០២ មេសា ២០២៦

Written on 16/01/2026
Mary Siya Khim

ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៨០

ឱព្រះអម្ចាស់អើយ! សូម​យាង​មក​ជួយ​ចម្ការ​ទំពាំងបាយជូរ​នេះ​ផង!

ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក! (វវ ២២,២០)។

បន្ទរ៖ នៅ​ពេល​មាន​អាសន្ន ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។

ឱព្រះជាម្ចាស់ដែលជាគង្វាលនៃជនជាតិអ៊ីស្រាអែលអើយ! សូមមេត្តាព្រះសណ្តាប់យើងខ្ញុំផង
ព្រះអង្គតែងដឹកនាំពូជពង្សរបស់លោកយ៉ូសែប ដូចគង្វាលដឹកនាំហ្វូងចៀម
ឱ​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​ពួក​ខេរូប៊ីមអើយ! សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ

សូមសម្តែងព្រះចេស្តាឱ្យកុលសម្ពន្ធអេប្រាអ៊ីម បេនយ៉ាមីន និងម៉ាណាសេឃើញ
សូមយាងមកសង្គ្រោះយើងខ្ញុំផង!

ឱព្រះជាម្ចាស់អើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត!

បពិត្រព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល!
តើព្រះអង្គទ្រង់ព្រះពិរោធ មិនព្រមស្តាប់ពាក្យអង្វរប្រជារាស្ត្រព្រះអង្គដល់កាលណាទៀត?

ព្រះអង្គធ្វើឱ្យយើងខ្ញុំសោកសង្រេងឥតស្រាកស្រាន្ត ឱ្យយើងខ្ញុំយំខ្សោះទឹកភ្នែក។

ព្រះអង្គធ្វើឱ្យប្រជាជាតិជិតខាង ឈ្លោះគ្នាដណ្តើមយកទឹកដីយើងខ្ញុំ
ខ្មាំងសត្រូវចំអកឡកឡឺយដាក់យើងខ្ញុំ។

ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត!។

ព្រះអង្គបានគាស់ដើមទំពាំងបាយជូរពីស្រុកអេស៊ីបមក
ព្រះអង្គបានដេញប្រជាជាតិនានាចេញពីទឹកដី ហើយយកទំពាំងបាយជូរនោះមកដាំជំនួស។
១០
ព្រះអង្គឆ្ការដីយ៉ាងស្អាត ដើម្បីឱ្យដើមទំពាំងបាយជូរនោះចាក់ឫស ហើយដុះពាសពេញនៅក្នុងស្រុក
១១
ម្លប់នៃទំពាំងបាយជូរនោះ គ្របដណ្តប់ទៅលើភ្នំនានា
ហើយមែករបស់វាគ្របទៅលើដើមគគីរដ៏ខ្ពស់ៗ។
១២
ដើមទំពាំងបាយជូរបែកមែកសាខារហូតទៅដល់សមុទ្រ
ហើយមានពន្លកលាស់ចេញមក រហូតទៅដល់ទន្លេអឺប្រាត។
១៣
ហេតុអ្វីបានជាព្រះអង្គរំលំរបងចម្ការទំពាំងបាយជូរនេះ
បណ្តាលឱ្យអស់អ្នកធ្វើដំណើរកាត់តាមនោះ នាំគ្នាបេះផ្លែដូច្នេះ?
១៤
ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ
សត្វនានានៅទីវាល ក៏នាំគ្នាស៊ីដើមទំពាំងបាយជូរនេះដែរ។
១៥
ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ! សូមយាងមកវិញ!
សូមទតមើលពីស្ថានបរមសុខមក! សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង!
១៦
សូមការពារចម្ការទំពាំងបាយជូរដែលព្រះអង្គបានដាំ ដោយបារមីរបស់ព្រះអង្គផ្ទាល់
គឺបុត្រដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង!
១៧
សូមឱ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ
ត្រូវវិនាសសូន្យ នៅពេលព្រះអង្គគំរាមកំហែងពួកគេ។
១៨
សូមដាក់ព្រះហស្តលើស្តេចដែលគង់នៅខាងស្តាំព្រះអង្គ
គឺលើបុត្រមនុស្សដែលព្រះអង្គបានពង្រឹងឱ្យមាំមួនឡើង។
១៩
យើងខ្ញុំនឹងមិនបែកចិត្តចេញពីព្រះអង្គទៀតឡើយ
សូមប្រោសប្រទានឱ្យយើងខ្ញុំរស់រានមានជីវិតឡើងវិញផង
នោះយើងខ្ញុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ។
២០
ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ! សូមនាំយើងខ្ញុំឱ្យវិលត្រឡប់មកវិញ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរស នោះយើងខ្ញុំនឹងបានរួចជីវិត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ នៅ​ពេល​មាន​អាសន្ន ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។

បទលើកតម្កើងតាមព្យាការីអេសាយ (អស ១២,១-៦)

អំណរសប្បាយរបស់ប្រជារាស្រ្តដែលព្រះអង្គបានលោះ

អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ (យហ ៧,៣៧)។

បន្ទរទី២ ៖ ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​ផ្ញើជីវិត​លើ​ព្រះអង្គ ខ្ញុំ​លែង​ភ័យខ្លាច​ទៀត​ហើយ។

(បទពាក្យ ៧)

១- ឱព្រះម្ចាស់អើយទូលបង្គំ លើកហត្ថប្រណម្យសូមតម្កើង  
  គ្រាមុនព្រះអង្គពិរោធយើង ឥឡូវព្រះអង្គសម្រាលទុក្ខ
២- ព្រះអម្ចាស់ជាព្រះសង្គ្រោះ ជីវិតខ្ញុំរស់ស្គាល់តែសុខ  
  លែងភ័យលែងខ្លាចលែងកើតទុក្ខ ពីនេះទៅមុខពឹងលើព្រះ
  ដ្បិតព្រះអម្ចាស់ជាកម្លាំង ខ្ញុំអាចតតាំងអាចយកឈ្នះ  
  ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ ព្រោះទ្រង់សង្គ្រោះដល់រូបខ្ញុំ
៣- ព្រះម្ចាស់សង្គ្រោះអ្នករាល់គ្នា ផុតទុក្ខគ្រប់គ្រារស់សុខដុម  
  ចូរទៅដងទឹកត្រជាក់ជុំ ចេញពីប្រភពសង្គ្រោះផង
៤- ចូរអរព្រះគុណព្រះអម្ចាស់ ហើយចូរប្រកាសនាមព្រះអង្គ  
  ថ្លែងស្នាព្រះហស្តអស្ចារ្យទ្រង់ ប្រាប់ប្រជាជនផងទាំងឡាយ
៥- ចូរស្មូតទំនុកតម្កើងថ្វាយ ព្រះអម្ចាស់ថ្លៃគ្រប់ៗកាយ  
  ដ្បិតការអស្ចារ្យច្រើនពេកក្រៃ ឱ្យមនុស្សលើដីបានដឹងផង
៦- អុះឱ អ្នកក្រុងស៊ីយ៉ូនអើយ ចូរកុំកន្តើយស្រែករំពង  
  ដោយអរសប្បាយដ្បិតព្រះអង្គ វិសុទ្ធឥតហ្មងព្រះនៃយើង
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​ផ្ញើជីវិត​លើ​ព្រះអង្គ ខ្ញុំ​លែង​ភ័យខ្លាច​ទៀត​ហើយ។

ទំនុកតម្កើងលេខ ៨១

សម្ពន្ធមេត្រីដែលចងឡើងវិញយ៉ាងឱឡារិក

បង‌ប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​នរណា​ម្នាក់ក្នុង​ចំណោម​បង‌ប្អូន បែរ​ជា​មាន​ចិត្ត​អាក្រក់​លែង​ជឿ
រហូត​ដល់​ទៅ​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ (ហប ៣,១២)។

បន្ទរទី៣ ៖ ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗមកឱ្យយើងបរិភោគ ព្រមទាំងឱ្យយើងមានទឹកឃ្មុំបរិភោគយ៉ាងបរិបូណ៌ផង។

ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះជាម្ចាស់ ដែលជាកម្លាំងរបស់យើង!
ចូរអបអរសាទរព្រះរបស់លោកយ៉ាកុប!

ចូរនាំគ្នាប្រគុំតូរ្យតន្ត្រីឡើង
ចូរវាយស្គរ និងលេងពិណយ៉ាងពីរោះ ព្រមទាំងដេញចាប៉ីផងដែរ!

ចូរផ្លុំស្នែងនៅពេលចាប់ផ្តើមខ្នើត
នៅពេលខែពេញបូរមី គឺជាថ្ងៃបុណ្យរបស់យើង

ព្រោះជាច្បាប់នៅស្រុកអ៊ីស្រាអែល
ជាបទបញ្ជានៃព្រះរបស់លោកយ៉ាកុប

ជាវិន័យដែលព្រះអង្គបង្គាប់មកពូជពង្សរបស់លោកយ៉ូសែប
នៅពេលដែលព្រះអង្គវាយប្រហារស្រុកអេស៊ីប។
ខ្ញុំឮសំឡេងមួយដែលខ្ញុំមិនធ្លាប់ឮទាល់តែសោះ បន្លឺថា ៖

“យើងបានយកអង្រែកដ៏ធ្ងន់ចុះពីស្មាអ្នក
ហើយក៏យកបន្ទុកដ៏ធ្ងន់ចេញពីដៃអ្នកដែរ!

នៅគ្រាមានទុក្ខវេទនា អ្នកបានស្រែកហៅយើង យើងក៏បានរំដោះអ្នក
យើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះ
យើងបានល្បងលមើលចិត្តអ្នក នៅក្បែរប្រភពទឹកមេរីបា។

ប្រជារាស្ត្ររបស់យើងអើយ!
ចូរស្តាប់សេចក្តីដែលយើងរំលឹកដាស់តឿនអ្នក
ឱអ៊ីស្រាអែលអើយ! ចូរស្តាប់ពាក្យយើង
១០
កុំឱ្យមានព្រះណាទៀតនៅក្នុងចំណោមអ្នកឡើយ
កុំថ្វាយបង្គំព្រះដទៃឱ្យសោះ
១១
យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក
យើងបាននាំអ្នកចេញពីស្រុកអេស៊ីបមក
ចូរបើកចិត្តឱ្យទូលាយ យើងនឹងឱ្យពរអ្នកយ៉ាងពេញបរិបូណ៌។
១២
ប៉ុន្តែ ប្រជារាស្ត្ររបស់យើងមិនបានស្តាប់សំឡេងយើងទេ
អ៊ីស្រាអែលក៏មិនចង់ស្គាល់យើងទៀតដែរ។
១៣
ហេតុនេះហើយបានជាយើងបណ្តោយគេទៅតាមចិត្តរឹងរូសរបស់ខ្លួន
ឱ្យគេនាំគ្នាប្រព្រឹត្តតាមទំនើងចិត្តគេទៅចុះ!។
១៤
ប្រសិនបើប្រជារាស្ត្ររបស់យើង ស្តាប់សំឡេងរបស់យើង
ប្រសិនបើអ៊ីស្រាអែលដើរតាមមាគ៌ារបស់យើង
១៥
យើងមុខជានឹងបង្ក្រាបខ្មាំងសត្រូវរបស់គេ
យើងនឹងវាយប្រហារបច្ចាមិត្តរបស់គេ មួយរំពេចជាមិនខាន។
១៦
អស់អ្នកដែលស្អប់ព្រះអម្ចាស់ នឹងនាំគ្នាមកចុះចូលនឹងព្រះអង្គ
ព្រះអង្គនឹងដាក់ទោសគេជាដរាបតរៀងទៅ។
១៧
ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗ មកឱ្យអ៊ីស្រាអែលបរិភោគ
ព្រមទាំងឱ្យគេមានទឹកឃ្មុំបរិភោគយ៉ាងបរិបូណ៌ផង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗមកឱ្យយើងបរិភោគ ព្រមទាំងឱ្យយើងមានទឹកឃ្មុំបរិភោគយ៉ាងបរិបូណ៌ផង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ២,៩-១០)

យើង​ឃើញ​ថា ព្រះ‌យេស៊ូ​ដែល​មាន​ឋានៈ​ទាប​ជាង​ពួក​ទេវទូត​មួយ‌រយៈ ព្រោះ​ព្រះ‌អង្គ​បាន​រង‌ទុក្ខ និង​សោយ​ទិវង្គត​នោះ ឥឡូវ​នេះ ព្រះ‌អង្គ​ទទួល​សិរី‌រុង​រឿង និង​ព្រះ‌កិត្តិនាម​ទុក​ជា​មកុដ‌រាជ្យ។ ដោយ‌សារ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌គ្រីស្ត​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​គ្រប់ៗ​រូប។ អ្វីៗ​ទាំង​អស់​មាន​ជីវិត ដោយសារ​ព្រះ‌ជាម្ចាស់ និង​សម្រាប់​ព្រះ‌អង្គ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​នាំ​បុត្រ‌ធីតា​ជា​ច្រើន​ឲ្យ​ទទួល​សិរី‌រុង​រឿង ដូច្នេះ គួរ​គប្បី​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ម្ចាស់នៃ​ការ​សង្គ្រោះ​គបាន​គ្រប់​លក្ខណៈ ដោយ​រងទុក្ខ​លំបាក។

បន្ទរ៖ ព្រះ‌អង្គ​បាន​លោះ​មនុស្សយក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ *ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ។ បន្ទរឡើងវិញ៖…
-ពី​គ្រប់​ពូជ គ្រប់ភាសា គ្រប់​ប្រជាជន និង​ពី​គ្រប់​ជាតិ​សាសន៍។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ «មុន​ពេល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​ចង់​បរិភោគ​ម្ហូប​អាហារ​ក្នុង​ឱកាស​បុណ្យ​ចម្លងនេះ ជា​មួយ​អ្នក​រាល់​គ្នា​ណាស់! ។

ពាក្យអង្វរសកល

ចូរយើងទូលអង្វរព្រះគ្រីស្ត ជាព្រះសង្រ្គោះដែលបានលោះយើង ដោយព្រះអង្គបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតអាសូរយើងខ្ញុំ !

ព្រះអង្គបានយាងឡើងទៅក្រុងយេរូសាឡឹម ដើម្បីរងទុក្ខលំបាក និងទទួលសិរីរុងរឿង
—សូមព្រះអង្គនាំព្រះសហគមន៍ទៅកាន់បុណ្យចម្លងនៃស្ថានបរមសុខផង។ (បន្ទរ)

ព្រះអង្គត្រូវគេឆ្កាង និងចាក់ទម្លុះដោយលំពែងរបស់ទាហាន
—សូមព្រះអង្គព្យាបាលរបួសយើងខ្ញុំ។ (បន្ទរ)

ព្រះអង្គបានធ្វើឱ្យឈើឆ្កាងទៅជាដើមឈើនៃជីវិត
—សូមព្រះអង្គប្រោសប្រទានឱ្យដើមឈើនេះមានផលផ្លែ សម្រាប់អស់អ្នកដែលបានកើតជាថ្មី ក្នុងអគ្គសញ្ញាជ្រមុជទឹក។ (បន្ទរ)

នៅលើឈើឆ្កាង ព្រះអង្គបានលើកលែងទោសឱ្យចោរដែលកែប្រែចិត្តគំនិត
—សូមព្រះអង្គលើកលែងទោសអំពើបាបរបស់យើងខ្ញុំផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាជាអម្ចាស់ ! នៅយប់នេះ ព្រះបុត្រាសព្វព្រះហឫទ័យបូជាព្រះជន្មព្រះអង្គ ដើម្បីឲ្យព្រះសហគមន៍ចេះរួមគ្នាថ្វាយសក្ការបូជានៃសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច និងប្រទានជីវិតថ្មីឲ្យយើងខ្ញុំ។ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំមានចិត្តស្រឡាញ់ព្រះអង្គ និងចេះស្រឡាញ់អ្នកដទៃ ដូចព្រះយេស៊ូបានស្រឡាញ់យើងខ្ញុំដែរ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។