២១ មេសា ២០២៧

Written on 27/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៤ ថ្ងៃពុធ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១០៨

ពាក្យសរសើរតម្កើងព្រះជាម្ចាស់ និងពាក្យទូលអង្វរ

តាំងពីព្រះជាម្ចាស់លើកព្រះបុត្រាឡើងស្ថានបរមសុខ 
សិរីរុងរឿងរបស់ព្រះអង្គត្រូវបានប្រកាសទូទាំងភពផែនដី (Arnobius)។

បន្ទរទី១៖ ឱ​ព្រះជាម្ចាស់​អើយ សូម​បង្ហាញ​ភាព​ថ្កុំ‌ថ្កើងឧត្តុង្គ‌ឧត្ដម​របស់​ព្រះអង្គ​នៅ​លើ​ផ្ទៃ​មេឃ អាលេលូយ៉ា!

២ ឱព្រះជាម្ចាស់អើយ! ទូលបង្គំត្រៀមចិត្តគំនិតជាស្រេច!
ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូតបទតម្កើងអស់ពីដួងចិត្ត!
៣
ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង!
ខ្ញុំនឹងដាស់​ព្រះ‌អាទិត្យ​ឱ្យ​រះ
៤
ឱ​ព្រះ‌អម្ចាស់​អើយ 
ទូល‌បង្គំ​នឹង​លើក​តម្កើងព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជាជន​ទាំង‌ឡាយ 
ទូល‌បង្គំ​នឹង​ស្មូត​ទំនុក‌តម្កើងថ្វាយ​ព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
៥
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្ររបស់​ព្រះ‌អង្គ​ខ្ពស់​ដល់​អាកាស‌វេហាស៍។
៦
ឱ​ព្រះ‌ជាម្ចាស់​អើយ 
សូម​បង្ហាញ​ភាព​ថ្កុំ‌ថ្កើងឧត្តុង្គ‌ឧត្ដម​របស់​ព្រះ‌អង្គ​នៅ​លើ​ផ្ទៃ​មេឃ
ហើយ​សូម​ឱ្យ​សិរីរុង​រឿង​របស់​ព្រះ‌អង្គភ្លឺចែង​ចាំង​នៅ​លើ​ផែន‌ដី​ទាំង​មូល!
៧
សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ
សូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផង
ដើម្បី​ឱ្យ​ប្រជាជន​ជា​ទី​ស្រឡាញ់របស់​ព្រះ‌អង្គ​បានរួច​ជីវិត!
៨
ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ទី‌សក្ការៈរបស់​ព្រះ‌អង្គ​មក​ថា:
«យើង​នឹង​យក​ជ័យ‌ជម្នះ យើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែម 
យើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូតចែក​ប្រជា‌រាស្ដ្រ​របស់​យើង។
៩
កាឡាត​ជា​ទឹក​ដី​របស់​យើង
ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ 
អេប្រា‌អ៊ីម​ប្រៀប​ដូច​ជា​មួក​ដែក​របស់​យើង
ហើយ​យូដា​ជា​ដំបង​រាជ្យ​របស់​យើង។
១០
ទឹក​ដី​ម៉ូអាប់​ជា​កន្លែង​ដែល​យើង​លាង​ជើង 
យើង​បោះ​ស្បែក​ជើង​យើង​លើ​ទឹក​ដី​អេដុម
ដើម្បី​បញ្ជាក់​ថា យើង​ជា​ម្ចាស់​លើ​ទឹក​ដី​នេះ។
យើង​នឹង​ស្រែក​ប្រកាស​សង្គ្រាមប្រឆាំង​នឹង​ស្រុក​ភីលី‌ស្ទីន!»។
១១
តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទីក្រុងដ៏​រឹង‌មាំ​បាន?
តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ស្រុក​អេដុម?
១២
ឱ​ព្រះ‌ជាម្ចាស់​អើយ! មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​អាច​នាំ​យើង​ខ្ញុំ 
ប៉ុន្តែ ព្រះ‌អង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ
ព្រះ‌អង្គ​ឈប់​យាង​ទៅ​ជា​មួយ​កង‌ទ័ពយើង​ខ្ញុំ​ទៀត​ហើយ។
១៣
សូម​ជួយ​យើង​ខ្ញុំ​ឱ្យ​ប្រឆាំង​តទល់នឹង​ពួក​សត្រូវ​ផង 
ដ្បិត​ការ​សង្គ្រោះ​មក​ពី​មនុស្ស​លោកឥត​ប្រយោជន៍​អ្វីសោះ។
១៤
បើ​ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​យើង នោះ​យើង​នឹង​មាន​ជ័យ‌ជម្នះ
ដ្បិត​ព្រះ‌អង្គ​នឹង​បង្ក្រាប​បច្ចា‌មិត្តរបស់​យើង​ឱ្យ​រាប។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱ​ព្រះជាម្ចាស់​អើយ សូម​បង្ហាញ​ភាព​ថ្កុំ‌ថ្កើងឧត្តុង្គ‌ឧត្ដម​របស់​ព្រះអង្គ​នៅ​លើ​ផ្ទៃ​មេឃ អាលេលូយ៉ា!

បទលើកតម្កើងតាមព្យាការីអេសាយ (អស ៦១,១០-៦២,៥)

អំណរសប្បាយរបស់ព្យាការីស្តីអំពីក្រុងយេរូសាឡឹមថ្មី
ខ្ញុំ​ឃើញ​ក្រុង​ដ៏‌វិសុទ្ធ ជា​ក្រុង​យេរូ‌សាឡឹម​ថ្មី ចុះ​ពី​ស្ថាន​បរម‌សុខ គឺ​ចុះ​មក​ពី​ព្រះ‌ជាម្ចាស់
ទាំង​តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មីតុប‌តែង​ខ្លួន​ទទួល​ស្វាមី (វវ ២១,២)។

បន្ទរទី២៖ ព្រះជាអម្ចាស់​នឹង​ធ្វើឱ្យ​សេចក្ដីសុចរិត និង​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះ នៅ​ចំពោះ​ប្រជាជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ អាលេលូយ៉ា!

(បទពាក្យ ៧)

១០- ខ្ញុំមានអំណរសប្បាយខ្លាំង ព្រោះតែព្រះអង្គស្តាប់អង្វរ  
  ព្រះអង្គសង្គ្រោះខ្ញុំកំដរ រហូតរៀងមកមិនដែលខាន ។
  លម្អខ្ញុំដូចកូនកំលោះ ពាក់មកុដស្រស់ល្អភុំផាន  
  ដូចកូនក្រមុំយ៉ាងចំណាន នៅលើវិមានថ្ងៃរៀបការ ។
១១- ដីធ្វើឱ្យគ្រាប់ពូជធារដុះ ពន្លកសក្បុសនៅក្នុងច្បារ  
  លូតលាស់ស្គុះស្គាយស្រស់យ៉ាងណា ក្តីសុចរិតថ្លាមិនបាត់បង់ ។
  និងការសរសើរលើកតម្កើង លូតលាស់ផុសឡើងមិនបង្អង់  
  ចេញពីទឹកដីល្អផូរផង់ នៅមុខទូទាំងជាតិទាំងឡាយ ។
១- យើងតែងនិយាយការពារក្រុង ឱ្យនៅគង់វង្សមានអ្នកថែ  
  យេរូសាឡឹមស៊ីយ៉ូនដែរ យើងមិនស្ងៀមទេមិនកន្តើយ ។
  ដរាបទាល់តែក្តីសុចរិត ចាំងចែងពេញពិតទើបធូរស្បើយ  
  ដូចថ្ងៃរះពេញពន្លឺហើយ ការសង្គ្រោះឱ្យភ្លឺដូចភ្លើង ។
២- ពេលនោះមនុស្សគ្រប់ជាតិសាសន៍ ឃើញសុចរិតច្បាស់មិនឆ្មៃឆ្មើង  
  ស្តេចទាំងប៉ុន្មាននឹកឃើញឡើង សិរីរុងរឿងនៃអ្នកដែរ ។
  ឈ្មោះចាស់ក្រុងឯងគេលែងហៅ គេពោលសំដៅតាមគេប្រែ  
  ឈ្មោះល្អសែនសមអ្វីម៉្លេះទេ ព្រះប្រទានគេឱ្យរុងរឿង ។
៣- ក្រុងឯងនឹងទៅជាភួងជ័យ ប្រណីតពេកក្រៃសែនថ្កុំថ្កើង  
  នឹងទៅជាមកុដរាជ្យរុងរឿង ព្រះហស្តព្រះយើងទ្រង់កាន់កាប់ ។
៤- គេនឹងលែងហៅអ្នកឯងថា ស្ត្រីមិនបានការមិនចំណាប់  
  ស្ត្រីប្តីបោះបង់មិនគួររាប់ គេលែងបង្អាប់ដល់អ្នកទៀត ។
  តំបន់ជុំវិញគេក៏លែង មើលងាយហៅថាចោលម្សៀត  
  ថាស្ងាត់ជ្រងំដូចព្រៃស្បាត ដែលមានដុះសុទ្ធស្មៅទៀតទេ ។
  តែផ្ទុយទៅវិញគេនឹងហៅ ឯងថាពាលពៅបងសូមស្នេហ៏  
  តំបន់ជុំវិញគេបំពេរ ថាស្ងួនមាសមេភរិយាបង ។
  ដ្បិតព្រះអម្ចាស់គាប់ព្រះទ័យ នឹងអ្នកពេកក្រៃគ្មានសៅហ្មង  
  ដូចពាក្យសំដីឆ្លើយសារសង ពាក្យអូនពាក្យបងត្រូវរ៉ូវគ្នា ។
៥- ព្រះម្ចាស់បង្កើតជារូបអ្នក ទ្រង់គង់ថ្នមថ្នាក់រាល់វេលា  
  សប្បាយឥតខ្វល់ដូចភរិយា ថ្មីថ្មោងជាគ្នានឹងស្វាមី ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

បន្ទរ៖ ព្រះជាអម្ចាស់​នឹង​ធ្វើឱ្យ​សេចក្ដីសុចរិត និង​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះ នៅ​ចំពោះ​ប្រជាជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១៤៦

សុភមង្គលរបស់អស់អ្នកដែលជឿទុកចិត្តលើព្រះជាម្ចាស់
ការសរសើរតម្កើងព្រះជាម្ចាស់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង មានន័យថា គ្រប់យ៉ាងដែលយើងធ្វើ ត្រូវតែសម្រាប់សិរីរុងរឿងរបស់ព្រះអង្គ (Arnobius)។

បន្ទរទី៣៖ ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច! ក្រុងស៊ីយ៉ូនអើយ! ព្រះអង្គជាព្រះរបស់អ្នកហើយ អាលេលូយ៉ា!

១ អាលេលូយ៉ា! ខ្ញុំសូមលើកតម្កើងព្រះអម្ចាស់អស់ពីដួងចិត្ត!
២

ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត
ខ្ញុំនឹងស្មូតបទថ្វាយព្រះរបស់ខ្ញុំ
ក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។
៣

កុំទុកចិត្តមេដឹកនាំ កុំទុកចិត្តមនុស្សលោក
ដែលពុំអាចសង្គ្រោះនរណាបាននោះឡើយ
៤

ពេលគេត្រូវផុតដង្ហើម គេវិលត្រឡប់ទៅជាធូលីដីវិញ
ហើយគម្រោងការរបស់គេក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរ។
៥

អ្នកណាដែលព្រះរបស់លោកយ៉ាកុបសង្គ្រោះ
ហើយអ្នកណាដែលសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន
អ្នកនោះមានសុភមង្គលហើយ!។
៦

ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី
ព្រះអង្គបានបង្កើតសមុទ្រ និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ
ព្រះអង្គតែងតែគោរពតាមព្រះបន្ទូលសន្យារបស់ព្រះអង្គជានិច្ច។
៧

ព្រះអង្គរកយុត្តិធម៌ឱ្យអស់អ្នកដែលត្រូវគេសង្កត់សង្កិន
ព្រះអង្គប្រទានអាហារដល់អស់អ្នកដែលស្រេកឃ្លាន
ព្រះអម្ចាស់ដោះលែងអ្នកជាប់ឃុំឃាំង
៨

ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ឱ្យមើលឃើញ
ព្រះអម្ចាស់លើកអ្នកដែលអស់សង្ឃឹមឱ្យងើបឡើងវិញ
ព្រះអម្ចាស់ស្រឡាញ់មនុស្សសុចរិត
៩

ព្រះអម្ចាស់ការពារជនបរទេស
ព្រះអង្គគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ
តែព្រះអង្គធ្វើឱ្យគម្រោងការរបស់មនុស្សអាក្រក់ត្រូវរលាយសូន្យ។
១០

ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច!
ក្រុងស៊ីយ៉ូនអើយ! ព្រះរបស់អ្នកនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!
ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!។ អាលេលូយ៉ា!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច! ក្រុងស៊ីយ៉ូនអើយ! ព្រះអង្គជាព្រះរបស់អ្នកហើយ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៦,៨-១១)

ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះ‌គ្រីស្ដ យើង​ក៏​ជឿ​ថា យើង​នឹង​មាន​ជីវិត​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ ព្រោះ​យើង​ដឹង​ថា ព្រះ‌គ្រីស្ដដែល​រស់​ឡើង​វិញ​នោះ ព្រះ‌អង្គ​លែង​សោយ​ទិវង្គត​ហើយ មច្ចុរាជ​គ្មាន​អំណាច​លើ​ព្រះ‌អង្គ​ទៀត​ទេ ដ្បិត​ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​នោះ គឺ​សោយ​ទិវង្គត​ឱ្យ​បាន​រួច​ផុត​ពី​អំណាច​បាប​ម្ដង​ជា​សូរេច។ ឥឡូវ​នេះ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នោះ គឺ​រស់​សម្រាប់​ព្រះ‌ជាម្ចាស់។ រីឯ​បង‌ប្អូន​វិញ​ក៏​ដូច្នោះ​ដែរ ចូរ​ចាត់​ទុក​ថាខ្លួន​បាន​ស្លាប់ រួច​ផុត​ពី​អំណាច​បាប ហើយ​បង‌ប្អូន​មាន​ជីវិត​រស់សម្រាប់​ព្រះ‌ជាម្ចាស់ ដោយ​រួម​ជា​មួយ​ព្រះ‌គ្រីស្ដ‌យេស៊ូ។
 
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖...
—ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *...
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖...

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ «ខ្ញុំ​ជា​ពន្លឺបំភ្លឺពិភព‌លោក អ្នក​ណា​មក​តាម​ខ្ញុំ អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដីងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត» អាលេលូយ៉ា!

ពាក្យអង្វរសកល

ដោយព្រះអំណោយពីព្រះបិតា ព្រះអង្គបានប្រោសព្រះគ្រីស្តឱ្យមានព្រះជន្មរស់ឡើងវិញ ហើយក្រុមគ្រីស្តទូតបានឃើញព្រះអង្គ។
ចូរយើងទូលអង្វរទៅព្រះបិតាថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់! សូមប្រទានសិរីរុងរឿងនៃព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំផង !

ឱព្រះបិតានៃពន្លឺអើយ! នៅថ្ងៃនេះ យើងខ្ញុំសូមថ្វាយទៅព្រះអង្គនូវពាក្យអរព្រះគុណ និងពាក្យសរសើរតម្កើង ដែលព្រះអង្គបានត្រាស់ហៅយើងខ្ញុំ ឱ្យចូលទៅក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ —ដើម្បីទទួលព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ (បន្ទរ)
 
សូមឱ្យការខិតខំប្រឹងប្រែងរបស់មនុស្សជាតិ ធ្វើឱ្យពិភពលោកកាន់តែមានមនុស្សបរិសុទ្ធ
—និងពង្រឹងដោយអំណាចនៃព្រះវិញ្ញាណរបស់ព្រះអង្គ។ (បន្ទរ)
 
សូមឱ្យយើងខ្ញុំឧស្សាហ៍ព្យាយាមក្នុងការបម្រើអ្នកដទៃ
—ដូច្នេះ ក្រុមគ្រួសារទាំងមូលអាចក្លាយជាសក្ការបូជា ក្នុងការលើកតម្កើងព្រះជាម្ចាស់ ដែលគាប់ព្រះហឫទ័យព្រះអង្គ។ (បន្ទរ)
 
នៅព្រឹកថ្ងៃថ្មីនេះ សូមព្រះអង្គបំពេញយើងខ្ញុំដោយធម៌មេត្តាករុណារបស់ព្រះអង្គ
—ដើម្បីឱ្យថ្ងៃនេះ ក្លាយទៅជាថ្ងៃនៃអំណរសប្បាយ និងការសរសើរតម្កើងព្រះអង្គ។ (បន្ទរ)
 

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សគ្រប់ជាតិសាសន៍ជឿសង្ឃឹមលើព្រះអង្គ។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំជាគ្រីស្តបរិស័ទ យកចិត្តទុកដាក់ប្រកាសដំណឹងល្អអំពីព្រះអង្គ ក្នុងគ្រប់កាលៈទេសៈប្រចាំជីវិតយើងខ្ញុំ។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។