០៧ កុម្ភៈ ២០២៦

Written on 23/12/2025
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី៤ ថ្ងៃសៅរ៍

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ចូរយើងនាំគ្នាស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ! ចូរយើងនាំគ្នាចូលមកសម្រាកនៅក្រោមម្លប់បារមីរបស់ព្រះអង្គ! 

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៩២

ចូរកោតសរសើរព្រះជាម្ចាស់ដែលបង្កើតអ្វីៗទាំងអស់

ចូរច្រៀងកោតសរសើរអំពីកិច្ចការប្រោសលោះរបស់ព្រះគ្រីស្ត (សន្តអាថាណាស)។

បន្ទរទី១ ៖ ទូលបង្គំស្មូតបទតម្កើងសរសើរព្រះនាមរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយក៏ប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក។

បពិត្រព្រះអម្ចាស់ !
ទូលបង្គំលើកតម្កើងព្រះអង្គ ពិតជាការប្រពៃណាស់
ស្មូតបទតម្កើងសរសើរព្រះនាមរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ក៏ជាការល្អប្រពៃដែរ !

ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក
ហើយក៏ប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅពេលយប់

ដោយលេងឃឹម ដេញចាប៉ី និងដេញពិណដែរ។

បពិត្រព្រះអម្ចាស់! កិច្ចការដែលព្រះអង្គធ្វើ
នាំឱ្យទូលបង្គំមានអំណរដ៏លើសលប់
ទូលបង្គំសប្បាយចិត្តយ៉ាងខ្លាំងនឹងស្នាព្រះហស្តរបស់ព្រះអង្គ។

បពិត្រព្រះអម្ចាស់! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តុង្គឧត្តមណាស់
ព្រះតំរិះរបស់ព្រះអង្គជ្រៅពន់ប្រមាណ!

មនុស្សល្ងីល្ងើមិនយល់អ្វីទាំងអស់
មនុស្សឆោតល្ងង់ក៏មិនដឹងអ្វីដែរ។

មនុស្សអាក្រក់ចម្រុងចម្រើនឡើងដូចស្មៅ
មនុស្សទាំងប៉ុន្មានដែលប្រព្រឹត្តអំពើទុច្ចរិត ក៏រីកដុះដាលឡើងដែរ
ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតរៀងទៅ។

រីឯព្រះអង្គវិញ នៅស្ថានលើ
ព្រះអង្គនៅជាព្រះអម្ចាស់ជានិច្ច!
១០
បពិត្រព្រះអម្ចាស់! ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាស
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។
១១
ព្រះអង្គប្រទានឱ្យទូលបង្គំមានកម្លាំងដូចដំរី
ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។
១២
ទូលបង្គំឃើញខ្មាំងសត្រូវឃ្លាំមើល
ព្រមទាំងឮសម្រែករបស់អស់អ្នកដែលស្អប់ទូលបង្គំ
១៣
មនុស្សសុចរិតនឹងរីកដុះដាលឡើងដូចដើមត្នោត
ហើយចម្រើនធំឡើងដូចដើមគគីរ។
១៤
ពួកគេប្រៀបបាននឹងដើមឈើដុះនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
គេលូតលាស់នៅក្នុងព្រះវិហាររបស់ព្រះជាម្ចាស់នៃយើង
១៥
ទោះបីគេមានវ័យចាស់ជរាក្តី ក៏គេនៅតែបង្កើតផលផ្លែដដែល
គេមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។
១៦
ការទាំងនេះសម្តែងឱ្យឃើញថា ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំ
ព្រះអង្គមានព្រះហឫទ័យទៀងត្រង់ជានិច្ច ឥតប្រែប្រួលសោះឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូលបង្គំស្មូតបទតម្កើងសរសើរព្រះនាមរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយក៏ប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក។

បទលើកតម្កើងតាមព្យាការីអេសេគីអែល (អគ ៣៦,២៤-២៨)

ព្រះជាម្ចាស់នឹងបង្កើតប្រជារាស្រ្តសាជាថ្មី

ព្រះពន្លារបស់ព្រះជាម្ចាស់ ស្ថិតនៅជាមួយមនុស្សលោកហើយ !
ព្រះអង្គនឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងគង់ជាមួយពួកគេ (វវ ២១,៣)។

បន្ទរទី២ ៖ យើង​នឹង​ប្រគល់​ចិត្ត​គំនិត​ថ្មី​ឱ្យអ្នក​រាល់​គ្នា ហើយ​ដាក់វិញ្ញាណ​ថ្មីក្នុង​អ្នក​រាល់​គ្នា។

(បទពាក្យ ៧)

២៤- យើងនឹងនាំយកអ្នករាល់គ្នា ចេញពីប្រជាជាតិទាំងឡាយ  
  ប្រមូលមិនឱ្យនៅរាយប៉ាយ ពីស្រុកជិតឆ្ងាយមកមាតុភូមិ
២៥- យើងនឹងប្រោះទឹកបរិសុទ្ធ លើអ្នកប្រាកដដោយថ្នាក់ថ្នម  
  ជំរះឱ្យអ្នកស្អាតទាំងព្រម ផុតពីសៅហ្មងផងទាំងឡាយ
  លែងឱ្យអ្នករាល់គ្នាជាប់ចិត្ត លើព្រះមិនពិតព្រះក្លែងក្លាយ  
  ឱ្យអ្នកផុតទុក្ខជួបសប្បាយ ក្តីសោកទាំងឡាយវិនាសបង់
២៦- យើងនឹងប្រគល់ចិត្តគំនិត ថ្មីល្អប្រណីតវិញ្ញាណផង  
  ដកចិត្តដូចថ្មរឹងកន្លង ផ្លាស់ប្តូរវិញម្តងចេះមេត្តា
២៧- យើងដាក់វិញ្ញាណយើងទៅក្នុង អ្នករាល់គ្នាផងមិនរួញរា  
  ឱ្យអ្នកធ្វើតាមបទបញ្ជា វិន័យធម្មាដំបូន្មាន
២៨- អ្នករាល់គ្នានឹងរស់ក្នុងស្រុក ជួបតែក្តីសុខមិនរំខាន  
  ទឹកដីដែលយើងបានប្រទាន ឱ្យទៅតាដូនរបស់អ្នក
  ហើយយើងនឹងព្រមទទួលយក អ្នកទាំងអស់មកប្រាកដជាក់  
  ធ្វើជារាស្ត្រយើងគ្មានសល់ម្នាក់ ព្រោះយើងជាព្រះអ្នកឯងហើយ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

ទំនុកតម្កើងលេខ ៨

សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ និង​កិត្តិយស​របស់​មនុស្ស

ព្រះ‌ជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ឱ្យ​នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌គ្រីស្ត​
ព្រម​ទាំង​ប្រទាន​ឱ្យ​ព្រះ‌អង្គ​គង់​នៅ​លើ​អ្វីៗ​ទាំង​អស់ ធ្វើជា​សិរសា​លើ​ព្រះ‌សហគមន៍ (អភ ១,២២)។

បន្ទរទី៣ ៖ ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ។

បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ!
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត!។

ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ
ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ
ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវឱ្យវិនាសសូន្យ។

ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ
ហើយសម្លឹងមើលព្រះចន្ទ និងហ្វូងតារា ដែលព្រះអង្គដាក់នៅលើមេឃនោះ

ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹកគិតដល់គេដូច្នេះ?
តើបុត្រមនុស្សជាអ្វីបានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ?

ព្រះអង្គបានធ្វើឱ្យមនុស្សមានឋានៈទាបជាងទេវតាតែបន្តិចប៉ុណ្ណោះ។
ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេ ទុកជាមកុដរាជ្យ។

ព្រះអង្គប្រទានឱ្យគេគ្រប់គ្រងលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក
ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមជើងរបស់គេ

គឺទាំងចៀមទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន

ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ
និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។
១០
បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ!
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល! ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២សល ៣,១៣-១៤)

យើងទន្ធឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលប្រកបដោយសេចក្តីសុចរិត តាមព្រះបន្ទូលសន្យា។ ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ! ក្នុងពេលដែលបងប្អូនទន្ទឹងរង់ចាំកិច្ចការទាំងនេះ ចូរខ្នះខ្នែងធ្វើយ៉ាងណាឱ្យព្រះជាម្ចាស់ឃើញថា បងប្អូនល្អឥតខ្ចោះ ឥតសៅហ្មង និងឃើញបងប្អូនរស់នៅដោយសុខសាន្ត។

បន្ទរ៖ ចូរ​ច្រៀង​តម្កើង​ព្រះ‌អង្គដោយអំណរ *ចូរ​ស្មូត​ទំនុក‌តម្កើង​ថ្វាយព្រះអង្គ!។ បន្ទរឡើងវិញ៖…
-ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មានដែល​ព្រះ‌អង្គ​បាន​ធ្វើ!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ ៖ សូមព្រះអង្គតម្រង់​ផ្លូវ​យើងឆ្ពោះ​ទៅ​រក​សេចក្ដីសុខសាន្ត។

ពាក្យអង្វរសកល

ចូរយើងលើកតម្កើងព្រះជាម្ចាស់ ដែលបានប្រទានសេចក្តីសង្ឃឹម និងជីវិតដល់ពិភពលោក តាមរយៈព្រះបុត្រាព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយចិត្តរាបសារថា ៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះសណ្តាប់យើងខ្ញុំផង !

បពិត្រព្រះបិតា ជាព្រះអម្ចាស់នៃអ្វីៗទាំងអស់ ! ព្រះអង្គបាននាំយើងខ្ញុំមក​កាន់ថ្ងៃថ្មីនេះ
—សូមប្រោសឱ្យយើងខ្ញុំរស់នៅរួមជាមួយព្រះគ្រីស្ត និងកោត​សរសើរសិរីរុងរឿងរបស់ព្រះអង្គផង។ (បន្ទរ)

ព្រះអង្គបានចាក់បង្ហូរនូវជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ដល់យើងខ្ញុំ
—សូមព្រះអង្គរក្សាទុកព្រះអំណោយទានទាំងនេះ ក្នុងដួងចិត្តយើងខ្ញុំផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! សូមឱ្យកែវភ្នែករបស់យើងខ្ញុំសម្លឹងមើលព្រះអង្គជានិច្ច
—ដើម្បីឱ្យយើងខ្ញុំឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះអង្គផង។ (បន្ទរ)

សូមព្រះអង្គការពារយើងខ្ញុំឱ្យចាកផុតពីអន្ទាក់ និងការល្បួងរបស់មារ
—សូមរក្សាជំហានយើងខ្ញុំ កុំឱ្យជំពប់ដួលឡើយ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! ព្រះអង្គជាពន្លឺដ៏ពិតប្រាកដ ដែលភ្លឺត្រចះត្រចង់ គ្មានថ្ងៃបញ្ចប់ឡើយ។ សូមឱ្យរស្មីនៃការយាងមករបស់ព្រះអង្គ បណ្តេញភាពងងឹតនៃអំពើបាបចេញពីចិត្តគំនិតរបស់យើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។