រដូវធម្មតា សប្តាហ៍ទី៩ ថ្ងៃសៅរ៍
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរយើងនាំគ្នាមក ឱនកាយថ្វាយបង្គំព្រះជាម្ចាស់ ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ និងជាស្នាព្រះហស្តដ៏អស្ចារ្យដែលព្រះអង្គបានបង្កើតមក! ។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១៤៥-១៥២
វិន័យរបស់ព្រះអម្ចាស់
សេចក្តីស្រឡាញ់នាំឱ្យប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ (រ៉ូម ១៣,១០)។
បន្ទរទី១ ៖ ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ មួយយប់ទល់ភ្លឺ។
| ១៤៥ | បពិត្រព្រះអម្ចាស់! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត សូមឆ្លើយតបមកទូលបង្គំផង ដើម្បីឱ្យទូលបង្គំ ប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ! |
| ១៤៦ | ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឱ្យទូលបង្គំ ប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ! |
| ១៤៧ | ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។ |
| ១៤៨ | ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យារបស់ព្រះអង្គមួយយប់ទល់ភ្លឺ។ |
| ១៤៩ | សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។ |
| ១៥០ | អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ អ្នកទាំងនោះ ឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។ |
| ១៥១ | បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ |
| ១៥២ | តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា ព្រះអង្គប្រទានដំបូន្មានឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ មួយយប់ទល់ភ្លឺ។
បទលើកតម្កើងតាមគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព (សរ ១៥,១-៤.៨-១៣.១៧-១៨)
ចម្រៀងនៃជ័យជម្នះ ក្រោយពីឆ្លងកាត់សមុទ្រក្រហម
អស់អ្នកដែលបានឈ្នះសត្វតិរច្ឆាន….នាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ (វវ ១៥,២-៣)។
បន្ទរទី២ ៖ ព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំច្រៀងថ្វាយព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំ។
(បទពាក្យ ៧)
| ១- | ខ្ញុំស្រែកច្រៀងថ្វាយព្រះ | ជាអម្ចាស់ដែលមានជ័យ | |
| លើទ័ពសេះល្បាញល្បី | លិចលង់ក្ស័យក្នុងសមុទ្រ | ។ | |
| ២- | ព្រះម្ចាស់ជាកម្លាំង | ខ្ញុំឈ្នះខ្មាំងមិនភ័យស្លុត | |
| ខ្ញុំសូមឱនក្រាបលុត | ទាំងច្រៀងបទថ្កើងព្រះអង្គ | ។ | |
| ព្រោះទ្រង់បានសង្គ្រោះ | ខ្ញុំឲ្យរស់ផុតសៅហ្មង | ||
| ព្រះឪពុកខ្ញុំផង | ព្រះខ្ពស់ខ្ពង់លើសអ្វីៗ | ។ | |
| ៣- | ទ្រង់ជាវីរបុរស | ប្រសើរខ្ពស់លើផែនដី | |
| អង់អាចពូកែក្រៃ | ព្រះនាមថ្លៃ “ព្រះអម្ចាស់ | ។ | |
| ៤- | ព្រះអង្គបានធ្វើឲ្យ | កងទ័ពថយវិនាសអស់ | |
| ទាំងទ័ពទាំងរទេះ | ត្រូវវិនាសក្នុងសមុទ្រ | ។ | |
| ៨- | ពេលខ្យល់បក់បោកមក | ទឹករលកផ្តុំគ្នាឡើង | |
| ទំនប់ទឹករលើង | មកនៅគឿងសមុទ្រជាន់ | ។ | |
| ៩- | ខ្មាំងសត្រូវពោលថា | ខ្ញុំដេញគេតាមឲ្យទាន់ | |
| ខ្ញុំទទួលជយភណ្ឌ | ច្រើនគ្រប់គ្រាន់ទើបចាត់ការ | ។ | |
| ១០- | ព្រះអង្គទ្រង់ផ្លុំខ្យល់ | ទឹកវិលវល់គ្រប់កាយា | |
| ពួកគេលិចមរណា | ក្នុងជលសាដូចសំណ | ។ | |
| ១១- | បពិត្រព្រះអម្ចាស់ | ប្រសើរណាស់ពេញបវរ | |
| តើមានព្រះណាល្អ | យុត្តិធម៌ដូចព្រះអង្គ ? | ។ | |
| ទ្រង់វិសុទ្ធរឿងរុង | អស្ចារ្យខ្លាំងពេកកន្លង | ||
| គួរស្ញែងខ្លាចព្រឺផង | ហើយមានទាំងឫទ្ធីខ្ពស់ | ។ | |
| ១២- | ព្រះអង្គក្តៅព្រះទ័យ | គ្មានប្រណីគិតស្រណោះ | |
| ពេលទ្រង់លើកព្រះហស្ត | ផែនដីប្រេះស្រូបគេឈឹង | ។ | |
| ១៣- | ព្រះអង្គបានលោះលា | រាស្រ្តគ្រប់គ្នាមានរំពឹង | |
| ដឹកនាំគេតម្រង់ | ដំណាក់ទ្រង់ដ៏ឧត្តម | ។ | |
| ១៧- | ព្រះអង្គនាំប្រជា | រាស្រ្តគ្រប់គ្នាទៅលើភ្នំ | |
| ជាចំណែកដ៏ធំ | កន្លែងសំណាក់ព្រះអង្គ | ។ | |
| ឱព្រះអម្ចាស់អើយ | ព្រះអង្គហើយដែលបានសង់ | ||
| ទីសក្ការៈត្រចង់ | ដោយហស្តទ្រង់កសាងផ្ទាល់ | ។ | |
| ១៨- | ព្រះម្ចាស់នឹងគ្រងរាជ្យ | ពេញអំណាចអស់កប្បកល្ប | |
| ជានិច្ចគ្មានពិភាល់ | ជារៀងរាល់អង្វែងទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំច្រៀងថ្វាយព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំ។
ទំនុកតម្កើងលេខ ១១៧
ចូរសរសើរតម្កើងព្រះអម្ចាស់ ! ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា
រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាដល់គេ (រ៉ូម ១៥,៩)។
បន្ទរទី៣ ៖ ប្រជាជាតិទាំងឡាយអើយ ! ចូរសរសើរតម្កើងព្រះអម្ចាស់ !
| ១ | ប្រជាជាតិទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអម្ចាស់! ប្រជារាស្ត្រទាំងប៉ុន្មានអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! |
| ២ | ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើងរហូតតរៀងទៅ។ សូមសរសើរតម្កើងព្រះអម្ចាស់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ប្រជាជាតិទាំងឡាយអើយ ! ចូរសរសើរតម្កើងព្រះអម្ចាស់ !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២សល ១,១០-១១)
បងប្អូនអើយ! ចូរខំប្រឹងយកចិត្តទុកដាក់ធ្វើឱ្យការត្រាស់ហៅ និងការជ្រើសរើសរបស់ព្រះជាម្ចាស់ បានកាន់តែខ្ជាប់ខ្ជួនឡើងថែមទៀត។ ធ្វើយ៉ាងនេះ បងប្អូនមុខជាមិនជំពប់ដួលឡើយ។ ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅក្នុងព្រះរាជ្យ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច គឺព្រះរាជ្យរបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។
បន្ទរ៖ ឱព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គ *ព្រះអង្គជាជម្រករបស់ទូលបង្គំ។ បន្ទរឡើងវិញ៖…
-នៅក្នុងពិភពលោកនេះ ទូលបង្គំគ្មានអ្វីផ្សេងទៀតក្រៅពីព្រះអង្គឡើយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមកដើម្បីរំដោះយើង និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹតក្រោមអំណាចនៃសេចក្ដីស្លាប់។
ពាក្យអង្វរសកល
ព្រះគ្រីស្តបានក្លាយទៅជាមនុស្ស ដើម្បីឱ្យយើងទៅជាបុត្រធីតារបស់ព្រះបិតា។ ព្រះអង្គអធិដ្ឋានសម្រាប់យើង នៅចំពោះព្រះភក្ត្រព្រះបិតា។ ចូរយើងអរព្រះគុណព្រះអង្គចំពោះព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ និងសូមទូលអង្វរព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះជាអម្ចាស់ ! សូមព្រះអង្គចែករំលែកទ្រព្យសម្បត្តិនៃសេចក្តីស្រឡាញ់ឱ្យយើងខ្ញុំផង !
នៅក្នុងអគ្គសញ្ញាជ្រមុជទឹក ព្រះអង្គបានប្រទានពន្លឺដល់យើងខ្ញុំ
—ហើយយើងខ្ញុំសូមឧទ្ទិសថ្ងៃនេះទៅព្រះអង្គផង។ (បន្ទរ)
យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គគ្រប់ពេលវេលា
—សូមឱ្យរាល់កិច្ចការដែលយើងខ្ញុំប្រព្រឹត្តបានលើកតម្កើងព្រះអង្គផង។ (បន្ទរ)
ព្រះនាងម៉ារីជាព្រះមាតារបស់យើងខ្ញុំ បានស្តាប់បង្គាប់ព្រះបន្ទូលរបស់ព្រះអង្គ
—សូមព្រះបន្ទូលរបស់ព្រះអង្គផ្តល់ផ្លែផ្កាក្នុងជីវិតរបស់យើងខ្ញុំផង។ (បន្ទរ)
សូមព្រះអង្គប្រទានសេចក្តីក្លាហានដល់យើងខ្ញុំ នៅពេលយើងខ្ញុំជួបប្រទះនូវទុក្ខលំបាក
—ហើយសូមព្រះអង្គពង្រឹងជំនឿ សេចក្តីសង្ឃឹមលើព្រះបន្ទូលសន្យារបស់ព្រះអង្គ និងសេចក្តីស្រឡាញ់ចំពោះព្រះហឫទ័យរបស់ព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ ! សូមរំដោះយើងខ្ញុំចេញពីយប់អន្ធការនៃសេចក្តីស្លាប់ ហើយសូមឱ្យពន្លឺនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ រះបំភ្លឺក្នុងដួងចិត្តយើងខ្ញុំ ដើម្បីនាំយើងខ្ញុំចូលទៅកាន់រស្មីនៃជីវិតអស់កល្បជានិច្ចផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។