១១ មករា ២០២៦

Written on 18/10/2026
Mary Siya Khim

បុណ្យព្រះអម្ចាស់ទទួលពិធីជ្រមុជទឹក

(បុណ្យគោរព)

(ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាក្រាបថ្វាយបង្គំព្រះគ្រីស្ត ជាព្រះបុត្រាដ៏ជាទីស្រឡាញ់ ដែលព្រះបិតាសព្វព្រះរាជហឫទ័យយ៉ាងខ្លាំងក្រៃលែង។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៦៣,២-៩

ព្រលឹងខ្ញុំស្រេកឃ្លានព្រះជាម្ចាស់

អ្នកណាដែលបានលះបង់ភាពងងឹតនៃអំពើបាប អ្នកនោះស្រេកឃ្លានព្រះជាម្ចាស់។

បន្ទរទី១៖ លោកយ៉ូហានជាពលទាហាន និងជាអ្នកបម្រើរបស់ព្រះអម្ចាស់ ជាព្រះសង្រ្គោះរបស់លោក បានធ្វើពិធីជ្រមុជទឹកឱ្យព្រះមហាក្សត្ររបស់លោក។ ទឹកទាំងប៉ុន្មាននៅទន្លេយ័រដាន់ ញ័ររន្ធត់ ហើយមានសត្វព្រាបហើរ ដែលជាសញ្ញាសម្គាល់នៃសក្ខីភាព និងមានឮព្រះសូរសៀងរបស់ព្រះបិតាថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង!» ។

ឱព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន
ទូលបង្គំស្វែងរកព្រះអង្គ ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់
ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក។

ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈ
ទូលបង្គំបានឃើញឫទ្ធានុភាព និងសិរីរុងរឿងរបស់ព្រះអង្គ

ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត
ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។

ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់មួយជីវិតទូលបង្គំ
ហើយទូលបង្គំនឹងលើកដៃឡើងថ្វាយបង្គំព្រះនាមព្រះអង្គ។

ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនា
ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង ច្រៀងសរសើរតម្កើងព្រះអង្គ។

ពេលទូលបង្គំចូលដំណេក ទូលបង្គំនឹកដល់ព្រះអង្គ
ហើយពេញមួយយប់ ទូលបង្គំនឹកគិតដល់ព្រះអង្គ

ដ្បិតព្រះអង្គជួយទូលបង្គំ ទូលបង្គំច្រៀងយ៉ាងសប្បាយក្រោមម្លប់បារមីព្រះអង្គ។

ចិត្តគំនិតទូលបង្គំនៅជាប់ជំពាក់ចិត្តគំនិតនឹងព្រះអង្គជានិច្ច
ព្រះអង្គគាំទ្រទូលបង្គំ ដោយព្រះចេស្តារបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ លោកយ៉ូហានជាពលទាហាន និងជាអ្នកបម្រើរបស់ព្រះអម្ចាស់ ជាព្រះសង្រ្គោះរបស់លោក បានធ្វើពិធីជ្រមុជទឹកឱ្យព្រះមហាក្សត្ររបស់លោក។ ទឹកទាំងប៉ុន្មាននៅទន្លេយ័រដាន់ ញ័ររន្ធត់ ហើយមានសត្វព្រាបហើរ ដែលជាសញ្ញាសម្គាល់នៃសក្ខីភាព និងមានឮព្រះសូរសៀងរបស់ព្រះបិតាថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង!» ។

បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,៥៧-៨៨)

ចូរគ្រប់ស្នាព្រះហស្ថទាំងអស់ សរសើរតម្កើងព្រះអម្ចាស់!

អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ ចូរ​សរសើរតម្កើងព្រះអង្គ (វវ ១៩,៥)។

បន្ទរទី២៖ ប្រភពទឹកកំពុងហូរត្រូវបានវិសុទ្ធ ដោយសារព្រះគ្រីស្តបានបង្ហាញសិរីរុងរឿងរបស់ព្រះអង្គមកលើផែនដី។ ចូរទៅដងទឹកដែលមកពីប្រភពនៃការសង្រ្គោះ ដ្បិតព្រះគ្រីស្តជាព្រះជាម្ចាស់ បានធ្វើឱ្យស្នាព្រះហស្តទាំងអស់ក្លាយជាវិសុទ្ធ។

៥៧- គ្រប់ស្នាព្រះហស្ត ព្រះម្ចាស់ទាំងអស់ នៅមិនរបូត
  ជារៀងដរាប សូមនាំគ្នាស្មូត តម្កើងរហូត
    អស់កល្បអន្លាយ
៥៨- ឱផ្ទៃមេឃអើយ កុំនៅកន្តើយ ហាក់ដូចជិនណាយ
  ស្មូតបទតម្កើង ដោយចិត្តសប្បាយ អស់កល្បអន្លាយ
    តទៅកុំឈប់
៥៩- សូមឱ្យទេវទូត តម្កើងរហូត ទាំងថ្ងៃទាំងយប់
  ព្រះម្ចាស់ថ្កុំថ្កើង អស់កល្បអស់កប្ប តម្កើងកុំឈប់
    តទៅរាល់ថ្ងៃ
៦០- ចូរទឹកទាំងឡាយ អបអរសប្បាយ លើនភាល័យ
  នាំគ្នាសរសើរ តម្កើងម្ចាស់ថ្លៃ កុំបង្អង់អី
    អស់កល្បអង្វែង
៦១- ហ្វូងតារារះ នៃព្រះអម្ចាស់ នាំគ្នាសម្ដែង
  តម្កើងព្រះអង្គ សរសើរស្ញប់ស្ញែង គ្រប់ទីកន្លែង
    តទៅឥតដាច់
៦២- សូមព្រះអាទិត្យ ព្រះចន្ទមានឫទ្ធិ ពន្លឺចិញ្ចាច
  តម្កើងព្រះអង្គ ដោយចិត្តអង់អាច កុំភ័យកុំខ្លាច
    តទៅកុំប្រែ
៦៣- សូមអស់ទាំងផ្កាយ ដែលនៅរាត់រាយ លើមេឃផងដែរ
  សរសើរតម្កើង កុំបីប្រួលប្រែ កុំក្រឡះកែ
    រាល់ថ្ងៃខែឆ្នាំ
៦៤- សូមឱ្យសន្សើម ទឹកភ្លៀងដ៏ឆ្នើម ធ្លាក់ជាប្រចាំ
  ចូរលើកតម្កើង ទាំងថ្វាយបង្គំ ព្រះម្ចាស់ឧត្តម
    ជានិច្ចកុំរា
៦៥- ចូរអស់ទាំងខ្យល់ ធ្លាប់បក់វិលវល់ រាល់ប្រាំងវស្សា
  គ្រប់ទីកន្លែង តម្កើងព្រះជា ម្ចាស់អ្នករាល់គ្នា
    កុំបីឆ្មៃឆ្មើង
៦៦- ចូរឱ្យកម្ដៅ ទាំងក្នុងទាំងក្រៅ ឱ្យមានទាំងភ្លើង
  នាំគ្នាជួយលើក សរសើរតម្កើង ព្រះអង្គខ្ពស់ឡើង
    តទៅឥតអាក់
៦៧- ចូរឱ្យខ្យល់ក្តៅ ពេលនេះតទៅ និងខ្យល់ត្រជាក់
  សរសើរតម្កើង ព្រះជាម្ចាស់អ្នក កុំបីអន់អាក់
    ជានិច្ចតទៅ
៦៨- សន្សើមនិងព្រឹល សូមអ្នកកុំខ្ជិល កុំបង្អង់នៅ
  ស្មូតបទតម្កើង ព្រះម្ចាស់ជាផ្លូវ អង្វែងតទៅ
    អស់កល្បជានិច្ច
៦៩- ចូរថ្ងៃនិងយប់ កោតកុំឈរឈប់ សរសើរកុំភ្លេច
  ស្មូតបទតម្កើង ព្រះម្ចាស់ជានិច្ច កុំបីកែគេច
    អស់កល្បស្ថេរស្ថិត
៧០- ចូរឱ្យពន្លឺ រន្ទាលរន្ទឺ និងភាពងងឹត
  សរសើរតម្កើង អម្ចាស់មានឫទ្ធិ រាល់ថ្ងៃកុំគិត
    ខ្វល់ខ្វាយឡើយណា
៧១- អាកាសត្រជាក់ ខ្យល់រងាធ្លាក់ មកជាធម្មតា
  ចូរលើកតម្កើង ព្រះអម្ចាស់ជា ព្រះអ្នករាល់គ្នា
    កុំបីឃ្លាងឃ្លាត
៧២- សូមឱ្យទឹកកក កុំបីខានខក ទាំងសន្សើមទៀត
  ចូរលើកតម្កើង កុំបីរវាត កុំឱ្យឃ្លាងឃ្លាត
    រហូតតទៅ
៧៣- សូមដុំពពក ផ្លេកបន្ទោរមក កុំបង្អង់នៅ
  តម្កើងព្រះអង្គ កុំបីហ្មងសៅ ស្មូតរហូតទៅ
    អស់កល្បយូរលង់
៧៤- សូមឱ្យផែនដី ទាំងមូលលកលៃ តម្កើងព្រះអង្គ
  សរសើរកុំឈប់ កុំនៅរេរង់ កោតសរសើរទ្រង់
    កុំប្រែសាវា
៧៥- សូមឱ្យភ្នំធំ កុំនៅសំងំ ភ្នំតូចផងណា
  ស្មូតបទតម្កើង ព្រះម្ចាស់រាល់គ្នា ថ្កើងព្រះនាមា
    អស់កល្បជានិច្ច
៧៦- សព្វអស់អ្វីៗ ដែលដុះលើដី កុំបីមានភ្លេច
  ចូរលើកតម្កើង ព្រះម្ចាស់ជានិច្ច កុំបីកែគេច
    អស់កល្បអន្លាយ
៧៧- ចូរសមុទ្រស្ទឹង ទន្លេល្វើយល្វឹង តូចធំទាំងឡាយ
  នាំគ្នាតម្កើង ដោយក្តីរីករាយ សរសើរម្ចាស់ថ្លៃ
    ឱ្យលាន់រងំ
៧៨- ចូរប្រភពទឹក មានច្រើនសន្ធឹក ព្រែកទាំងតូចធំ
  ទឹកហូរពីជ្រោះ ទឹកធ្លាក់ពីភ្នំ កុំនៅសំងំ
    តម្កើងព្រះអង្គ
៧៩- ចូរអស់ទាំងត្រី តូចធំម្តេចក្តី និងសត្វរស់ក្នុង
  ទន្លេសមុទ្រ តាមព្រែកបួរបឹង កុំសំងំឈឹង
    តម្កើងព្រះម្ចាស់
៨០- សូមបក្សីសត្វ ដែលរស់ខ្វែងខ្វាត់ ច្រើនមីរដេរដាស
  ស្មូតបទតម្កើង ព្រះជាអម្ចាស់ កុំបីចន្លោះ
    អស់កល្បយូរលង់
៨១- សូមឱ្យសត្វស្រុក រស់នៅអែអុក ទាំងសត្វព្រៃផង
  នាំគ្នាសរសើរ តម្កើងព្រះអង្គ អស់កល្បយូរលង់
    តទៅអន្លាយ
៨២- ចូរឱ្យមនុស្ស ទាំងស្រីទាំងប្រុស កុំបីឃ្លាតឆ្ងាយ
  សរសើរព្រះអង្គ ជាព្រះម្ចាស់ថ្លៃ រៀងរាល់យប់ថ្ងៃ
    កុំបីអល់អែក
៨៣- ឱអ៊ីស្រាអែល អ្នកជាជាតិដែល វិសុទ្ធពន់ពេក
  ចូរលើកតម្កើង ព្រះខ្ពស់អនេក ហួសទាំងផ្ទៃមេឃ
    កុំសំងំនៅ
៨៤- អស់បូជាចារ្យ ទាំងឡាយនាំគ្នា ឆ្ពោះតម្រង់ទៅ
  តម្កើងព្រះអង្គ ទាំងថ្ងៃយប់ជ្រៅ កុំសំងំនៅ
    សរសើរកុំឈប់
៨៥- ចូរអ្នកទាំងឡាយ ដែលតែងខ្វល់ខ្វាយ បម្រើគោរព
  ស្មូតតម្កើងព្រះ ទាំងថ្ងៃទាំងយប់ កុំឈរកុំឈប់
    នៅស្ងៀមឱ្យសោះ
៨៦- ចូរវិញ្ញាណក្ខ័ន្ធ អ្នកស្លាប់ប៉ុន្មាន កុំបីចន្លោះ
  ព្រលឹងនៃអ្នក សុចរិតទាំងអស់ តម្កើងដោយស្មោះ
    កុំនៅកន្តើយ
៨៧- អស់អ្នកគោរព ប្រណិប័តន៍គ្រប់ ព្រះអម្ចាស់អើយ
  និងអ្នកដាក់ចិត្ត ជាអ្នកខ្សត់ហើយ កុំបង្អង់ឡើយ
    តម្កើងព្រះអង្គ
៨៨- លោកអណានីយ៉ា រួមជាមួយគ្នា អសារីយ៉ាផង
  និងមីកាអែល តម្កើងព្រះអង្គ ស្មូតតម្កើងផង
    តទៅដរាប
  ព្រះអង្គរំដោះ យើងខ្ញុំឱ្យរស់ ផុតពីក្តីស្លាប់
  ហើយទ្រង់សង្គ្រោះ ខ្ញុំជាប្រញាប់ រួចផុតទុក្ខសព្វ
    ទាំងភ្លើងសន្ធៅ

បន្ទរ៖ ប្រភពទឹកកំពុងហូរត្រូវបានវិសុទ្ធ ដោយសារព្រះគ្រីស្តបានបង្ហាញសិរីរុងរឿងរបស់ព្រះអង្គមកលើផែនដី។ ចូរទៅដងទឹកដែលមកពីប្រភពនៃការសង្រ្គោះ ដ្បិតព្រះគ្រីស្តជាព្រះជាម្ចាស់ បានធ្វើឱ្យស្នាព្រះហស្តទាំងអស់ក្លាយជាវិសុទ្ធ។

ទំនុកតម្កើងលេខ ១៤៩

ចម្រៀងនៃអំណរសប្បាយរបស់សន្តបុគ្គល

ចូរបុត្រធីតាទាំងឡាយនៃព្រះសហគមន៍ ដែលជាប្រជាជនថ្មីរបស់ព្រះជាម្ចាស់ ត្រេកអរសប្បាយចំពោះ​ព្រះគ្រីស្ត ដែលជាស្តេចរបស់ពួកគេ (Hesychius)។

បន្ទរទី៣៖ ព្រះអង្គបានដុតបំផ្លាញចោលកំហុសរបស់មនុស្ស ដោយភ្លើង និងព្រះវិញ្ញាណដ៏វិសុទ្ធ។ យើងខ្ញុំសូមកោតសរសើរព្រះអង្គ ជាព្រះជាម្ចាស់ និងជាព្រះប្រោសលោះនៃយើងខ្ញុំ។

ចូរ​ច្រៀង​បទ​ថ្មីថ្វាយ​ព្រះ‌អម្ចាស់!
ចូរ​ច្រៀង​សរសើរ​ព្រះ‌អង្គនៅ​ក្នុង​អង្គ​ប្រជុំ​របស់​អ្នក​ជឿ​ព្រះ‌អង្គ!

ចូរ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែលរីក‌រាយ​នឹង​ព្រះ‌អង្គ​ ដែល​បាន​បង្កើត​គេ​មក
សូម​ឲ្យ​ប្រជាជន​ក្រុង​ស៊ីយ៉ូនមាន​អំណរ​សប្បាយ នឹង​ព្រះ‌មហា​ក្សត្រ​របស់​ខ្លួន!

ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ព្រះ‌អង្គ ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ!

ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យនឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​លើក​កិត្តិយស​មនុស្ស​ទន់‌ទាបដោយ​សង្គ្រោះ​ពួក​គេ

ចូរ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គនាំ​គ្នា​អរ​សប្បាយ​ដ៏​លើស‌លប់
ដោយ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់
សូម្បី​តែ​នៅ​ពេល​យប់ ក៏​គេ​ស្រែក​តម្កើង​ព្រះ‌អង្គ​ដោយ​អំណរ​ដែរ!

សូម​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌អង្គ​មិន​ដាច់​ពី​មាត់
ហើយ​ឲ្យ​គេ​កាន់​ដាវ​មុខ​ពីរ​នៅ​ជាប់​នឹង​ដៃ​ជា‌និច្ច

ដើម្បី​សង‌សឹក​ប្រជា‌ជាតិ​នានា និង​ដាក់​ទោស​ជាតិ​សាសន៍​ទាំង‌ឡាយ

ហើយ​យក​ច្រវាក់​ចង​ស្តេច និង​ដាក់​ខ្នោះ​មេ​ដឹក​នាំ​របស់​ពួក​គេ។

ការ​ដាក់​ទោស​សាសន៍​ទាំង​នោះ
ស្រប​តាម​ការ​សម្រេច​របស់​ព្រះ‌ជាម្ចាស់​នេះ​ហើយ
ដែល​ជា​កិត្តិយស​ដ៏​រុង‌រឿង​របស់​អស់​អ្នកស្មោះ‌ត្រង់​នឹង​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន !

បន្ទរ ៖ ព្រះអង្គបានដុតបំផ្លាញចោលកំហុសរបស់មនុស្ស ដោយភ្លើង និងព្រះវិញ្ញាណដ៏វិសុទ្ធ។ យើងខ្ញុំសូមកោតសរសើរព្រះអង្គ ជាព្រះជាម្ចាស់ និងជាព្រះប្រោសលោះនៃយើងខ្ញុំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៦១,១-២ក.១០-១១)

ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌អម្ចាស់សណ្ឋិត​លើ​ខ្ញុំ ដ្បិត​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត ប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថា ពួក​គេ​នឹង​រួច​ខ្លួន ហើយ​ប្រាប់​អ្នក​ជាប់​ឃុំ‌ឃាំង​ថា ពួក​គេ​នឹង​មាន​សេរី‌ភាព ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែល​ព្រះអម្ចាស់​សម្ដែងព្រះហឫទ័យ​មេត្តា​ករុណា។ ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​តែ​ព្រះ‌អម្ចាស់ ខ្ញុំ​រីក‌រាយ​យ៉ាង​អស់​ពី​ចិត្ត ព្រោះ​តែ​ព្រះ​របស់​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ។ ព្រះ‌អង្គ​បាន​យក​សេចក្ដី​សុចរិតមក​ពាក់​ឲ្យ​ខ្ញុំ ដូច​កូន​កម្លោះ និង​កូន​ក្រមុំតែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គល‌ការ។ ដី​ធ្វើ​ឲ្យ​ពន្លក និង​គ្រាប់​ពូជ​ផ្សេងៗដុះ​ឡើង នៅ​ក្នុង​សួន​ច្បារ​យ៉ាង​ណា ព្រះ‌ជា‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត និង​ការ​សរសើរ​តម្កើង​ ផុស​ចេញ​ពី​ទឹក​ដី​នេះ នៅ​ចំពោះ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ។

បន្ទរ៖ បពិត្រព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ *សូមអាណិតអាសូរយើងខ្ញុំ។ បន្ទរឡើងវិញ៖…
-នៅថ្ងៃនេះ ព្រះអង្គបានបង្ហាញខ្លួនឱ្យយើងខ្ញុំឃើញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ ព្រះគ្រីស្តទទួលពិធីជ្រមុជទឹក ធ្វើឱ្យផែនដីបានវិសុទ្ធ។ ព្រះអង្គបានដកយកអំពើបាបចេញពីយើងខ្ញុំ។ យើងខ្ញុំបានស្អាតបរិសុទ្ធ ដោយសារទឹក និងព្រះវិញ្ញាណដ៏វិសុទ្ធ។

ពាក្យអង្វរសកល

ព្រះសង្រ្គោះយើងខ្ញុំសព្វព្រះហឫទ័យទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន ក្នុងទន្លេយ័រដាន់។ ចូរយើងទូលអង្វរទៅព្រះអង្គថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតអាសូរ !

បពិត្រព្រះគ្រីស្ត ! ព្រះអង្គបំភ្លឺយើងខ្ញុំ ដោយសារពន្លឺរបស់ព្រះអង្គ
—សូមប្រទានឱ្យយើងខ្ញុំនូវវិញ្ញាណនៃការចេះដាក់ខ្លួនបម្រើអ្នកដទៃផង។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! ព្រះអង្គបានបន្ទាបខ្លួន និងទទួលពិធីជ្រមុជទឹកពីអ្នកបម្រើព្រះអង្គ ដើម្បីបង្ហាញផ្លូវនៃការចេះដាក់ខ្លួនឱ្យយើងខ្ញុំ
—សូមប្រទានឱ្យយើងខ្ញុំនូវវិញ្ញាណនៃការចេះដាក់ខ្លួនបម្រើមនុស្សធម៌។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! តាមរយៈអគ្គសញ្ញាជ្រមុជទឹក ព្រះអង្គបានលាងសម្អាតយើងខ្ញុំចេញពីស្នាមប្រឡាក់គ្រប់យ៉ាង និងឱ្យយើងខ្ញុំធ្វើជាបុត្រធីតានៃព្រះបិតា
—សូមព្រះអង្គប្រទានព្រះវិញ្ញាណនៃការទទួលស្គាល់ ឱ្យអស់អ្នកដែលស្វែងរកព្រះអង្គ។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! តាមរយៈអគ្គសញ្ញាជ្រមុជទឹក ព្រះអង្គបានថ្វាយសត្វលោក និងបើកទ្វារនៃការកែប្រែចិត្តគំនិត ទៅដល់អស់អ្នកដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក
—សូមឱ្យយើងខ្ញុំធ្វើជាអ្នកបម្រើប្រកាសដំណឹងល្អរបស់ព្រះអង្គ ក្នុងពិភពលោកនេះ។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! តាមរយៈអគ្គសញ្ញាជ្រមុជទឹក ព្រះអង្គបានបង្ហាញព្រះត្រៃឯកដ៏វិសុទ្ធឱ្យយើងខ្ញុំឃើញ នៅពេលព្រះបិតាមានព្រះបន្ទូលហៅព្រះអង្គថា ជាបុត្រដ៏ជាទីស្រឡាញ់ ហើយព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមកសណ្ឋិតលើព្រះអង្គ
—សូមព្រះអង្គប្រទានព្រះវិញ្ញាណនៃការទទួលស្គាល់ក្នុងចំណោមលោកបូជាចារ្យ ដែលធ្វើអគ្គសញ្ញាជ្រមុជទឹក។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះអង្គសម្តែងឲ្យមនុស្សលោកស្គាល់ឋានៈរបស់ព្រះគ្រីស្ត ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់អស់អ្នកដែលទទួលពិធីជ្រមុជទឹក ដោយព្រះវិញ្ញាណដ៏វិសុទ្ធ ឲ្យបន្តបេសកកម្មរបស់ព្រះយេស៊ូក្នុងពិភពលោកនេះ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។