រដូវបុណ្យចម្លង សប្តាហ៍ទី៣ ថ្ងៃអង្គារ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន អាលេលូយ៉ា !
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៨៥
ការសង្គ្រោះ គឺនៅជិតយើងបង្កើយ
ព្រះជាម្ចាស់បានប្រទានពរដល់ទឹកដីរបស់យើង នៅពេលព្រះសង្គ្រោះបានយាងមកផែនដីនេះ (លោកអូរីហ្សេន)។
បន្ទរទី១ ៖ ព្រះអង្គនឹងយាងមកវិញ ប្រទានឱ្យយើងខ្ញុំរស់រានមានជីវិត ដើម្បីឱ្យប្រជារាស្ដ្ររបស់ព្រះអង្គមានអំណរសប្បាយរួមជាមួយព្រះអង្គ អាលេលូយ៉ា!
| ២- | បពិត្រព្រះអម្ចាស់! ព្រះអង្គគាប់ព្រះហឫទ័យនឹងទឹកដីរបស់ព្រះអង្គ ព្រះអង្គបាននាំពូជពង្សរបស់លោកយ៉ាកុប ដែលជាប់ជាឈ្លើយនោះឱ្យវិលត្រឡប់មកវិញ។ |
| ៣- | ព្រះអង្គបានលើកលែងទោសឱ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គបានអត់ទោសគេឱ្យរួចពីអំពើបាបទាំងប៉ុន្មាន។ |
| ៤- | ព្រះអង្គលែងព្រះពិរោធនឹងយើងខ្ញុំ ព្រះអង្គឈប់ខ្ញាល់នឹងយើងខ្ញុំទៀតហើយ។ |
| ៥- | ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ! សូមប្រោសឱ្យយើងខ្ញុំវិលត្រឡប់មករកព្រះអង្គវិញ សូមឈប់ប្រកែប្រកាន់យើងខ្ញុំទៀតទៅ។ |
| ៦- | តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ? តើព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំអស់កល្បជាអង្វែងតរៀងទៅឬ? |
| ៧- | តើព្រះអង្គមិនយាងមកវិញ ប្រទានឱ្យយើងខ្ញុំរស់រានមានជីវិត ដើម្បីឱ្យប្រជារាស្ត្ររបស់ព្រះអង្គមានអំណរសប្បាយរួមជាមួយព្រះអង្គទេឬ? |
| ៨- | ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ សូមសង្គ្រោះយើងខ្ញុំផង! |
| ៩- | ខ្ញុំត្រង់ត្រាប់ស្តាប់សេចក្តីដែលព្រះជាអម្ចាស់មានព្រះបន្ទូល ព្រះអង្គមានព្រះបន្ទូលថា នឹងប្រទានសេចក្តីសុខសាន្តមកប្រជារាស្ត្រដែលជឿលើព្រះអង្គ គឺអស់អ្នកដែលមិនបែរចិត្តគំនិតទៅរកអំពើលេលារបស់ខ្លួនវិញ។ |
| ១០- | ក្នុងពេលឆាប់ៗ ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ សិរីរុងរឿងនឹងមកសណ្ធិតនៅលើទឹកដីរបស់យើង។ |
| ១១- | ព្រះអម្ចាស់នឹងសម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្រ យុត្តិធម៌ និងសេចក្តីសុខសាន្ត ជួបគ្នានៅលើផែនដី។ |
| ១២- | សេចក្តីពិតនឹងដុះចេញពីដីមក សេចក្តីសុចរិតក៏លេចចេញមកពីផ្ទៃមេឃដែរ។ |
| ១៣- | ព្រះអម្ចាស់ផ្ទាល់ប្រទានសុភមង្គលមកយើង ទឹកដីរបស់យើងក៏បង្កើតភោគផល។ |
| ១៤- | សេចក្តីសុចរិតដើរនៅមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអង្គនឹងយាងមកវិញ ប្រទានឱ្យយើងខ្ញុំរស់រានមានជីវិត ដើម្បីឱ្យប្រជារាស្ដ្ររបស់ព្រះអង្គមានអំណរសប្បាយរួមជាមួយព្រះអង្គ អាលេលូយ៉ា!
បទលើកតម្កើងតាមព្យាការីអេសាយ (អស ២៦,១-៤.៧-៩.១២)
ទំនុកតម្កើងក្រោយពេលមានជ័យជម្នះលើខ្មាំងសត្រូវ
កំពែងរបស់ក្រុងមានគ្រឹះដប់ពីរ (វវ ២១,១៤)។
បន្ទរទី២ ៖ ឱព្រះអម្ចាស់អើយ ! យើងខ្ញុំផ្ញើជីវិតលើព្រះអង្គ ព្រះអង្គបានប្រទានសេចក្តីសុខសាន្តឱ្យយើងខ្ញុំ អាលេលូយ៉ា!
(បទកាកគតិ)
| ១- | យើងមានក្រុងមួយ | មាំឥតភ័យព្រួយ | ព្រោះព្រះម្ចាស់បាន |
| ប្រទាននូវការ | សង្គ្រោះគ្រប់ប្រាណ | ដូចកំពែងបាន | |
| ការពាររ៉ាប់រង | ។ | ||
| ២- | ចូរយើងបើកទ្វារ | កុំបីរួញរា | កុំឱ្យមានហ្មង |
| ឱ្យប្រជាជាតិ | សុចរិតទាំងពួង | ស្ម័គ្រស្មោះកន្លង | |
| បានចូលមកជិត | ។ | ||
| ៣- | បពិត្រព្រះម្ចាស់ | ព្រះអង្គទ្រង់ប្រោស | ដល់ប្រជាជាតិ |
| មានក្តីសុខសាន្ត | ឥតបីឃ្លាងឃ្លាត | ទាំងជីវិតទៀត | |
| ផ្ញើព្រះឥតភ្លេច | ។ | ||
| ៤- | ចូរមានសង្ឃឹម | ដោយក្តីញញឹម | លើព្រះជានិច្ច |
| ទាំងកាយជីវិត | ឥតមានពេលភ្លេច | ជាថ្មរំលេច | |
| ស្ថិតស្ថេរអស់កល្ប | ។ | ||
| ៧- | បពិត្រព្រះម្ចាស់ | អស្ចារ្យពេកណាស់ | ទ្រង់បង្ហាញដល់ |
| មនុស្សសុចរិត | បានដឹងបានស្គាល់ | មាគ៌ានិមល | |
| សែនល្អកន្លង | ។ | ||
| ៨- | ឱព្រះអម្ចាស់ | យើងខ្ញុំទាំងអស់ | ជីវិតផ្ញើទ្រង់ |
| ហើយសូមដើរតាម | មាគ៌ារឿងរុង | ដែលព្រះអង្គទ្រង់ | |
| ត្រួសត្រាយទុកស្រាប់ | ។ | ||
| ចិត្តយើងគ្រប់គ្នា | តែងតែប្រាថ្នា | ថ្លែងមិនឈរឈប់ | |
| ព្រះនាមព្រះអង្គ | ដែលល្បីសាយសព្វ | ពាសពេញលើភព | |
| ប្រសើរកន្លង | ។ | ||
| ៩- | ទោះជាពេលយប់ | ចង់ជ្រកក្រោមម្លប់ | បារមីនៃទ្រង់ |
| ទូលបង្គំខំស្វែង | រកតែព្រះអង្គ | តាំងពីព្រឹកព្រាង | |
| ឥតមានសំចៃ | ។ | ||
| ១២- | បពិត្រព្រះម្ចាស់ | ប្រសើរពេកណាស់ | ទ្រង់តែងអាណិត |
| ផ្តល់ក្តីសុខសាន្ត | អ្វីខ្ញុំប្រព្រឹត្ត | ដែលមានមកពិត | |
| គឺទ្រង់សម្រេច | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! យើងខ្ញុំផ្ញើជីវិតលើព្រះអង្គ ព្រះអង្គបានប្រទានសេចក្តីសុខសាន្តឱ្យយើងខ្ញុំ អាលេលូយ៉ា!
ទំនុកតម្កើងលេខ ៦៧
មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអម្ចាស់
សូមបងប្អូនជ្រាបថា ព្រះជាម្ចាស់បានប្រទានព្រះបន្ទូល ស្តីអំពីការសង្គ្រោះរបស់ព្រះអង្គឱ្យសាសន៍ដទៃវិញ (កក ២៨,២៨)។
បន្ទរទី៣ ៖ ផែនដីបានបង្កើតភោគផល ប្រជាជាតិទាំងឡាយនាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស អាលេលូយ៉ា!
| ២- | ឱព្រះជាម្ចាស់អើយ! សូមព្រះអង្គអាណិតមេត្តាយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង! |
| ៣- | ដូច្នេះ មនុស្សនៅលើផែនដីនឹងស្គាល់មាគ៌ារបស់ព្រះអង្គ ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ! |
| ៤- | បពិត្រព្រះជាម្ចាស់! សូមឱ្យប្រជាជនទាំងឡាយ នាំគ្នាលើកតម្កើងព្រះអង្គ សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ! |
| ៥- | ប្រជាជាតិទាំងឡាយច្រៀងដោយសប្បាយរីករាយ ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ត្រនានាដោយយុត្តិធម៌ ព្រះអង្គដឹកនាំប្រជាជាតិទាំងឡាយនៅលើផែនដី។ |
| ៦- | បពិត្រព្រះជាម្ចាស់! សូមឱ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ សូមឱ្យប្រជាជនទាំងអស់រួមគ្នាលើកតម្កើងព្រះអង្គ! |
| ៧- | ផែនដីបានបង្កើតភោគផល ព្រះជាម្ចាស់ជាព្រះនៃយើងប្រទានពរឱ្យយើង។ |
| ៨- | សូមព្រះជាម្ចាស់ប្រទានពរឱ្យយើង! សូមឱ្យមនុស្សម្នាដែលរស់នៅលើផែនដីទាំងមូល គោរពកោតខ្លាចព្រះអង្គ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ផែនដីបានបង្កើតភោគផល ប្រជាជាតិទាំងឡាយនាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១៣,៣០-៣៣)
ព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យរស់ឡើងវិញ។ ព្រះយេស៊ូបានបង្ហាញខ្លួនឱ្យអស់អ្នកដែលបានរួមដំណើរជាមួយព្រះអង្គ ពីស្រុកកាលីឡេទៅក្រុងយេរូសាឡឹម ឃើញអស់រយៈពេលជាច្រើនថ្ងៃ។ ឥឡូវនេះ អ្នកទាំងនោះធ្វើជាបន្ទាល់របស់ព្រះអង្គ នៅចំពោះមុខប្រជាជនទៀតផង។ រីឯយើងខ្ញុំវិញ យើងខ្ញុំសូមជូនដំណឹងល្អនេះប្រាប់បងប្អូនថា ព្រះបន្ទូលដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរសរបស់យើង ព្រះអង្គបានធ្វើតាម ដើម្បីជាប្រយោជន៍ដល់យើង ដែលជាពូជពង្សរបស់លោកទាំងនោះហើយ គឺព្រះអង្គបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញ ដូចមានចែងទុកក្នុងទំនុកតម្កើងទីពីរថាៈ ព្រះអង្គជាបុត្ររបស់យើងគឺយើងដែលបានបង្កើតព្រះអង្គមកនៅថ្ងៃនេះ។
បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គត្រូវគេព្យួរនៅលើឈើឆ្កាងសម្រាប់យើងខ្ញុំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនមែនលោកម៉ូសេទេ ដែលបានផ្ដល់អាហារពីស្ថានបរមសុខមកនោះ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខមកឱ្យអ្នករាល់គ្នា អាលេលូយ៉ា!
ពាក្យអង្វរសកល
ព្រះគ្រីស្តបានសង់ព្រះដំណាក់នៃរូបកាយរបស់ព្រះអង្គឡើងវិញ ដោយឫទ្ធិអំណាចរបស់ព្រះអង្គផ្ទាល់ នៅពេលរូបកាយនេះត្រូវបានបំផ្លាញ ដោយសារសេចក្តីស្លាប់។ ចូរយើងទូលសូមព្រះអង្គ ដោយអំណរសប្បាយថា ៖
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមចែករំលែកផលផ្លែនៃជ័យជម្នះរបស់ព្រះអង្គឱ្យយើងខ្ញុំផង !
ឱព្រះគ្រីស្តជាព្រះសង្រ្គោះនៃយើងខ្ញុំអើយ ! នៅពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបាននាំដំណឹងល្អដល់ស្រ្តីៗ និងក្រុមគ្រីស្តទូត អំពីការសង្រ្គោះពិភពលោក
—សូមប្រោសឱ្យយើងខ្ញុំធ្វើជាសាក្សីអំពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ (បន្ទរ)
ព្រះអង្គមានព្រះបន្ទូលសន្យាទៅកាន់ប្រជាជនទាំងឡាយថា យើងខ្ញុំនឹងរស់ឡើងវិញ ដើម្បីទទួលជីវិតថ្មី
—សូមព្រះអង្គប្រោសឱ្យយើងខ្ញុំធ្វើជាអ្នកប្រកាសដំណឹងល្អផង។ (បន្ទរ)
ព្រះអង្គបានបង្ហាញខ្លួនឱ្យក្រុមគ្រីស្តទូតឃើញ ហើយបានផ្លុំព្រះវិញ្ញាណដ៏វិសុទ្ធទៅលើពួកគាត់
—សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានព្រះវិញ្ញាណដូចគ្នានឹងក្រុមគ្រីស្តទូតកាលពីដើម។ (បន្ទរ)
ព្រះអង្គមានព្រះបន្ទូលសន្យា គង់នៅជាមួយពួកសាវ័ករហូតដល់អវសានកាលនៃពិភពលោក
—សូមព្រះអង្គស្នាក់នៅជាមួយយើងខ្ញុំនៅថ្ងៃនេះ ហើយស្ថិតនៅជាប់នឹងយើងខ្ញុំជានិច្ចផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះអម្ចាស់ជាព្រះបិតា ! កាលពីដើមព្រះអង្គបានប្រទានឱ្យលោកស្ទេផានធ្វើជាសាក្សីអំពីសេចក្តីពិត រហូតដល់បូជាជីវិតដូចព្រះយេស៊ូ។ សូមព្រះអង្គមេត្តាប្រោសប្រទានដល់យើងខ្ញុំជាគ្រីស្តបរិស័ទ ដែលកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណដ៏វិសុទ្ធ មានជំនឿមាំមួន និងមានសេចក្តីក្លាហានហ៊ានបញ្ជាក់ជំនឿរបស់ខ្លួន ដូចលោកស្ទេផាន។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។