រដូវរង់ចាំ សប្ដាហ៍ទី២ ថ្ងៃសុក្រ
ព្រះនាងព្រហ្មចារិនីម៉ារី នៅហ្គ័រដាឡូពេ
(បុណ្យរំឭកដោយសេរី)
(ពេលព្រឹក)
ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក
ថ្ងៃសុក្រ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖
-
ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។
បន្ទរ៖ សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងព្រះអម្ចាស់ ជាព្រះមហាក្សត្រ! ដ្បិតព្រះអង្គនឹងយាងមកសង្គ្រោះយើង។
ទំនុកតម្កើងតាមការជ្រើសរើស
***
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៥១
ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំផង
ត្រូវប្រែគំនិតប្រាជ្ញា និងវិញ្ញាណឲ្យបានថ្មីឡើង ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត និងវិសុទ្ធ មកពីសេចក្ដីពិត
ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ (អភ ៤,២៣-២៤)។
បន្ទរទី១ ៖ ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។
| ៣ | ឱព្រះជាម្ចាស់នៃទូលបង្គំអើយ! សូមអាណិតមេត្តាទូលបង្គំ តាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង សូមលើកលែងទោសឱ្យទូលបង្គំ តាមព្រះហឫទ័យអាណិតមេត្តាដ៏ទូលំទូលាយរបស់ព្រះអង្គផង!។ |
| ៤ | សូមលប់លាងកំហុសទូលបង្គំឱ្យបានស្អាតទាំងស្រុង សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធរួចពីបាប! |
| ៥ | ទូលបង្គំទទួលសារភាពកំហុសរបស់ទូលបង្គំហើយ អំពើបាបទូលបង្គំដិតជាប់នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។ |
| ៦ | ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ទូលបង្គំបានប្រព្រឹត្តនឹងអំពើដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។ ទោះបីព្រះអង្គដាក់ទោសទូលបង្គំយ៉ាងណាក្តី ក៏ព្រះអង្គនៅតែឥតកំហុសដែរ។ |
| ៧ | ទូលបង្គំមានកំហុសតាំងពីកំណើតមក ទូលបង្គំជាប់បាបតាំងពីនៅក្នុងផ្ទៃម្តាយមកម៉្លេះ! |
| ៨ | ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្តីពិត នៅក្នុងជម្រៅចិត្តមនុស្ស។ សូមប្រោសឱ្យស្គាល់ជម្រៅនៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ |
| ៩ | សូមជម្រះទូលបង្គំឱ្យបានបរិសុទ្ធ នោះទូលបង្គំនឹងបានបរិសុទ្ធមែន សូមលាងសំអាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។ |
| ១០ | សូមប្រាប់ឱ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ នោះទូលបង្គំនឹងមានអំណរសប្បាយ ចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងប្រែជារីករាយឡើងវិញ។ |
| ១១ | ឱព្រះអង្គអើយ! សូមកុំទតមើលអំពើបាបរបស់ទូលបង្គំឡើយ។ សូមលប់បំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំផង។ |
| ១២ | ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យទូលបង្គំមានចិត្តបរិសុទ្ធ សូមបង្កើតចិត្តគំនិតថ្មីដ៏រឹងប៉ឹងដល់ទូលបង្គំផង។ |
| ១៣ | សូមកុំបោះបង់ទូលបង្គំឱ្យឃ្លាតឆ្ងាយពីព្រះអង្គ សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គចេញពីទូលបង្គំឡើយ។ |
| ១៤ | សូមប្រោសប្រទានឱ្យទូលបង្គំមានអំណរ ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ សូមគាំទ្រទូលបង្គំ ដោយប្រទានព្រះវិញ្ញាណឱ្យទូលបង្គំ សុខចិត្តធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។ |
| ១៥ | ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ឱ្យស្គាល់មាគ៌ារបស់ព្រះអង្គ នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។ |
| ១៦ | ឱព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំឱ្យរួចពីស្លាប់ ទូលបង្គំនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។ |
| ១៧ | ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យបន្លឺសំឡេងផង នោះទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។ |
| ១៨ | ព្រះអង្គមិនសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយយញ្ញបូជាទេ ទោះបីតង្វាយដុតទាំងមូល ក៏ព្រះអង្គមិនគាប់ព្រះហឫទ័យដែរ។ |
| ១៩ | យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយ គឺចិត្តសោកសង្រេង ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។ |
| ២០ | ឱព្រះអម្ចាស់អើយ! សូមប្រោសប្រណីក្រុងស៊ីយ៉ូន សូមមេត្តាកសាងកំពែងក្រុងយេរូសាឡឹមឡើងវិញផង។ |
| ២១ | ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងតង្វាយស្របតាមវិន័យ គឺតង្វាយដុតទាំងមូល និងយញ្ញបូជា គេនឹងយកគោឈ្មោលមកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអង្គតែងតែទទួលចិត្តសោកសង្រេង និងចិត្តលែងមានអំនួត។
បទលើកតម្កើងតាមគម្ពីរហាបាគូក (ហគ ៣,២-៤.១៣ក.១៥-១៩)
ព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោសមនុស្សលោក
“ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ” (លក ២១,២៨)។
បន្ទរទី២ ៖ ពេលព្រះអង្គទ្រង់ព្រះពិរោធ សូមនឹកដល់ព្រះហឫទ័យអាណិតមេត្តារបស់ព្រះអង្គផង។
(បទព្រហ្មគីតិ)
| ២- | ឱព្រះជាអម្ចាស់ | ខ្ញុំឮច្បាស់សព្វសេចក្តី | |
| ស្នាព្រះហស្តថ្លាថ្លៃ | រៀងរាល់ថ្ងៃខ្លាំងអស្ចារ្យ | ។ | |
| សូមទ្រង់ប្រោសប្រណី | ដោយសេចក្តីករុណា | ||
| សម្តែងឫទ្ធិបាដិហារិយ៍ | ឱ្យគ្រប់គ្នាស្គាល់ផងចុះ | ។ | |
| ប៉ុន្តែពេលព្រះអង្គ | ពិរោធខ្លាំងសូមសន្តោស | ||
| ព្រះទ័យដែលធ្លាប់ស្មោះ | ធ្លាប់ស្រណោះគ្រាកន្លង | ។ | |
| ៣- | ព្រះម្ចាស់យាងមកពី | ភ្នំជាទីឥតមានហ្មង | |
| វិសុទ្ធពេកកន្លង | បារមីទ្រង់ភ្លឺចែងចាំង | ។ | |
| សូមឱ្យពសុធា | កុំរួញរាស្រែកឱ្យខ្លាំង | ||
| លើកតម្កើងព្រះអង្គ | យប់ថ្ងៃផងកុំរួញរា | ។ | |
| ៤- | ព្រះអង្គភ្លឺពណ្ណរាយ | ចាំងពីនាយល្អអស្ចារ្យ | |
| ចែងចាំងរស្មីថ្លា | ព្រះចេស្តាបង្កប់ទុក | ។ | |
| ១៣- | ព្រះអង្គចេញសង្គ្រោះ | មនុស្សទាំងអស់នៅលើលោក | |
| ទាំងស្តេចដែលចេញមក | ទ្រង់អភិសេកចាក់ប្រេងឱ្យ | ។ | |
| ព្រះអង្គបានប្រហារ | មេគ្រួសារមិនបណ្តោយ | ||
| កម្ទេចមិនទុកឱ្យ | នៅសល់ឡើយទាំងអស់គ្នា | ។ | |
| ១៥- | ព្រះអង្គត្រួសត្រាយផ្លូវ | សេះដើរទៅលាន់ខ្ទ័រខ្ទារ | |
| នៅក្នុងបាតជលសា | ដែលកំពុងកញ្ជ្រោលខ្លាំង | ។ | |
| ១៦- | ខ្ញុំឮសន្ធឹកនេះ | ទ្រូងស្ទើរប្រេះភ័យភាន់ភាំង | |
| ឆ្អឹងឆ្អែងពុកអស់ទាំង | ដៃជើងគាំងនៅស្ងៀមឈឹង | ។ | |
| ខ្ញុំរង់ចាំតែថ្ងៃ | អាសន្នភ័យទាំងទន្ទឹង | ||
| ពេលពួកឈ្លានពានខឹង | ពួកវានឹងកាប់ប្រហារ | ។ | |
| ១៧- | ព្រៃឈើលែងឱ្យផ្លែ | ស្រូវក្នុងស្រែស្កកអសារ | |
| សត្វគោចៀមផងណា | ត្រូវមរណាគ្មានសល់ដែរ | ។ | |
| ១៨- | ឯខ្ញុំសែនរីករាយ | អរសប្បាយបានល្ហើយល្ហែ | |
| ព្រោះព្រះម្ចាស់នៅក្បែរ | ទ្រង់តាមថែសង្គ្រោះខ្ញុំ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ពេលព្រះអង្គទ្រង់ព្រះពិរោធ សូមនឹកដល់ព្រះហឫទ័យអាណិតមេត្តារបស់ព្រះអង្គផង។
ទំនុកតម្កើងលេខ ១៤៧,១២-២០
ការស្តារក្រុងយេរូសាឡឹមឡើងវិញ
"សូមអញ្ជើញមក ខ្ញុំនឹងបង្ហាញឱ្យលោកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម” (វវ ២១,៩)។
បន្ទរទី៣៖ ក្រុងយេរូសាឡឹមអើយ! ចូរសរសើរតម្កើងព្រះអម្ចាស់!
| ១២ | ក្រុងយេរូសាឡឹមអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់! ក្រុងស៊ីយ៉ូនអើយ! ចូរសរសើរតម្កើងព្រះរបស់អ្នក! |
| ១៣ | ដ្បិតព្រះអង្គការពារ និងពង្រឹងអ្នកឱ្យមានសន្តិសុខ ព្រះអង្គនឹងប្រទានពរដល់ប្រជាជនដែលរស់នៅក្នុងទីក្រុង។ |
| ១៤ | ព្រះអង្គប្រទានឱ្យទឹកដីអ្នកមានសន្តិភាព ព្រះអង្គប្រទានឱ្យអ្នកមានស្រូវដ៏ល្អយ៉ាងបរិបូណ៌ |
| ១៥ | ព្រះអង្គមានព្រះបន្ទូលបញ្ជាទៅផែនដី ហើយព្រះបន្ទូលរបស់ព្រះអង្គផ្សព្វផ្សាយទៅយ៉ាងរហ័ស |
| ១៦ | ព្រះអង្គធ្វើឱ្យមានទឹកកកធ្លាក់ចុះមកដូចសំឡី ព្រះអង្គធ្វើឱ្យមានសន្សើមធ្លាក់ចុះមកយ៉ាងសក្បុស |
| ១៧ | ព្រះអង្គធ្វើឱ្យមានព្រឹលធ្លាក់ចុះមកទាំងដុំៗ តើនរណាអាចទ្រាំនឹងអាកាសធាតុត្រជាក់ ដែលព្រះអង្គបានបង្កើតមកនេះ? |
| ១៨ | ពេលព្រះអង្គមានព្រះបន្ទូល នោះទឹកកកនិងព្រឹលក៏រលាយទៅជាទឹក ព្រះអង្គធ្វើឱ្យមានខ្យល់បក់មក ហើយទឹកនោះក៏ហូរទៅ។ |
| ១៩ | ព្រះអង្គសម្តែងឱ្យពូជពង្សរបស់លោកយ៉ាកុប ស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ ព្រះអង្គប្រទានក្រឹត្យវិន័យ និងបទបញ្ជាផ្សេងៗឱ្យជនជាតិអ៊ីស្រាអែល។ |
| ២០ | ព្រះអង្គពុំបានប្រោសប្រទានដូច្នេះ ចំពោះជនជាតិទាំងឡាយទេ ពួកគេពុំស្គាល់វិន័យរបស់ព្រះអង្គឡើយ។ សូមសរសើរតម្កើងព្រះអម្ចាស់! អាលេលូយ៉ា!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ក្រុងយេរូសាឡឹមអើយ! ចូរសរសើរតម្កើងព្រះអម្ចាស់!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ៣០,២១-២២)
មេដឹកនាំនឹងកើតចេញពីចំណោមពួកគេ អ្នកគ្រប់គ្រងក៏កើតពីចំណោមពួកគេដែរ។ យើងនឹងឲ្យមេដឹកនាំនោះចូលមកជិតយើង ដ្បិតគ្មាននរណាហ៊ានចូលមកជិតយើងដោយចិត្តឯងឡើយ។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ដ្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា»។
បន្ទរ៖ យេរូសាឡឹមអើយ ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ ! *សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
-អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់លោកសាការី
បន្ទរ៖ នាងខ្ញុំជាអ្នកបម្រើក្រីក្ររបស់ព្រះអម្ចាស់។ នាងខ្ញុំបានថ្វាយអ្វីៗទាំងអស់ទៅព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ តែមួយព្រះអង្គគត់ ទុកជាដង្វាយ។ ដ្បិតនាងខ្ញុំគ្មានអ្វីផ្សេងទៀតថ្វាយទៅព្រះអង្គ ក្រៅពីខ្លួនរបស់នាងខ្ញុំផ្ទាល់ឡើយ។
ពាក្យអង្វរសកល ៖ អាទិត្យទី២
ព្រះគ្រីស្តជាព្រះសង្រ្គោះយើងខ្ញុំ បានយាងមករំដោះយើងខ្ញុំឱ្យរួចពីបាបកម្ម។ ចូរយើងស្រែកឡើងដោយអំណរសប្បាយថា ៖
បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក !
ព្យាការីបានថ្លែងទុកអំពីកំណើតរបស់ព្រះអង្គ ដែលយាងមកកណ្តាលចំណោមយើងខ្ញុំរាល់គ្នា
—នៅពេលនេះ សូមព្រះអង្គប្រទានឱ្យយើងខ្ញុំមានគុណធម៌ក្នុងជីវិតផង។ (បន្ទរ)
យើងខ្ញុំប្រកាសអំពីកិច្ចសង្រ្គោះរបស់ព្រះអង្គ
—សូមព្រះអង្គប្រទានការសង្រ្គោះមកយើងខ្ញុំនៅឥឡូវនេះផង។ (បន្ទរ)
ព្រះអង្គយាងមកប្រោសអស់អ្នកដែលដឹងខ្លួនខុស
—សូមព្រះអង្គយាងមកព្យាបាលភាពទន់ខ្សោយនៃប្រជាជនរបស់ព្រះអង្គផង។ (បន្ទរ)
ព្រះអង្គយាងមកដើម្បីផ្សះផ្សាពិភពលោក
—នៅពេលព្រះអង្គយាងត្រឡប់មកវិញ ដើម្បីវិនិច្ឆ័យទោស សូមទ្រង់មេត្តារំដោះយើងខ្ញុំឱ្យរួចពីទារុណកម្មគ្រប់បែបយ៉ាងផង។ (បន្ទរ)
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់អើយ ! សូមឲ្យពាក្យទូលអង្វររបស់សន្តីលូស៊ីជាព្រហ្មចារិនី និងជាមរណសាក្សី នាំឲ្យយើងខ្ញុំមានចិត្តគំនិតថ្មី។ សូមប្រោសឲ្យយើងខ្ញុំអាចប្រារព្ធបុណ្យកំណើតរបស់សន្តីលូស៊ីនៅស្ថានបរមសុខ នាពេលឥឡូវនេះ និងឲ្យយើងខ្ញុំសម្លឹងឆ្ពោះទៅកាន់អ្វីៗដែលអស់កល្បជានិច្ច។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។