០៩ ឧសភា ២០២៦

Written on 30/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៥ ថ្ងៃសៅរ៍

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១៤៥-១៥២

វិន័យ​របស់​ព្រះ‌អម្ចាស់

សេចក្តីស្រឡាញ់នាំឱ្យប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ (រ៉ូម ១៣,១០)។

បន្ទរទី១ ៖ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ទូល‌បង្គំឱ្យ​រស់​នៅតាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ អាលេលូយ៉ា!

១៤៥ បពិត្រព្រះអម្ចាស់! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត
សូមឆ្លើយតបមកទូលបង្គំផង
ដើម្បីឱ្យទូលបង្គំ ប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ!
១៤៦
ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង
ដើម្បីឱ្យទូលបង្គំ ប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ!
១៤៧
ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត
ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។
១៤៨
ទូលបង្គំសញ្ជឹង​គិត​អំពី​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ​មួយ​យប់​ទល់​ភ្លឺ។
១៤៩
សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា
ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ
តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។
១៥០
អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ
អ្នកទាំងនោះ ឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។
១៥១
បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ
វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់
១៥២
តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា
ព្រះអង្គប្រទានដំបូន្មានឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ទូល‌បង្គំឱ្យ​រស់​នៅតាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព (សរ ១៥,១-៤.៨-១៣.១៧-១៨)

ចម្រៀងនៃជ័យជម្នះ ក្រោយពីឆ្លងកាត់សមុទ្រក្រហម

អស់​អ្នក​ដែល​បាន​ឈ្នះ​សត្វ​តិរច្ឆាន….នាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេ ជាអ្នក​បម្រើរបស់ព្រះជាម្ចាស់ (វវ ១៥,២-៣)។

បន្ទរទី២ ៖ អស់អ្នកដែលមានជ័យជម្នះ នាំ​គ្នា​ច្រៀង​ចម្រៀង​របស់​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់ និង​ចម្រៀង​របស់​កូន​ចៀម អាលេលូយ៉ា!

(បទពាក្យ ៧)

១- ខ្ញុំស្រែកច្រៀងថ្វាយព្រះ ជាអម្ចាស់ដែលមានជ័យ  
  លើទ័ពសេះល្បាញល្បី លិចលង់ក្ស័យក្នុងសមុទ្រ
២- ព្រះម្ចាស់ជាកម្លាំង ខ្ញុំឈ្នះខ្មាំងមិនភ័យស្លុត  
  ខ្ញុំសូមឱនក្រាបលុត ទាំងច្រៀងបទថ្កើងព្រះអង្គ
  ព្រោះទ្រង់បានសង្គ្រោះ ខ្ញុំឲ្យរស់ផុតសៅហ្មង  
  ព្រះឪពុកខ្ញុំផង ព្រះខ្ពស់ខ្ពង់លើសអ្វីៗ
៣- ទ្រង់ជាវីរបុរស ប្រសើរខ្ពស់លើផែនដី  
  អង់អាចពូកែក្រៃ ព្រះនាមថ្លៃ “ព្រះអម្ចាស់
៤- ព្រះអង្គបានធ្វើឲ្យ កងទ័ពថយវិនាសអស់  
  ទាំងទ័ពទាំងរទេះ ត្រូវវិនាសក្នុងសមុទ្រ
៨- ពេលខ្យល់បក់បោកមក ទឹករលកផ្តុំគ្នាឡើង  
  ទំនប់ទឹករលើង មកនៅគឿងសមុទ្រជាន់
៩- ខ្មាំងសត្រូវពោលថា ខ្ញុំដេញគេតាមឲ្យទាន់  
  ខ្ញុំទទួលជយភណ្ឌ ច្រើនគ្រប់គ្រាន់ទើបចាត់ការ
១០- ព្រះអង្គទ្រង់ផ្លុំខ្យល់ ទឹកវិលវល់គ្រប់កាយា  
  ពួកគេលិចមរណា ក្នុងជលសាដូចសំណ
១១- បពិត្រព្រះអម្ចាស់ ប្រសើរណាស់ពេញបវរ  
  តើមានព្រះណាល្អ យុត្តិធម៌ដូចព្រះអង្គ ?
  ទ្រង់វិសុទ្ធរឿងរុង អស្ចារ្យខ្លាំងពេកកន្លង  
  គួរស្ញែងខ្លាចព្រឺផង ហើយមានទាំងឫទ្ធីខ្ពស់
១២- ព្រះអង្គក្តៅព្រះទ័យ គ្មានប្រណីគិតស្រណោះ  
  ពេលទ្រង់លើកព្រះហស្ត ផែនដីប្រេះស្រូបគេឈឹង
១៣- ព្រះអង្គបានលោះលា រាស្រ្តគ្រប់គ្នាមានរំពឹង  
  ដឹកនាំគេតម្រង់ ដំណាក់ទ្រង់ដ៏ឧត្តម
១៧- ព្រះអង្គនាំប្រជា រាស្រ្តគ្រប់គ្នាទៅលើភ្នំ  
  ជាចំណែកដ៏ធំ កន្លែងសំណាក់ព្រះអង្គ
  ឱព្រះអម្ចាស់អើយ ព្រះអង្គហើយដែលបានសង់  
  ទីសក្ការៈត្រចង់ ដោយហស្តទ្រង់កសាងផ្ទាល់
១៨- ព្រះម្ចាស់នឹងគ្រងរាជ្យ ពេញអំណាចអស់កប្បកល្ប  
  ជានិច្ចគ្មានពិភាល់ ជារៀងរាល់អង្វែងទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ អស់អ្នកដែលមានជ័យជម្នះ នាំ​គ្នា​ច្រៀង​ចម្រៀង​របស់​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់ និង​ចម្រៀង​របស់​កូន​ចៀម អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១១៧

ចូរសរសើរតម្កើងព្រះអម្ចាស់ ! ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា

រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គ​សម្តែង​ព្រះហឫទ័យមេត្តាករុណាដល់គេ (រ៉ូម ១៥,៩)។

បន្ទរទី៣ ៖ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ អាលេលូយ៉ា!

ប្រជាជាតិទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអម្ចាស់!
ប្រជារាស្ត្រទាំងប៉ុន្មានអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!

ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ
ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើងរហូតតរៀងទៅ។
សូមសរសើរតម្កើងព្រះអម្ចាស់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១៤,៧-៩)​

ក្នុង​ចំណោម​បង‌ប្អូន គ្មាន​នរណា​ម្នាក់​រស់ ឬ​ស្លាប់​សម្រាប់​ខ្លួន​ឯង​ឡើយ ដ្បិត​បើ​យើង​រស់ យើង​រស់​សម្រាប់​ព្រះ‌អម្ចាស់ ហើយ​បើ​យើង​ស្លាប់ ក៏​ស្លាប់​សម្រាប់​ព្រះ‌អម្ចាស់​ដែរ។ ទោះ​បី​យើង​រស់​ក្តី ស្លាប់​ក្តី យើង​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់​ជា‌និច្ច ដ្បិត​ព្រះ‌គ្រីស្ដ​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើជា​ព្រះ‌អម្ចាស់​ទាំង​លើ​មនុស្ស​ស្លាប់​ទាំង​លើ​មនុស្ស​រស់។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ ព្រះ‌គ្រីស្ដ​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើជា​ព្រះ‌អម្ចាស់​ទាំង​លើ​មនុស្ស​ស្លាប់​ទាំង​លើ​មនុស្ស​រស់ អាលេលូយ៉ា!

ពាក្យអង្វរសកល

ព្រះគ្រីស្តជានំប៉័ងនៃជីវិត ព្រះអង្គនឹងក្រោកឡើងនៅថ្ងៃចុងក្រោយបំផុត អស់អ្នកដែលរួមចំណែកក្នុងព្រះបន្ទូល និងព្រះកាយព្រះអង្គ នឹងមានជីវិតរស់ឡើងវិញ។ យើងខ្ញុំសូមទូល ដោយអំណរសប្បាយថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមប្រទានសេចក្តីសុខសាន្ត និងអំណរសប្បាយឱ្យយើងខ្ញុំផង !

ឱព្រះបុត្រារបស់ព្រះជាម្ចាស់ ! ព្រះអង្គក្រោកឡើងពីចំណោមមនុស្សស្លាប់ ដើម្បីដឹកនាំយើងខ្ញុំចូលទៅកាន់ជីវិត
—សូមព្រះអង្គប្រទានព្រះពរ និងប្រោសឱ្យបុត្រធីតាទាំងឡាយនៃព្រះបិតាបានវិសុទ្ធផង។ (បន្ទរ)

ព្រះអង្គប្រទានសេចក្តីសុខសាន្ត និងអំណរសប្បាយដល់អស់អ្នកដែលជឿលើព្រះអង្គ
—សូមប្រោសឱ្យយើងខ្ញុំធ្វើជាបុត្រធីតានៃពន្លឺ ហើយរីករាយក្នុងជ័យជម្នះរបស់ព្រះអង្គ។ (បន្ទរ)

សូមព្រះអង្គកសាងជំនឿរបស់ព្រះសហគមន៍ ដែលធ្វើដំណើរនៅលើផែនដីនេះ
—ដើម្បីឱ្យព្រះសហគមន៍អាចធ្វើជាសាក្សីអំពីការរស់ឡើងវិញរបស់ព្រះអង្គនៅមុខមនុស្សលោក។ (បន្ទរ)

ព្រះអង្គបានរងទុក្ខលំបាក និងចូលទៅក្នុងសិរីរុងរឿងនៃព្រះបិតា
—សូមព្រះអង្គផ្លាស់ប្តូរទុក្ខព្រួយរបស់យើងខ្ញុំ ឱ្យក្លាយទៅជាអំណរសប្បាយវិញ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គសព្វព្រះហឫទ័យប្រទានជីវិតថ្មីឱ្យយើងខ្ញុំដោយសារជំនឿ និងប្រោសឱ្យយើងខ្ញុំទៅជាបុត្រធីតារបស់ព្រះអង្គ។ សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានសេចក្តីក្លាហាននាំដំណឹងល្អនេះដល់មនុស្សលោកសព្វថៃ្ងផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។