១៩ ឧសភា ២០២៦

Written on 11/02/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៧ ថ្ងៃអង្គារ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៨៥

ការសង្គ្រោះ គឺនៅជិតយើងបង្កើយ

ព្រះជាម្ចាស់បានប្រទានពរដល់ទឹកដីរបស់យើង នៅពេលព្រះសង្គ្រោះបានយាងមកផែនដីនេះ (លោកអូរីហ្សេន)។

បន្ទរទី១ ៖ ព្រះអង្គនឹងយាង​មក​វិញ ប្រទាន​ឱ្យ​យើង​ខ្ញុំ​រស់​រាន​មាន​ជីវិត ដើម្បី​ឱ្យ​ប្រជារាស្ដ្រ​របស់​ព្រះអង្គមាន​អំណរ​សប្បាយ​រួម​ជា​មួយ​ព្រះអង្គ អាលេលូយ៉ា!

២- បពិត្រព្រះអម្ចាស់! ព្រះអង្គគាប់ព្រះហឫទ័យនឹងទឹកដីរបស់ព្រះអង្គ
ព្រះអង្គបាននាំពូជពង្សរបស់លោកយ៉ាកុប
ដែលជាប់ជាឈ្លើយនោះឱ្យវិលត្រឡប់មកវិញ។
៣-
ព្រះអង្គបានលើកលែងទោសឱ្យប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គបានអត់ទោសគេឱ្យរួចពីអំពើបាបទាំងប៉ុន្មាន។
៤-
ព្រះអង្គលែងព្រះពិរោធនឹងយើងខ្ញុំ
ព្រះអង្គឈប់ខ្ញាល់នឹងយើងខ្ញុំទៀតហើយ។
៥-
ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ!
សូមប្រោសឱ្យយើងខ្ញុំវិលត្រឡប់មករកព្រះអង្គវិញ
សូមឈប់ប្រកែប្រកាន់យើងខ្ញុំទៀតទៅ។
៦-
តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ?
តើព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំអស់កល្បជាអង្វែងតរៀងទៅឬ?
៧-
តើព្រះអង្គមិនយាងមកវិញ ប្រទានឱ្យយើងខ្ញុំរស់រានមានជីវិត
ដើម្បីឱ្យប្រជារាស្ត្ររបស់ព្រះអង្គមានអំណរសប្បាយរួមជាមួយព្រះអង្គទេឬ?
៨-
ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ
សូមសង្គ្រោះយើងខ្ញុំផង!
៩-
ខ្ញុំត្រង់ត្រាប់ស្តាប់សេចក្តីដែលព្រះជាអម្ចាស់មានព្រះបន្ទូល
ព្រះអង្គមានព្រះបន្ទូលថា នឹងប្រទានសេចក្តីសុខសាន្តមកប្រជារាស្ត្រដែលជឿលើព្រះអង្គ
គឺអស់អ្នកដែលមិនបែរចិត្តគំនិតទៅរកអំពើលេលារបស់ខ្លួនវិញ។
១០-
ក្នុងពេលឆាប់ៗ ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
សិរីរុងរឿងនឹងមកសណ្ធិតនៅលើទឹកដីរបស់យើង។
១១-
ព្រះអម្ចាស់នឹងសម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រ
យុត្តិធម៌ និងសេចក្តីសុខសាន្ត ជួបគ្នានៅលើផែនដី។
១២-
សេចក្តីពិតនឹងដុះចេញពីដីមក សេចក្តីសុចរិតក៏លេចចេញមកពីផ្ទៃមេឃដែរ។
១៣-
ព្រះអម្ចាស់ផ្ទាល់ប្រទានសុភមង្គលមកយើង ទឹកដីរបស់យើងក៏បង្កើតភោគផល។
១៤-
សេចក្តីសុចរិតដើរនៅមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គនឹងយាង​មក​វិញ ប្រទាន​ឱ្យ​យើង​ខ្ញុំ​រស់​រាន​មាន​ជីវិត ដើម្បី​ឱ្យ​ប្រជារាស្ដ្រ​របស់​ព្រះអង្គមាន​អំណរ​សប្បាយ​រួម​ជា​មួយ​ព្រះអង្គ អាលេលូយ៉ា!

បទលើកតម្កើងតាមព្យាការីអេសាយ (អស ២៦,១-៤.៧-៩.១២)

ទំនុកតម្កើងក្រោយពេលមានជ័យជម្នះលើខ្មាំងសត្រូវ

កំពែង​របស់​ក្រុង​មាន​គ្រឹះ​ដប់‌ពីរ (វវ ២១,១៤)។

បន្ទរទី២ ៖ ឱ​ព្រះអម្ចាស់​អើយ ! យើង​ខ្ញុំ​ផ្ញើជីវិត​លើ​ព្រះអង្គ ព្រះអង្គបានប្រទានសេចក្តីសុខសាន្តឱ្យយើងខ្ញុំ អាលេលូយ៉ា!

(បទកាកគតិ)

១- យើងមានក្រុងមួយ មាំឥតភ័យព្រួយ ព្រោះព្រះម្ចាស់បាន
  ប្រទាននូវការ សង្គ្រោះគ្រប់ប្រាណ ដូចកំពែងបាន
    ការពាររ៉ាប់រង
២- ចូរយើងបើកទ្វារ កុំបីរួញរា កុំឱ្យមានហ្មង
  ឱ្យប្រជាជាតិ សុចរិតទាំងពួង ស្ម័គ្រស្មោះកន្លង
    បានចូលមកជិត
៣- បពិត្រព្រះម្ចាស់ ព្រះអង្គទ្រង់ប្រោស ដល់ប្រជាជាតិ
  មានក្តីសុខសាន្ត ឥតបីឃ្លាងឃ្លាត ទាំងជីវិតទៀត
    ផ្ញើព្រះឥតភ្លេច
៤- ចូរមានសង្ឃឹម ដោយក្តីញញឹម លើព្រះជានិច្ច
  ទាំងកាយជីវិត ឥតមានពេលភ្លេច ជាថ្មរំលេច
    ស្ថិតស្ថេរអស់កល្ប
៧- បពិត្រព្រះម្ចាស់ អស្ចារ្យពេកណាស់ ទ្រង់បង្ហាញដល់
  មនុស្សសុចរិត បានដឹងបានស្គាល់ មាគ៌ានិមល
    សែនល្អកន្លង
៨- ឱព្រះអម្ចាស់ យើងខ្ញុំទាំងអស់ ជីវិតផ្ញើទ្រង់
  ហើយសូមដើរតាម មាគ៌ារឿងរុង ដែលព្រះអង្គទ្រង់
    ត្រួសត្រាយទុកស្រាប់
  ចិត្តយើងគ្រប់គ្នា តែងតែប្រាថ្នា ថ្លែងមិនឈរឈប់
  ព្រះនាមព្រះអង្គ ដែលល្បីសាយសព្វ ពាសពេញលើភព
    ប្រសើរកន្លង
៩- ទោះជាពេលយប់ ចង់ជ្រកក្រោមម្លប់ បារមីនៃទ្រង់
  ទូលបង្គំខំស្វែង រកតែព្រះអង្គ តាំងពីព្រឹកព្រាង
    ឥតមានសំចៃ
១២- បពិត្រព្រះម្ចាស់ ប្រសើរពេកណាស់ ទ្រង់តែងអាណិត
  ផ្តល់ក្តីសុខសាន្ត អ្វីខ្ញុំប្រព្រឹត្ត ដែលមានមកពិត
    គឺទ្រង់សម្រេច
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ឱ​ព្រះអម្ចាស់​អើយ ! យើង​ខ្ញុំ​ផ្ញើជីវិត​លើ​ព្រះអង្គ ព្រះអង្គបានប្រទានសេចក្តីសុខសាន្តឱ្យយើងខ្ញុំ អាលេលូយ៉ា!

ទំនុកតម្កើងលេខ ៦៧

មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអម្ចាស់

សូម​បង‌ប្អូន​ជ្រាប​ថា ព្រះជាម្ចាស់បានប្រទានព្រះបន្ទូល ស្តីអំពីការសង្គ្រោះរបស់ព្រះអង្គឱ្យសាសន៍ដទៃវិញ (កក ២៨,២៨)។

បន្ទរទី៣ ៖ ផែនដីបានបង្កើតភោគផល ប្រជាជាតិទាំងឡាយនាំគ្នាសប្បាយរីករាយ នាំ​គ្នា​ស្រែក​ជយឃោស អាលេលូយ៉ា!

២- ឱព្រះជាម្ចាស់អើយ! សូមព្រះអង្គអាណិតមេត្តាយើងខ្ញុំ
សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!
៣-
ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
៤-
បពិត្រព្រះជាម្ចាស់! សូមឱ្យប្រជាជនទាំងឡាយ នាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៥-
ប្រជាជាតិទាំងឡាយច្រៀងដោយសប្បាយរីករាយ
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ត្រនានាដោយយុត្តិធម៌
ព្រះអង្គដឹកនាំប្រជាជាតិទាំងឡាយនៅលើផែនដី។
៦-
បពិត្រព្រះជាម្ចាស់! សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ!
៧-
ផែនដីបានបង្កើតភោគផល
ព្រះជាម្ចាស់ជាព្រះនៃយើងប្រទានពរឱ្យយើង។
៨-
សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង!
សូមឱ្យមនុស្សម្នាដែលរស់នៅលើផែនដីទាំងមូល គោរពកោតខ្លាចព្រះអង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ផែនដីបានបង្កើតភោគផល ប្រជាជាតិទាំងឡាយនាំគ្នាសប្បាយរីករាយ នាំ​គ្នា​ស្រែក​ជយឃោស អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១៣,៣០-៣៣)

ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឱ្យរស់​ឡើង​វិញ។ ព្រះ‌យេស៊ូបាន​បង្ហាញខ្លួនឱ្យអស់​អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​ព្រះ‌អង្គ ពី​ស្រុក​កាលី‌ឡេទៅ​ក្រុង​យេរូ‌សាឡឹម ឃើញ​អស់‌រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ធ្វើជា​បន្ទាល់របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ប្រជាជន​ទៀត​ផង។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​សូម​ជូន​ដំណឹង‌ល្អ​នេះ​ប្រាប់​បង‌ប្អូន​ថា ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ព្រះ‌អង្គ​បាន​ធ្វើតាម ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ទាំង​នោះ​ហើយ គឺ​ព្រះ‌អង្គ​បាន​ប្រោស​ព្រះ‌យេស៊ូឱ្យមាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​ចែង​ទុក​ក្នុង​ទំនុកតម្កើង​ទីពីរ​ថាៈ ព្រះ‌អង្គ​ជា​បុត្រ​របស់​យើងគឺ​យើង​ដែល​បាន​បង្កើត​ព្រះ‌អង្គ​មកនៅ​ថ្ងៃ​នេះ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ ព្រះ‌អម្ចាស់មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​រួច​មក​ហើយ។ ចូរឱ្យផែនដីត្រេកអរ និងរីករាយឡើង ដ្បិតព្រះអង្គនឹងយាងមកគ្រងរាជ្យអស់កល្បជានិច្ច អាលេលូយ៉ា!

ពាក្យអង្វរសកល

ព្រះគ្រីស្តជាអម្ចាស់មានព្រះបន្ទូលសន្យាថា នឹងចាត់ព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតាក្នុងព្រះនាមព្រះអង្គឱ្យមកយើងខ្ញុំ។ ចូរយើងលើកតម្កើងសិរីរុងរឿងព្រះគ្រីស្ត ហើយទូលព្រះអង្គថា ៖

បន្ទរ ៖ បពិត្រព្រះយេស៊ូជាអម្ចាស់ ! សូមប្រទានព្រះវិញ្ញាណរបស់ព្រះអង្គឱ្យយើងខ្ញុំ !

បពិត្រព្រះអម្ចាស់យេស៊ូ ! សូមឱ្យព្រះបន្ទូលរបស់ព្រះអង្គស្ថិតនៅក្នុងយើងខ្ញុំ ទុកដូចជាទ្រព្យសម្បត្តិទាំងអស់ដែលយើងខ្ញុំមាន
—ដូច្នេះ យើងខ្ញុំអាចអរព្រះគុណព្រះអង្គនៅក្នុងទំនុកតម្កើង ក្នុងបទចម្រៀង និងបទលើកតម្កើងតាមផ្លូវវិញ្ញាណ។ (បន្ទរ)

ដោយសារព្រះវិញ្ញាណ ព្រះអង្គបានធ្វើឱ្យយើងខ្ញុំទៅជាបុត្រធីតារបស់ព្រះជាម្ចាស់
—តាមរយៈព្រះវិញ្ញាណ សូមប្រោសឱ្យយើងខ្ញុំអាចចូលរួមជាមួយព្រះអង្គ ដែលតែងតែងហៅរកព្រះនាមព្រះជាម្ចាស់ជាព្រះបិតាជានិច្ចផង។ (បន្ទរ)

សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានព្រះប្រាជ្ញាញាណក្នុងជីវិតប្រចាំថ្ងៃ
—ដើម្បីឱ្យយើងខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាង សម្រាប់សិរីរុងរឿងរបស់ព្រះជាម្ចាស់។ (បន្ទរ)

ព្រះអង្គអត់ធ្មត់ ហើយពោរពេញដោយព្រះហឫទ័យមេត្តាករុណា
—សូមឱ្យយើងខ្ញុំរស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់នៃព្រះហឫទ័យមេត្តាករុណា និងមានឫទ្ធានុភាព! សូមព្រះអង្គចាត់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គ ឱ្យយាងមកគង់សណ្ឋិតក្នុងដួងចិត្តយើងខ្ញុំ និងធ្វើឱ្យយើងខ្ញុំទៅជាព្រះដំណាក់នៃសិរីរុងរឿងរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។