១៨ មីនា ២០២៦

Written on 13/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៤ ថ្ងៃពុធ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូសឡើយ។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១០៨

ពាក្យសរសើរតម្កើងព្រះជាម្ចាស់ និងពាក្យទូលអង្វរ

តាំងពីព្រះជាម្ចាស់លើកព្រះបុត្រាឡើងស្ថានបរមសុខ 
សិរីរុងរឿងរបស់ព្រះអង្គត្រូវបានប្រកាសទូទាំងភពផែនដី (Arnobius)។

បន្ទរទី១៖ ឱ​ព្រះ‌ជាម្ចាស់​អើយ ទូល‌បង្គំត្រៀម​ចិត្ត​គំនិត​ជា​ស្រេច !

ឱព្រះជាម្ចាស់អើយ! ទូលបង្គំត្រៀមចិត្តគំនិតជាស្រេច!
ទូលបង្គំនឹងច្រៀង ទូលបង្គំនឹងស្មូតបទតម្កើងអស់ពីដួងចិត្ត!

ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង!
ខ្ញុំនឹងដាស់​ព្រះ‌អាទិត្យ​ឱ្យ​រះ

ឱ​ព្រះ‌អម្ចាស់​អើយ 
ទូល‌បង្គំ​នឹង​លើក​តម្កើងព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជាជន​ទាំង‌ឡាយ 
ទូល‌បង្គំ​នឹង​ស្មូត​ទំនុក‌តម្កើងថ្វាយ​ព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា

ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្ររបស់​ព្រះ‌អង្គ​ខ្ពស់​ដល់​អាកាស‌វេហាស៍។

ឱ​ព្រះ‌ជាម្ចាស់​អើយ 
សូម​បង្ហាញ​ភាព​ថ្កុំ‌ថ្កើងឧត្តុង្គ‌ឧត្ដម​របស់​ព្រះ‌អង្គ​នៅ​លើ​ផ្ទៃ​មេឃ
ហើយ​សូម​ឱ្យ​សិរីរុង​រឿង​របស់​ព្រះ‌អង្គភ្លឺចែង​ចាំង​នៅ​លើ​ផែន‌ដី​ទាំង​មូល!

សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ
សូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផង
ដើម្បី​ឱ្យ​ប្រជាជន​ជា​ទី​ស្រឡាញ់របស់​ព្រះ‌អង្គ​បានរួច​ជីវិត!

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ទី‌សក្ការៈរបស់​ព្រះ‌អង្គ​មក​ថា:
«យើង​នឹង​យក​ជ័យ‌ជម្នះ យើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែម 
យើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូតចែក​ប្រជា‌រាស្ដ្រ​របស់​យើង។

កាឡាត​ជា​ទឹក​ដី​របស់​យើង
ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ 
អេប្រា‌អ៊ីម​ប្រៀប​ដូច​ជា​មួក​ដែក​របស់​យើង
ហើយ​យូដា​ជា​ដំបង​រាជ្យ​របស់​យើង។
១០
ទឹក​ដី​ម៉ូអាប់​ជា​កន្លែង​ដែល​យើង​លាង​ជើង 
យើង​បោះ​ស្បែក​ជើង​យើង​លើ​ទឹក​ដី​អេដុម
ដើម្បី​បញ្ជាក់​ថា យើង​ជា​ម្ចាស់​លើ​ទឹក​ដី​នេះ។
យើង​នឹង​ស្រែក​ប្រកាស​សង្គ្រាមប្រឆាំង​នឹង​ស្រុក​ភីលី‌ស្ទីន!»។
១១
តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទីក្រុងដ៏​រឹង‌មាំ​បាន?
តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ស្រុក​អេដុម?
១២
ឱ​ព្រះ‌ជាម្ចាស់​អើយ! មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​អាច​នាំ​យើង​ខ្ញុំ 
ប៉ុន្តែ ព្រះ‌អង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ
ព្រះ‌អង្គ​ឈប់​យាង​ទៅ​ជា​មួយ​កង‌ទ័ពយើង​ខ្ញុំ​ទៀត​ហើយ។
១៣
សូម​ជួយ​យើង​ខ្ញុំ​ឱ្យ​ប្រឆាំង​តទល់នឹង​ពួក​សត្រូវ​ផង 
ដ្បិត​ការ​សង្គ្រោះ​មក​ពី​មនុស្ស​លោកឥត​ប្រយោជន៍​អ្វីសោះ។
១៤
បើ​ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​យើង នោះ​យើង​នឹង​មាន​ជ័យ‌ជម្នះ
ដ្បិត​ព្រះ‌អង្គ​នឹង​បង្ក្រាប​បច្ចា‌មិត្តរបស់​យើង​ឱ្យ​រាប។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ ទូល‌បង្គំត្រៀម​ចិត្ត​គំនិត​ជា​ស្រេច !

បទលើកតម្កើងតាមព្យាការីអេសាយ (អស ៦១,១០-៦២,៥)

អំណរសប្បាយរបស់ព្យាការីស្តីអំពីក្រុងយេរូសាឡឹមថ្មី
ខ្ញុំ​ឃើញ​ក្រុង​ដ៏‌វិសុទ្ធ ជា​ក្រុង​យេរូ‌សាឡឹម​ថ្មី ចុះ​ពី​ស្ថាន​បរម‌សុខ គឺ​ចុះ​មក​ពី​ព្រះ‌ជាម្ចាស់ ទាំង​តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មីតុប‌តែង​ខ្លួន​ទទួល​ស្វាមី (វវ ២១,២)។
 

បន្ទរទី២៖ ព្រះអង្គបានយកសេចក្តីសុចរិត និងការសង្រ្គោះមកពាក់ឱ្យខ្ញុំ។

(បទពាក្យ ៧)

១០- ខ្ញុំមានអំណរសប្បាយខ្លាំង ព្រោះតែព្រះអង្គស្តាប់អង្វរ  
  ព្រះអង្គសង្គ្រោះខ្ញុំកំដរ រហូតរៀងមកមិនដែលខាន
  លម្អខ្ញុំដូចកូនកំលោះ ពាក់មកុដស្រស់ល្អភុំផាន  
  ដូចកូនក្រមុំយ៉ាងចំណាន នៅលើវិមានថ្ងៃរៀបការ
១១- ដីធ្វើឱ្យគ្រាប់ពូជធារដុះ ពន្លកសក្បុសនៅក្នុងច្បារ  
  លូតលាស់ស្គុះស្គាយស្រស់យ៉ាងណា ក្តីសុចរិតថ្លាមិនបាត់បង់
  និងការសរសើរលើកតម្កើង លូតលាស់ផុសឡើងមិនបង្អង់  
  ចេញពីទឹកដីល្អផូរផង់ នៅមុខទូទាំងជាតិទាំងឡាយ
១- យើងតែងនិយាយការពារក្រុង ឱ្យនៅគង់វង្សមានអ្នកថែ  
  យេរូសាឡឹមស៊ីយ៉ូនដែរ យើងមិនស្ងៀមទេមិនកន្តើយ
  ដរាបទាល់តែក្តីសុចរិត ចាំងចែងពេញពិតទើបធូរស្បើយ  
  ដូចថ្ងៃរះពេញពន្លឺហើយ ការសង្គ្រោះឱ្យភ្លឺដូចភ្លើង
២- ពេលនោះមនុស្សគ្រប់ជាតិសាសន៍ ឃើញសុចរិតច្បាស់មិនឆ្មៃឆ្មើង  
  ស្តេចទាំងប៉ុន្មាននឹកឃើញឡើង សិរីរុងរឿងនៃអ្នកដែរ
  ឈ្មោះចាស់ក្រុងឯងគេលែងហៅ គេពោលសំដៅតាមគេប្រែ  
  ឈ្មោះល្អសែនសមអ្វីម៉្លេះទេ ព្រះប្រទានគេឱ្យរុងរឿង
៣- ក្រុងឯងនឹងទៅជាភួងជ័យ ប្រណីតពេកក្រៃសែនថ្កុំថ្កើង  
  នឹងទៅជាមកុដរាជ្យរុងរឿង ព្រះហស្តព្រះយើងទ្រង់កាន់កាប់
៤- គេនឹងលែងហៅអ្នកឯងថា ស្ត្រីមិនបានការមិនចំណាប់  
  ស្ត្រីប្តីបោះបង់មិនគួររាប់ គេលែងបង្អាប់ដល់អ្នកទៀត
  តំបន់ជុំវិញគេក៏លែង មើលងាយហៅថាចោលម្សៀត  
  ថាស្ងាត់ជ្រងំដូចព្រៃស្បាត ដែលមានដុះសុទ្ធស្មៅទៀតទេ
  តែផ្ទុយទៅវិញគេនឹងហៅ ឯងថាពាលពៅបងសូមស្នេហ៏  
  តំបន់ជុំវិញគេបំពេរ ថាស្ងួនមាសមេភរិយាបង
  ដ្បិតព្រះអម្ចាស់គាប់ព្រះទ័យ នឹងអ្នកពេកក្រៃគ្មានសៅហ្មង  
  ដូចពាក្យសំដីឆ្លើយសារសង ពាក្យអូនពាក្យបងត្រូវរ៉ូវគ្នា
៥- ព្រះម្ចាស់បង្កើតជារូបអ្នក ទ្រង់គង់ថ្នមថ្នាក់រាល់វេលា  
  សប្បាយឥតខ្វល់ដូចភរិយា ថ្មីថ្មោងជាគ្នានឹងស្វាមី
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ ព្រះអង្គបានយកសេចក្តីសុចរិត និងការសង្រ្គោះមកពាក់ឱ្យខ្ញុំ។

ទំនុកតម្កើងលេខ ១៤៦

សុភមង្គលរបស់អស់អ្នកដែលជឿទុកចិត្តលើព្រះជាម្ចាស់
ការសរសើរតម្កើងព្រះជាម្ចាស់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង មានន័យថា គ្រប់យ៉ាងដែលយើងធ្វើ ត្រូវតែសម្រាប់សិរីរុងរឿងរបស់ព្រះអង្គ (Arnobius)។

បន្ទរទី៣៖ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត។

អាលេលូយ៉ា! ខ្ញុំសូមលើកតម្កើងព្រះអម្ចាស់អស់ពីដួងចិត្ត!

ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត
ខ្ញុំនឹងស្មូតបទថ្វាយព្រះរបស់ខ្ញុំ
ក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។

កុំទុកចិត្តមេដឹកនាំ កុំទុកចិត្តមនុស្សលោក
ដែលពុំអាចសង្គ្រោះនរណាបាននោះឡើយ

ពេលគេត្រូវផុតដង្ហើម គេវិលត្រឡប់ទៅជាធូលីដីវិញ
ហើយគម្រោងការរបស់គេក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរ។

អ្នកណាដែលព្រះរបស់លោកយ៉ាកុបសង្គ្រោះ
ហើយអ្នកណាដែលសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន
អ្នកនោះមានសុភមង្គលហើយ!។

ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី
ព្រះអង្គបានបង្កើតសមុទ្រ និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ
ព្រះអង្គតែងតែគោរពតាមព្រះបន្ទូលសន្យារបស់ព្រះអង្គជានិច្ច។

ព្រះអង្គរកយុត្តិធម៌ឱ្យអស់អ្នកដែលត្រូវគេសង្កត់សង្កិន
ព្រះអង្គប្រទានអាហារដល់អស់អ្នកដែលស្រេកឃ្លាន
ព្រះអម្ចាស់ដោះលែងអ្នកជាប់ឃុំឃាំង

ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ឱ្យមើលឃើញ
ព្រះអម្ចាស់លើកអ្នកដែលអស់សង្ឃឹមឱ្យងើបឡើងវិញ
ព្រះអម្ចាស់ស្រឡាញ់មនុស្សសុចរិត

ព្រះអម្ចាស់ការពារជនបរទេស
ព្រះអង្គគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ
តែព្រះអង្គធ្វើឱ្យគម្រោងការរបស់មនុស្សអាក្រក់ត្រូវរលាយសូន្យ។
១០

ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច!
ក្រុងស៊ីយ៉ូនអើយ! ព្រះរបស់អ្នកនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!
ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!។ អាលេលូយ៉ា!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៧,៦.៨-៩)

ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចាត់​ទុក​អ្នក​ជា​ប្រជាជន​ដ៏‌វិសុទ្ធ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស‌រើស​អ្នក​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី ឲ្យ​ធ្វើជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់»។ ព្រះ‌អង្គ​ជ្រើស‌រើស​អ្នក​រាល់​គ្នា មក​ពី​ព្រះ‌អង្គ​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​សព្វ​ព្រះ‌ហឫទ័យ​គោរព​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ ដើម្បី​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្វើជា​ទាស‌ករ ព្រះ‌អង្គ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប។ ដូច្នេះ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​ប៉ុណ្ណោះ ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ។ ព្រះអង្គគោរព​តាម​សម្ពន្ធ‌មេត្រីរបស់​ព្រះ‌អង្គ ដោយ​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ហើយ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ និង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

បន្ទរ៖ ព្រះ‌អម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖...
-ដែលគេដាក់ចាំចាប់ទូល‌បង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ អ្នក​ណា​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ ហើយ​ជឿ​លើ​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច។

ពាក្យអង្វរសកល

ចូរយើងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា តាមរយៈឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គជម្រះដួងចិត្តរបស់យើងឱ្យបានវិសុទ្ធ និងពង្រឹងយើងខ្ញុំក្នុងសេចក្តីស្រឡាញ់។ ចូរយើងបន្ទាបខ្លួនទូលព្រះអង្គថា ៖

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! សូមប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គឱ្យយើងខ្ញុំផង !

សូមជួយយើងខ្ញុំឱ្យចេះទទួលរបស់ល្អពីព្រះអង្គ ដោយចិត្តកត្តញ្ញូយ៉ាងជ្រាលជ្រៅ
—ហើយឱ្យយើងខ្ញុំចេះទទួលយកសេចក្តីអាក្រក់ នៅពេលវាមកដល់ពួកយើង ដោយចិត្តអត់ធ្មត់។ (បន្ទរ)

សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះស្រឡាញ់ មិនត្រឹមតែក្នុងគ្រាដ៏អស្ចារ្យ ឬពិសេសប៉ុណ្ណោះទេ
—ប៉ុន្តែ លើសពីនេះទៅទៀត សូមឱ្យយើងខ្ញុំចេះស្រឡាញ់ក្នុងហេតុការណ៍ធម្មតានៃជីវិតប្រចាំថ្ងៃ។ (បន្ទរ)

សូមឱ្យយើងខ្ញុំចៀសវាងពីអ្វី ដែលយើងខ្ញុំមិនត្រូវការពិតប្រាកដ
—ហើយសូមព្រះអង្គជួយបងប្អូនយើងខ្ញុំដែលកំពុងរងទុក្ខលំបាកផង។ (បន្ទរ)

សូមឱ្យយើងខ្ញុំទទួលស្នាមរបួសរបស់ព្រះបុត្រាព្រះអង្គ
—ដ្បិតដោយសារស្នាមរបួសលើព្រះកាយនេះហើយ ដែលព្រះអង្គបានប្រទានជីវិតឱ្យយើងខ្ញុំ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះបិតាជាអម្ចាស់អើយ ! ព្រះអង្គប្រទានរង្វាន់ដល់អ្នកសុចរិត ហើយព្រះអង្គលើកលែងទោសដល់អ្នកបាបដែលកែប្រែចិត្តគំនិត។ សូមព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះអស់អ្នកដែលទូលអង្វរព្រះអង្គ។ ពេលយើងខ្ញុំសារភាពថា យើងខ្ញុំជាអ្នកបាប សូមព្រះអង្គមេត្តាលើកលែងទោសឲ្យយើងខ្ញុំរួចផុតពីបាបផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។