងព្រះអង្គ!
ទឹកទាំងឡាយដែលស្ថិតនៅពីលើផ្ទៃមេឃអើយ!
ចូរសរសើរតម្កើងព្រះអង្គ!

ចូរឱ្យអ្វីៗសព្វសារពើ សរសើរតម្កើងព្រះនាមព្រះអម្ចាស់
ដ្បិតពេលព្រះអង្គមានព្រះបន្ទូល នោះអ្វីៗទាំងអស់កើតមានឡើង។

ព្រះអង្គបានតាំងអ្វីៗទាំងអស់ ឱ្យនៅស្ថិតស្ថេរជានិច្ចរហូតតរៀងទៅ
ព្រះអង្គដាក់ច្បាប់មួយដែលមិនប្រែប្រួលឡើយ។

ចូរសរសើរតម្កើងព្រះអម្ចាស់នៅលើផែនដី
មហាសាគរ និងសត្វធំៗនៅក្នុងសមុទ្រអើយ!
ចូរសរសើរតម្កើងព្រះអង្គ។

ភ្លើង ព្រឹល ទឹកកក និងអ័ព្ទ ព្រម​ទាំងខ្យល់ព្យុះ
ដែលតែងតែធ្វើតាមបញ្ជារបស់ព្រះអង្គ។

ភ្នំតូចធំទាំងឡាយ ដើមឈើដែលមានផ្លែ និងដើមគគីរទាំងប៉ុន្មានអើយ!
ចូរសរសើរតម្កើងព្រះអង្គ!។
១០
សត្វព្រៃ និងសត្វស្រុក ព្រមទាំងបក្សាបក្សី
និងសត្វលូនវារទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអង្គ!។
១១
ស្តេចទាំងឡាយនៅផែនដី ព្រមទាំងប្រជារាស្ត្រ
អ្នកដឹកនាំ និងអ្នកគ្រប់គ្រងទាំងប៉ុន្មាននៅលើផែនដី
ចូរសរសើរតម្កើងព្រះអង្គ!
១២
យុវជន យុវនារី មនុស្សចាស់ជរា និងកូនក្មេង
ចូរសរសើរតម្កើងព្រះអង្គ!
១៣
ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់ទាំងអស់គ្នាទៅ!
ដ្បិតមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ ដែលប្រសើរឧត្តមលើសគេ
ព្រះអង្គសម្តែងភាពថ្កុំថ្កើងរុងរឿងពាសពេញនៅលើផែនដី និងផ្ទៃមេឃ។
១៤
ព្រះអង្គប្រោសប្រទានឱ្យប្រជារាស្ត្ររបស់ព្រះអង្គ មានកម្លាំងឡើងវិញ
ហើយធ្វើឱ្យអស់អ្នកដែលជឿលើព្រះអង្គ
គឺប្រជារាស្ត្រអ៊ីស្រាអែលទាំងមូល ដែលស្និទ្ធស្នាលនឹងព្រះអង្គបានខ្ពស់មុខឡើង!
អាលេលូយ៉ា!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ចូរសរសើរតម្កើងព្រះអម្ចាស់នៅស្ថានបរមសុខ! អាលេលូយ៉ា! ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អគ ៣៧,១២ខ-១៤)

ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ ៖ “ប្រជារាស្ត្ររបស់យើងអើយ! យើងនឹងបើកផ្នូររបស់អ្នករាល់គ្នា ហើយនាំអ្នករាល់គ្នាឡើងពីផ្នូរនោះ បន្ទាប់មកយើងនឹងនាំអ្នករាល់គ្នាត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ។ ប្រជារាស្ត្ររបស់យើងអើយ! ពេលយើងបើកផ្នូរ ហើយនាំអ្នករាល់គ្នាឡើងមកនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន យើងនឹងដាក់វិញ្ញាណរបស់យើងនៅក្នុងអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាមានជីវិត យើងនឹងនាំអ្នករាល់គ្នាទៅតាំងទីលំនៅលើទឹកដីរបស់ខ្លួនវិញ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ យើងនិយាយយ៉ាងណា យើងនឹងធ្វើយ៉ាងនោះ” នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។

បន្ទរ៖ ឱព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅអើយ! *សូមអាណិតអាសូរយើងខ្ញុំផង។ បន្ទរឡើងវិញ៖…
-ព្រះអង្គ​ដែលគង់នៅខាងស្តាំព្រះបិតា។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត។ គ្រាប់​ពូជ​នោះ​តូច​ជាង​គ្រាប់​ពូជ​ទាំង​អស់ ប៉ុន្តែ ពេល​ដុះ​ឡើង វា​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ។

ពាក្យអង្វរសកល

បពិត្រព្រះបិតា! ព្រះអង្គបានបញ្ជូនព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គឱ្យមកបំភ្លឺចិត្តគំនិតមនុស្សគ្រប់ៗរូប។ សូមព្រះអង្គព្រះសណ្តាប់នូវពាក្យអធិដ្ឋានរបស់យើងខ្ញុំ ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គបំភ្លឺប្រជារាស្រ្តរបស់ព្រះអង្គ។

ឱព្រះជាម្ចាស់ជាព្រះពន្លឺយើងខ្ញុំអើយ ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ
—ព្រះអង្គបានប្រទានថ្ងៃថ្មីដ៏ភ្លឺត្រចះត្រចង់ រួមជាមួយសិរីរុងរឿងរបស់ព្រះអង្គដល់យើងខ្ញុំ។ (បន្ទរ)

ព្រះអង្គបានបំភ្លឺពិភពទាំងមូល នៅពេលព្រះបុត្រាមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង
—តាមរយៈព្រះសហគមន៍ សូមព្រះអង្គបញ្ចេញពន្លឺនេះដល់មនុស្សទាំងអស់ផង។ (បន្ទរ)

ព្រះអង្គបានប្រទានព្រះអំណោយទាននៃការយល់ដឹង ដល់ក្រុមសាវ័ករបស់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ
—សូមព្រះវិញ្ញាណដែលនាំឱ្យមានការយល់ដឹង ថែរក្សាព្រះសហគមន៍ឱ្យមានចិត្តស្មោះត្រង់ចំពោះព្រះអង្គផង។ (បន្ទរ)

ព្រះអង្គជាពន្លឺបំភ្លឺប្រជាជាតិទាំងឡាយ សូមព្រះអង្គនឹកចាំដល់អស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
—សូមព្រះអង្គបើកភ្នែករបស់ពួកគេ ឱ្យពួកគេបានទទួលស្គាល់ព្រះអង្គ ជាព្រះជាម្ចាស់ដ៏ពិតប្រាកដផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះបិតាជាអម្ចាស់អើយ ! ព្រះអង្គពិតជាកម្លាំងការពារដល់អស់អ្នកទន់ ខ្សោយ ដែលផ្ញើជីវិតលើព្រះអង្គ។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំមានចិត្តក្លាហាន ប្រព្រឹត្តតែកិច្ចការណាដែលគាប់ព្រះហឫទ័យព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។