ថ្ងៃសៅរ៍ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ចូរនាំគ្នាមក យើងលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះគ្រីស្តបានលេចចេញជារូបរាងហើយ។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៩២
កោតសរសើរព្រះជាម្ចាស់នៃពិភពទាំងមូល
ចូរច្រៀងកោតសរសើរកិច្ចប្រោសលោះរបស់ព្រះគ្រីស្ត (សន្តអាថាណាស)។
បន្ទរទី១ ៖ ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក ហើយក៏ប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅពេលយប់។
| ២ | បពិត្រព្រះអម្ចាស់! ទូលបង្គំលើកតម្កើងព្រះអង្គ ពិតជាការប្រពៃណាស់ ស្មូតបទតម្កើង សរសើរព្រះនាមរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ក៏ជាការល្អប្រពៃដែរ! |
| ៣ | ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក ហើយក៏ប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅពេលយប់ |
| ៤ | ដោយលេងឃឹម ដេញចាប៉ី និងដេញពិណដែរ។ |
| ៥ | បពិត្រព្រះអម្ចាស់! កិច្ចការដែលព្រះអង្គធ្វើ នាំឱ្យទូលបង្គំមានអំណរដ៏លើសលប់ ទូលបង្គំសប្បាយចិត្តនឹងស្នាព្រះហស្តរបស់ព្រះអង្គ។ |
| ៦ | បពិត្រព្រះអម្ចាស់! ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តុង្គឧត្តមណាស់ ព្រះតំរិះរបស់ព្រះអង្គជ្រៅពន់ប្រមាណ! |
| ៧ | មនុស្សល្ងីល្ងើមិនយល់អ្វីទាំងអស់ មនុស្សឆោតល្ងង់ក៏មិនដឹងអ្វីដែរ។ |
| ៨ | មនុស្សអាក្រក់ចម្រុងចម្រើនឡើងដូចស្មៅ មនុស្សទាំងប៉ុន្មានដែលប្រព្រឹត្តអំពើទុច្ចរិត ក៏រីកដុះដាលឡើងដែរ ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតរៀងទៅ។ |
| ៩ | រីឯព្រះអង្គវិញ នៅស្ថានលើ ព្រះអង្គនៅជាព្រះអម្ចាស់ជានិច្ច! |
| ១០ | បពិត្រព្រះអម្ចាស់ ! ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាស អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។ |
| ១១ | ព្រះអង្គប្រទានឱ្យទូលបង្គំមានកម្លាំងដូចដំរី ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។ |
| ១២ | ទូលបង្គំឃើញខ្មាំងសត្រូវឃ្លាំមើល ព្រមទាំងឮសម្រែករបស់អស់អ្នកដែលស្អប់ទូលបង្គំ |
| ១៣ | មនុស្សសុចរិតនឹងរីកដុះដាលឡើងដូចដើមត្នោត ហើយចម្រើនធំឡើងដូចដើមតាត្រៅនៅស្រុកលីបង់។ |
| ១៤ | ពួកគេប្រៀបបាននឹងដើមឈើដុះ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយលូតលាស់នៅក្នុងព្រះវិហាររបស់ព្រះជាម្ចាស់ |
| ១៥ | ទោះបីគេមានវ័យចាស់ជរាក្តី ក៏គេនៅតែបង្កើតផលផ្លែដដែល គេមានពន្លកថ្មី និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។ |
| ១៦ | ការទាំងនេះសម្តែងឱ្យឃើញថា ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំ ព្រះអង្គមានព្រះហឫទ័យទៀងត្រង់ជានិច្ច ឥតប្រែប្រួលសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ទូលបង្គំប្រកាសអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ តាំងពីពេលព្រលឹមមក ហើយក៏ប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅពេលយប់។
បទលើកតម្កើងតាមគម្ពីរទុតិយកថា (ទក ៣២,១-១២)
ព្រះហឫទ័យសប្បុរសរបស់ព្រះជាម្ចាស់ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ
ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប (មថ ២៣,៣៧)។
បន្ទរទី២ ៖ ទូលបង្គំនឹងថ្លែងអំពីភាពឧត្តុង្គឧត្ដមរបស់ព្រះអង្គ។
(បទពាក្យ ៧)
| ១- | ឱផ្ទៃមេឃអើយចូរត្រងត្រាប់ | ពាក្យខ្ញុំថ្លែងប្រាប់ជាដំណឹង | |
| ផែនដីអើយចូរអ្នកខំប្រឹង | ស្តាប់ឱ្យបានដឹងខ្ញុំបរិយាយ | ។ | |
| ២- | សូមឱ្យពាក្យខ្ញុំទាំងប៉ុន្មាន | ដែលបានទូន្មានរៀងរាល់ថ្ងៃ | |
| ឱ្យដូចសន្សើមភ្លៀងធ្លាក់ថ្មី | រុក្ខជាតិខៀវខ្ចីស្រស់បំព្រង | ។ | |
| ៣- | ខ្ញុំនឹងប្រកាសពីព្រះនាម | មិនព្រមនៅស្ងៀមមិនភ្លេចម្តង | |
| លើកតម្កើងភាពខ្ពស់កន្លង | រុងរឿងគ្មានហ្មងព្រះនៃយើង | ។ | |
| ៤- | ព្រះអម្ចាស់ប្រៀបដូចថ្មដា | ជាផ្ទាំងសិលាដ៏សែនរឹង | |
| មាគ៌ាព្រះអង្គសុចរិតត្រង់ | បរិសុទ្ធឥតហ្មងឥតមានខ្ចោះ | ។ | |
| ៥- | ប៉ុន្តែព្រះអង្គទ្រង់ជ្រាបថា | អ្នកទាំងអស់គ្នាក្បត់ទាំងអស់ | |
| ដោយអ្នកមានចិត្តមិនត្រង់ស្មោះ | ព្រះអង្គផាត់អស់មិនទុកនៅ | ។ | |
| លែងរាប់លែងរកលែងទុកថា | ជាបុត្រធីតាជាកូនចៅ | ||
| អ្នករាល់គ្នាមានចិត្តអាស្រូវ | វៀចវេរមិនត្រូវក្បត់ព្រះអង្គ | ។ | |
| ៦- | ឱជនល្ងីល្ងើឥតប្រាជ្ញា | ចុះម្តេចឡើយណាមិនបោះបង់ | |
| ព្រះគុណព្រះអង្គច្រើនកន្លង | តោងគិតផ្គូរផ្គងគិតនឹកនា | ។ | |
| ទ្រង់ជាបិតាដែលបង្កើត | ឱ្យមានកំណើតកើតជន្មា | ||
| ឱ្យអ្នកបានក្លាយជាប្រជា | ជាតិមាំអស្ចារ្យខ្លាំងទៀតផង | ។ | |
| ៧- | ចូរអ្នករាល់គ្នានឹកនាចាំ | គិតអំពីឆ្នាំដែលកន្លង | |
| ឪពុកដូនតាកុំមានហ្មង | រ៉ាយរ៉ាប់ប្រាប់ផងហេតុការណ៍គ្រប់ | ។ | |
| ៨- | ពេលព្រះខ្ពង់ខ្ពស់ប្រទានដី | ជាកេរថ្លាថ្លៃទ្រព្យសំណព្វ | |
| ពេលទ្រង់បំបែកមនុស្សលោកសព្វ | ថែមទាំងកំណត់ព្រំដែនឱ្យ | ។ | |
| ព្រះអង្គប្រទានតាមចំនួន | ឱ្យបានសមសួនមិនបណ្តោយ | ||
| គ្នាតិចបានតិចមិនឱ្យធ្លោយ | គ្នាច្រើនទ្រង់ឱ្យធំល្វើយល្វឹង | ។ | |
| ៩- | ព្រះម្ចាស់ជ្រើសយកអ៊ីស្រាអែល | ទុកជារាស្ត្រផ្ទាល់នៃព្រះអង្គ | |
| ទាំងពូជយ៉ាកុបថែមទៀតផង | ទុកជាកេរទ្រង់ដ៏ថ្កើងថ្កាន | ។ | |
| ១០- | ព្រះម្ចាស់រកឃើញអ៊ីស្រាអែល | នៅតាមទីវាលរហោស្ថាន | |
| ក្នុងដីហួតហែងព្រៃស្មសាន | សុទ្ធតែតិរច្ឆានស្នាក់នៅជុំ | ។ | |
| តែព្រះអង្គបានបីបាច់ថែ | ថ្នាក់ថ្នមរូបគេហើយអប់រំ | ||
| ការពារក្រសោបឱ្យនៅជុំ | គេរស់សុខដុមផុតវេទនា | ។ | |
| ១១- | ព្រះអង្គការពារនិងណែនាំ | ឱ្យដើរត្រង់ចំផ្លូវសាស្តា | |
| ដូចសត្វឥន្ទ្រីយ៍ជាបក្សា | ត្រដាងស្លាបវាបាំងកូនបាន | ។ | |
| ១២- | មានតែព្រះម្ចាស់មួយព្រះអង្គ | ដឹកនាំរាស្ត្រទ្រង់យ៉ាងចំណាន | |
| ឱ្យគេរស់នៅយ៉ាងសុខសាន្ត | ព្រះផ្សេងមិនបានដូចទ្រង់ឡើយ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ទូលបង្គំនឹងថ្លែងអំពីភាពឧត្តុង្គឧត្ដមរបស់ព្រះអង្គ។
ទំនុកតម្កើងលេខ ៨
សិរីរុងរឿងរបស់ព្រះជាម្ចាស់ និងកិត្តិយសរបស់មនុស្ស
ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឱ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ត
ព្រមទាំងប្រទានឱ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើព្រះសហគមន៍ (អភ ១,២២)។
បន្ទរទី៣ ៖ បពិត្រព្រះអម្ចាស់ ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង លើសផ្ទៃមេឃទៅទៀត !
| ២ | បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង លើសផ្ទៃមេឃទៅទៀត!។ |
| ៣ | ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវឱ្យវិនាសសូន្យ។ |
| ៤ | ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ ហើយសម្លឹងមើលព្រះចន្ទ និងហ្វូងតារា ដែលព្រះអង្គដាក់នៅលើមេឃនោះ |
| ៥ | ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ? តើបុត្រមនុស្សជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ? |
| ៦ | ព្រះអង្គបានធ្វើឱ្យមនុស្សមានឋានៈទាបជាងទេវតាតែបន្តិចប៉ុណ្ណោះ។ ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេទុកជាមកុដរាជ្យ។ |
| ៧ | ព្រះអង្គប្រទានឱ្យគេគ្រប់គ្រងលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមជើងរបស់គេ |
| ៨ | គឺទាំងចៀម ទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន |
| ៩ | ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។ |
| ១០ | បពិត្រព្រះអម្ចាស់ជាម្ចាស់របស់យើងខ្ញុំអើយ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល! ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ បពិត្រព្រះអម្ចាស់ ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង លើសផ្ទៃមេឃទៅទៀត !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ប្រាញ ៧,២៦-៣០)
ព្រះប្រាជ្ញាញាណជារស្មីនៃពន្លឺដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ជាកញ្ចក់ដ៏ភ្លឺថ្លា ឆ្លុះបញ្ចាំងមហិទ្ធិឫទ្ធិរបស់ព្រះជាម្ចាស់ និងជាតំណាងនៃព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ ព្រះប្រាជ្ញាញាណមានតែមួយអង្គគត់ តែព្រះអង្គអាចសម្រេចកិច្ចការទាំងអស់បាន។ ព្រះប្រាជ្ញាញាណមិនដែលប្រែប្រួលទេ តែព្រះអង្គធ្វើឲ្យអ្វីៗទាំងអស់ផ្លាស់ប្រែជាថ្មីបាន។ ពីជំនាន់មួយ ទៅជំនាន់មួយ ព្រះប្រាជ្ញាញាណយាងមកសណ្ឋិតក្នុងដួងចិត្តរបស់មនុស្សវិសុទ្ធ ដើម្បីឲ្យគេទៅជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ និងទៅជាព្យាការី។ ដ្បិតព្រះជាម្ចាស់ស្រឡាញ់តែអស់អ្នកដែលរួមរស់ជាមួយព្រះប្រាជ្ញាញាណប៉ុណ្ណោះ។ ព្រះប្រាជ្ញាញាណភ្លឺជាងពន្លឺព្រះអាទិត្យ និងកញ្ចុំផ្កាយទាំងឡាយទៅទៀត បើប្រៀបផ្ទឹមនឹងពន្លឺថ្ងៃ ព្រះអង្គភ្លឺហួសប្រមាណ។ យប់រមែងផ្ទេរកន្លែងទៅឲ្យថ្ងៃ ផ្ទុយទៅវិញ ព្រះប្រាជ្ញាញាណឈ្នះសេចក្តីអាក្រក់ជានិច្ច។
បន្ទរ៖ ស្តេចទាំងប៉ុន្មាននៅលើផែនដី *នឹងលុតជង្គង់ក្រាបថ្វាយបង្គំព្រះអម្ចាស់។ បន្ទរឡើងវិញ៖…
-ហើយនឹងមានមនុស្សមកពីគ្រប់ជាតិសាសន៍ទាំងបុរស និងស្រ្តី នាំគ្នាគោរពបម្រើព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ នៅភូមិកាណាក្នុងស្រុកកាលីឡេ ព្រះយេស៊ូបានធ្វើទីសម្គាល់លើកដំបូង ដែលបង្ហាញពីសិរីរុងរឿងរបស់ព្រះអង្គ។
ពាក្យអង្វរសកល
ចូរយើងលើកតម្កើងសិរីរុងរឿងព្រះគ្រីស្ត ដែលជារូបតំណាងរបស់ព្រះជាម្ចាស់ ដូចយើងហៅរកព្រះអង្គ ដោយមានជំនឿថា ៖
បន្ទរ៖ បពិត្រព្រះគ្រីស្ត ជាព្រះបុត្រានៃព្រះជាម្ចាស់ ! សូមព្រះអង្គសណ្តាប់យើងខ្ញុំ !
បពិត្រព្រះបុត្រានៃព្រះជាម្ចាស់! ព្រះអង្គបានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះបិតាឱ្យយើងខ្ញុំ
—សូមទ្រង់ព្រះមេត្តាបង្ហាញឱ្យមនុស្សលោកស្គាល់ព្រះអង្គ តាមរយៈសេចក្តីស្រឡាញ់ដែលយើងខ្ញុំមានចំពោះអ្នកដទៃផង។ (បន្ទរ)
ព្រះអង្គបានបង្ហាញព្រះអង្គផ្ទាល់ជាព្រះអម្ចាស់នៃជីវិត
—សូមប្រោសប្រទានឱ្យយើងខ្ញុំនូវព្រះជន្មរបស់ព្រះអង្គយ៉ាងពេញបរិបូណ៍ផង។ (បន្ទរ)
សូមឱ្យរូបកាយរបស់យើងខ្ញុំក្លាយជាសញ្ញាសម្គាល់នៃព្រះជន្មផ្ទាល់របស់ព្រះអង្គ
—ដូចយើងខ្ញុំបានស៊ូទ្រាំនឹងការសោយទិវង្គតរបស់ព្រះអង្គ ក្នុងសាច់ឈាមយើងខ្ញុំដែរ។ (បន្ទរ)
សូមព្រះអង្គបំភ្លឺដួងចិត្តយើងខ្ញុំ
—ជាមួយនឹងចំណេះដឹងដ៏អស្ចារ្យនៃព្រះពន្លឺរបស់ព្រះជាម្ចាស់។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ហើយមានព្រះជន្មគង់នៅអស់កល្បជានិច្ច ! ព្រះអង្គមានព្រះហឫទ័យស្រឡាញ់មនុស្សលោកខ្លាំងណាស់ ដោយប្រោសយើងខ្ញុំឲ្យទៅជាបុត្រធីតារបស់ព្រះអង្គ។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំរួបរួមគ្នាជាធ្លុងតែមួយ និងស្រឡាញ់អ្នកដទៃដូចស្រឡាញ់ខ្លួនឯង។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។