រដូវធម្មតា សប្ដាហ៍ទី២ ថ្ងៃអាទិត្យ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរនាំគ្នាមកថ្វាយបង្គំព្រះអម្ចាស់ ដ្បិតព្រះអង្គជាព្រះនៃយើង យើងជាប្រជារាស្ដ្រដែលព្រះអង្គថែរក្សា ជាហ្វូងចៀមដែលព្រះអង្គដឹកនាំ អាលេលូយ៉ា!
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៨
បទចម្រៀងនៃអំណរសប្បាយក្នុងការសង្រ្គោះ
ព្រះអង្គហ្នឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ" (កក ៤,១១)។
បន្ទរទី១៖ សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គដែលយាងមក ក្នុងនាមព្រះអម្ចាស់។ អាលេលូយ៉ា !
| ១ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ២ | សូមឱ្យជនជាតិអ៊ីស្រាអែលប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៣ | សូមឱ្យពូជពង្សរបស់លោកអរ៉ុនប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៤ | សូមឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ ប្រកាសឡើងថា ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
| ៥ | នៅពេលតប់ប្រមល់ ខ្ញុំអង្វរព្រះអម្ចាស់ ព្រះអម្ចាស់ក៏ឆ្លើយតបមកខ្ញុំវិញ ហើយប្រទានឱ្យខ្ញុំមានសេរីភាព។ |
| ៦ | ព្រះអម្ចាស់កាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចអ្វីឡើយ តើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត? |
| ៧ | ព្រះអម្ចាស់កាន់ខាងខ្ញុំ ហើយជួយគាំទ្រខ្ញុំ ខ្ញុំនឹងឃើញខ្មាំងសត្រូវបរាជ័យ។ |
| ៨ | ផ្ញើជីវិតលើព្រះអម្ចាស់ប្រសើរជាងទុកចិត្តលើមនុស្ស។ |
| ៩ | ផ្ញើជីវិតលើព្រះអម្ចាស់ប្រសើរជាងទុកចិត្តលើអ្នកធំ។ |
| ១០ | ប្រជាជាតិទាំងប៉ុន្មាន នាំគ្នាមកឡោមព័ទ្ធខ្ញុំ ខ្ញុំបានកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ |
| ១១ | ប្រជាជាតិទាំងនោះ ឡោមព័ទ្ធខ្ញុំគ្រប់ទិសទី ខ្ញុំបានកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ |
| ១២ | ប្រជាជាតិទាំងនោះ ឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំ តែពួកគេត្រូវឆេះអស់ទៅ ដូចភ្លើងដែលឆេះបន្លា ខ្ញុំបានកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ |
| ១៣ | គេបានច្រានខ្ញុំយ៉ាងខ្លាំងដើម្បីឱ្យខ្ញុំដួល តែព្រះអម្ចាស់យាងមកជួយខ្ញុំ។ |
| ១៤ | ព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំស្រែករកព្រះនាមព្រះអង្គ នៅពេលចេញទៅច្បាំង ព្រះអង្គសង្គ្រោះខ្ញុំ។ |
| ១៥ | មនុស្សសុចរិតនឹងនាំគ្នាស្រែកហ៊ោរ នៅក្នុងជំរំរបស់ខ្លួន ខ្ញុំច្រៀងថ្វាយព្រះអង្គ ព្រោះតែមានជ័យជម្នះ ព្រះអម្ចាស់សម្តែងព្រះបារមីប្រកបដោយឫទ្ធានុភាព! |
| ១៦ | ព្រះអម្ចាស់សម្តែងព្រះបារមីដ៏ខ្ពង់ខ្ពស់បំផុត! ព្រះអម្ចាស់សម្តែងព្រះបារមីប្រកបដោយឫទ្ធានុភាព។ |
| ១៧ | ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនត្រូវស្លាប់ឡើយ ដើម្បីរៀបរាប់អំពីស្នាព្រះហស្តរបស់ព្រះអម្ចាស់។ |
| ១៨ | មែនហើយ! ព្រះអម្ចាស់បានវាយប្រដៅខ្ញុំយ៉ាងខ្លាំង តែព្រះអង្គមិនបណ្តោយឱ្យខ្ញុំស្លាប់ឡើយ។ |
| ១៩ | ចូរនាំគ្នាបើកទ្វារសម្រាប់មនុស្សសុចរិត ដើម្បីឱ្យចូលទៅលើកតម្កើងព្រះអម្ចាស់។ |
| ២០ | នេះនែ៎! ទ្វារដែលនាំទៅគាល់ព្រះអម្ចាស់ មានតែមនុស្សសុចរិតទេ ដែលចូលតាមទ្វារនេះបាន។ |
| ២១ | ទូលបង្គំលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គឆ្លើយតបមកទូលបង្គំ ព្រះអង្គបានសង្គ្រោះទូលបង្គំ។ |
| ២២ | ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ |
| ២៣ | ព្រះអម្ចាស់បានសម្រេចការអស្ចារ្យ យើងក៏បានឃើញ ហើយស្ងើចសរសើរផង។ |
| ២៤ | ថ្ងៃនេះជាថ្ងៃដែលព្រះអម្ចាស់បានបង្កើតមក យើងនាំគ្នាត្រេកអរសប្បាយរីករាយនៅថ្ងៃនេះ! |
| ២៥ | ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះយើងខ្ញុំ! ឱព្រះអម្ចាស់អើយ! សូមប្រទានឱ្យយើងខ្ញុំមានជោគជ័យ! |
| ២៦ | សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ យើងដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សូមឱ្យពរអ្នករាល់គ្នា។ |
| ២៧ | មានតែព្រះអម្ចាស់ទេ ដែលជាព្រះដ៏ពិតតែមួយព្រះអង្គ ព្រះអង្គបានប្រទានពន្លឺឱ្យយើង ចូរនាំគ្នាលើកធាងទន្សែឡើង ហើយហែជាក្បួន រហូតដល់ជ្រុងអាសនៈ |
| ២៨ | ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមលើកតម្កីងព្រះអង្គ! |
| ២៩ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គដែលយាងមក ក្នុងនាមព្រះអម្ចាស់។ អាលេលូយ៉ា !
បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,៥២-៥៧)
ស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះអង្គ!
…សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច! (រ៉ូម ១,២៥)។
បន្ទរទី២ ៖ សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! ។ អាលេលូយ៉ា!
(បទកាកគតិ)
| ៥២- | បពិត្រព្រះម្ចាស់ | ជាព្រះរបស់ | ដូនតាយើងខ្ញុំ |
| សូមកោតសរសើរ | ទាំងថ្វាយបង្គំ | ថ្កើងព្រះឧត្តម | |
| អស់កល្បតទៅ | ។ | ||
| ខ្ញុំសូមតម្កើង | លើកព្រះខ្ពស់ឡើង | ពុំមានអាស្រូវ | |
| សុចរិតយុត្តិធម៌ | ទ្រង់គង់ជាផ្លូវ | អង្វែងតទៅ | |
| សរសើរព្រះអង្គ | ។ | ||
| ៥៣- | សូមកោតសរសើរ | ព្រះគ្មានអ្វីស្មើ | ក្នុងគ្រានេះម្តង |
| ទ្រង់ប្រកបដោយ | សិរីរឿងរុង | ក្នុងវិហារទ្រង់ | |
| កុំនៅទីមទាម | ។ | ||
| ៥៤- | សូមលើកតម្កើង | ព្រះម្ចាស់យាងឡើង | លើខេរ៉ូប៊ីម |
| ខ្ពង់ខ្ពស់បំផុត | គ្មានអ្វីប្រៀបផ្ទឹម | ស្មូតទាំងញញឹម | |
| តម្កើងជានិច្ច | ។ | ||
| ៥៥- | សូមតម្កើងទ្រង់ | ដែលយាងឡើងគង់ | លើបល្ល័ង្ករាជ្យ |
| សូមច្រៀងតម្កើង | រាល់ថ្ងៃព្រឹកល្ងាច | ព្រះម្ចាស់ជានិច្ច | |
| កុំប្រែក្រឡះ | ។ | ||
| ៥៦- | សូមថ្កើងសរសើរ | ព្រះអង្គនៅលើ | វេហាស៍អាកាស |
| ព្រះអង្គគ្រប់គ្រង | ស្ថានបរមសុខខ្ពស់ | លើកសិរីយស | |
| ព្រះអង្គរហូត | ។ | ||
| ៥៧- | គ្រប់ស្នាព្រះហស្ត | ព្រះម្ចាស់ទាំងអស់ | នៅមិនរបូត |
| ជារៀងដរាប | សូមនាំគ្នាស្មូត | តម្កើងរហូត | |
| អស់កល្បអន្លាយ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! ។ អាលេលូយ៉ា !
ទំនុកតម្កើងលេខ ១៥០
ចូរសរសើរតម្កើងព្រះអម្ចាស់!
សូមឱ្យចិត្ត និងគំនិត ស្ថិតក្នុងបទចម្រៀងរបស់អ្នក។
នេះគឺជាការលើកតម្កើងព្រះជាម្ចាស់ ដោយខ្លួនអ្នកផ្ទាល់ (Hesychius)។
បន្ទរទី៣ ៖ ព្រះអម្ចាស់ប្រសើរឧត្ដម ដែលយើងត្រូវតែសរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។ ព្រះអង្គឧត្តុង្គឧត្ដម រកអ្វីប្រៀបផ្ទឹមស្មើពុំបាន អាលេលូយ៉ា! ។
| ១ | អាលេលូយ៉ា! ចូរសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងកន្លែងដ៏វិសុទ្ធ! ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស ដែលជាព្រះដំណាក់ដ៏រឹងមាំរបស់ព្រះអង្គ! |
| ២ | ចូរសរសើរតម្កើងព្រះអង្គចំពោះស្នាព្រះហស្ដដ៏អស្ចារ្យ! ចូរសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គប្រសើរឧត្តុង្គឧត្ដមបំផុត! |
| ៣ | ចូរសរសើរតម្កើងព្រះអង្គដោយសំឡេងត្រែ ចូរសរសើរតម្កើងព្រះអង្គ ដោយដេញចាប៉ី និងដេញពិណ! |
| ៤ | ចូរសរសើរតម្កើងព្រះអង្គ ដោយវាយក្រាប់ និងរាំរបាំ! ចូរសរសើរតម្កើងព្រះអង្គ ដោយវាយឃឹម និងផ្លុំខ្លុយ! |
| ៥ | ចូរសរសើរតម្កើងព្រះអង្គ ដោយវាយស្គរយ៉ាងពីរោះ! ចូរសរសើរតម្កើងព្រះអង្គ ដោយវាយស្គរឲ្យលាន់ឮរំពង! |
| ៦ | ចូរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល សរសើរតម្កើងព្រះអម្ចាស់! អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់ប្រសើរឧត្ដម ដែលយើងត្រូវតែសរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។ ព្រះអង្គឧត្តុង្គឧត្ដម រកអ្វីប្រៀបផ្ទឹមស្មើពុំបាន អាលេលូយ៉ា! ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អគ ៣៦,២៥-២៧)
យើងនឹងប្រោះទឹកដ៏បរិសុទ្ធលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ។ យើងនឹងជម្រះអ្នករាល់គ្នាឱ្យបានស្អាតបរិសុទ្ធ ផុតពីអំពើសៅហ្មងទាំងឡាយ លែងឱ្យអ្នករាល់គ្នាជាប់ចិត្តនឹងព្រះក្លែងក្លាយទាំងប៉ុន្មាន។ យើងនឹងប្រគល់ចិត្តគំនិតថ្មីឱ្យអ្នករាល់គ្នា ហើយដាក់វិញ្ញាណថ្មីក្នុងអ្នករាល់គ្នា។ យើងនឹងដកចិត្តរឹងដូចថ្មចេញពីអ្នករាល់គ្នា រួចឱ្យអ្នករាល់គ្នាមានចិត្តអាណិតអាសូរវិញ។ យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាអាចធ្វើតាមដំបូន្មាន ហើយកាន់តាមវិន័យរបស់យើង។
បន្ទរ ៖ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអម្ចាស់ *យ៉ាងអស់ពីចិត្ត។ បន្ទរឡើងវិញ៖…
-ទូលបង្គំនឹងនិទានពីគ្រប់ការអស្ចារ្យដែលព្រះអង្គបានធ្វើ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ «អ្នកណាឱ្យទឹកត្រជាក់ សូម្បីតែមួយកែវដល់អ្នកតូចតាចម្នាក់ក្នុងនាមជាសាវ័ករបស់ខ្ញុំ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។
ពាក្យអង្វរសកល
យើងខ្ញុំសូមអរព្រះគុណចំពោះព្រះសង្គ្រោះរបស់យើងខ្ញុំ ដែលបានយាងមកជាព្រះវត្តមានរបស់ព្រះជាម្ចាស់ ក្នុងចំណោមយើងខ្ញុំនៅលើភពផែនដីនេះ។
យើងខ្ញុំសូមទូលអង្វរទៅព្រះអង្គថា ៖
បន្ទរ៖ ឱព្រះគ្រីស្តដែលជាស្តេចនៃសិរីរុងរឿងអើយ ! សូមប្រោសប្រទាននូវពន្លឺ និងអំណរសប្បាយដល់យើងខ្ញុំផង។
ព្រះយេស៊ូជាព្រះអម្ចាស់ និងជាព្រះសុរិយាដែលរះចែងចាំង។ ព្រះអង្គជាទិន្នផលដំបូងនៃការរស់ឡើងវិញនាពេលខាងមុខ
—សូមកុំបណ្តោយឱ្យយើងខ្ញុំរស់នៅក្រោមម្លប់នៃសេចក្តីស្លាប់ឡើយ តែសូមឱ្យយើងខ្ញុំរស់នៅក្រោមពន្លឺនៃជីវិតវិញ។ (បន្ទរ)
សូមព្រះអង្គបង្ហាញឱ្យយើងខ្ញុំឃើញនូវវត្តមាននៃព្រះហឫទ័យដ៏សប្បុរសរបស់ព្រះអង្គក្នុងសា្នព្រះហស្តទាំងប៉ុន្មានដែលព្រះអង្គបានបង្កើត
—ដើម្បីឱ្យយើងខ្ញុំចេះលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គគ្រប់ទីកន្លែងផង។ (បន្ទរ)
នៅថ្ងៃនេះ សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយ
—តែសូមប្រទានឱ្យយើងខ្ញុំឈ្នះការល្បួង តាមរយៈឫទ្ធានុភាពរបស់ព្រះអង្គ។ (បន្ទរ)
ព្រះអង្គបានទទួលអគ្គសញ្ញាជ្រមុជទឹកនៅក្នុងទន្លេយ័រដាន់ ដោយព្រះវិញ្ញាណដ៏វិសុទ្ធ
—នៅថ្ងៃនេះ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំចេះអរព្រះគុណព្រះអង្គ ដែលបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើងខ្ញុំ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះបិតាជាអម្ចាស់ ! ព្រះអង្គសម្តែងឫទ្ធានុភាពដ៏អស្ចារ្យ ដោយមានព្រះហឫទ័យទន់ភ្លន់ចំពោះអ្នកបាប និងអាណិតអាសូរពួកគេ។ សូមព្រះអង្គប្រោសប្រណីឱ្យយើងខ្ញុំស្វះស្វែងរកមតកនៃស្ថានបរមសុខ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។