០៤ មករា ២០២៦

Written on 25/10/2026
Mary Siya Khim

បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ

(បុណ្យឱឡារិក)

 (ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ ចូរនាំគ្នាមក យើងលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះគ្រីស្តបានលេចចេញជារូបរាងហើយ។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៦៣,២-៩

ព្រលឹងខ្ញុំស្រេកឃ្លានព្រះជាម្ចាស់

អ្នកណាដែលបានលះបង់ភាពងងឹតនៃអំពើបាប អ្នកនោះស្រេកឃ្លានព្រះជាម្ចាស់។

បន្ទរទី១៖ ពួកហោរាចារ្យបើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះ‌អង្គ អាលេលូយ៉ា !

ឱព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន
ទូលបង្គំស្វែងរកព្រះអង្គ ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់
ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក។

ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈ
ទូលបង្គំបានឃើញឫទ្ធានុភាព និងសិរីរុងរឿងរបស់ព្រះអង្គ

ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត
ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។

ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់មួយជីវិតទូលបង្គំ
ហើយទូលបង្គំនឹងលើកដៃឡើងថ្វាយបង្គំព្រះនាមព្រះអង្គ។

ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនា
ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង ច្រៀងសរសើរតម្កើងព្រះអង្គ។

ពេលទូលបង្គំចូលដំណេក ទូលបង្គំនឹកដល់ព្រះអង្គ
ហើយពេញមួយយប់ ទូលបង្គំនឹកគិតដល់ព្រះអង្គ

ដ្បិតព្រះអង្គជួយទូលបង្គំ
ទូលបង្គំច្រៀងយ៉ាងសប្បាយក្រោមម្លប់បារមីព្រះអង្គ។

ចិត្តគំនិតទូលបង្គំនៅជាប់ជំពាក់ចិត្តគំនិតនឹងព្រះអង្គជានិច្ច
ព្រះអង្គគាំទ្រទូលបង្គំ ដោយព្រះចេស្តារបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ពួកហោរាចារ្យបើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះ‌អង្គ អាលេលូយ៉ា !

បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,៥៧-៨៨)

ចូរគ្រប់ស្នាព្រះហស្ថទាំងអស់ សរសើរតម្កើងព្រះអម្ចាស់!

អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ ចូរ​សរសើរតម្កើងព្រះអង្គ (វវ ១៩,៥)។

បន្ទរទី២៖ សមុទ្រ និង​ទន្លេ​ទាំង‌ឡាយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ! ប្រភពទឹក​ទាំង‌ឡាយ ចូរច្រៀងសរសើរ​តម្កើង​ព្រះ‌អម្ចាស់ ! អាលេលូយ៉ា !

៥៧- គ្រប់ស្នាព្រះហស្ត ព្រះម្ចាស់ទាំងអស់ នៅមិនរបូត
  ជារៀងដរាប សូមនាំគ្នាស្មូត តម្កើងរហូត
    អស់កល្បអន្លាយ
៥៨- ឱផ្ទៃមេឃអើយ កុំនៅកន្តើយ ហាក់ដូចជិនណាយ
  ស្មូតបទតម្កើង ដោយចិត្តសប្បាយ អស់កល្បអន្លាយ
    តទៅកុំឈប់
៥៩- សូមឱ្យទេវទូត តម្កើងរហូត ទាំងថ្ងៃទាំងយប់
  ព្រះម្ចាស់ថ្កុំថ្កើង អស់កល្បអស់កប្ប តម្កើងកុំឈប់
    តទៅរាល់ថ្ងៃ
៦០- ចូរទឹកទាំងឡាយ អបអរសប្បាយ លើនភាល័យ
  នាំគ្នាសរសើរ តម្កើងម្ចាស់ថ្លៃ កុំបង្អង់អី
    អស់កល្បអង្វែង
៦១- ហ្វូងតារារះ នៃព្រះអម្ចាស់ នាំគ្នាសម្ដែង
  តម្កើងព្រះអង្គ សរសើរស្ញប់ស្ញែង គ្រប់ទីកន្លែង
    តទៅឥតដាច់
៦២- សូមព្រះអាទិត្យ ព្រះចន្ទមានឫទ្ធិ ពន្លឺចិញ្ចាច
  តម្កើងព្រះអង្គ ដោយចិត្តអង់អាច កុំភ័យកុំខ្លាច
    តទៅកុំប្រែ
៦៣- សូមអស់ទាំងផ្កាយ ដែលនៅរាត់រាយ លើមេឃផងដែរ
  សរសើរតម្កើង កុំបីប្រួលប្រែ កុំក្រឡះកែ
    រាល់ថ្ងៃខែឆ្នាំ
៦៤- សូមឱ្យសន្សើម ទឹកភ្លៀងដ៏ឆ្នើម ធ្លាក់ជាប្រចាំ
  ចូរលើកតម្កើង ទាំងថ្វាយបង្គំ ព្រះម្ចាស់ឧត្តម
    ជានិច្ចកុំរា
៦៥- ចូរអស់ទាំងខ្យល់ ធ្លាប់បក់វិលវល់ រាល់ប្រាំងវស្សា
  គ្រប់ទីកន្លែង តម្កើងព្រះជា ម្ចាស់អ្នករាល់គ្នា
    កុំបីឆ្មៃឆ្មើង
៦៦- ចូរឱ្យកម្ដៅ ទាំងក្នុងទាំងក្រៅ ឱ្យមានទាំងភ្លើង
  នាំគ្នាជួយលើក សរសើរតម្កើង ព្រះអង្គខ្ពស់ឡើង
    តទៅឥតអាក់
៦៧- ចូរឱ្យខ្យល់ក្តៅ ពេលនេះតទៅ និងខ្យល់ត្រជាក់
  សរសើរតម្កើង ព្រះជាម្ចាស់អ្នក កុំបីអន់អាក់
    ជានិច្ចតទៅ
៦៨- សន្សើមនិងព្រឹល សូមអ្នកកុំខ្ជិល កុំបង្អង់នៅ
  ស្មូតបទតម្កើង ព្រះម្ចាស់ជាផ្លូវ អង្វែងតទៅ
    អស់កល្បជានិច្ច
៦៩- ចូរថ្ងៃនិងយប់ កោតកុំឈរឈប់ សរសើរកុំភ្លេច
  ស្មូតបទតម្កើង ព្រះម្ចាស់ជានិច្ច កុំបីកែគេច
    អស់កល្បស្ថេរស្ថិត
៧០- ចូរឱ្យពន្លឺ រន្ទាលរន្ទឺ និងភាពងងឹត
  សរសើរតម្កើង អម្ចាស់មានឫទ្ធិ រាល់ថ្ងៃកុំគិត
    ខ្វល់ខ្វាយឡើយណា
៧១- អាកាសត្រជាក់ ខ្យល់រងាធ្លាក់ មកជាធម្មតា
  ចូរលើកតម្កើង ព្រះអម្ចាស់ជា ព្រះអ្នករាល់គ្នា
    កុំបីឃ្លាងឃ្លាត
៧២- សូមឱ្យទឹកកក កុំបីខានខក ទាំងសន្សើមទៀត
  ចូរលើកតម្កើង កុំបីរវាត កុំឱ្យឃ្លាងឃ្លាត
    រហូតតទៅ
៧៣- សូមដុំពពក ផ្លេកបន្ទោរមក កុំបង្អង់នៅ
  តម្កើងព្រះអង្គ កុំបីហ្មងសៅ ស្មូតរហូតទៅ
    អស់កល្បយូរលង់
៧៤- សូមឱ្យផែនដី ទាំងមូលលកលៃ តម្កើងព្រះអង្គ
  សរសើរកុំឈប់ កុំនៅរេរង់ កោតសរសើរទ្រង់
    កុំប្រែសាវា
៧៥- សូមឱ្យភ្នំធំ កុំនៅសំងំ ភ្នំតូចផងណា
  ស្មូតបទតម្កើង ព្រះម្ចាស់រាល់គ្នា ថ្កើងព្រះនាមា
    អស់កល្បជានិច្ច
៧៦- សព្វអស់អ្វីៗ ដែលដុះលើដី កុំបីមានភ្លេច
  ចូរលើកតម្កើង ព្រះម្ចាស់ជានិច្ច កុំបីកែគេច
    អស់កល្បអន្លាយ
៧៧- ចូរសមុទ្រស្ទឹង ទន្លេល្វើយល្វឹង តូចធំទាំងឡាយ
  នាំគ្នាតម្កើង ដោយក្តីរីករាយ សរសើរម្ចាស់ថ្លៃ
    ឱ្យលាន់រងំ
៧៨- ចូរប្រភពទឹក មានច្រើនសន្ធឹក ព្រែកទាំងតូចធំ
  ទឹកហូរពីជ្រោះ ទឹកធ្លាក់ពីភ្នំ កុំនៅសំងំ
    តម្កើងព្រះអង្គ
៧៩- ចូរអស់ទាំងត្រី តូចធំម្តេចក្តី និងសត្វរស់ក្នុង
  ទន្លេសមុទ្រ តាមព្រែកបួរបឹង កុំសំងំឈឹង
    តម្កើងព្រះម្ចាស់
៨០- សូមបក្សីសត្វ ដែលរស់ខ្វែងខ្វាត់ ច្រើនមីរដេរដាស
  ស្មូតបទតម្កើង ព្រះជាអម្ចាស់ កុំបីចន្លោះ
    អស់កល្បយូរលង់
៨១- សូមឱ្យសត្វស្រុក រស់នៅអែអុក ទាំងសត្វព្រៃផង
  នាំគ្នាសរសើរ តម្កើងព្រះអង្គ អស់កល្បយូរលង់
    តទៅអន្លាយ
៨២- ចូរឱ្យមនុស្ស ទាំងស្រីទាំងប្រុស កុំបីឃ្លាតឆ្ងាយ
  សរសើរព្រះអង្គ ជាព្រះម្ចាស់ថ្លៃ រៀងរាល់យប់ថ្ងៃ
    កុំបីអល់អែក
៨៣- ឱអ៊ីស្រាអែល អ្នកជាជាតិដែល វិសុទ្ធពន់ពេក
  ចូរលើកតម្កើង ព្រះខ្ពស់អនេក ហួសទាំងផ្ទៃមេឃ
    កុំសំងំនៅ
៨៤- អស់បូជាចារ្យ ទាំងឡាយនាំគ្នា ឆ្ពោះតម្រង់ទៅ
  តម្កើងព្រះអង្គ ទាំងថ្ងៃយប់ជ្រៅ កុំសំងំនៅ
    សរសើរកុំឈប់
៨៥- ចូរអ្នកទាំងឡាយ ដែលតែងខ្វល់ខ្វាយ បម្រើគោរព
  ស្មូតតម្កើងព្រះ ទាំងថ្ងៃទាំងយប់ កុំឈរកុំឈប់
    នៅស្ងៀមឱ្យសោះ
៨៦- ចូរវិញ្ញាណក្ខ័ន្ធ អ្នកស្លាប់ប៉ុន្មាន កុំបីចន្លោះ
  ព្រលឹងនៃអ្នក សុចរិតទាំងអស់ តម្កើងដោយស្មោះ
    កុំនៅកន្តើយ
៨៧- អស់អ្នកគោរព ប្រណិប័តន៍គ្រប់ ព្រះអម្ចាស់អើយ
  និងអ្នកដាក់ចិត្ត ជាអ្នកខ្សត់ហើយ កុំបង្អង់ឡើយ
    តម្កើងព្រះអង្គ
៨៨- លោកអណានីយ៉ា រួមជាមួយគ្នា អសារីយ៉ាផង
  និងមីកាអែល តម្កើងព្រះអង្គ ស្មូតតម្កើងផង
    តទៅដរាប
  ព្រះអង្គរំដោះ យើងខ្ញុំឱ្យរស់ ផុតពីក្តីស្លាប់
  ហើយទ្រង់សង្គ្រោះ ខ្ញុំជាប្រញាប់ រួចផុតទុក្ខសព្វ
    ទាំងភ្លើងសន្ធៅ

បន្ទរ៖ សមុទ្រ និង​ទន្លេ​ទាំង‌ឡាយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ! ប្រភពទឹក​ទាំង‌ឡាយ ចូរច្រៀងសរសើរ​តម្កើង​ព្រះ‌អម្ចាស់ ! អាលេលូយ៉ា !

ទំនុកតម្កើងលេខ ១៤៩

ចម្រៀងនៃអំណរសប្បាយរបស់សន្តបុគ្គល

ចូរបុត្រធីតាទាំងឡាយនៃព្រះសហគមន៍ ដែលជាប្រជាជនថ្មីរបស់ព្រះជាម្ចាស់
ត្រេកអរសប្បាយចំពោះ​ព្រះគ្រីស្ត ដែលជាស្តេចរបស់ពួកគេ (Hesychius)។

បន្ទរទី៣៖ យេរូ‌សាឡឹម​អើយ ! ចូរ​ក្រោក​ឡើង បញ្ចាំង​ពន្លឺ ដ្បិត​ពន្លឺ​របស់​អ្នក​មក​ដល់​ហើយ ! សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​ភ្លឺមក​លើ​អ្នកដូច​ថ្ងៃ​រះ។ ប្រជា‌ជាតិ​នានា​នាំ​គ្នា​ដើរ​ទៅ​រក​ពន្លឺ​របស់​អ្នក អាលេលូយ៉ា !

ចូរ​ច្រៀង​បទ​ថ្មីថ្វាយ​ព្រះ‌អម្ចាស់!
ចូរ​ច្រៀង​សរសើរ​ព្រះ‌អង្គនៅ​ក្នុង​អង្គ​ប្រជុំ​របស់​អ្នក​ជឿ​ព្រះ‌អង្គ!

ចូរ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែលរីក‌រាយ​នឹង​ព្រះ‌អង្គ​ ដែល​បាន​បង្កើត​គេ​មក
សូម​ឲ្យ​ប្រជាជន​ក្រុង​ស៊ីយ៉ូនមាន​អំណរ​សប្បាយ នឹង​ព្រះ‌មហា​ក្សត្រ​របស់​ខ្លួន!

ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ព្រះ‌អង្គ ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ
ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ!

ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យនឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​លើក​កិត្តិយស​មនុស្ស​ទន់‌ទាបដោយ​សង្គ្រោះ​ពួក​គេ

ចូរ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គនាំ​គ្នា​អរ​សប្បាយ​ដ៏​លើស‌លប់
ដោយ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់
សូម្បី​តែ​នៅ​ពេល​យប់ ក៏​គេ​ស្រែក​តម្កើង​ព្រះ‌អង្គ​ដោយ​អំណរ​ដែរ!

សូម​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌អង្គ​មិន​ដាច់​ពី​មាត់
ហើយ​ឲ្យ​គេ​កាន់​ដាវ​មុខ​ពីរ​នៅ​ជាប់​នឹង​ដៃ​ជា‌និច្ច

ដើម្បី​សង‌សឹក​ប្រជា‌ជាតិ​នានា និង​ដាក់​ទោស​ជាតិ​សាសន៍​ទាំង‌ឡាយ

ហើយ​យក​ច្រវាក់​ចង​ស្តេច និង​ដាក់​ខ្នោះ​មេ​ដឹក​នាំ​របស់​ពួក​គេ។
ការ​ដាក់​ទោស​សាសន៍​ទាំង​នោះ

ស្រប​តាម​ការ​សម្រេច​របស់​ព្រះ‌ជាម្ចាស់​នេះ​ហើយ
ដែល​ជា​កិត្តិយស​ដ៏​រុង‌រឿង​របស់​អស់​អ្នកស្មោះ‌ត្រង់​នឹង​ព្រះ‌អង្គ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ យេរូ‌សាឡឹម​អើយ ! ចូរ​ក្រោក​ឡើង បញ្ចាំង​ពន្លឺ ដ្បិត​ពន្លឺ​របស់​អ្នក​មក​ដល់​ហើយ ! សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​ភ្លឺមក​លើ​អ្នកដូច​ថ្ងៃ​រះ។ ប្រជា‌ជាតិ​នានា​នាំ​គ្នា​ដើរ​ទៅ​រក​ពន្លឺ​របស់​អ្នក អាលេលូយ៉ា !

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥២,៧-១០)

អ្នក​ធ្វើដំណើរ​នៅ​លើ​ភ្នំ នាំ​ដំណឹង‌ល្អៗ​មក ប្រសើរ​រុង‌រឿង​ណាស់​ហ្ន៎ គេ​ប្រកាស​ដំណឹង​អំពី​សេចក្ដី​សុខ‌សាន្ត! គេ​ប្រកាស​ដំណឹង​ដ៏​ល្អៗ​អំពី​ការ​សង្គ្រោះ គេ​ពោល​មក​កាន់​ក្រុង​ស៊ីយ៉ូន​ថា “ព្រះ​របស់​អ្នក​សោយ​រាជ្យ​ហើយ!” ។ នេះ​ជា​សំឡេង​របស់​អ្នក​យាម​ក្រុង! ពួក​គេ​បន្លឺ​សំឡេង​ឡើង និង​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិត​ពួក​គេ​ឃើញ​ព្រះ‌អម្ចាស់​យាង​ត្រឡប់​មកក្រុង​ស៊ីយ៉ូន​វិញ ដោយ​ផ្ទាល់​នឹង​ភ្នែក។ គំនរ​បាក់‌បែក​នៃ​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ​ប្រជាជន​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​លោះ​ក្រុង​យេរូ‌សាឡឹម​មក​វិញ​ហើយ! ព្រះ‌អម្ចាស់​សម្ដែង​ព្រះ‌បារមី​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ឃើញ មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដីនឹង​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ​នៃ​យើង។

បន្ទរ៖ ស្តេចទាំងប៉ុន្មាននៅលើផែនដី *នឹងលុតជង្គង់ក្រាបថ្វាយបង្គំព្រះអម្ចាស់។ បន្ទរឡើងវិញ៖…
-ហើយនឹងមានមនុស្សមកពីគ្រប់ជាតិសាសន៍ ទាំងបុរស និងស្រ្តី នាំគ្នាគោរពបម្រើព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

បន្ទរ៖ នៅថ្ងៃនេះ កូនកំលោះបានទាមទារកូនក្រមុំ គឺព្រះសហគមន៍ តាំងពីព្រះគ្រីស្តបានលាងជម្រះអំពើបាបចេញពីនាង នៅក្នុងទន្លេយ័រដាន់រួចមក។ ពួកហោរាចារ្យបានយកអំណោយរបស់ពួកគេ ទៅថ្វាយព្រះអង្គយ៉ាងប្រញាប់ប្រញាល់ នៅថ្ងៃរៀបមង្គលការ ហើយភ្ញៀវទាំងប៉ុន្មានមានអំណរសប្បាយ ព្រោះព្រះគ្រីស្តបានប្រែទឹក ឱ្យក្លាយទៅជាស្រាទំពាំងបាយជូរ អាលេលូយ៉ា!

ពាក្យអង្វរសកល

នៅថ្ងៃនេះ ពួកហោរាចារ្យបានមកថ្វាយបង្គំព្រះសង្រ្គោះរបស់យើង។ ចូរយើងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គយ៉ាងសប្បាយរីករាយ ដោយទូលថា ៖

បន្ទរ៖ ឱព្រះពន្លឺ ចេញពីព្រះពន្លឺ ! សូមព្រះអង្គរះបំភ្លឺយើងខ្ញុំក្នុងថ្ងៃនេះ !

បពិត្រព្រះគ្រីស្ត ! ព្រះអង្គបានបង្ហាញខ្លួននៅក្នុងសាច់ឈាម
—សូមព្រះអង្គជម្រះយើងខ្ញុំតាមរយៈពាក្យអធិដ្ឋាន និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ផង។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! សក្ខីភាពរបស់ព្រះអង្គ គឺជាព្រះវិញ្ញាណដ៏វិសុទ្ធ
—សូមព្រះអង្គរំដោះយើងខ្ញុំចេញពីវិញ្ញាណដែលសង្ស័យផង។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! ព្រះអង្គបានបង្ហាញខ្លួនឱ្យពួកទេវទូតឃើញ
—សូមព្រះអង្គជួយយើងខ្ញុំឱ្យមានបទពិសោធនូវអំណរសប្បាយនៃស្ថានបរមសុខ នៅលើផែនដីនេះផង។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! ព្រះអង្គបានប្រកាសប្រាប់ទៅកាន់ប្រជាជាតិនានា
—ដោយសារឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ បើកដួងចិត្តរបស់មនុស្សទាំងអស់។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! ព្រះអង្គបានបង្កើតជំនឿនៅលើផែនដី
—សូមពង្រឹងជំនឿដល់អស់អ្នកជឿលើព្រះអង្គផង។ (បន្ទរ)

បពិត្រព្រះគ្រីស្ត ! ព្រះអង្គត្រូវលើកឡើងក្នុងសិរីរុងរឿង
—សូមបង្កាត់ភ្លើងនៃការប្រាថ្នាចង់បានព្រះរាជ្យព្រះអង្គក្នុងយើងខ្ញុំផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គចាត់ព្រះបុត្រាឲ្យយាងមកបំភ្លឺមនុស្សគ្រប់ជាតិគ្រប់សាសន៍ ដើម្បីស្គាល់ព្រះអង្គ និងឲ្យស្គាល់ពីតម្លៃដ៏ខ្ពង់ខ្ពស់នៃជីវិតរបស់ខ្លួន។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំ ឲ្យខិតខំស្វែងរកសេចក្តីពិត និងពង្រឹងជំនឿរបស់យើងខ្ញុំជានិច្ច។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។