រដូវរង់ចាំ សប្ដាហ៍ទី៤ ថ្ងៃអង្គារ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់គង់នៅជិតបង្កើយហើយ ចូរយើងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១០១
ការទទួលសារភាពរបស់អ្នកគ្រប់គ្រងល្អ
“ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមវិន័យរបស់ខ្ញុំ” (យហ ១៤,១៥)។
បន្ទរទី១ ៖ «បេថ្លេហិមអេប្រាតាអើយ ! ក្នុងចំណោមអំបូរទាំងប៉ុន្មាននៅស្រុកយូដា អ្នកតូចជាងគេមែន តែមេដឹកនាំដែលត្រូវគ្រប់គ្រងលើអ៊ីស្រាអែលក្នុងនាមយើង នឹងកើតចេញមកពីអ្នក។
| ១ | បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងច្រៀងរៀបរាប់អំពីព្រះហឫទ័យមេត្តាករុណា និងយុត្តិធម៌របស់ព្រះអង្គ ព្រះអម្ចាស់អើយ ទូលបង្គំនឹងស្មូតទំនុកតម្កើងថ្វាយព្រះអង្គ។ |
| ២ | ទូលបង្គំនឹងយកចិត្តទុកដាក់អំពីមាគ៌ាដ៏ទៀងត្រង់។ តើដល់ពេលណាទើបព្រះអង្គយាងមករកទូលបង្គំ? ទូលបង្គំនឹងរស់នៅក្នុងគ្រួសាររបស់ទូលបង្គំដោយកាន់ចិត្តទៀងត្រង់។ |
| ៣ | ទូលបង្គំមិនពេញចិត្តនឹងអំពើអាក្រក់ណាមួយជាដាច់ខាត ទូលបង្គំមិនចូលចិត្តនឹងអាកប្បកិរិយារបស់អស់អ្នកដែលក្បត់ព្រះអង្គឡើយ គឺទូលបង្គំមិនចង់ជាប់ពាក់ព័ន្ធនឹងអាកប្បកិរិយាបែបនេះទេ។ |
| ៤ | ទូលបង្គំមិនទុកឲ្យមនុស្សដែលមានចិត្តវៀចវេរចូលជិតទូលបង្គំឡើយ ហើយទូលបង្គំក៏មិនទាក់ទងនឹងអ្វីៗដែលអាក្រក់ដែរ។ |
| ៥ | ទូលបង្គំនឹងបំបិទមាត់អស់អ្នកដែលនិយាយអាក្រក់ពីក្រោយខ្នងបងប្អូនរបស់ខ្លួន ទូលបង្គំនឹងមិនយោគយល់ដល់អស់អ្នកដែលវាយឫកខ្ពស់ ហើយមានចិត្តអួតបំប៉ោងនោះឡើយ។ |
| ៦ | ទូលបង្គំនឹងស្វែងរកអស់អ្នកដែលមានចិត្តស្មោះត្រង់នៅក្នុងស្រុក ដើម្បីរស់នៅជាមួយទូលបង្គំ ហើយនរណាដើរតាមមាគ៌ាទៀងត្រង់ ទូលបង្គំនឹងឲ្យគេធ្វើជាជំនិតរបស់ទូលបង្គំ។ |
| ៧ | រីឯមនុស្សបោកប្រាស់វិញ ទូលបង្គំមិនអនុញ្ញាតឲ្យរស់នៅក្នុងផ្ទះទូលបង្គំឡើយ ហើយអ្នកនិយាយកុហកក៏មិនអាចនៅជិតទូលបង្គំបានដែរ។ |
| ៨ | រាល់ព្រឹក ទូលបង្គំបំបិទមាត់មនុស្សអាក្រក់ទាំងប៉ុន្មាននៅក្នុងស្រុក ទូលបង្គំដកពួកទុច្ចរិតចេញពីទីក្រុងរបស់ព្រះអម្ចាស់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ «បេថ្លេហិមអេប្រាតាអើយ ! ក្នុងចំណោមអំបូរទាំងប៉ុន្មាននៅស្រុកយូដា អ្នកតូចជាងគេមែន តែមេដឹកនាំដែលត្រូវគ្រប់គ្រងលើអ៊ីស្រាអែលក្នុងនាមយើង នឹងកើតចេញមកពីអ្នក។
បទលើកតម្កើងតាមព្យាការីដានីអែល (ដន ៣,២៦-២៧.២៩.៣៤-៤១)
ពាក្យអង្វររបស់លោកអសារីយ៉ានៅក្នុងឡភ្លើង
សូមកែប្រែចិត្តគំនិត ហើយវិលមករកព្រះជាម្ចាស់វិញ ដើម្បីឲ្យព្រះអង្គលុបបំបាត់បាបរបស់បងប្អូន (កក ៣,១៩)។
បន្ទរទី២ ៖ ចូរអ្នករាល់គ្នាងើយមើលទៅលើ ! ដ្បិតការសង្រ្គោះរបស់អ្នកមកជិតបង្កើយហើយ។
(បទពាក្យ ៧)
| ២៦- | ព្រះអម្ចាស់ជាព្រះរបស់ | បុព្វបុរសនៃយើងខ្ញុំ | |
| យើងសូមតម្កើងទាំងប្រណម្យ | ព្រះនាមព្រះអង្គតរៀងទៅ | ។ | |
| ២៧- | ដ្បិតព្រះអង្គទ្រង់បានប្រព្រឹត្ត | លើយើងខ្ញុំពិតមិនអាស្រូវ | |
| ព្រះទ័យសុចរិតត្រង់ត្រឹមត្រូវ | ធ្លាប់វិនិច្ឆ័យក្តីយុត្តិធម៌ | ។ | |
| ២៩- | អំពើបាបច្រើនខ្ញុំប្រព្រឹត្ត | មិនប្រណិប័តន៍តាមផ្លូវល្អ | |
| ឃ្លាតពីព្រះអង្គចាកយុត្តិធម៌ | យើងនៅបន្តខុសគ្រប់យ៉ាង | ។ | |
| ៣៤- | ឱព្រះអម្ចាស់សូមកុំចោល | ឱ្យយើងតែលតោលគ្មានទីអាង | |
| សម្ពន្ធមេត្រីថ្មីស្រឡាង | គឺជាភស្តុតាងមិនបាត់បង់ | ។ | |
| ៣៥- | សូមកុំដកយកក្តីមេត្តា | នឹកទៅដល់គ្រាដែលកន្លង | |
| នឹកដល់លោកអប្រាហាំផង | មិនដែលសៅហ្មងសម្លាញ់ស្និទ្ធ | ។ | |
| នឹកដល់អ៊ីសាកជាបម្រើ | អ៊ីស្រាអែលដើរតាមប្រកិត | ||
| ទៅណាមកណាជាប់នែបនិត្យ | ដូចបងប្អូនឥតដែលមានខ្ចោះ | ។ | |
| ៣៦- | ពីដើមព្រះអង្គបានសន្យា | ដោយបន្ទូលថាទ្រង់នឹងប្រោស | |
| ឱ្យអ្នកទាំងបីមានកូនប្រុស | កូនស្រីចម្រុះឥតគណនា | ។ | |
| ច្រើនពេកអនេករាប់ពុំបាន | ដូចផ្កាយដែលមានលើមេឃា | ||
| ដូចគ្រាប់ខ្សាច់តាមឆ្នេរជលសា | សមុទ្រនានាច្រើនក្រៃក្រាស់ | ។ | |
| ៣៧- | បពិត្រព្រះអម្ចាស់ថ្លៃអើយ | ថ្ងៃនេះឯងហើយយើងព្រួយណាស់ | |
| ធ្លាក់ខ្លួនមកជាពូជអាម៉ាស់ | ខ្ចាត់ខ្ចាយព្រាត់ប្រាសថោកបំផុត | ។ | |
| ទៅជាជនជាតិតូចជាងគេ | ទុក្ខធំឡើងទ្វេសែនស្រយុត | ||
| ឥឡូវទន់ទាបស្ទើររលត់ | មកពីយើងល្ងិតល្ងង់សាងបាប | ។ | |
| ៣៨- | ពេលនេះយើងខ្សត់អត់ទាំងអស់ | ជីវិតក្រៀមក្រោះប្រៀបដូចស្លាប់ | |
| គ្មានស្តេចមន្ត្រីសែនអភ័ព្វ | ព្យាការីគាប់ក៏មិនមាន | ។ | |
| យើងមិនអាចថ្វាយយញ្ញបូជា | ថ្វាយយញ្ញសក្ការទាំងប៉ុន្មាន | ||
| ទាំងគ្រឿងក្រអូបម្សៅភុំផាន | ផលផ្លែមិនបានយកមកថ្វាយ | ។ | |
| ៣៩- | សូមព្រះអង្គជួយទទួលយក | ទុក្ខព្រួយសោយសោកផងទាំងឡាយ | |
| និងចិត្តសុភាពរាបស្រស់ស្រាយ | ទុកជាតង្វាយគាប់ព្រះទ័យ | ។ | |
| ៤០- | គឺតង្វាយដុតទាំងមូលមាន | កូនចៀមរាប់ពាន់ធាត់ពេកក្រៃ | |
| ពពែគោឈ្មោលនៅក្នុងព្រៃ | យើងខ្ញុំដាក់ថ្វាយនៅថ្ងៃនេះ | ។ | |
| សូមឱ្យយើងខ្ញុំអាចដើរតាម | មាគ៌ាដានស្នាមដ៏វិសេស | ||
| របស់ព្រះអង្គមិនប្រហែស | អ្នកសង្ឃឹមព្រះមិនខកចិត្ត | ។ | |
| ៤១- | ឥឡូវយើងខ្ញុំប្រែប្រួលប្រាណ | ប្រព្រឹត្តឱ្យបានគ្មានរខិត | |
| គន្លងព្រះអង្គធម៌ប្រណីត | កោតខ្លាចដាក់ចិត្តស្គាល់ព្រះភក្ត្រ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ចូរអ្នករាល់គ្នាងើយមើលទៅលើ ! ដ្បិតការសង្រ្គោះរបស់អ្នកមកជិតបង្កើយហើយ។
ទំនុកតម្កើងលេខ ១៤៤
ពាក្យអធិដ្ឋានសម្រាប់ជ័យជម្នះ និងសន្តិភាព
ខ្ញុំអាចទ្រាំបានទាំងអស់ដោយរួមជាមួយព្រះអង្គ ដែលប្រទានកម្លាំងឱ្យខ្ញុំ (ភីល ៤,១៣)។
បន្ទរទី៣ ៖ ថ្ងៃចុងក្រោយបានមកដល់ហើយ គឺនៅពេលនាងម៉ារីសម្រាលបានកូនប្រុសដំបូង។
| ១ | សូមលើកតម្កើងព្រះអម្ចាស់ ដែលជាថ្មដារបស់ខ្ញុំ ព្រះអង្គបង្ហាត់ខ្ញុំអំពីការតយុទ្ធ ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។ |
| ២ | ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំ ព្រះអង្គជាកំពែងការពារខ្ញុំ ព្រះអង្គជាទីជម្រកដ៏រឹងមាំរបស់ខ្ញុំ ព្រះអង្គរំដោះខ្ញុំ ព្រះអង្គជាខែលការពារខ្ញុំ ខ្ញុំតែងមកជ្រកកោននឹងព្រះអង្គជានិច្ច ព្រះអង្គប្រគល់ប្រជាជាតិនានា មកក្រោមអំណាចរបស់ខ្ញុំ |
| ៣ | ឱព្រះអម្ចាស់អើយ! តើមនុស្សជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ? តើមនុស្សលោកជាអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ? |
| ៤ | មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ អាយុជីវិតរបស់គេប្រៀបបាននឹងស្រមោលដែលតែងតែរសាត់បាត់ទៅ។ |
| ៥ | ឱព្រះអម្ចាស់អើយ! សូមផ្អៀងផ្ទៃមេឃ ហើយយាងចុះមក! សូមពាល់ភ្នំឱ្យមានផ្សែងហុយឡើង។ |
| ៦ | សូមធ្វើឱ្យផ្លេកបន្ទោរកម្ចាត់កម្ចាយខ្មាំងសត្រូវ សូមបាញ់ព្រួញរបស់ព្រះអង្គបំបាក់ទ័ពពួកគេ។ |
| ៧ | សូមលាតព្រះហស្តពីស្ថានលើមករំដោះទូលបង្គំ សូមស្រង់ទូលបង្គំឱ្យរួចផុតពីទឹកសមុទ្រ សូមរំដោះទូលបង្គំឱ្យរួចពីអំណាចរបស់ជនបរទេសទាំងនេះផង។ |
| ៨ | ពួកគេមិនដែលនិយាយសេចក្តីពិតទេ ហើយក៏មិនដែលគោរពពាក្យសម្បថរបស់ខ្លួនដែរ។ |
| ៩ | បពិត្រព្រះជាម្ចាស់! ទូលបង្គំសូមច្រៀងបទថ្មីថ្វាយព្រះអង្គ ទូលបង្គំនឹងលេងឃឹមថ្វាយព្រះអង្គផង។ |
| ១០ | ព្រះអង្គប្រទានឱ្យស្តេចនានាមានជ័យជម្នះ ព្រះអង្គសង្គ្រោះព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ឱ្យរួចពីការស្លាប់ដោយមុខដាវ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ថ្ងៃចុងក្រោយបានមកដល់ហើយ គឺនៅពេលនាងម៉ារីសម្រាលបានកូនប្រុសដំបូង។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ៣០,២១-២២)
មេដឹកនាំនឹងកើតចេញពីចំណោមពួកគេ អ្នកគ្រប់គ្រងក៏កើតពីចំណោម ពួកគេដែរ។ យើងនឹងឲ្យមេដឹកនាំនោះចូលមកជិតយើង ដ្បិតគ្មាននរណាហ៊ានចូលមកជិតយើង ដោយចិត្តឯងឡើយ។ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ដ្ររបស់យើងហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា»។
បន្ទរ៖ យេរូសាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! *សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
-អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ អ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យាចំពោះនាងព្រហ្មចារិនី តាមរយៈទេវទូតជូនដំណឹង មុខជាបានសម្រេចមិនខាន។
ពាក្យអង្វរសកល
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមសម្តែងព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គមកយើងខ្ញុំផង !
—សូមព្រះអង្គការពារយើងខ្ញុំពីការបដិសេធព្រះបុត្រា តាមរយៈសកម្មភាពរបស់យើងខ្ញុំផង។ (បន្ទរ)
—សូមព្រះអង្គដកយកទុក្ខព្រួយទាំងប៉ុន្មានចេញពីផែនដី និងពីប្រទេសដែលយើងខ្ញុំកំពុងរស់នៅសព្វថ្ងៃនេះផង។ (បន្ទរ)
—ចូរឱ្យទឹកដីនេះមានបទពិសោធខាងអំណរសប្បាយដ៏ពេញលេញផង។ (បន្ទរ)
—ទាំងទន្ទឹងរង់ចាំព្រះគ្រីស្តយាងមកក្នុងសិរីរុងរឿងយ៉ាងអន្ទះសារ។ (បន្ទរ)
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូជាអម្ចាស់ ! ព្រះអង្គយាងមកសង្រ្គោះយើងខ្ញុំយ៉ាងប្រញាប់ ដោយមិនបង្អង់ឡើយ។ សូមព្រះអង្គលើកទឹកចិត្តដល់យើងខ្ញុំដែលជឿសង្ឃឹមលើព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ សូមព្រះអង្គពង្រឹងជំនឿ និងសង្គ្រោះយើងខ្ញុំផង។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។