ថ្ងៃចន្ទពិសិដ្ឋ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៤២
ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គណាស់!
អ្នកណាស្រេក សុំអញ្ជើញមក! អ្នកណាចង់បាន សូមអញ្ជើញមកទទួលទឹកដែលផ្តល់ជីវិត ដោយមិនបាច់បង់ថ្លៃ ! (វវ ២២,១៧)។
បន្ទរទី១ ៖ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតីជាមួយខ្ញុំ»។
| ២ | បពិត្រព្រះជាម្ចាស់ ! ទូលបង្គំប្រាថ្នាចង់នៅជាមួយព្រះអង្គខ្លាំងណាស់។ ដូចក្តាន់ប្រាថ្នារកទឹកហូរដែរ។ |
| ៣ | ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់ គឺព្រះដ៏មានព្រះជន្មគង់នៅ តើដល់ពេលណាទើបខ្ញុំអាចទៅនៅចំពោះព្រះភក្ត្រព្រះអង្គបាន? |
| ៤ | ខ្ញុំសម្រក់ទឹកភ្នែកទាំងយប់ទាំងថ្ងៃ ឥតមានល្ហែ។ គេចេះតែពោលមកខ្ញុំថា “តើព្រះរបស់អ្នកនៅឯណា?” ។ |
| ៥ | ខ្ញុំស្រណោះស្រណោកយ៉ាងក្រៃលែង នឹកឃើញពីគ្រាដែលខ្ញុំនាំមុខប្រជាជនមួយចំនួនធំ ឆ្ពោះទៅកាន់ព្រះដំណាក់របស់ព្រះអង្គ ពួកគេមានអំណរសប្បាយ ស្រែកហ៊ោរ និងអរព្រះគុណព្រះអង្គ។ |
| ៦ | ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរលើខ្លួនឯងធ្វើអ្វ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!” ខ្ញុំមុខជានឹងសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។ |
| ៧ | បពិត្រព្រះនៃទូលបង្គំ! ទូលបង្គំស្រយុតចិត្តជាខ្លាំង ហេតុនេះហើយ បានជាទូលបង្គំនឹកដល់ព្រះអង្គ ពីភូមិទន្លេយ័រដាន់ ភ្នំហ៊ែរម៉ូន និងភ្នំមីតសារ។ |
| ៨ | ព្រះអង្គបានធ្វើឱ្យទុក្ខកង្វល់ ធ្លាក់មកលើទូលបង្គំផ្ទួនៗគ្នា ដូចទឹកជ្រោះធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។ |
| ៩ | សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំនៅពេលថ្ងៃ ដូច្នេះ ខ្ញុំច្រៀងបទតម្កើងព្រះអង្គ នៅពេលយប់ ខ្ញុំសូមអង្វរព្រះអង្គជាម្ចាស់នៃជីវិតខ្ញុំ។ |
| ១០ | ខ្ញុំទូលសូមព្រះជាម្ចាស់ ដែលជាថ្មដារបស់ខ្ញុំថា “ហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ? ហេតុអ្វីបានជាទូលបង្គំត្រូវមុខស្រពោន ដោយត្រូវខ្មាំងសង្កត់សង្កិនដូច្នេះ?” ។ |
| ១១ | ខ្មាំងសត្រូវនាំគ្នាជេរប្រមាថទូលបង្គំ រហូតដល់ធ្វើឱ្យទូលបង្គំឈឺចុកចាប់សព្វសាព៌ាង្គកាយ គេចេះតែពោលមកទូលបង្គំ គ្រប់ពេលគ្រប់វេលាថា “តើព្រះរបស់អ្នកនៅឯណា?” ។ |
| ១២ | ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរអំពីខ្លួនឯងធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!” ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតីជាមួយខ្ញុំ»។
បទលើកតម្កើងតាមបេនស៊ីរ៉ាក់ (បសរ ៣៦,១-៥.៧.១០-១៣)
ពាក្យអង្វរសូមព្រះអម្ចាស់រំដោះក្រុងយេរូសាឡឹម
រីឯជីវិតអស់កល្បជានិច្ចនោះ គឺឱ្យគេស្គាល់ព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតតែមួយគត់
និងឱ្យគេស្គាល់ព្រះយេស៊ូគ្រីស្ដ ដែលព្រះអង្គចាត់ឱ្យមក (យហ ១៧,៣)។
បន្ទរទី២ ៖ ឥឡូវនេះ ដល់ពេលកាត់ទោសមនុស្សលោកហើយ ហើយចៅហ្វាយរបស់មនុស្សលោកនឹងត្រូវបណ្ដេញចេញទៅក្រៅ។
(បទពាក្យ ៧)
| ១- | ឱព្រះជាម្ចាស់ដែលគ្រប់គ្រង | លើលោកឥតហ្មងទាំងមូលអើយ | |
| សូមអាណិតអាសូរយើងហើយ | ទតកុំកន្តើយយើងខ្ញុំផង | ។ | |
| ២- | សូមធ្វើឱ្យគ្រប់ជាតិទាំងឡាយ | រស់ទាំងខ្វល់ខ្វាយកុំបង្អង់ | |
| ឱ្យគេបានឃើញឫទ្ធិព្រះអង្គ | ស្ញប់ស្ញែងខ្លាចផងអានុភាព | ។ | |
| ៣- | សូមព្រះអង្គលើកព្រះហស្តវាយ | ប្រជាជិតឆ្ងាយជាដរាប | |
| ដើម្បីឱ្យគេស្គាល់អានុភាព | ឱ្យគេជ្រួតជ្រាបពីបារមី | ។ | |
| ៤- | ដោយព្រះអង្គដាក់ទោសយើងខ្ញុំ | ពិតជាសក្តិសមគ្មានទាស់អ្វី | |
| តែសូមសម្តែងព្រះបារមី | ឱ្យជាតិដទៃឃើញច្បាស់ថា | ។ | |
| ព្រះអង្គជាព្រះដ៏វិសុទ្ធ | វិសេសបំផុតលើលោកា | ||
| សូមសម្តែងឱ្យខ្ញុំដឹងថា | ព្រះអង្គផ្តន្ទាពួកគេដែរ | ។ | |
| ៥- | សូមឱ្យមនុស្សគ្រប់ជាតិសាសន៍ | ទទួលស្គាល់ច្បាស់គ្មានកែប្រែ | |
| ក្រៅពីព្រះអង្គគ្មានព្រះទេ | ត្រូវចេះរិះរេស្គាល់ព្រះអង្គ | ។ | |
| ៧- | សូមទ្រង់សម្តែងថ្លែងសិរី | រុងរឿងម្ចាស់ថ្លៃកុំបង្អង់ | |
| បារមីខ្លាំងក្លានៃព្រះអង្គ | ឱ្យមនុស្សទាំងពួងសរសើរកោត | ។ | |
| ១០- | សូមពេលចុងក្រោយឆាប់មកដល់ | ព្រះអង្គកុំខ្វល់ភ្លេចសម្តែង | |
| គេនឹងរៀបរាប់ដោយកោតក្រែង | អស្ចារ្យជាក់ស្តែងទ្រង់ប្រព្រឹត្ត | ។ | |
| ១១- | សូមឱ្យភ្លើងនៃព្រះពិរោធ | កំហឹងក្រេវក្រោធឆេះបំបាត់ | |
| ដុតកម្ទេចពួកអ្នកទុច្ចរិត | កុំឱ្យវារត់រួចសោះឡើយ | ។ | |
| ១២- | សូមទ្រង់បំបែកក្បាលសត្រូវ | កុំទុកឱ្យនៅពួកនោះហើយ | |
| វាពោលក្តែងៗគ្មានគិតឡើយ | ថាវានេះហើយសំខាន់ណាស់ | ។ | |
| ១៣- | សូមទ្រង់ប្រមូលកុលសម្ពន្ធ | ឱ្យឆាប់រួសរាន់កុំក្រឡះ | |
| ពូជពង្សយ៉ាកុបមានច្រើនណាស់ | រស់នៅដេរដាសឱ្យមកជុំំ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ឥឡូវនេះ ដល់ពេលកាត់ទោសមនុស្សលោកហើយ ហើយចៅហ្វាយរបស់មនុស្សលោកនឹងត្រូវបណ្ដេញចេញទៅក្រៅ។
ទំនុកតម្កើងលេខ ១៩
ស្នាព្រះហស្តទាំងប៉ុន្មាន ចូរសរសើរតម្កើងព្រះជាម្ចាស់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
និងដើម្បីតម្រង់ផ្លូវយើង ឆ្ពោះទៅរកសេចក្តីសុខសាន្ត (លក ១,៧៨-៧៩)។
បន្ទរទី៣ ៖ ត្រូវសម្លឹងមើលទៅព្រះយេស៊ូ ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ ព្រះអង្គសុខចិត្តរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ ព្រះអង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។
| ២ | ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿងរបស់ព្រះជាម្ចាស់។ អាកាសវេហាស៍ ប្រកាសពីស្នាព្រះហស្តរបស់ព្រះអង្គ។ |
| ៣ | ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត យប់មួយប្រាប់យប់មួយទៀតឱ្យបានដឹង។ |
| ៤ | ដោយមិនប្រើភាសា ឬពាក្យសំដីទេ ហើយក៏មិនឮសូរស័ព្ទអ្វីដែរ។ |
| ៥ | ប៉ុន្តែ សេចក្តីថ្លែងរបស់មេឃត្រេចចរលើផែនដីទាំងមូល ហើយសំឡេងរបស់អាកាសវេហាស៍ លាន់ឮរហូតដល់ដាច់ស្រយាលនៃពិភពលោក ជាកន្លែងដែលព្រះជាម្ចាស់ បានតម្លើងពន្លាសម្រាប់ព្រះអាទិត្យ។ |
| ៦ | ព្រះអាទិត្យរះឡើងប្រៀបបីដូចជាកូនកំលោះ ចេញមកសំពះផ្ទឹម ដូចជាវីរបុរសដ៏ខ្លាំងពូកែមួយរូប ចេញមករត់ប្រណាំងទាំងអរសប្បាយ។ |
| ៧ | ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាង ឆ្ពោះទៅជើងមេឃម្ខាងទៀត គ្មានអ្វីអាចបំបាំងកម្តៅរបស់ព្រះអាទិត្យបានឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ត្រូវសម្លឹងមើលទៅព្រះយេស៊ូ ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ ព្រះអង្គសុខចិត្តរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ ព្រះអង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ១១,១៩-២០)
ពីមុន ខ្ញុំប្រៀបបាននឹងកូនចៀមដ៏ស្លូត ដែលគេដឹកទៅទីសត្តឃាត។ ខ្ញុំពុំបានដឹងអំពីគម្រោងការ ដែលពួកគេគិតបម្រុងនឹងធ្វើចំពោះខ្ញុំទេ។ ពួកគេនិយាយគ្នាអំពីខ្ញុំថា “យើងនាំគ្នារំលំដើមឈើកំពុងតែមានផ្លែនេះទៅ យើងដកវាចេញពីចំណោមមនុស្សមានជីវិត កុំឲ្យនរណានឹកនាដល់ឈ្មោះវាទៀត!” ។ បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គជាចៅក្រមដ៏សុចរិត ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្សយ៉ាងច្បាស់ ទូលបង្គំនឹងឃើញព្រះអង្គរកយុត្តិធម៌ ដោយដាក់ទោសពួកគេជាមិនខាន ទូលបង្គំប្រគល់រឿងហេតុរបស់ទូលបង្គំលើព្រះអង្គទាំងស្រុង។
បន្ទរ៖ ព្រះអង្គបានលោះមនុស្សយកមកថ្វាយព្រះជាម្ចាស់ *ដោយសារព្រះលោហិតរបស់ព្រះអង្គ។ បន្ទរឡើងវិញ៖…
-ពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ ឱព្រះបិតាដ៏សុចរិតអើយ ! មនុស្សលោកពុំបានស្គាល់ព្រះអង្គទេ រីឯទូលបង្គំវិញ ទូលបង្គំស្គាល់ព្រះអង្គ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន។
ពាក្យអង្វរសកល
ចូរយើងទូលអង្វរព្រះគ្រីស្ត ជាព្រះសង្រ្គោះដែលបានលោះយើង ដោយព្រះអង្គបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតអាសូរយើងខ្ញុំ !
ព្រះអង្គបានយាងឡើងទៅក្រុងយេរូសាឡឹម ដើម្បីរងទុក្ខលំបាក និងទទួលសិរីរុងរឿង
—សូមព្រះអង្គនាំព្រះសហគមន៍ទៅកាន់បុណ្យចម្លងនៃស្ថានបរមសុខផង។ (បន្ទរ)
ព្រះអង្គត្រូវគេឆ្កាង និងចាក់ទម្លុះដោយលំពែងរបស់ទាហាន
—សូមព្រះអង្គព្យាបាលរបួសយើងខ្ញុំ។ (បន្ទរ)
ព្រះអង្គបានធ្វើឱ្យឈើឆ្កាងទៅជាដើមឈើនៃជីវិត
—សូមព្រះអង្គប្រោសប្រទានឱ្យដើមឈើនេះមានផលផ្លែ សម្រាប់អស់អ្នកដែលបានកើតជាថ្មី ក្នុងអគ្គសញ្ញាជ្រមុជទឹក។ (បន្ទរ)
នៅលើឈើឆ្កាង ព្រះអង្គបានលើកលែងទោសឱ្យចោរដែលកែប្រែចិត្តគំនិត
—សូមព្រះអង្គលើកលែងទោសអំពើបាបរបស់យើងខ្ញុំផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ! យើងខ្ញុំនាំគ្នារំឭកដល់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គរងទុក្ខលំបាក ដើម្បីសង្គ្រោះមនុស្សលោក។ សូមព្រះអង្គមេត្តាលើកលែងទោសឲ្យយើងខ្ញុំដែលជាមនុស្សទន់ខ្សោយ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។