២៤ កុម្ភៈ ២០២៦

Written on 31/12/2025
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី១ ថ្ងៃអង្គារ

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះអម្ចាស់ ដ្បិតព្រះអង្គត្រូវល្បងល និងរងទុក្ខលំបាក ព្រោះតែយើងរាល់គ្នា។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ២៤

ព្រះអម្ចាស់យាងចូលក្នុងព្រះវិហាររបស់ព្រះអង្គ

ទ្វារនៃផ្ទៃមេឃបើកចំហរ នៅចំពោះព្រះភក្ត្រព្រះគ្រីស្ត​ ដែលយាងឡើង​ស្ថាន​បរមសុខ (សន្តអ៊ីរេណេ)។

បន្ទរទី១ ៖ អ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធ នឹងឡើងទៅលើភ្នំរបស់ព្រះអម្ចាស់។

ផែនដី និងអ្វីៗសព្វសារពើ សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុងពិភពលោក
ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!

គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដីពីសមុទ្រ
ហើយធ្វើឱ្យផែនដីស្ថិតនៅយ៉ាងរឹងប៉ឹងពីលើជម្រៅទឹក។

តើនរណាអាចឡើងទៅលើភ្នំរបស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបាន?

គឺអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធ ទើបឡើងទៅបាន
ជាអ្នកដែលមិនបណ្តោយខ្លួនទៅថ្វាយបង្គំព្រះក្លែងក្លាយ
និងមិននិយាយស្បថបំពាន។

ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះនឹងប្រោសគេឱ្យបានសុចរិតដែរ។

គឺអ្នកទាំងនេះហើយ ជាប្រជារាស្ត្រដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះភក្ត្រព្រះរបស់លោកយ៉ាកុប។

ឱទ្វារទាំងឡាយអើយ! ចូរបើកចំហរ!
ក្លោងទ្វារដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ! ចូរចំហរឱ្យធំ
ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!

តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
គឺព្រះអម្ចាស់ប្រកបដោយព្រះចេស្តាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចំបាំងដ៏អង់អាច។
គឺព្រះអង្គហើយដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។

ទ្វារទាំងឡាយអើយ! ចូរបើកចំហ!
ក្លោងទ្វារដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ! ចូរចំហឱ្យធំ
ដើម្បីឱ្យព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងយាងចូលមក!
១០
តើព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងនេះជានរណា?
ព្រះអម្ចាស់នៃពិភពទាំងមូល
គឺព្រះអង្គហើយដែលជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធ នឹងឡើងទៅលើភ្នំរបស់ព្រះអម្ចាស់។

បទលើកតម្កើងតាមលោកតូប៊ីត (តប ១៣,១-៥ខ.៧-៨)

ព្រះជាម្ចាស់ដាក់ទោស ហើយក៏សង្រ្គោះផងដែរ

សូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ដ ជាព្រះអម្ចាស់នៃ​យើង!​
ព្រះជាម្ចាស់បានប្រោសយើងឱ្យកើតជាថ្មី​ ស្របតាមព្រះហឫទ័យ​មេត្តា​ករុណា​ដ៏លើសលប់របស់ព្រះអង្គ (១សល ១,៣)។

បន្ទរទី២ ៖ ការអ្វីក៏ដោយដែលបង‌ប្អូនធ្វើ ចូរកោតសរសើរព្រះ‌មហាក្សត្រអស់កល្បជាអង្វែងតរៀងទៅ។

(បទកាកគតិ)

២- សូមលើកតម្កើង សិរីរុងរឿង របស់ព្រះម្ចាស់
  ដែលមានព្រះជន្ម គង់នៅយ៉ាងច្បាស់ កោតសរសើរណាស់
    អស់កល្បជានិច្ច
  ព្រះអង្គធ្វើឱ្យ មនុស្សស្លាប់ទៅហើយ ចុះស្ថានមច្ចុរាជ
  ក្រោយមកព្រះអង្គ ប្រោសឱ្យបានរួច គ្មានអ្វីដែលអាច
    គេចពីបារមី
៣- អ៊ីស្រាអែលអើយ កុំនៅកន្តើយ តម្កើងរាល់ថ្ងៃ
  នៅមុខជនជាតិ ផ្សេងៗទាំងឡាយ ដែលទ្រង់កម្ចាយ
    ឱ្យអ្នកទៅនៅ
៤- នៅទីនោះឯង ព្រះអង្គសម្តែង មិនមានអាស្រូវ
  ឫទ្ធាបារមី មានច្រើនពេកកូវ ទ្រង់សម្តែងនៅ
    មុខអស់សត្វលោក
  ព្រះអង្គពិតជា ព្រះយើងរាល់គ្នា អង្វែងរៀងមក
  ជាព្រះបិតា តែមួយលើលោក ពីនេះទៅមុខ
    អស់កល្បតទៅ
៥- ព្រះអង្គបានដាក់ ទោសដល់ពួកអ្នក ជារឿងត្រឹមត្រូវ
  ព្រោះអ្នករាល់គ្នា បានប្រព្រឹត្តនូវ អំពើអាស្រូវ
    អាក្រក់អប្រីយ៍
  ប៉ុន្តែព្រះអង្គ ទ្រង់មិនបោះបង់ តែងតែប្រណី
  អាណិតអាសូរ ប្រជាប្រុសស្រី ទ្រង់នាំវិលវៃ
    ឥតបីខ្ចាត់ខ្ចាយ
៧- ឥឡូវពេលនេះ ចូរគិតត្រិះរិះ អំពីកិច្ចការ
  ព្រះអង្គប្រព្រឹត្ត ដល់អ្នករាល់គ្នា តម្កើងកុំរា
    ឱ្យពេញទំហឹង
  សូមលើកតម្កើង កុំធ្វើឆ្មៃឆ្មើង ថ្កើងទាំងរំពឹង
  ដែលទ្រង់ប្រព្រឹត្ត យុត្តិធម៌ត្រចង់ ចូរកោតព្រះអង្គ
    អស់កល្បវែងឆ្ងាយ
៨- រីឯខ្ញុំវិញ ខ្ញុំឃ្លាតចាកចេញ ពីដែនបុរី
  ហើយបានមករស់ នៅលើទឹកដី ពួកខ្មាំងអប្រីយ៍
    ក៏មិនភ្លេចដែរ
  ខ្ញុំបង្ហាញប្រាប់ ឱ្យអស់អ្នកបាប ស្គាល់ជាហូរហែ
  ថាព្រះអង្គមាន ឫទ្ធាពូកែ បារមីគ្មានប្រែ
    ខ្លាំងក្លាឧត្តម
  ឱអស់អ្នកបាប កាន់ចិត្តសុភាព វិលមកជួបជុំ
  ប្រព្រឹត្តសុចរិត កុំនៅសំងំ ទ្រង់នឹងថ្នាក់ថ្នម
    មេត្តាប្រណី
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ការអ្វីក៏ដោយដែលបង‌ប្អូនធ្វើ ចូរកោតសរសើរព្រះ‌មហាក្សត្រ អស់កល្បជាអង្វែងតរៀងទៅ។

ទំនុកតម្កើងលេខ ៣៣

ចម្រៀងកោតសរសើរព្រះជាម្ចាស់ ដែលបានការពារថែរក្សា

អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល (យហ ១,៣)។

បន្ទរទី៣ ៖ មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែល​អាច​កោត​សរសើរព្រះអម្ចាស់។

មនុស្សសុចរិតអើយ! ចូរនាំគ្នាអបអរសាទរលើកតម្កើងព្រះអម្ចាស់!
មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែលគួរនឹងកោតសរសើរព្រះអង្គ។

ចូរដេញពិណលើកតម្កើងព្រះអម្ចាស់
ចូរលេងចាប៉ីខ្សែដប់ថ្វាយព្រះអង្គផង។

ចូរច្រៀងបទថ្មីថ្វាយព្រះអង្គ!
ចូរប្រគុំតន្ត្រីយ៉ាងពីរោះក្នុងពេលអបអរសាទរព្រះអង្គ

ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងទៀងត្រង់
ព្រះអង្គតែងតែប្រព្រឹត្តតាមព្រះបន្ទូលសន្យាជានិច្ច។

ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីសុចរិត ព្រមទាំងសេចក្តីយុត្តិធម៌
ផែនដីទាំងមូលសម្តែងអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់។

ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូលរបស់ព្រះអម្ចាស់
ហើយហ្វូងផ្កាយទាំងអស់នៅលើមេឃ
ក៏កើតឡើងដោយសារព្រះបញ្ជារបស់ព្រះអង្គដែរ

ព្រះអង្គបានធ្វើឱ្យទឹកសមុទ្រមកផ្តុំគ្នា
ព្រះអង្គបង្ឃាំងមហាសមុទ្រឱ្យនៅមួយកន្លែង

ចូរឱ្យផែនដីទាំងមូលគោរពកោតខ្លាចព្រះអម្ចាស់
ចូរឱ្យមនុស្សទាំងអស់លើផែនដីស្ញែងខ្លាចព្រះអង្គ!

ដ្បិតពេលព្រះអង្គមានព្រះបន្ទូល អ្វីៗក៏កើតមានឡើងភ្លាម
ព្រះអង្គបង្គាប់យ៉ាងណាក៏កើតមានយ៉ាងនោះ។
១០
ព្រះអម្ចាស់បំបែកផែនការរបស់ប្រជាជាតិនានា!
ព្រះអង្គរំលាយគម្រោងការរបស់ប្រជាជនទាំងឡាយ។
១១
រីឯផែនការរបស់ព្រះអង្គវិញ នៅស្ថិតស្ថេររហូតតរៀងទៅ
គម្រោងការរបស់ព្រះអង្គក៏នៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។
១២
ប្រជាជាតិដែលគោរពបម្រើព្រះអម្ចាស់
ទុកជាព្រះរបស់ខ្លួនមានសុភមង្គលហើយ!
ប្រជាជនដែលព្រះអង្គបានជ្រើសរើស ទុកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់
មានសុភមង្គលហើយ!។
១៣
ព្រះអម្ចាស់ទតពីស្ថានបរមសុខមក
ព្រះអង្គទតឃើញមនុស្សលោកទាំងអស់
១៤
ពីព្រះដំណាក់របស់ព្រះអង្គ
ព្រះអង្គរំពៃមើលមនុស្សទាំងអស់ ដែលរស់នៅលើផែនដី
១៥
គឺព្រះអង្គហើយដែលបានបង្កើតចិត្តគំនិតគេម្នាក់ៗដូចគ្នា
ព្រះអង្គពិនិត្យមើលអំពើទាំងអស់ដែលគេប្រព្រឹត្ត។
១៦
ពុំដែលមានស្តេចណាយកជ័យជម្នះបាន ដោយសារកងទ័ពដ៏ខ្លាំងពូកែនោះឡើយ
ក៏ពុំដែលមានវីរបុរសណាវាយឈ្នះ ដោយសារកម្លាំងខ្លាំងក្លារបស់ខ្លួននោះដែរ។
១៧
សេះចម្បាំងពុំអាចធ្វើឱ្យមានជ័យជម្នះបានឡើយ
ទោះបីវាខ្លាំងយ៉ាងណាក៏ដោយ ក៏ពុំអាចសង្គ្រោះគេបានដែរ។
១៨
ព្រះអម្ចាស់តាមថែរក្សាអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
គឺអស់អ្នកដែលពឹងផ្អែកលើព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។
១៩
ព្រះអង្គសង្គ្រោះគេឱ្យរួចពីសេចក្តីស្លាប់
ហើយគេបានរួចជីវិតនៅគ្រាមានទុរ្ភិក្ស។
២០
យើងផ្ញើជីវិតលើព្រះអម្ចាស់
ព្រះអង្គជាខែលដែលសង្គ្រោះ និងការពារយើង
២១
យើងមានអំណរព្រោះតែព្រះអង្គ
យើងទុកចិត្តលើព្រះនាមដ៏វិសុទ្ធបំផុតរបស់ព្រះអង្គ។
២២
ឱព្រះអម្ចាស់អើយ!
សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើយើងខ្ញុំផង
ព្រោះយើងខ្ញុំផ្ញើជីវិតលើព្រះអង្គហើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែល​អាច​កោត​សរសើរព្រះអម្ចាស់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យអ ២,១២-១៣)​

«ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើងដោយ​ស្មោះ​អស់​ពី​ចិត្ត ចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ចូរ​កែ‌ប្រែ​ចិត្ត​គំនិត កុំ​ហែក​តែ​សម្លៀក‌បំពាក់​ប៉ុណ្ណោះ! ចូរ​វិល​មក​រក​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​វិញ ដ្បិត​ព្រះ‌អង្គ​តែង‌តែ​ប្រណី​សន្ដោសព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់ពោរ‌ពេញ​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ដាក់​ទោស​ទេ។

បន្ទរ៖ ព្រះ‌អម្ចាស់នឹងរំដោះទូលបង្គំ*ឲ្យរួចផុតពីអន្ទាក់។ បន្ទរឡើងវិញ៖…
-ដែលគេដាក់ចាំចាប់ទូល‌បង្គំ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ «បពិត្រ​ព្រះ‌អម្ចាស់ ! សូម​បង្រៀន​យើង​ខ្ញុំ​ឲ្យ​ចេះ​អធិដ្ឋាន ដូច​លោក​យ៉ូហាន​បាន​បង្រៀន​សិស្ស​របស់​លោក​នោះ​ផង» ។

ពាក្យអង្វរសកល

សូមកោតសរសើរព្រះគ្រីស្តដែលបានប្រទានព្រះកាយព្រះអង្គ ទុកជាអាហារពីស្ថានបរមសុខសម្រាប់យើងខ្ញុំ។ យើងខ្ញុំសូមទូលព្រះអង្គថា ៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! ព្រះអង្គបានចិញ្ចឹម និងព្យាបាលព្រលឹងយើងខ្ញុំ សូមព្រះអង្គយាងមកពង្រឹងយើងខ្ញុំផង !

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គចិញ្ចឹមយើងខ្ញុំនៅក្នុងពិធីជប់លៀងនៃអគ្គសញ្ញាអរព្រះគុណ
—ជាមួយនឹងអំណោយគ្រប់យ៉ាងនៃយញ្ញបូជាក្នុងបុណ្យចម្លង។ (បន្ទរ)

សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានចិត្តដ៏ល្អឥតខ្ចោះ ដើម្បីទទួលព្រះបន្ទូលព្រះអង្គ
—ដូច្នេះ យើងខ្ញុំអាចបង្កើតផលផ្លែបានក្នុងភាពអត់ធ្មត់។ (បន្ទរ)

សូមព្រះអង្គប្រោសឱ្យយើងខ្ញុំប្រព្រឹត្តកិច្ចការរួមជាមួយព្រះអង្គ ក្នុងការកសាងពិភពលោកឱ្យកាន់តែល្អប្រសើរ
—ដើម្បីឱ្យលោកីយ៍នេះអាចស្តាប់តាមព្រះសហគមន៍ និងដំណឹងល្អនៃសេចក្តីសុខសាន្តរបស់ព្រះអង្គ។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! យើងខ្ញុំសូមទទួលសារភាពថា យើងខ្ញុំបានប្រព្រឹត្តអំពើបាប
—សូមព្រះអង្គលាងជម្រះយើងខ្ញុំ ដោយព្រះអំណោយទាននៃការសង្រ្គោះផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាប្រភពនៃជីវិត ! ព្រះអង្គទតមើលប្រជារាស្រ្តរបស់ព្រះអង្គ ព្រមទាំងប្រោសឲ្យពួកគេតមអាហារ ដើម្បីជម្រះចិត្តគំនិត។ សូមប្រោសឲ្យយើងខ្ញុំប្រាថ្នាស្វែងរកព្រះអង្គ និងប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។