រដូវរង់ចាំ សប្ដាហ៍ទី៣ ថ្ងៃចន្ទ
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
ថ្ងៃចន្ទ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់ ជាព្រះមហាក្សត្រ! ដ្បិតព្រះអង្គនឹងយាងមកសង្គ្រោះយើង។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៨៤
ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គណាស់!
ក្នុងលោកនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរគង់វង្សរហូតឡើយ
យើងខំស្វែងរកក្រុងដែលនឹងមាននៅពេលខាងមុខនោះវិញ (ហប ១៣,១៤)។
បន្ទរទី១៖ ទូលបង្គំអធិដ្ឋានទៅរកព្រះអង្គ។ ឱព្រះអម្ចាស់អើយ! នៅពេលព្រឹក ព្រះអង្គព្រះសណ្ដាប់សំឡេងរបស់ទូលបង្គំ។
| ២ | ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ! ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គខ្លាំងណាស់! |
| ៣ | ទូលបង្គំអន្ទះអន្ទែង ប្រាថ្នាចង់ចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ពន់ពេកក្រៃ ទូលបង្គំចង់នៅជាមួយព្រះដែលមានព្រះជន្មគង់នៅ អស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។ |
| ៤ | ឱព្រះអម្ចាស់នៃពិភពទាំងមូល! ឱព្រះអម្ចាស់ជាព្រះមហាក្សត្រនៃទូលបង្គំអើយ! សូម្បីតែសត្វចាប និងសត្វត្រចៀកកាំ ក៏រកកន្លែងធ្វើសំបុកដាក់កូនចៅវា ឱ្យនៅជិតអាសនៈរបស់ព្រះអង្គបានដែរ។ |
| ៥ | អស់អ្នកដែលរស់នៅក្នុងព្រះដំណាក់របស់ព្រះអង្គ មានសុភមង្គលហើយ គេនឹងសរសើរតម្កើងព្រះអង្គរហូតតរៀងទៅ។ |
| ៦ | អ្នកណាពឹងផ្អែកលើកម្លាំងដែលមកពីព្រះអង្គ អ្នកនោះមានសុភមង្គលហើយ! ដ្បិតគេធ្វើដំណើរឡើងទៅកាន់ព្រះដំណាក់របស់ព្រះអង្គ ដោយចិត្តស្មោះសរ។ |
| ៧ | នៅពេលពួកគេដើរកាត់ជ្រោះរីងស្ងួត ព្រះអង្គធ្វើឱ្យទឹកនោះ ប្រែទៅជាប្រភពទឹក ភ្លៀងនៅដើមរដូវ ក៏ធ្លាក់មកជាព្រះពរលើកន្លែងនោះដែរ។ |
| ៨ | ពួកគេកាន់តែខិតចូលជិត ក៏កាន់តែមានកម្លាំងខ្លាំងឡើងៗ គេមកនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ នៅលើភ្នំស៊ីយ៉ូន។ |
| ៩ | ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ! សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ! ឱព្រះនៃលោកយ៉ាកុបអើយ! សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំផង!។ |
| ១០ | ឱព្រះជាម្ចាស់អើយ! សូមទតមើលស្តេចដែលជាខែលការពារយើងខ្ញុំ សូមទ្រង់ព្រះសន្តោសទតមកព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក!។ |
| ១១ | មួយថ្ងៃនៅក្នុងព្រះវិហាររបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត ខ្ញុំសម្រេចចិត្តឈរនៅមាត់ទ្វារព្រះដំណាក់នៃព្រះជាម្ចាស់របស់ខ្ញុំ ជាជាងទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សអាក្រក់ |
| ១២ | ព្រះជាអម្ចាស់ជាពន្លឺថ្ងៃ និងជាខែលការពារយើង ព្រះអម្ចាស់ប្រណីសន្តោស និងប្រទានឱ្យយើងបានរុងរឿង ព្រះអង្គតែងតែប្រទានសុភមង្គល ឱ្យអស់អ្នកដែលរស់នៅដោយគ្មានកំហុស។ |
| ១៣ | ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ! អ្នកណាផ្ញើជីវិតលើព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ទូលបង្គំអធិដ្ឋានទៅរកព្រះអង្គ។ ឱព្រះអម្ចាស់អើយ! នៅពេលព្រឹក ព្រះអង្គព្រះសណ្ដាប់សំឡេងរបស់ទូលបង្គំ។
បទលើកតម្កើងតាមព្យាការីអេសាយ (អស ២,២-៥)
ភ្នំដែលមានព្រះដំណាក់របស់ព្រះអង្គដាក់នៅលើកំពូលភ្នំទាំងឡាយ
“មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌” (វវ ១៥,៤)។
បន្ទរទី២ ៖ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំសូមសរសើរតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។
(បទព្រហ្មគីតិ)
| ២- | ថ្ងៃក្រោយព្រះអម្ចាស់ | នឹងប្រែផ្លាស់ព្រះដំណាក់ | |
| លើកភ្នំធ្លាប់គង់ស្នាក់ | ដាក់ទៅលើភ្នំដទៃ | ។ | |
| ដើម្បីឱ្យភ្នំនោះ | បានខ្ពង់ខ្ពស់លើសគេក្រៃ | ||
| ប្រជាជាតិទាំងឡាយ | នាំគ្នាឡើងជាហូរហែ | ។ | |
| ៣- | មានទាំងប្រជាជន | ច្រើនពេកពន់ទៅផងដែរ | |
| ពោលថាយើងដង្ហែ | ឡើងទៅលើភ្នំព្រះម្ចាស់ | ។ | |
| យើងនាំគ្នាឡើងទៅ | ដើរតាមផ្លូវមាគ៌ាព្រះ | ||
| ប្រញាប់ឆាប់រូតរះ | ដំណាក់ព្រះលោកយ៉ាកុប | ។ | |
| ព្រះអង្គនឹងប្រដៅ | យើងស្គាល់ផ្លូវមាគ៌ាគ្រប់ | ||
| ឱ្យស្គាល់ឱ្យសេពគប់ | ឱ្យដើរសព្វតាមគន្លង | ។ | |
| ដ្បិតការប្រៀនប្រដៅ | អ្នកល្ងង់ខ្លៅគ្រាកន្លង | ||
| ចេញពីស៊ីយ៉ូនផង | ល្អម៉ត់ហ្មងឥតមានទាស់ | ។ | |
| ព្រះបន្ទូលប៉ុន្មាន | ល្អថ្កើងថ្កានឥតមានខ្ចោះ | ||
| ចេញមកពីព្រះឧស្ឋ | ពីក្រុងយេរូសាឡឹម | ។ | |
| ៤- | ព្រះអង្គជាចៅក្រម | ដ៏ឧត្តមមិននៅស្ងៀម | |
| សម្រុះសម្រួលភ្លាម | ផ្អាកសង្គ្រាមកាប់ប្រល័យ | ។ | |
| ឱ្យឈប់ទាស់ទែងគ្នា | ចេះមេត្តាត្រាប្រណី | ||
| យកដាវធ្លាប់ប្រល័យ | រំលាយធ្វើផាលនង្គ័ល | ។ | |
| គ្រប់សាសន៍ឈប់តតាំង | ឈប់ហាត់ច្បាំងនៅហ្នឹងថ្កល់ | ||
| លែងចង់ឈ្នះចង់ជល់ | លំពែងធ្វើកណ្តៀវច្រូត | ។ | |
| ៥- | ឱបងប្អូនកូនចៅ | ញាតិពង្សផៅរៀងរហូត | |
| យ៉ាកុបកុំរបូត | ជ្រករហូតក្រោមម្លប់ព្រះ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំសូមសរសើរតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។
ទំនុកតម្កើងលេខ ៩៦
ព្រះអម្ចាស់ជាព្រះមហាក្សត្រ និងជាអ្នកវិនិច្ឆ័យទោសពិភពលោក
អ្នកទាំងនោះច្រៀងចម្រៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន (វវ ១៤,៣)។
បន្ទរទី៣ ៖ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅក្នុងទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។
| ១ | ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! មនុស្សនៅផែនដីទាំងមូលអើយ! ចូរច្រៀងថ្វាយព្រះអម្ចាស់! |
| ២ | ចូរច្រៀងថ្វាយព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ ចូរប្រកាសជារៀងរាល់ថ្ងៃនូវការសង្គ្រោះរបស់ព្រះអង្គ។ |
| ៣ | ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានា នូវសីរីរុងរឿងរបស់ព្រះអង្គ ចូរប្រកាសនៅក្នុងចំណោមប្រជាជនទាំងឡាយ នូវស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ ! |
| ៤ | ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្តម យើងត្រូវតែសរសើរតម្កើងឱ្យអស់ពីដួងចិត្ត ព្រះអង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។ |
| ៥ | ព្រះទាំងប៉ុន្មានរបស់ជាតិសាសន៍នានា សុទ្ធតែឥតបានការអ្វីទាំងអស់ រីឯព្រះអម្ចាស់វិញ ព្រះអង្គបានបង្កើតផ្ទៃមេឃ។ |
| ៦ | មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពីព្រះភក្ត្ររបស់ព្រះអង្គ ព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយឫទ្ធិបារមីដ៏ថ្កុំថ្កើងរុងរឿង។ |
| ៧ | ប្រជាជាតិទាំងឡាយអើយ! ចូរនាំគ្នាលើកតម្កើងសីរីរុងរឿងព្រះអម្ចាស់! ចូរថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ!។ |
| ៨ | ចូរលើកតម្កើងសីរីរុងរឿងនៃព្រះនាមរបស់ព្រះអម្ចាស់ ចូរនាំគ្នាយកតង្វាយចូលមកក្នុងព្រះវិហាររបស់ព្រះអង្គ! |
| ៩ | ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ! មនុស្សនៅលើផែនដីទាំងមូលអើយ! ចូរញាប់ញ័រនៅចំពោះព្រះអង្គចុះ! |
| ១០ | ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា ព្រះអម្ចាស់គ្រងរាជ្យ ពិភពលោកនៅតែរឹងមាំឥតរង្គើឡើយ។ ព្រះអម្ចាស់គ្រប់គ្រងលើប្រជារាស្ត្រនានាដោយយុត្តិធម៌។ |
| ១១ | ចូរឱ្យផ្ទៃមេឃមានអំណរសប្បាយ ចូរឱ្យផែនដីរីករាយឡើង ចូរឱ្យសមុទ្រ និងអ្វីៗដែលមានជីវិតនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង! |
| ១២ | ចូរឱ្យស្រែចម្ការ និងអ្វីៗដែលស្ថិតនៅទីនោះ ត្រេកអរសប្បាយ ចូរឱ្យព្រៃព្រឹក្សាទាំងប៉ុន្មាន ស្រែកហ៊ោរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ |
ដ្បិតព្រះអង្គយាងមក ព្រះអង្គយាងមកវិនិច្ឆ័យផែនដី ព្រះអង្គនឹងវិនិច្ឆ័យផែនដីដោយយុត្តិធម៌ ព្រះអង្គនឹងវិនិច្ឆ័យប្រជាជនទាំងឡាយ ដោយទៀងត្រង់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅក្នុងទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ២,៣)
«ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ព្រះអម្ចាស់ យើងឡើងទៅព្រះដំណាក់នៃព្រះរបស់លោកយ៉ាកុប។ ព្រះអង្គនឹងបង្រៀនយើងអំពីមាគ៌ារបស់ព្រះអង្គ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
បន្ទរ៖ យេរូសាឡឹមអើយ! ចូរក្រោកឡើងបញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! *សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
—អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
អាទិត្យទី៣៖ ព្រះអម្ចាស់ដែលគ្រងរាជ្យលើអ្វីៗទាំងអស់ ព្រះអង្គយាងពីស្ថានបរមសុខមក។ ព្រះចេស្ដា និងឫទ្ធានុភាព ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គ។
ពាក្យអង្វរសកល ៖ អាទិត្យទី១&៣
បពិត្រព្រះគ្រីស្តជាព្រះអម្ចាស់ ជាព្រះបុត្រារបស់ព្រះបិតាដែលមានព្រះជន្មគង់នៅ។ ព្រះអង្គជាព្រះពន្លឺចេញមកពីព្រះពន្លឺ សូមនាំយើងខ្ញុំចូលទៅក្នុងពន្លឺ និងបង្ហាញភាពដ៏វិសុទ្ធរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយចិត្តជឿជាក់ថា ៖
បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក !
ឱពន្លឺដែលមិនចេះអស្តង្គត សូមកម្ចាត់ភាពអាប់អួរចេញពីយើងខ្ញុំ
—ហើយសូមព្រះអង្គដាស់ជំនឿរបស់យើងខ្ញុំឱ្យភ្ញាក់ពីដំណេកផង។ (បន្ទរ)
សូមព្រះអង្គការពារយើងខ្ញុំឱ្យរួចផុតពីអន្តរាយនៅថ្ងៃនេះ
—សូមសិរីរុងរឿងរបស់ព្រះអង្គ ផ្តល់ឱ្យយើងខ្ញុំនូវភាពរីករាយពេញមួយថ្ងៃ។ (បន្ទរ)
សូមព្រះអង្គផ្តល់ឱ្យយើងខ្ញុំមានភាពទន់ភ្លន់គ្រប់ពេលវេលា
—ដើម្បីយើងខ្ញុំអាចផ្តល់ទៅឱ្យមនុស្សទាំងអស់ដែលយើងខ្ញុំជួប។ (បន្ទរ)
សូមព្រះអង្គយាងមកបង្កើតពិភពលោកថ្មីមួយសម្រាប់យើងខ្ញុំ
—ជាកន្លែងដែលមានភាពយុត្តិធម៌ និងសេចក្តីសុខសាន្ត។ (បន្ទរ)
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់ជាព្រះបិតាអើយ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ ដែលមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ចំពោះមនុស្សលោក។ ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកបំភ្លឺមនុស្សលោក
សូមព្រះអង្គមេត្តាពង្រឹងជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់របស់យើងខ្ញុំផង។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។