រដូវសែសិបថ្ងៃ សប្តាហ៍ទី២ ថ្ងៃអង្គារ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៤៣
ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ
ខ្ញុំជាពន្លឺ ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីកុំឱ្យអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹត (យហ ១២,៤៦)។
បន្ទរទី១ ៖ សូមប្រទានពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គ មកដឹកនាំទូលបង្គំ។
| ១ | ឱព្រះជាម្ចាស់អើយ ! សូមរកយុត្តិធម៌ឱ្យទូលបង្គំផង ! សូមកាន់ក្តីទូលបង្គំ តទល់នឹងមនុស្សទមិឡ ! សូមរំដោះទូលបង្គំឱ្យរួចផុតពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។ |
| ២ | បពិត្រព្រះជាម្ចាស់នៃទូលបង្គំ! ព្រះអង្គជាកំពែងការពារទូលបង្គំ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ? ហេតុអ្វីបានជាព្រះអង្គត្រូវមុខស្រពោន ដោយខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ? |
| ៣ | សូមប្រទានពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គមកដឹកនាំទូលបង្គំ ឆ្ពោះទៅកាន់ភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ! |
| ៤ | ទូលបង្គំនឹងទៅដល់អាសនៈរបស់ព្រះអង្គ ជាប្រភពនៃអំណរដ៏លើសលប់របស់ទូលបង្គំ។ ឱព្រះជាម្ចាស់ ជាព្រះនៃទូលបង្គំអើយ ! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយសម្លេងពិណ ! |
| ៥ | ខ្ញុំនឹកគិតថា ៖ “តើខ្ញុំស្រយុតចិត្តធ្វើអ្វី ថ្ងូរលើខ្លួនឯងធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!” ខ្ញុំមុខជានឹងសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះរបស់ខ្ញុំ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ សូមប្រទានពន្លឺ និងសេចក្តីពិតរបស់ព្រះអង្គ មកដឹកនាំទូលបង្គំ។
បទលើកតម្កើងតាមព្យាការីអេសាយ (អស ៣៨,១០-១៤.១៧-២០)
ទុក្ខសោករបស់មនុស្សស្លាប់ និងសេចក្តីរីករាយនៅពេលប្រោសឱ្យជាឡើងវិញ
យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។
យើងមានអំណាចលើសេចក្ដីស្លាប់ និងលើស្ថានមច្ចុរាជ ( វវ ១,១៨)។
បន្ទរទី២ ៖ ឱព្រះអម្ចាស់អើយ សូមព្រះអង្គយាងមកជួយយើងខ្ញុំជារៀងរាល់ថ្ងៃ អស់មួយជីវិត។
(បទកាកគតិ)
| ១០- | ខ្ញុំនឹកគិតថា | នឹងមានវាសនា | រស់ពាក់កណ្តាល |
| អាយុនៃមនុស្ស | មិនត្រេកត្រអាល | នៅស្ថានកណ្តាល | |
| ទៅទៀតបានឡើយ | ។ | ||
| ១១- | ខ្ញុំនឹកគិតថា | លែងឃើញភក្រ្តា | អម្ចាស់ទៀតហើយ |
| លែងឃើញទាំងមុខ | លែងទាំងឆ្លងឆ្លើយ | មនុស្សម្នាអើយ | |
| ខ្ញុំលាក្សិណក្ស័យ | ។ | ||
| ១២- | ជីវិតខ្ញុំត្រូវ | ឃ្លាតចាកឆ្ងាយទៅ | ផុតអាយុខៃ |
| ដូចជាគង្វាល | រើគ្មានសំចៃ | ជំរំអាស្រ័យ | |
| ស្នាក់នៅពេលមុន | ។ | ||
| ព្រះម្ចាស់ធ្វើឱ្យ | ជីវិតខ្ញុំផុយ | នាពេលសាយ័ណ្ហ | |
| ដូចជាងតម្បាញ | ត្បាញចប់គ្រប់គ្រាន់ | រូតរះបន្ទាន់ | |
| មូរក្រណាត់ទុក | ។ | ||
| ១៣- | ខ្ញុំត្រូវវិនាស | មុនពេលថ្ងៃរះ | នៅមិនស្រណុក |
| ឈឺពេញទាំងកាយ | រស់ដូចទូលទុក្ខ | ដូចសិង្ហសម្រុក | |
| ចាប់ជាចំណី | ។ | ||
| ឱព្រះម្ចាស់អើយ | ចាប់ពីថ្ងៃហើយ | លុះដល់រាត្រី | |
| ព្រះអង្គធ្វើឱ្យ | ជីវិតខ្ញុំក្ស័យ | ដេកនៅក្នុងដី | |
| ជារៀងដរាប | ។ | ||
| ១៤- | ខ្ញុំស្រែកខ្ញុំយំ | ដូចត្រចៀកកាំ | ខ្ញុំថ្ងូរដូចព្រាប |
| ភ្នែកខ្ញុំស្រវាំង | មើលមិនឃើញទៀត | សូមព្រះម្ចាស់ឆ្លៀត | |
| ជួយផងព្រះអើយ | ។ | ||
| ១៧- | ឥឡូវទ្រង់ប្រោស | ឱ្យខ្ញុំជាសះ | ព្រោះទ្រង់អាណិត |
| ប្រទានឱ្យខ្ញុំ | រស់មានជីវិត | ទុក្ខព្រួយខ្ញុំបាត់ | |
| សែនអរព្រឺព្រួច | ។ | ||
| ទ្រង់សព្វព្រះទ័យ | ករុណាប្រណី | រំដោះខ្ញុំរួច | |
| ពីដៃមច្ចុរាជ | អំពើបាបខូច | ខ្ញុំសែនព្រឺព្រួច | |
| រួចផុតល្ហែល្ហើយ | ។ | ||
| ១៨- | មនុស្សស្លាប់អស់ជន្ម | មិនអាចអរគុណ | ព្រះអង្គបានឡើយ |
| រួមទាំងមច្ចុរាជ | ទៀតផងក៏ដោយ | គ្មានសង្ឃឹមឡើយ | |
| ពឹងលើព្រះអង្គ | ។ | ||
| ១៩- | មានតែមនុស្ស | មានជីវិតរស់ | ស្ថិតស្ថេរគង់វង្ស |
| ទើបគេអាចលើក | តម្កើងព្រះអង្គ | ប្រាប់តកូនផង | |
| ពីព្រះទ័យស្មោះ | ។ | ||
| ២០- | ឱព្រះម្ចាស់អើយ | សូមកុំកន្តើយ | មេត្តាសង្គ្រោះ |
| យើងខ្ញុំមិនភ្លេច | ដំណាក់របស់ | ព្រះជាអម្ចាស់ | |
| លេងភ្លេងរាំថ្វាយ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ឱព្រះអម្ចាស់អើយ សូមព្រះអង្គយាងមកជួយយើងខ្ញុំជារៀងរាល់ថ្ងៃ អស់មួយជីវិត។
ទំនុកតម្កើងលេខ ៦៥
ពាក្យអរព្រះគុណយ៉ាងឱឡារិក
ក្រុងស៊ីយ៉ូនបង្ហាញពីស្ថានបរមសុខ (Origen)។
បន្ទរទី៣ ៖ បពិត្រព្រះជាម្ចាស់! យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូន។
| ២ | បពិត្រព្រះជាម្ចាស់! យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូន យើងខ្ញុំត្រូវតែថ្វាយតង្វាយស្របតាមពាក្យដែលយើងខ្ញុំបានបន់។ |
| ៣ | ព្រះអង្គតែងតែព្រះសណ្តាប់ពាក្យអង្វររបស់មនុស្សលោកជានិច្ច មនុស្សលោកក៏អាចមករកព្រះអង្គបានដែរ។ |
| ៤ | កំហុសរបស់ទូលបង្គំធ្ងន់ធ្ងរណាស់ ប៉ុន្តែ ព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ។ |
| ៥ | អ្នកដែលព្រះអង្គជ្រើសរើស មានសុភមង្គលហើយ គេរស់នៅក្នុងទីសក្ការៈរបស់ព្រះអង្គ។ យើងខ្ញុំនឹងស្កប់ចិត្ត ដោយបានទទួលព្រះពរនៅក្នុងព្រះដំណាក់របស់ព្រះអង្គ នៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។ |
| ៦ | បពិត្រព្រះជាម្ចាស់ជាព្រះសង្គ្រោះយើងខ្ញុំ! ព្រះអង្គប្រកបដោយសេចក្តីសុចរិត ព្រះអង្គតែងតែឆ្លើយតបមកយើងខ្ញុំ ដោយសម្តែងឫទ្ធិបារមីគួរឱ្យស្ញែងខ្លាច ប្រជាជននានា ដែលរស់នៅទីដាច់ស្រយាលនៃផែនដី រហូតដល់នាយសមុទ្រ ក៏នឹងនាំគ្នាផ្ញើជីវិតលើព្រះអង្គ!។ |
| ៧ | ព្រះអង្គពង្រឹងភ្នំទាំងឡាយឱ្យរឹងមាំ ដោយសារព្រះចេស្តារបស់ព្រះអង្គ ព្រះអង្គប្រកបទៅដោយឫទ្ធានុភាព។ |
| ៨ | ព្រះអង្គធ្វើឱ្យសន្ធឹករលកសមុទ្រដ៏គគ្រឹកគគ្រេង បានស្ងប់ឈឹង ព្រះអង្គក៏ធ្វើឱ្យចលាចលរបស់ប្រជាជនទាំងឡាយ បានស្ងប់ស្ងៀមដែរ។ |
| ៩ | អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដីនាំគ្នាស្ញែងខ្លាច ដោយឃើញទីសម្គាល់ដ៏អស្ចារ្យរបស់ព្រះអង្គ ព្រះអង្គធ្វើឱ្យប្រជាជន ដែលរស់នៅទិសខាងកើត និងទិសខាងលិច ស្រែកដោយអំណរសប្បាយដ៏លើសលប់។ |
| ១០ | ព្រះអង្គថែទាំផែនដី ដោយប្រទានទឹកឱ្យស្រោចស្រពផែនដី ព្រះអង្គប្រទានឱ្យផែនដីមានភោគផលដ៏សម្បូណ៌ហូរហៀរ ជ្រលងដងអូររបស់ព្រះអង្គពោរពេញទៅដោយទឹក ព្រះអង្គប្រទានស្រូវឱ្យមនុស្សលោក។ ព្រះអង្គរៀបចំដីដូចតទៅនេះ |
| ១១ | គឺព្រះអង្គស្រោចស្រពស្រែចម្ការ ព្រះអង្គធ្វើឱ្យដីបានរាបស្មើ ព្រះអង្គធ្វើឱ្យទឹកភ្លៀងដក់នៅតាមវាលស្រែ ព្រះអង្គប្រទានពរឱ្យគ្រាប់ពូជទាំងឡាយដុះឡើង។ |
| ១២ | នៅរដូវចម្រូត ព្រះអង្គប្រទានស្រូវដែលជាព្រះអំណោយទានដ៏សប្បុរសបំផុត។ ទីណាដែលព្រះអង្គយាងទៅ ទីនោះមានភោគផលហូរហៀរ។ |
| ១៣ | រីឯនៅវាលរហោស្ថានមានស្មៅដុះឡើងយ៉ាងបរិបូណ៌ នៅតាមភ្នំនានា ក៏ពោរពេញទៅដោយអំណរដែរ។ |
| ១៤ | វាលស្មៅពោរពេញទៅដោយហ្វូងសត្វ ជ្រលងភ្នំពោរពេញទៅដោយស្រូវ អ្វីៗសព្វសារពើបន្លឺសំឡេងច្រៀងឡើង ដោយអំណរដ៏លើសលប់! ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ បពិត្រព្រះជាម្ចាស់! យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គនៅក្រុងស៊ីយ៉ូន។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យអ ២,១២-១៣)
«ឥឡូវនេះ ចូរនាំគ្នាវិលមករកយើងដោយស្មោះអស់ពីចិត្ត ចូរតមអាហារ យំសោក ហើយកាន់ទុក្ខ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ចូរកែប្រែចិត្តគំនិត កុំហែកតែសម្លៀកបំពាក់ប៉ុណ្ណោះ! ចូរវិលមករកព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាវិញ ដ្បិតព្រះអង្គតែងតែប្រណីសន្ដោសព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ពោរពេញដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនសព្វព្រះហឫទ័យដាក់ទោសទេ។
បន្ទរ៖ ព្រះអម្ចាស់នឹងរំដោះទូលបង្គំ*ឱ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូលបង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ ៖ ដ្បិតអ្នកមាន "ព្រះគ្រូ" តែមួយគត់ ដែលគង់នៅស្ថានបរមសុខ គឺព្រះគ្រីស្តជាព្រះអម្ចាស់របស់អ្នក។
ពាក្យអង្វរសកល
ព្រះជាម្ចាស់ជាព្រះបិតាបានប្រទានព្រះបុត្រាតែមួយគត់របស់ព្រះអង្គ គឺព្រះបន្ទូលដែលកើតជាមនុស្ស ដើម្បីធ្វើជាអាហារ និងជីវិតរបស់យើងខ្ញុំ។ ចូរយើងអរព្រះគុណព្រះអង្គ និងទូលថា ៖
បន្ទរ៖ សូមឱ្យព្រះបន្ទូលរបស់ព្រះគ្រីស្ត គង់នៅក្នុងចំណោមយើងរាល់គ្នាយ៉ាងពេញបរិបូណ៌ !
នៅក្នុងរដូវសែសិបថ្ងៃនេះ សូមព្រះអង្គជួយយើងខ្ញុំឱ្យចេះស្តាប់ព្រះបន្ទូលព្រះអង្គកាន់តែច្រើនឡើង
—ដើម្បីឱ្យយើងខ្ញុំអាចប្រារព្ធបុណ្យចម្លងយ៉ាងឱឡារិក ជាមួយនឹងសេចក្តីស្រឡាញ់ដ៏មហិមាចំពោះព្រះគ្រីស្ត ដែលជាយញ្ញបូជានៃបុណ្យចម្លង។ (បន្ទរ)
សូមឱ្យព្រះវិញ្ញាណដ៏វិសុទ្ធធ្វើជាគ្រូបង្រៀនយើងខ្ញុំ
—ដើម្បីយើងខ្ញុំអាចលើកទឹកចិត្តអស់អ្នកដែលមានចិត្តសង្ស័យ និងមានកំហុស ក្នុងការដើរតាមអ្វីដែលជាសេចក្តីពិត និងសេចក្តីល្អ។ (បន្ទរ)
សូមព្រះអង្គអនុញ្ញាតឱ្យយើងខ្ញុំចូលទៅក្នុងអាថ៌កំបាំងនៃអ្នកដែលព្រះអង្គបានចាក់ប្រេងអភិសេក កាន់តែជ្រៅជាងនេះ
—ដើម្បីឱ្យការរស់នៅរបស់យើងខ្ញុំអាចបង្ហាញពីវត្តមានរបស់ព្រះអង្គ កាន់តែមានប្រសិទ្ធភាព។ (បន្ទរ)
សូមព្រះអង្គបន្សុទ្ធ និងបន្តការសង្រ្គោះព្រះសហគមន៍ព្រះអង្គនាពេលនេះ
—ដើម្បីឱ្យព្រះសហគមន៍ធ្វើជាសាក្សីអំពីព្រះអង្គកាន់តែអស្ចារ្យឡើងថែមទៀត។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់ដ៏មានធម៌មេត្តាករុណាយ៉ាងក្រៃលែងអើយ ! ព្រះអង្គថែរក្សាព្រះសហគមន៍របស់ព្រះអង្គជានិច្ច ដោយណែនាំយើងខ្ញុំមិនឱ្យវង្វេងពីមាគ៌ារបស់ព្រះអង្គឡើយ។ សូមព្រះអង្គគាំទ្រយើងខ្ញុំឱ្យជៀសផុតពីសេចក្តីអាក្រក់គ្រប់យ៉ាង និងតម្រង់ចិត្តយើងខ្ញុំឱ្យបែរឆ្ពោះទៅរកព្រះអង្គជាព្រះសង្គ្រោះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។