រដូវរង់ចាំ សប្ដាហ៍ទី៤ ថ្ងៃចន្ទ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ ព្រះអម្ចាស់គង់នៅជិតបង្កើយហើយ ចូរយើងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៩០
សូមឱ្យយើងខ្ញុំរស់នៅក្នុងរស្មីពន្លឺរបស់ព្រះជាម្ចាស់
នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ មួយថ្ងៃប្រៀបបាននឹងមួយពាន់ឆ្នាំ
ហើយមួយពាន់ឆ្នាំក៏ប្រៀបបាននឹងមួយថ្ងៃដូច្នោះដែរ (២សល ៣,៨)។
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី១ ៖ ព្រះអម្ចាស់ដែលជាអធិបតីលើស្ដេចទាំងអស់នៅផែនដី នឹងយាងមក ! អស់អ្នកណាដែលត្រៀមខ្លួនរួចរាល់ ទៅទទួលស្វាគមន៍ព្រះអង្គ មានសុភមង្គលហើយ !
| ១ | បពិត្រព្រះអម្ចាស់! ព្រះអង្គធ្លាប់ធ្វើជាជម្រករបស់យើងខ្ញុំ ពីជំនាន់មួយទៅជំនាន់មួយ តាំងពីដើមរៀងមក។ |
| ២ | មុនពេលភ្នំនានាកកើតឡើង ហើយមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមកនោះ ព្រះអង្គជាព្រះជាម្ចាស់ តាំងពីអស់កល្បរៀងមក។ |
| ៣ | ព្រះអង្គធ្វើឱ្យមនុស្សលោកវិលត្រឡប់ទៅជាធូលីដីវិញ គឺព្រះអង្គមានព្រះបន្ទូលថា ពូជពង្សរបស់អដាំអើយ! ចូរវិលទៅវិញទៅ!” |
| ៤ | ចំពោះព្រះអង្គ រយៈពេលមួយពាន់ឆ្នាំ ប្រៀបបានដូចថ្ងៃម្សិលមិញដែលកន្លងផុតទៅ ឬដូចមួយយាមក្នុងពេលយប់។ |
| ៥ | ព្រះអង្គដកជីវិតចេញពីមនុស្សលោក គឺជីវិតរបស់គេប្រៀបបាននឹងការយល់សប្តិប៉ុណ្ណោះ។ ជីវិតរបស់គេប្រៀបបីដូចជាស្មៅ |
| ៦ | នៅពេលព្រឹក វាដុះចេញមក ហើយលូតលាស់ឡើង នៅពេលល្ងាច វាស្រពោន ហើយក្រៀមស្ងួតអស់ទៅ។ |
| ៧ | យើងខ្ញុំត្រូវវិនាស ដោយសារព្រះពិរោធរបស់ព្រះអង្គ យើងខ្ញុំញ័ររន្ធត់ ដោយសារព្រះអង្គខ្ញាល់យ៉ាងខ្លាំង។ |
| ៨ | ព្រះអង្គយកកំហុសរបស់យើងខ្ញុំ មកលាតត្រដាងនៅចំពោះព្រះភក្ត្រព្រះអង្គ ពន្លឺរបស់ព្រះអង្គចាំងឱ្យឃើញអំពើទាំងប៉ុន្មាន ដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង។ |
| ៩ | ដោយសារព្រះអង្គព្រះពិរោធ ជីវិតរបស់យើងខ្ញុំកាន់តែដុនដាបទៅៗ អាយុជីវិតត្រូវចប់ដូចមួយដង្ហើម។ |
| ១០ | អាយុជីវិតរបស់យើងខ្ញុំបានត្រឹមតែចិតសិបឆ្នាំប៉ុណ្ណោះ អ្នកមាំមួនជាងគេរស់បានប៉ែតសិបឆ្នាំ ប៉ុន្តែ ក្នុងរយៈពេលដែលយើងខ្ញុំរស់នោះ យើងខ្ញុំតែងតែខ្វល់ខ្វាយ និងជួបតែទុក្ខលំបាក អាយុជីវិតយើងខ្ញុំឈានទៅមុខយ៉ាងលឿន បោះពួយទៅរកសេចក្តីស្លាប់។ |
| ១១ | តើនរណាស្គាល់កម្លាំងនៃព្រះពិរោធរបស់ព្រះអង្គ? តើនរណាអាចស្គាល់ព្រះពិរោធនេះ ដើម្បីគោរពកោតខ្លាចព្រះអង្គយ៉ាងត្រឹមត្រូវបាន? |
| ១២ | សូមណែនាំយើងខ្ញុំឱ្យដឹងច្បាស់ថា អាយុជីវិតយើងខ្ញុំកំណត់ត្រឹមណា ដើម្បីឱ្យយើងខ្ញុំចេះរិះគិតប្រកបដោយប្រាជ្ញា។ |
| ១៣ | ឱព្រះអម្ចាស់អើយ! សូមមេត្តាយាងមកវិញ! តើព្រះអង្គនៅបង្អង់ដល់ណាទៀត? សូមអាណិតមេត្តាយើងខ្ញុំ ដែលជាអ្នកបម្រើរបស់ព្រះអង្គផង! |
| ១៤ | សូមសម្តែងព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ ចំពោះយើងខ្ញុំតាំងពីព្រលឹម នោះយើងខ្ញុំនឹងមានអំណរសប្បាយរីករាយអស់មួយជីវិត។ |
| ១៥ | ព្រះអង្គបានធ្វើឱ្យយើងខ្ញុំកើតទុក្ខអស់រយៈពេលយ៉ាងយូរ យើងខ្ញុំវេទនាជាច្រើនឆ្នាំយ៉ាងណា សូមប្រោសប្រទានឱ្យយើងខ្ញុំមានអំណរសប្បាយច្រើនឆ្នាំយ៉ាងនោះដែរ។ |
| ១៦ | សូមសម្តែងឱ្យយើងខ្ញុំឃើញការសង្គ្រោះរបស់ព្រះអង្គ សូមសម្តែងឱ្យយើងខ្ញុំឃើញភាពថ្កុំថ្កើងរបស់ព្រះអង្គផង។ |
| ១៧ | ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ! សូមសម្តែងសេចក្តីស្រឡាញ់ចំពោះយើងខ្ញុំផង! សូមពង្រឹងកិច្ចការដែលយើងខ្ញុំធ្វើបានខ្ជាប់ខ្ជួន ពិតមែនហើយ សូមជួយពង្រឹងកិច្ចការរបស់យើងខ្ញុំបានខ្ជាប់ខ្ជួនរហូតតទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់ដែលជាអធិបតីលើស្ដេចទាំងអស់នៅផែនដី នឹងយាងមក ! អស់អ្នកណាដែលត្រៀមខ្លួនរួចរាល់ ទៅទទួលស្វាគមន៍ព្រះអង្គ មានសុភមង្គលហើយ !
បទលើកតម្កើងតាមព្យាការីអេសាយ (អស ៤២,១០-១៦)
ព្រះជាម្ចាស់ជាព្រះសង្រ្គោះ និងជាព្រះមានជ័យជម្នះ
អ្នកទាំងនេះច្រៀងចម្រៀងថ្មីនៅមុខបល្ល័ង្ក… (វវ ១៤,៣)។
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី២ ៖ អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដី ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ !
(បទពាក្យ ៧)
| ១០- | ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ | ទាំងអ្នកដែលរស់នៅទីឆ្ងាយ | |
| ផ្លូវទឹកផ្លូវគោកកោះទាំងឡាយ | តម្កើងម្ចាស់ថ្លៃកុំបង្អង់ | ។ | |
| ១១- | អ្នកភូមិក្នុងវាលរហោស្ថាន | អ្នកក្រុងប៉ុន្មានស្រែករំពង | |
| ទាំងកុលសម្ពន្ធអ្នកភ្នំផង | ស្រែកឱ្យខ្លាំងឡើងកុំប្រណី | ។ | |
| ១២- | នាំគ្នាតម្កើងសិរីយស | របស់ព្រះម្ចាស់ទាំងយប់ថ្ងៃ | |
| តាមភូមិកៀនកោះជិតឆ្ងាយក្តី | តម្កើងម្ចាស់ថ្លៃដោយរីករាយ | ។ | |
| ១៣- | ព្រះម្ចាស់ស្រឡាញ់ប្រជាជន | ព្រះអង្គពេកពន់មិនជិនណាយ | |
| ពេលដែលទ្រង់យាងចេញទៅឆ្ងាយ | ព្រះអម្ចាស់ថ្លៃដូចអ្នកច្បាំង | ។ | |
| ព្រះអង្គយាងចេញយ៉ាងអង់អាច | ការពារឥតខ្លាចជារនាំង | ||
| វាយសម្រុកលើសត្រូវខ្មាំង | ទទួលបានទាំងជ័យជម្នះ | ។ | |
| ១៤- | ព្រះអង្គមានព្រះបន្ទូលថា | យើងចាំវេលាមកយូរណាស់ | |
| ឥឡូវដល់ពេលយើងប្រកាស | ឱ្យបានដឹងច្បាស់ពេលនេះម្តង | ។ | |
| ១៥- | យើងនឹងបំផ្លាញទាំងភ្នំធំ | ភ្នំតូចរលំមិនសល់ផង | |
| រុក្ខជាតិក្រៀមស្វិតទាំងទឹកបឹង | ប្រែជាគោករឹងរីងឥតសល់ | ។ | |
| ១៦- | មនុស្សខ្វាក់ប្រាកដជាអាចដើរ | គេធ្វើដំណើរមិនអំពល់ | |
| ទៅតាមផ្លូវដែលគេមិនស្គាល់ | ជាកន្លែងដែលមិនធ្លាប់ដើរ | ។ | |
| យើងនឹងធ្វើឱ្យយប់ងងឹត | បែរជាភ្លឺពិតយ៉ាងប្រសើរ | ||
| ផ្លូវទួលគន្លុកបានរាបស្មើ | ប្រជាជនដើរទៅសុខហោង | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដី ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ !
ទំនុកតម្កើងលេខ ១៣៥,១-១២
ចូរសរសើរតម្កើងព្រះជាម្ចាស់ចំពោះស្នាព្រះហស្តដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើសម្រាប់យើង
បងប្អូនជាប្រជារាស្ត្រដែលព្រះជាម្ចាស់ បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឱ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ
ដែលបានហៅបងប្អូនឱ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ (១សល ២,៩)។
ថ្ងៃទី១៧-២៣ ខែធ្នូ
បន្ទរទី៣ ៖ «ពេលបុត្រមនុស្សមកដល់ តើលោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?»។
| ១ | អាលេលូយ៉ា! ចូរសរសើរតម្កើងព្រះអម្ចាស់! ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ! ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! |
| ២ | អ្នករាល់គ្នាដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណព្រះដំណាក់របស់ព្រះនៃយើងអើយ! |
| ៣ | ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ចូរច្រៀងតម្កើងថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។ |
| ៤ | ព្រះអម្ចាស់បានជ្រើសរើសពូជពង្សលោកយ៉ាកុប ព្រះអង្គយកជនជាតិអ៊ីស្រាអែលធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ។ |
| ៥ | ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម ព្រះអម្ចាស់របស់យើងប្រសើរលើសព្រះដទៃទាំងប៉ុន្មាន។ |
| ៦ | បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វី ព្រះអង្គនឹងសម្រេចបានទាំងអស់ ទាំងនៅលើផ្ទៃមេឃ ទាំងនៅលើផែនដី នៅក្នុងសមុទ្រ និងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។ |
| ៧ | ព្រះអង្គនាំពពកចេញពីជើងមេឃ ព្រះអង្គធ្វើឱ្យមានផ្លេកបន្ទោរ ដើម្បីឱ្យភ្លៀងធ្លាក់ ព្រះអង្គក៏បញ្ចោញខ្យល់ឱ្យបក់បោកមកដែរ។ |
| ៨ | ព្រះអង្គប្រហារកូនច្បងទាំងឡាយនៅស្រុកអេស៊ីប គឺចាប់តាំងពីកូនមនុស្ស រហូតដល់កូនសត្វពាហនៈ។ |
| ៩ | ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ នៅស្រុកអេស៊ីប ដើម្បីដាក់ទោសព្រះចៅផារ៉ោន និងមន្ត្រីទាំងប៉ុន្មានរបស់ស្តេច។ |
| ១០ | ព្រះអង្គបានវាយប្រហារប្រជាជាតិជាច្រើន ព្រះអង្គបានវាយប្រហារជីវិតស្តេចដ៏ខ្លាំងពូកែ |
| ១១ | គឺព្រះបាទស៊ីហុនជាស្តេចស្រុកអាម៉ូរី ព្រះបាទអុកជាស្តេចស្រុកបាសាន និងស្តេចទាំងប៉ុន្មានរបស់ជនជាតិកាណាន។ |
| ១២ | ព្រះអង្គប្រគល់ទឹកដីរបស់ពួកគេ ឱ្យអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គទុកជាមត៌ក។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ «ពេលបុត្រមនុស្សមកដល់ តើលោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?»។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤៥,៨)
«ចូរឲ្យផ្ទៃមេឃសម្រក់សេចក្ដីសុចរិតចុះមកដូចទឹកសន្សើម ចូរឲ្យពពកបង្អុរសេចក្ដីសុចរិតចុះមកដូចទឹកភ្លៀង ចូរឲ្យផែនដីបើកចំហ ដើម្បីឲ្យការសង្គ្រោះរីកចម្រើនឡើង
និងឲ្យសេចក្ដីសុចរិតពន្លកចេញជាមួយគ្នាដែរ។ យើងនេះហើយជាព្រះអម្ចាស់ដែលបានបង្កើតអ្នកនោះមក»។
បន្ទរ៖ យេរូសាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! *សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
—អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបម្រះឡើងដោយអំណរសប្បាយ។
ពាក្យអង្វរសកល
ព្រះគ្រីស្តជាព្រះសង្រ្គោះយើងខ្ញុំ បានយាងមករំដោះយើងខ្ញុំឱ្យរួចពីបាបកម្ម។ ចូរយើងស្រែកឡើង ដោយអំណរសប្បាយថា ៖
បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ ! សូមយាងមក !
ព្យាការីបានថ្លែងទុកអំពីកំណើតរបស់ព្រះអង្គ ដែលយាងមកកណ្តាលចំណោមយើងខ្ញុំរាល់គ្នា
—នៅពេលនេះ សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានគុណធម៌ក្នុងជីវិតផង។ (បន្ទរ)
យើងខ្ញុំប្រកាសអំពីកិច្ចសង្រ្គោះរបស់ព្រះអង្គ
—សូមព្រះអង្គប្រទានការសង្រ្គោះមកយើងខ្ញុំនៅឥឡូវនេះផង។ (បន្ទរ)
ព្រះអង្គយាងមកប្រោសអស់អ្នកដែលដឹងខ្លួនខុស
—សូមព្រះអង្គយាងមកព្យាបាលភាពទន់ខ្សោយនៃប្រជាជនរបស់ព្រះអង្គផង។ (បន្ទរ)
ព្រះអង្គយាងមកដើម្បីផ្សះផ្សាពិភពលោក
—នៅពេលព្រះអង្គយាងត្រឡប់មកវិញ ដើម្បីវិនិច្ឆ័យទោស សូមទ្រង់មេត្តារំដោះយើងខ្ញុំឱ្យរួចពីទារុណកម្មគ្រប់បែបយ៉ាងផង។ (បន្ទរ)
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គមិនបណ្តោយឲ្យមនុស្សលោកវិនាសអន្តរាយឡើយ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យមនុស្សមានជីវិត ដោយសារព្រះបុត្រាតែមួយរបស់ព្រះអង្គ។ សូមព្រះអង្គមេត្តាប្រោសឲ្យអស់អ្នកដែលជឿសង្ឃឹម និងគោរពថ្វាយបង្គំព្រះបុត្រា បានទទួលការសង្គ្រោះពីព្រះអង្គជានិច្ច។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។