០៦ ធ្នូ ២០២៥

Written on 23/11/2026
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី១ ថ្ងៃសៅរ៍

(ពេលព្រឹក)

ការអញ្ជើញមុនអធិដ្ឋាននៅពេលព្រឹក

ថ្ងៃសៅរ៍ នៃរដូវរង់ចាំ រហូតដល់ថ្ងៃទី១៦ ខែធ្នូ៖

  • ឱព្រះអម្ចាស់អើយ! សូមបើកបបូរមាត់របស់ទូលបង្គំ
    សូមឱ្យមាត់របស់ទូលបង្គំថ្លែងពាក្យសរសើរតម្កើងព្រះអង្គ។

បន្ទរ៖ សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ជាព្រះមហាក្សត្រ! ដ្បិតព្រះអង្គនឹងយាងមកសង្គ្រោះយើង។

ទំនុកតម្កើងតាមការជ្រើសរើស

***

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១៤៥-១៥២

វិន័យ​របស់​ព្រះ‌អម្ចាស់

សេចក្តីស្រឡាញ់នាំឱ្យប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ (រ៉ូម ១៣,១០)។

បន្ទរទី១ ៖ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត។

១៤៥ បពិត្រព្រះអម្ចាស់! ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត
សូមឆ្លើយតបមកទូលបង្គំផង
ដើម្បីឱ្យទូលបង្គំ ប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ!
១៤៦
ទូលបង្គំស្រែកអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង
ដើម្បីឱ្យទូលបង្គំ ប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ!
១៤៧
ទូលបង្គំស្រែកហៅព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត
ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។
១៤៨
ទូលបង្គំសញ្ជឹង​គិត​អំពី​ព្រះ‌បន្ទូល​សន្យារបស់​ព្រះ‌អង្គ​មួយ​យប់​ទល់​ភ្លឺ។
១៤៩
សូមស្តាប់ពាក្យអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា
ឱព្រះអម្ចាស់អើយ! សូមជួយទូលបង្គំឱ្យរស់ឡើងវិញ 
តាមសេចក្តីដែលព្រះអង្គបានសម្រេចផង។
១៥០
អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ
អ្នកទាំងនោះ ឃ្លាតចេញឆ្ងាយពីធម្មវិន័យរបស់ព្រះអង្គ។
១៥១
បពិត្រព្រះអម្ចាស់! ព្រះអង្គគង់នៅជិតទូលបង្គំ
វិន័យទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់
១៥២
តាំងពីយូរយារណាស់មកហើយ ទូលបង្គំដឹងថា
ព្រះអង្គប្រទានដំបូន្មានឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត។

បទលើកតម្កើងតាមគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព (សរ ១៥,១-៤.៨-១៣.១៧-១៨)

ចម្រៀងនៃជ័យជម្នះ ក្រោយពីឆ្លងកាត់សមុទ្រក្រហម

អស់​អ្នក​ដែល​បាន​ឈ្នះ​សត្វ​តិរច្ឆាន….នាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេ ជាអ្នក​បម្រើរបស់ព្រះជាម្ចាស់ (វវ ១៥,២-៣)។

បន្ទរទី២ ៖ ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំ ខ្ញុំនឹងសរសើរតម្កើងព្រះ‌អម្ចាស់អស់មួយជីវិត ដ្បិតព្រះអង្គសង្គ្រោះទូលបង្គំ។

(បទព្រហ្មគីតិ)

១- ខ្ញុំស្រែកច្រៀងថ្វាយព្រះ ជាអម្ចាស់ដែលមានជ័យ  
  លើទ័ពសេះល្បាញល្បី លិចលង់ក្ស័យក្នុងសមុទ្រ
២- ព្រះម្ចាស់ជាកម្លាំង ខ្ញុំឈ្នះខ្មាំងមិនភ័យស្លុត  
  ខ្ញុំសូមឱនក្រាបលុត ទាំងច្រៀងបទថ្កើងព្រះអង្គ
  ព្រោះទ្រង់បានសង្គ្រោះ ខ្ញុំឲ្យរស់ផុតសៅហ្មង  
  ព្រះឪពុកខ្ញុំផង ព្រះខ្ពស់ខ្ពង់លើសអ្វីៗ
៣- ទ្រង់ជាវីរបុរស ប្រសើរខ្ពស់លើផែនដី  
  អង់អាចពូកែក្រៃ ព្រះនាមថ្លៃ “ព្រះអម្ចាស់
៤- ព្រះអង្គបានធ្វើឲ្យ កងទ័ពថយវិនាសអស់  
  ទាំងទ័ពទាំងរទេះ ត្រូវវិនាសក្នុងសមុទ្រ
៨- ពេលខ្យល់បក់បោកមក ទឹករលកផ្តុំគ្នាឡើង  
  ទំនប់ទឹករលើង មកនៅគឿងសមុទ្រជាន់
៩- ខ្មាំងសត្រូវពោលថា ខ្ញុំដេញគេតាមឲ្យទាន់  
  ខ្ញុំទទួលជយភណ្ឌ ច្រើនគ្រប់គ្រាន់ទើបចាត់ការ
១០- ព្រះអង្គទ្រង់ផ្លុំខ្យល់ ទឹកវិលវល់គ្រប់កាយា  
  ពួកគេលិចមរណា ក្នុងជលសាដូចសំណ
១១- បពិត្រព្រះអម្ចាស់ ប្រសើរណាស់ពេញបវរ  
  តើមានព្រះណាល្អ យុត្តិធម៌ដូចព្រះអង្គ ?
  ទ្រង់វិសុទ្ធរឿងរុង អស្ចារ្យខ្លាំងពេកកន្លង  
  គួរស្ញែងខ្លាចព្រឺផង ហើយមានទាំងឫទ្ធីខ្ពស់
១២- ព្រះអង្គក្តៅព្រះទ័យ គ្មានប្រណីគិតស្រណោះ  
  ពេលទ្រង់លើកព្រះហស្ត ផែនដីប្រេះស្រូបគេឈឹង
១៣- ព្រះអង្គបានលោះលា រាស្រ្តគ្រប់គ្នាមានរំពឹង  
  ដឹកនាំគេតម្រង់ ដំណាក់ទ្រង់ដ៏ឧត្តម
១៧- ព្រះអង្គនាំប្រជា រាស្រ្តគ្រប់គ្នាទៅលើភ្នំ  
  ជាចំណែកដ៏ធំ កន្លែងសំណាក់ព្រះអង្គ
  ឱព្រះអម្ចាស់អើយ ព្រះអង្គហើយដែលបានសង់  
  ទីសក្ការៈត្រចង់ ដោយហស្តទ្រង់កសាងផ្ទាល់
១៨- ព្រះម្ចាស់នឹងគ្រងរាជ្យ ពេញអំណាចអស់កប្បកល្ប  
  ជានិច្ចគ្មានពិភាល់ ជារៀងរាល់អង្វែងទៅ
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំ ខ្ញុំនឹងសរសើរតម្កើងព្រះ‌អម្ចាស់អស់មួយជីវិត ដ្បិតព្រះអង្គសង្គ្រោះទូលបង្គំ។

ទំនុកតម្កើងលេខ ១១៧

ចូរសរសើរតម្កើងព្រះអម្ចាស់ ! ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា

រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គ​សម្តែង​ព្រះហឫទ័យមេត្តាករុណាដល់គេ (រ៉ូម ១៥,៩)។

បន្ទរទី៣ ៖ អាលេលូយ៉ា!

ប្រជាជាតិទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះអម្ចាស់!
ប្រជារាស្ត្រទាំងប៉ុន្មានអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!

ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះយើងពន់ពេកក្រៃ
ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើងរហូតតរៀងទៅ។
សូមសរសើរតម្កើងព្រះអម្ចាស់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ១១,១-៥)

មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់របស់​លោក​យេសាយ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់នឹង​សណ្ឋិត​នៅ​លើ​ព្រះ‌បុត្រា​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្តល់​ប្រាជ្ញាឲ្យ​ចេះ​ពិចារណា​ដឹង​ខុស​ត្រូវ ព្រះ‌វិញ្ញាណ​ដែល​ផ្តល់​ការ​ឈ្លាស​វៃ និង​ចិត្ត​អង់‌អាច ព្រះ‌វិញ្ញាណ​ដែល​បំភ្លឺ​ឲ្យ​ស្គាល់ និង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រម​ទាំង​ឲ្យ​មាន​អំណរ​សប្បាយក្នុង​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់ព្រះ‌បុត្រា​នេះ​មិន​វិនិច្ឆ័យតាម​លក្ខណៈ​ខាង​ក្រៅ​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​កាត់​ក្តីតាម​ដែល​ឮ​គេ​និយាយ​ដែរ។ ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ជន​ក្រីក្រ​ដោយ​យុត្តិ‌ធម៌ កាត់​ក្តី​ឲ្យ​ជន​ទុរគត ដោយ​ទៀង​ត្រង់។ ព្រះ‌អង្គ​ប្រើ​ព្រះ‌បន្ទូល​ជា​ដំបង ដើម្បី​ធ្វើ​ទោស​មនុស្ស​នៅ​លើ​ទឹក​ដី​នេះ ហើយ​ពេល​ព្រះ‌អង្គ​ចេញ​បញ្ជាមនុស្ស​អាក្រក់​ត្រូវ​តែ​ស្លាប់។ ព្រះ‌អង្គ​នឹង​យក​យុត្តិ‌ធម៌​ធ្វើ​ជា​ខ្សែ​ក្រវាត់​ចង្កេះ យក​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ធ្វើជា​សង្វារ។

បន្ទរ៖ យេរូ‌សាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! *សិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ បន្ទរឡើងវិញ៖…
—អ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងអ្នក។ បន្ទរ៖ *…
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់លោកសាការី

អាទិត្យទី១៖ ក្រុង​ស៊ីយ៉ូន​អើយ កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ! ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក នឹងយាង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា អាលេលូយ៉ា!។

ពាក្យអង្វរសកល

ចូរយើងទូលអង្វរព្រះជាម្ចាស់ជាព្រះបិតា ដែលមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ព្រះអង្គបានត្រាស់ហៅប្រជារាស្រ្តរបស់ព្រះអង្គឱ្យទទួលការសង្រ្គោះ ដោយពោលថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គថែរក្សាការពារប្រជារាស្រ្តរបស់ព្រះអង្គផង !

ព្រះអង្គមានព្រះបន្ទូលសន្យាថា នឹងសាបព្រោះគ្រាប់ពូជនៃភាពយុត្តិធម៌ក្នុងចំណោមប្រជារាស្រ្តព្រះអង្គ
—សូមព្រះអង្គមេត្តាថែរក្សាការពារភាពដ៏វិសុទ្ធនៃព្រះសហគមន៍របស់ព្រះអង្គផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គបង្រៀនយើងខ្ញុំដែលជាបុរស និងស្រ្តី ឱ្យចេះស្តាប់ព្រះបន្ទូលព្រះអង្គ
—ហើយសូមព្រះអង្គជួយដល់អ្នកជឿទាំងអស់ ឱ្យខំព្យាយាមចូលទៅក្នុងភាពដ៏វិសុទ្ធនោះផង។ (បន្ទរ)

សូមព្រះអង្គថែរក្សាយើងខ្ញុំក្នុងសេចក្តីស្រឡាញ់នៃព្រះវិញ្ញាណដ៏វិសុទ្ធ
—ដើម្បីឱ្យយើងខ្ញុំអាចទទួលនូវធម៌មេត្តានៃព្រះបុត្រាព្រះអង្គ ដែលកំពុងយាងមក។ (បន្ទរ)

បពិត្រព្រះបិតា ដែលមានព្រះហឫទ័យមេត្តាករុណាដ៏លើសលុប ! សូមព្រះអង្គពង្រឹងជំនឿរបស់យើងខ្ញុំ រហូតដល់ថ្ងៃចុងក្រោយបំផុត
—គឺនៅថ្ងៃដែលព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ទ្រង់យាងមក។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះបិតាជាអម្ចាស់អើយ ! ព្រះអង្គបានចាត់ព្រះបុត្រាយាងមករំដោះមនុស្សលោកឲ្យរួចពីបាប។
យើងខ្ញុំសូមអង្វរព្រះអង្គដោយស្មោះអស់ពីចិត្ត សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឲ្យមានសេរីភាពដ៏ពេញលេញ ដើម្បីស្រឡាញ់ព្រះអង្គផង។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។